ព្រឹក

រៀនជម្នះការខកចិត្ត
ដោយAlyson Kieda
August 26, 2023
សូមអាន ១របាក្សត្រ ២៨:២-៣,៦-១២ ឯយើងបានមានបំណង ចង់ស្អាងព្រះវិហារ សំរាប់ឲ្យហិបនៃសេចក្តីសញ្ញាផងព្រះយេហូវ៉ាបានសំរាកនៅ។ ១របាក្សត្រ ២៨:២ សិស្សមួយក្រុម ដែលជិតបញ្ចប់ការសិក្សា នៅវិទ្យាល័យរដ្ឋអូក្លាហូម៉ា បានរ៉ៃអង្គាសប្រាក់ពេញមួយឆ្នាំ ដើម្បីឲ្យពួកគេមានលទ្ធភាពធ្វើដំណើរកម្សាន្តដ៏កម្រមួយ។ តែពេលដែលពួកគេបានធ្វើដំណើរទៅលើអាកាសយានដ្ឋាន ពួកគេក៏បានដឹងថា ពួកគេបានទិញសំបុត្រយន្តហោះ ពីក្រុមហ៊ុនអាកាសចរណ៍ក្លែងក្លាយ។ រដ្ឋបាលរបស់សាលាបានរៀបរាប់ថា សិស្សទាំងនោះមានការខកចិត្តយ៉ាងខ្លាំង។ តែទោះពួកគេត្រូវផ្លាស់ប្តូរផែនការក៏ដោយ ក៏ពួកគេបានសម្រេចចិត្ត “ប្រើពេលវេលារបស់ខ្លួន ឲ្យមានប្រយោជន៍បំផុត”។ ពួកគេក៏បានចំណាយពេលពីរថ្ងៃ នៅកន្លែងកម្សាន្តមួយចំនួន ក្នុងតំបន់ជិតខាង ហើយនៅទីនោះ មានគេចេញថ្លៃសំបុត្រយន្តហោះឲ្យពួកគេ។ ពេលណាផែនការបរាជ័យ ឬមានការផ្លាស់ប្តូរ យើងអាចមានការខកចិត្ត ឬថែមទាំងខូចចិត្តទៀតផង។ ជាពិសេស នៅពេលដែលយើងបានចំណាយពេលវេលា ប្រាក់កាស ឬទឹកចិត្តជាច្រើន ក្នុងការធ្វើផែនការនោះ។ ស្តេចដាវីឌមានបំណងព្រះទ័យ ចង់សាងសង់ព្រះវិហារថ្វាយព្រះអម្ចាស់(១របាក្សត្រ ២៨:២) តែព្រះអម្ចាស់បានមានបន្ទូលថា ព្រះអង្គមិនអនុញ្ញាតឲ្យស្តេចដាវីឌសាងសង់ព្រះវិហារ សម្រាប់ព្រះនាមព្រះអង្គឡើយ តែសាឡូម៉ូនជាបុត្រាទ្រង់នឹងបានសង់ព្រះវិហារថ្វាយព្រះអង្គវិញ(ខ.៣,៦)។ ពេលនោះ ស្តេចដាវីឌមិនបានអស់សង្ឃឹមឡើយ។ ទ្រង់បានសរសើរដំកើងព្រះអម្ចាស់ ដែលបានជ្រើសរើសទ្រង់ ឲ្យធ្វើជាស្តេចអ៊ីស្រាអែល ហើយទ្រង់ក៏បានផ្ទេរផែនការសម្រាប់សាងសង់ព្រះវិហារ ទៅស្តេចសាឡូម៉ូន(ខ.១១-១៣)។ ទន្ទឹមនឹងនោះ ទ្រង់ក៏បានលើកទឹកចិត្តស្តេចសាឡូម៉ូន ឲ្យមានកំឡាំង និងចិត្តក្លាហានឡើង ហើយធ្វើការសាងសង់ឲ្យបានជោគជ័យ ព្រោះព្រះអម្ចាស់តែងតែគង់នៅជាមួយទ្រង់ជានិច្ច(ខ.២០)។ ពេលណាផែនការរបស់យើងបរាជ័យ ទោះដោយសារហេតុផលអ្វីក៏ដោយ យើងអាចថ្វាយការខកចិត្តរបស់យើង ដល់ព្រះអម្ចាស់ ដែល “យកព្រះទ័យទុកដាក់ចំពោះយើង”(១ពេត្រុស ៥:៧)។ ព្រះអង្គនឹងជួយយើងជម្នះការខកចិត្ត ដោយពឹងអាងព្រះគុណព្រះអង្គ។—Alyson Kieda
តើអ្នកបានចំណាយពេលវេលា និងកម្លាំងជាច្រើន ដើម្បីធ្វើផែនការ តែវាបានបរាជ័យនៅពេលណា? តើមានអ្វីជួយអ្នក ជម្នះការខកចិត្ត នៅពេលនោះ?
ឱព្រះអម្ចាស់ ទូលបង្គំសូមអរព្រះគុណព្រះអង្គ ដែលបានសន្យា និងរៀបផែនការ ដែលមិនចេះបរាជ័យ។ សូមព្រះអង្គជួយទូលបង្គំ ពេលណាផែនការរបស់ទូលបង្គំបរាជ័យ។
For further study, read When Disappointment Deceives at DiscoverySeries.org/CB041.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ទំនុកដំកើង ១២០-១២២ និង ១កូរិនថូស ៩
ប្រភេទ
ល្ងាច

លទ្ធផលទាំង១០យ៉ាង ដែលទទួលបានពីការមានព្រះជន្មរស់ឡើងវិញ
ដោយJohn Piper
August 26, 2023
បើព្រះគ្រីស្ទមិនបានរស់ឡើងវិញមែន នោះសេចក្តីជំនឿរបស់អ្នករាល់គ្នាក៏ជាការឥតអំពើ អ្នករាល់គ្នានៅក្នុងអំពើបាបនៅឡើយ។ ១កូរិនថូស ១៥:១៧ ខាងក្រោមនេះ ជាលទ្ធផលដ៏អស្ចារ្យដែលយើងទទួលបាន ពីការមានព្រះជន្មឡើងវិញរបស់ព្រះយេស៊ូវ យើងទទួលបាន ៖ ១)ព្រះអង្គសង្គ្រោះមួយអង្គ ដែលមិនសុគតម្តងទៀតឡើយ ។ “ដោយដឹងថា ដែលព្រះគ្រីស្ទមានព្រះជន្មរស់ពីស្លាប់ឡើងវិញ នោះទ្រង់មិនចេះសុគតទៀតឡើយ ព្រោះសេចក្តីស្លាប់គ្មានអំណាចលើទ្រង់ទៀត”(រ៉ូម ៦:៩)។ ២) ការប្រែចិត្តចេញពីបាប។ “រីឯព្រះនៃពួកឰយុកោយើងរាល់គ្នា ទ្រង់បានប្រោសព្រះយេស៊ូវ ដែលលោករាល់គ្នាបានសំឡាប់ដោយព្យួរនៅជាប់លើឈើ ឲ្យទ្រង់មានព្រះជន្មរស់ឡើងវិញ ហើយព្រះបានដំកើងទ្រង់ឡើង ដោយសារព្រះហស្តស្តាំ ឲ្យធ្វើជាព្រះអម្ចាស់ នឹងជាព្រះអង្គសង្គ្រោះ ដើម្បីនឹងប្រោសប្រទានការប្រែចិត្ត ដល់សាសន៍អ៊ីស្រាអែល ប្រយោជន៍ឲ្យបានរួចពីបាប”(កិច្ចការ ៥:៣០-៣១)។ ៣) ការកើតជាថ្មី។ “សូមសរសើរដល់ព្រះដ៏ជាព្រះវរបិតានៃព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នា ដែលទ្រង់បានបង្កើតយើងឡើងជាថ្មី តាមសេចក្តីមេត្តាករុណាដ៏ធំរបស់ទ្រង់ ដើម្បីឲ្យយើងរាល់គ្នាបានសេចក្តីសង្ឃឹមដ៏រស់ ដោយសារព្រះយេស៊ូវគ្រីស្ទ ទ្រង់រស់ពីស្លាប់ឡើងវិញ”(១ពេត្រុស ១:៣)។ ៤) ការអត់ទោសបាប។ “បើព្រះគ្រីស្ទមិនបានរស់ឡើងវិញមែន នោះសេចក្តីជំនឿរបស់អ្នករាល់គ្នាក៏ជាការឥតអំពើ អ្នករាល់គ្នានៅក្នុងអំពើបាបនៅឡើយ”(១កូរិនថូស ១៥:១៧)។ ៥) ព្រះវិញ្ញាណបរិសុទ្ធ។ “ឯព្រះយេស៊ូវនេះ ព្រះបានប្រោសឲ្យទ្រង់មានព្រះជន្មរស់ឡើងវិញ ហើយពួកយើងនេះជាទីបន្ទាល់ពីទ្រង់ទាំងអស់គ្នា ដូច្នេះ ដែលទ្រង់បានដំកើងឡើង ដោយសារព្រះហស្តស្តាំនៃព្រះ ហើយបានទទួលសេចក្តីសន្យា គឺជាព្រះវិញ្ញាណបរិសុទ្ធពីព្រះវរបិតា នោះទ្រង់បានចាក់សេចក្តីនេះមក ដែលអ្នករាល់គ្នាកំពុងតែមើលហើយស្តាប់”(កិច្ចការ ២:៣២-៣៣)។ ៦) គ្មានទោសសម្រាប់ពួកជ្រើសតាំងទៀតឡើយ។ “តើអ្នកណានឹងកាត់ទោសគេបាន ដ្បិតព្រះគ្រីស្ទទ្រង់បានសុគតជំនួសគេហើយ តែដែលថា ទ្រង់រស់ឡើងវិញ នោះមានទំនងជាងទ្រង់ក៏គង់នៅខាងស្តាំនៃព្រះ ហើយជាអ្នកអង្វរជំនួសយើងរាល់គ្នាដែរ”(រ៉ូម ៨:៣៤)។ ៧) ទំនាក់ទំនងផ្ទាល់ខ្លួនជាមួយព្រះយេស៊ូវ និងការការពារពីព្រះអង្គ។ “ហើយមើល ខ្ញុំក៏នៅជាមួយនឹងអ្នករាល់គ្នាជារាល់ថ្ងៃដែរ ដរាបដល់បំផុតកល្ប។ អាម៉ែន”(ម៉ាថាយ ២៨:២០)។ ៨) ភស្តុតាងរបស់ការមកដល់នៃការជំនុំជម្រះ។ “ពីព្រោះទ្រង់បានដាក់កំណត់ថ្ងៃ ដែលទ្រង់នឹងជំនុំជំរះលោកីយ៍ដោយយុត្តិធម៌ ដោយសារមនុស្សម្នាក់ ដែលទ្រង់បានតម្រូវរួចហើយ ព្រមទាំងដាក់ភស្តុតាងសំញែងយ៉ាងជាក់លាក់ ដល់មនុស្សទាំងឡាយ ដោយទ្រង់ប្រោសមនុស្សនោះ ឲ្យរស់ពីស្លាប់ឡើងវិញ”(កិច្ចការ ១៧:៣១)។ ៩) សេចក្តីសង្គ្រោះរួចផុតពីសេចក្តីក្រោធព្រះ នៅពេលអនាគត។ “ហើយឲ្យបានចាំព្រះរាជបុត្រាព្រះ ទ្រង់យាងមកពីស្ថានសួគ៌ ដែលព្រះបានប្រោសឲ្យទ្រង់រស់ពីស្លាប់ឡើងវិញ គឺជាព្រះយេស៊ូវ ដែលទ្រង់ប្រោសឲ្យយើងរួចពីសេចក្តីខ្ញាល់ទៅមុខ”(១ថែស្សាឡូនិច ១:១០ និង រ៉ូម ៥:៩)។ ១០) ការរស់ឡើងវិញរបស់យើង។ “ដោយដឹងថា ព្រះអង្គ ដែលប្រោសព្រះអម្ចាស់យេស៊ូវ ឲ្យមានព្រះជន្មរស់ឡើងវិញ ទ្រង់នឹងប្រោសឲ្យយើងខ្ញុំរស់ឡើងដែរ ដោយសារព្រះយេស៊ូវ ហើយនិងនាំយើងខ្ញុំទៅនៅចំពោះទ្រង់ជាមួយនឹងអ្នករាល់គ្នាដែរ”(២កូរិនថូស ៤:១៤ រ៉ូម ៦:៤ ៨:១១ ១កូរិនថូស ៦:១៤ ១៥:២០)។