ព្រឹក

មនុស្សខុសគ្នារួបរួមគ្នា ក្នុងព្រះយេស៊ូវ
ដោយSheridan Voysey
August 7, 2023
សូមអាន កាឡាទី ៣:២៣-២៩ គ្មានសាសន៍យូដា ឬសាសន៍ក្រេក គ្មានបាវបំរើ ឬអ្នកជា គ្មានប្រុស និងស្រីទៀតទេ។ កាឡាទី ៣:២៨ លោកហ្វ្រេនស៊ីស អ៊ីវ៉ាន(Francis Evans) ជាអ្នកវិភាគផ្នែកមុខជំនួញ បានធ្វើការសិក្សាទៅលើអ្នកលក់កញ្ចប់ធានារ៉ាប់រង១២៥នាក់ ដើម្បីឲ្យបានដឹងថា មានកត្តាអ្វីខ្លះដែលបានជួយពួកគេឲ្យមានជោគជ័យក្នុងអាជីព។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ សមត្ថភាពក្នុងការលក់មិនមែនជាកត្តាចម្បងឡើយ។ ផ្ទុយទៅវិញ លោកអ៊ីវ៉ានបានរកឃើញថា អតិថិជនជាច្រើនទំនងទិញកញ្ចប់ធានារ៉ាប់រងពីអ្នកលក់ ដែលមាននិន្នាការនយោបាយ ការអប់រំ និងសូម្បីតែកម្ពស់ដូចពួកគេ។ អ្នកជំនាញបានបកស្រាយថា ពួកគេកំពុងតែមានទំនោរទៅរកការជ្រើសរើសមនុស្សដែលមានលក្ខណៈដូចពួកគេ។ ការមានទំនោរដូចនេះ ក៏កើតមានក្នុងផ្នែកដទៃទៀត នៃជីវិតយើងផងដែរ ដោយយើងច្រើនតែរៀបការជាមួយ ឬរាប់អានមនុស្សដែលមានលក្ខណៈស្រដៀងយើងច្រើន។ ការមានទំនោរដូចនេះជារឿងធម្មតាទេ តែអាចមានគ្រោះថ្នាក់ បើយើងមិនបានពិនិត្យមើលឲ្យបានដិតដល់។ ពីព្រោះពេលណាយើងចង់រាប់រកតែមនុស្សដែលមានលក្ខណៈដូចយើង សង្គមអាចមានការបែកបាក់ ដោយសារការប្រកាន់ពូជសាសន៍ និន្នាការនយោបាយ និងវណ្ណៈជាដើម។ នៅសតវត្សន៍ទី១ សាសន៍យូដារាប់អានតែសាសន៍យូដា សាសន៍ក្រិករាប់អានតែសាសន៍ក្រិក ហើយអ្នកមាន និងអ្នកក្រមិនដែលរាប់អានគ្នាទេ។ តែក្នុងបទគម្ពីរ រ៉ូម ១៦:១-១៦ សាវ័កប៉ុលបានរៀបរាប់ឈ្មោះ សមាជិកពួកជំនុំ នៅទីក្រុងរ៉ូម ដែលរួមមានអ្នកស្រីព្រីស៊ីល និងលោកអ័គីឡា(ជនជាតិយូដា) លោកអេប៉ាយនេត(ជនជាតិក្រិក) អ្នកស្រីភីបេ(ជាអ្នកជួយមនុស្សជាច្រើន ដូចនេះ ទំនងជាអ្នកមានទ្រព្យច្រើន) ហើយលោកភីឡូឡូក(តាមធម្មតា នេះជាឈ្មោះរបស់ទាសករ)។ តើនរណាបាននាំមនុស្សប្រភេទខុសគ្នាទាំងអស់នេះ ឲ្យរួបរួមគ្នា? គឺព្រះយេស៊ូវដែលក្នុងព្រះអង្គ គឺគ្មាន “គ្មានសាសន៍យូដា ឬសាសន៍ក្រេក គ្មានបាវបំរើ ឬអ្នកជា”ទៀតទេ(កាឡាទី ៣:២៨)។ វាជារឿងធម្មតាទេ ដែលយើងចង់រស់នៅ ធ្វើការ និងទៅព្រះវិហារ ជាមួយមនុស្សដែលមានលក្ខណៈដូចយើង។ តែព្រះយេស៊ូវសព្វព្រះទ័យឲ្យយើងធ្វើលើសពីនេះទៀត។ ក្នុងលោកិយ ដែលមានការបែកបាក់ជាច្រើនបំណែក ព្រះអង្គកំពុងតែនាំយើងដែលជាមនុស្សខុសគ្នាឲ្យរួបរួមគ្នា ក្នុងព្រះអង្គ ជាគ្រួសារតែមួយ។—Sheridan Voysey
តើអ្នកអាចឈោងទៅរកមនុស្សដែលមានលក្ខណៈខុសពីអ្នក ដោយរបៀបណា? តើសប្តាហ៍នេះ អ្នកអាចរួមចំណែក នៅក្នុងការផ្សះផ្សាការបាក់បែករវាងជាតិសាសន៍ និងវណ្ណៈយ៉ាងដូចម្តេចខ្លះ?
ឱព្រះយេស៊ូវ ទូលបង្គំសូមសរសើរដំកើងព្រះអង្គ ដែលបាននាំលោកិយដែលបែកបាក់ ឲ្យមានការរួបរួមគ្នាតែមួយ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ទំនុកដំកើង ៧៤-៧៦ និង រ៉ូម ៩:១៦-៣៣
ប្រភេទ
ល្ងាច

ទស្សនៈដែលមានព្រះជាចំណុចកណ្តាល
ដោយUltimately with R.C. Sproul
August 7, 2023
របៀបដែលយើងយល់អំពីចារិកលក្ខណៈរបស់ព្រះ ជាកត្តាកំណត់របៀបដែលយើងរស់នៅ ក្នុងលោកិយនេះ។ នៅថ្ងៃនេះដែរ លោកគ្រូ អ ស៊ី ស្ព្រោល(R.C. Sproul) សូមធ្វើការបកស្រាយ អំពីសារៈសំខាន់ជាមូលដ្ឋាន នៃការស្គាល់ព្រះអម្ចាស់ ដូចដែលព្រះអង្គបានបង្ហាញអង្គទ្រង់ ក្នុងព្រះបន្ទូល។ អត្ថបទ ជំនឿរបស់គ្រីស្ទបរិស័ទមានព្រះធ្វើជាចំណុចកណ្តាល។ របៀបដែលមនុស្សម្នាក់យល់អំពីចារិកលក្ខណៈរបស់ព្រះ ជាកត្តាកំណត់របៀបដែលគាត់រស់នៅ ពោលគឺលើសកត្តាកំណត់ផ្សេងទៀត។ ការស្គាល់ព្រះជាមូលដ្ឋានគ្រឹះសំខាន់បំផុត សម្រាប់ឲ្យយើងយល់អំពីសារៈសំខាន់នៃផ្នែកនីមួយៗនៃជីវិតរបស់យើង។ សាវ័កប៉ុលបានបង្រៀននៅក្នុងព្រះគម្ពីរសញ្ញាថ្មីថា មនុស្សដែលគ្មានព្រះគ្រីស្ទ ជាមនុស្សដែលគ្មានក្តីសង្ឃឹម។ ព្រោះមនុស្សនោះបានឆ្លងកាត់ការឈឺចាប់ ទុក្ខលំបាក និងអាថ៌កំបាំងដ៏ស្មុគស្មាញនៃវត្តមានរបស់មនុស្សនៅលើផែនដី ដោយមិនបានយល់អំពីព្រះដែលបានយកកំណើតជាមនុស្ស។