ព្រឹក

ស្វែងរកពេលប្រកបស្និទ្ធស្នាលជាមួយព្រះអង្គ
ដោយTom Felten
August 20, 2023
សូមអាន និក្ខមនំ ៣៣:១-៤,៧-១១ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលប្រទល់មុខនឹងម៉ូសេ ដូចជាមនុស្សនិយាយនឹងសំឡាញ់ខ្លួន។ និក្ខមនំ ៣៣:១១ ក្នុងសៀវភៅដែលលោក បណ្ឌិត រីឆាត ស្វ៊ែនសិន(Dr. Richard Swenson) បាននិពន្ធមានចំណងជើងថា ភាពលើសខ្វះគ្នា គាត់បានសរសេរថា “យើងមានកន្លែងសម្រាប់ដកដង្ហើម។ យើងត្រូវការសេរីភាព ក្នុងការគិត និងការអនុញ្ញាតឲ្យទទួលការប្រោសឲ្យជា។ ទំនាក់ទំនងរបស់យើង កំពុងតែស្រេកឃ្លានស្ទើរដាច់ពោះស្លាប់ ដោយសារយើងចូលចិត្តធ្វើអ្វីលឿនៗពេក…កូនៗរបស់យើង មានរបួសដេកដួលនៅលើដី ត្រូវបានមើលរំលង ដោយសារចេតនាដ៏ល្អ នៃការចង់បានអ្វីលឿនៗពេក។ តើសព្វថ្ងៃនេះ ព្រះទ្រង់សព្វព្រះទ័យឲ្យយើងធ្វើអ្វីៗលឿន ទាល់តែខ្សោះកម្លាំងឬ? តើព្រះអង្គមិនដឹកនាំរាស្រ្តព្រះអង្គ នៅក្បែរទឹកហូរគ្រឿនៗទៀតទេឬ? តើនរណាបានឆក់យកកន្លែងសម្រាកលំហើយដ៏ធំទូលាយ ដែលយើងធ្លាប់មាន តើធ្វើដូចម្តេចឲ្យយើងអាចដណ្តើមយកកន្លែងនោះមកវិញ?” លោកស្វែនសិនបានមានប្រសាសន៍ថា យើងត្រូវការ“ទឹកដី” ដ៏ស្ងប់ស្ងាត់ និងមានជីជាតិក្នុងជីវិតយើង ដែលយើងអាចសម្រាកក្នុងព្រះអង្គ និងប្រកបស្និទ្ធស្នាលជាមួយព្រះអង្គ។ លោកម៉ូសេក៏បានការស្វែងរកកន្លែងសម្រាក បានយ៉ាងប្រសើរផងដែរ។ ក្នុងនាមគាត់ជាអ្នកដឹកនាំជាតិសាសន៍ដែលរឹងទទឹង និងបះបោរប្រឆាំងនឹងព្រះ(និក្ខមនំ ៣៣:៥) គាត់ច្រើនតែដកឃ្លាពីភាពមមាញឹក ដើម្បីស្វែងរកការសម្រាកខាងវិញ្ញាណ និងការដឹកនាំក្នុងព្រះវត្តមានព្រះ។ ហើយនៅក្នុង “ត្រសាលជំនុំ” របស់គាត់(ខ.៧) ព្រះអម្ចាស់ក៏បានមានបន្ទូលមុខទល់នឹងមុខជាជាមួយគាត់ ដូចជាមនុស្សនិយាយនឹងសំឡាញ់ខ្លួន(ខ.១១)។ ព្រះយេស៊ូវក៏បាន “ថយចេញទៅឯទីស្ងាត់ ដើម្បីអធិស្ឋានវិញ”(លូកា ៥:១៦)។ ព្រះយេស៊ូវ និងលោកម៉ូសេសុទ្ធតែបានបង្ហាញ អំពីសារៈសំខាន់នៃការចំណាយពេលស្ងាត់ស្ងៀមជាមួយព្រះវរបិតា។ យើងក៏ចាំបាច់ត្រូវស្វែងរកកន្លែងសម្រាក ដោយចំណាយពេលស្ងាត់ស្ងៀមជាមួយព្រះអម្ចាស់ផងដែរ។ ការចំណាយពេលស្ងាត់ស្ងៀមជាមួយព្រះអង្គ នឹងជួយយើងឲ្យអាចធ្វើការសម្រេចចិត្តបានល្អជាមុន ដោយការបង្អង់ល្បឿននៃសកម្មភាពប្រចាំថ្ងៃរបស់យើង ដើម្បីឲ្យយើងមានពេលគ្រប់គ្រាន់ ដើម្បីប្រកបជាមួយព្រះអង្គ ក៏ដូចជាចំណាយពេលជាមួយក្រុមគ្រួសារ និងអ្នកដទៃ។ ចូរយើងស្វែងរកបំណងព្រះហឫទ័យព្រះអង្គ នៅក្នុងពេលស្ងាត់ស្ងៀមជាមួយព្រះអង្គ ជារៀងរាល់ថ្ងៃ។—Tom Felten
ហេតុអ្វីអ្នកត្រូវការការសម្រាកខាងវិញ្ញាណ ក្នុងជីវិតអ្នក? តើអ្នកអាចបែងចែកពេលវេលាដូចម្តេចខ្លះ ក្នុងជីវិត ដើម្បីឲ្យអ្នកមានពេលគ្រប់គ្រាន់សម្រាប់ប្រកបស្និទ្ធស្នាលជាមួយព្រះអង្គ?
ឱព្រះយេស៊ូវ សូមព្រះអង្គជួយទូលបង្គំឲ្យស្វែងរកពេលស្ងាត់ស្ងៀម សម្រាប់ប្រកបស្និទ្ធស្នាលជាមួយព្រះអង្គ ជារៀងរាល់ថ្ងៃ។
For further study, read In His Presence: Spending Time with God at DiscoverySeries.org/Q0718.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ទំនុកដំកើង ១០៥-១០៦ និង ១កូរិនថូស ៣
ប្រភេទ
ល្ងាច

ព្រះយេស៊ូវសុគតសម្រាប់ពេលនេះឯង
ដោយJohn Piper
August 20, 2023
ខ្ញុំបានជាប់ឆ្កាងជាមួយនឹងព្រះគ្រីស្ទ ប៉ុន្តែខ្ញុំរស់នៅ មិនមែនជាខ្ញុំទៀត គឺជាព្រះគ្រីស្ទទ្រង់រស់ក្នុងខ្ញុំវិញ ហើយដែលខ្ញុំរស់ក្នុងសាច់ឈាមឥឡូវនេះ នោះគឺរស់ដោយសេចក្តីជំនឿ ជឿដល់ព្រះរាជបុត្រានៃព្រះ ដែលទ្រង់ស្រឡាញ់ខ្ញុំ ក៏បានប្រគល់ព្រះអង្គទ្រង់ជំនួសខ្ញុំហើយ។ កាឡាទី ២:២០ ពេលដែលនាឡិការោទ៍ នៅម៉ោង ៤:៥៩ ព្រឹក ខ្ញុំក៏បានគិតមួយស្របក់ អំពីសណ្ឋានពិតនៃការស្លាប់ និងការឈរនៅចំពោះព្រះដ៏បរិសុទ្ធ ដោយគ្មានអ្វីសម្រាប់សរសើរខ្លួនឯង មានតែជីវិតខ្លួនឯងប៉ុណ្ណោះ។ នេះជារឿងដែលគួរឲ្យភ័យខ្លាច តែត្រូវបានជម្នះ ដោយការពិតដែលថា ព្រះយេស៊ូវគ្រីស្ទបានសុគត សម្រាប់ពេលជំនុំជម្រះនោះឯង។ ភ្លាមៗនោះ ខ្ញុំគិតឃើញថា ៖ នេះជាអត្ថន័យនៃរឿងដែលកើតឡើង នៅពេលដែលនរណាម្នាក់ប្រែចិត្តទទួលជឿព្រះ។ នេះជារបៀបដែលគេអាចដឹងថា អ្វីដែលព្រះយេស៊ូវគ្រីស្ទមានបន្ទូលសុទ្ធតែជាការពិត។ នេះក៏ជារបៀបដែលមនុស្សម្នាក់ទទួលយកសេចក្តីស្រឡាញ់របស់ព្រះគ្រីស្ទ។ ភ្លាមៗនោះ តាមរយៈភ្នែកនៃចិត្តរបស់ពួកគេ ពួកគេក៏បានឃើញ និងដឹងអំពីការពិតមិនអាចប្រកែកបាន នៃការជួបព្រះ ដោយបញ្ញាចិត្តដែលដឹងថា ខ្លួនឯងមានកំហុស។ ឥទ្ធិពលនៃការមើលឃើញនេះ គឺពិតជាគួរឲ្យភ្ញាក់ផ្អើលណាស់។ វានាំឲ្យយើងដឹងថា មានតែព្រះដ៏ជាអ្នកកណ្តាលទេ ដែលអាចឲ្យយើងមានសង្ឃឹម។ បើយើងពឹងផ្អែកលើខ្លួនឯង ដោយគ្មានអ្វីការពារខ្លួនឯង ប៉ុន្តែ មានតែជីវិតដែលមានបាប នោះយើងនឹងត្រូវវិនាសមិនខាន។ ដើម្បីឲ្យយើងអាចមានសង្ឃឹមថា នឹងបានទៅនៅក្នុងព្រះវត្តមាននៃព្រះអង្គ អស់កល្បជានិច្ច យើងនឹងត្រូវការព្រះដ៏ប្រោសលោះ ព្រះដែលសុគតជំនួសយើង ព្រះអង្គសង្គ្រោះមួយអង្គ។ ក្នុងចំណុចនៃវិបត្តិដ៏អាក្រក់នេះ ខ្ញុំអាចរកឃើញពន្លឺ តែក្នុងដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទប៉ុណ្ណោះ “ដែលទ្រង់ស្រឡាញ់ខ្ញុំ ក៏បានប្រគល់ព្រះអង្គទ្រង់ជំនួសខ្ញុំហើយ”(កាឡាទី ២:២០)។ ក្នុងរយៈពេលតែមួយប៉ប្រិចភ្នែក មុនពេលខ្ញុំឃើញព្រះអង្គនៅទីនោះ ខ្ញុំក៏មានឱកាសមើលឃើញភាពងងឹតដែលគ្រប់បាំងជិត និងការភ័យខ្លាចចំពោះការជំនុំជម្រះ ដែលមិនមែនជាការសន្និដ្ឋានតាមទេវសាស្រ្ត មិនមែនជាការសន្និដ្ឋានធម្មតា ដោយមានហេតុផល មិនមែនជាការគិតធម្មតា តែជាការបង្ហើបឲ្យឃើញ ដោយភ្នែកក្នុងចិត្ត ដែលដឹង យល់ និងមានភាពច្បាស់លាស់។ ព្រះនៃយើងទ្រង់ជាភ្លើងដែលដុតបន្សុស។ ព្រះអង្គនឹងមិនមើលរំលងការអាក្រក់ឡើយ។ យើងនឹងត្រូវវិនាស។ ទោសខ្ញុំធ្ងន់ណាស់ ពិតណាស់ ច្បាស់ណាស់ បានជាក្នុងពេលតែមួយប៉ព្រិចភ្នែកនោះ ខ្ញុំគ្មានឱកាសដើម្បីដោះសារទាល់តែសោះ។ ភ្លាមៗនោះ ខ្ញុំគ្មានសង្ឃឹមទាល់តែសោះ។ ក្នុងខណៈពេលនោះ មានតែព្រះគ្រីស្ទទេដែលសំខាន់ចំពោះយើង។ ឱព្រះគ្រីស្ទ! ឱព្រះគ្រីស្ទអើយ! ចិត្តទូលបង្គំពិតជាដឹងគុណព្រះអង្គណាស់! ឱអំណោយមកពីព្រះ ទូលបង្គំត្រូវការតែព្រះអង្គ ដោយខ្វះមិនបាន!