ព្រឹក

ចុះចូលនឹងការដឹកនាំរបស់ព្រះវិញ្ញាណ
ដោយJennifer Benson Schuldt
September 8, 2023
សូមអាន : យ៉ាកុប ៣:២-១១ តែឯអណ្តាតវិញ នោះគ្មានអ្នកណាអាចនឹងផ្សាំងបានឡើយ។ យ៉ាកុប ៣:៨ ខ្យល់ដែលបក់មកមានក្លិនក្រោលសត្វ និងស្រូវសាឡីសម្រាប់សត្វសេះ ខណៈពេលដែលយើងកំពុងឈរ នៅកន្លែងដែលមិត្តភក្តិខ្ញុំឈ្មោះ មីស៊ែល(Michelle) កំពុងបង្រៀនកូនស្រីខ្ញុំអំពីរបៀបជិះសេះ។ កូនសេះរបស់មីស៊ែលបានហារមាត់ឡើង ខណៈពេលដែលនាងកំពុងបង្ហាញរបៀបដាក់បង្ហៀរនៅក្នុងមាត់របស់វា។ មីស៊ែលក៏បានបត់ខ្សែបង្ហៀរមកដល់ខាងក្រោយត្រចៀករបស់វា ហើយក៏បានពន្យល់ថា បង្ហៀរសំខាន់ណាស់ ព្រោះវាជួយអ្នកជិះសេះ ឲ្យអាចបន្ថយល្បឿនរបស់សេះ ហើយបត់វាទៅឆ្វេង ឬទៅស្តាំបាន។ បង្ហៀររបស់សត្វសេះតូចទេ តែមានសារៈសំខាន់ មិនខុសពីអណ្តាតរបស់យើងទេ។ គឺសុទ្ធតែមានឥទ្ធិពលខ្លាំងមកលើអ្វីដែលធំ និងមានអំណាច។ គឺដូចដែលបង្ហៀរមានអំណាចមកលើសត្វសេះ ហើយអណ្តាតមានអំណាចមកលើពាក្យសម្តីរបស់យើង(យ៉ាកុប ៣:៣,៥)។ ពាក្យសម្តីរបស់យើងអាចបន្លឺចេញមក ទៅតាមទិសដៅខុសគ្នា។ “ដោយសារអណ្តាត នោះយើងសរសើរដំកើងដល់ព្រះអម្ចាស់ដ៏ជាព្រះវរបិតាផង ហើយដាក់បណ្តាសាដល់មនុស្ស ដែលកើតមកតាមរូបអង្គព្រះផង”(ខ.៩)។ គួរឲ្យសោកស្តាយណាស់ ព្រះគម្ពីរបានដាស់តឿនយើងថា យើងពិបាកគ្រប់គ្រងពាក្យសម្តីរបស់យើងខ្លាំងណាស់ ព្រោះពាក្យសម្តីចេញពីចិត្តរបស់យើង(លូកា ៦:៤៥)។ តែអរព្រះគុណព្រះអង្គ ដ្បិតព្រះវិញ្ញាណរបស់ព្រះអង្គ ដែលគង់នៅក្នុងចិត្តអ្នកជឿម្នាក់ៗ ជួយយើងមានភាពអត់ធ្មត់ ស្លូតបូត និងដឹងខ្មាត(កាឡាទី ៥:២២-២៣)។ ពេលណាយើងចុះចូលនឹងការដឹកនាំរបស់ព្រះវិញ្ញាណបរិសុទ្ធ ចិត្តរបស់យើងក៏បានផ្លាស់ប្រែ ហើយការនិយាយស្តីរបស់យើងមានការផ្លាស់ប្តូរផងដែរ។ ការប្រទេចផ្តាសាក៏បានប្រែជាការសរសើរដំកើង។ ការនិយាយកុហកក៏ប្រែជាការនិយាយតែការពិត។ ការរិះគន់ក៏បានកែប្រែជាការលើកទឹកចិត្ត។ ការផ្សាំងអណ្តាតមិនគ្រាន់តែជាការហ្វឹកហាត់ខ្លួនយើង ឲ្យនិយាយអ្វីដែលត្រឹមត្រូវប៉ុណ្ណោះទេ។ វាក៏ជាការទទួលយកការដឹកនាំនៃព្រះវិញ្ញាណបរិសុទ្ធ ដើម្បីឲ្យពាក្យសម្ដីរបស់យើង បង្ហាញចេញនូវសេចក្តីសប្បុរស និងការលើកទឹកចិត្ត ដែលពិភពលោកកំពុងត្រូវការ។—Jennifer Benson Schuldt
តើពាក្យសម្តីរបស់អ្នក បានបង្ហាញចេញនូវអ្វីខ្លះដែលមានក្នុងចិត្តអ្នក? តើការចុះចូលការដឹកនាំរបស់ព្រះវិញ្ញាណបរិសុទ្ធជួយឲ្យពាក្យសម្តីអ្នកមានការផ្លាស់ប្តូរយ៉ាងណាខ្លះ?
ឱព្រះអម្ចាស់ សូមព្រះអង្គកែប្រែចិត្តទូលបង្គំ ដើម្បីឲ្យពាក្យសម្តីទូលបង្គំបានលើកទឹកចិត្តអ្នកដទៃ និងថ្វាយព្រះកិត្តិនាមដល់ព្រះអង្គ។
គម្រោងអានរយៈពេល១ឆ្នាំ : សុភាសិត ៦-៧ និង ២កូរិនថូស ២
ល្ងាច

ចូរនិយាយទៅកាន់ព្រះ គឺមិនគ្រាន់តែនិយាយអំពីព្រះអង្គឡើយ
ដោយJohn Piper
September 8, 2023
ទោះបើទូលបង្គំដើរកាត់ច្រកភ្នំនៃម្លប់សេចក្តីស្លាប់ក៏ដោយ គង់តែមិនខ្លាចសេចក្តីអាក្រក់ណាឡើយ ដ្បិតទ្រង់គង់នៅជាមួយនឹងទូលបង្គំ។ ទំនុកដំកើង ២៣:៤ ទម្រង់នៃការប្រើប្រាស់ពាក្យ ក្នុងបទគម្ពីរទំនុកដំកើង ជំពូក២៣ ពិតជាមានប្រយោជន៍ណាស់។ ក្នុងបទគម្ពីរទំនុកដំកើង ២៣:១-៣ ស្តេចដាវីឌបានមានបន្ទូលសំដៅទៅលើព្រះអម្ចាស់ ដោយប្រើពាក្យ “ទ្រង់” ជាសព្វនាមទី៣ (ដូចពាក្យ “គាត់”)៖
- ព្រះយេហូវ៉ាទ្រង់ជាអ្នកគង្វាលខ្ញុំ…
- ទ្រង់ឲ្យខ្ញុំដេកសំរាកនៅទីមានស្មៅខៀវខ្ចី…
- ទ្រង់នាំខ្ញុំទៅក្បែរមាត់ទឹកដែលហូរគ្រឿនៗ…
- ទ្រង់កែព្រលឹងខ្ញុំឡើងវិញ…
- គង់តែមិនខ្លាចសេចក្តីអាក្រក់ណាឡើយ
- ដ្បិតទ្រង់គង់នៅជាមួយនឹងទូលបង្គំ
- ព្រនង់ ហើយនឹងដំបងរបស់ទ្រង់កំសាន្តចិត្តទូលបង្គំ
- ទ្រង់រៀបតុនៅមុខទូលបង្គំ ចំពោះពួកខ្មាំងសត្រូវផង
- ទ្រង់ចាក់ប្រេងលាបលើក្បាលទូលបង្គំ។
- ខ្ញុំនឹងនៅក្នុងដំណាក់នៃព្រះយេហូវ៉ាជារៀងដរាបទៅ។