ព្រឹក

តែងតែធ្វើតាមព្រះបន្ទូលសន្យា
ដោយCindy Hesskasper
September 10, 2023
សូមអាន : លូកា ១:២៦-៣៨ នាងមានពរហើយ ដោយនាងបានជឿ ដ្បិតសេចក្តីដែលព្រះអម្ចាស់មានព្រះបន្ទូលមកនាង នោះនឹងបានសំរេចជាមិនខាន។ លូកា ១:៤៥ កាលពីក្មេង ខ្ញុំតែងតែធ្វើដំណើរចម្ងាយប្រហែល៣រយគីឡូម៉ែត្រ ទៅលេងតាយាយរបស់ខ្ញុំ នៅរដូវក្តៅ។ ជាច្រើនឆ្នាំក្រោយមក ខ្ញុំក៏បានដឹងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំនោះ ខ្ញុំទទួលបានប្រាជ្ញាច្រើនប៉ុណ្ណាពីអ្នកទាំងពីរ ជាមនុស្សដែលខ្ញុំស្រឡាញ់។ បទពិសោធន៍ និងរបៀបដែលពួកគាត់បានដើរជាមួយព្រះ បានផ្តល់ឲ្យគាត់នូវទស្សនវិស័យ ដែលគំនិតដ៏ក្មេងខ្ចីរបស់ខ្ញុំមិនទាន់អាចយល់បាន។ ការសន្ទនារបស់ខ្ញុំជាមួយពួកគាត់ អំពីសេចក្តីស្មោះត្រង់របស់ព្រះអង្គ បានធានាដល់ខ្ញុំថា ព្រះទ្រង់មានលក្ខណៈសម្បត្តិដែលអាចឲ្យយើងទុកចិត្តបាន ហើយព្រះអង្គធ្វើតាមព្រះបន្ទូលសន្យានីមួយៗរបស់ព្រះអង្គ។ កាលទេវតាកាព្រីយ៉ែលយាងមកជួបនាងម៉ារា ជាព្រះមាតារបស់ព្រះយេស៊ូវ នាងគ្រាន់តែជាក្មេងជំទង់ម្នាក់ប៉ុណ្ណោះ។ ដំណឹងគួរឲ្យភ្ញាក់ផ្អើល ដែលទេវតាកាព្រីយ៉ែលប្រាប់នាង ប្រាកដជាពិបាកឲ្យនាងទទួល តែនាងបានស្ម័គ្រចិត្តទទួលយក ដោយការស្តាប់បង្គាប់(លូកា ១:៣៨)។ តែពេលនាងទៅសួរសុខទុក្ខនាងអេលីសាបិតជាសាច់ញាតិមានវ័យចាស់ ដែលកំពុងមានផ្ទៃពោះដោយការអស្ចារ្យ(ប្រហែលនៅអាយុ៦០ឆ្នាំ) នាងប្រហែលជាការទទួលការកម្សាន្តចិត្ត ខណៈពេលដែលនាងអេលីហ្សាបិតបានបញ្ជាក់ពាក្យសម្ដីរបស់ទេវតាកាព្រីយ៉ែល ដោយចិត្តក្លៀវក្លា ដែលបានប្រកាសថា នាងគឺជាម្តាយរបស់ព្រះមែស៊ីដែលនឹងយាងមកតាមព្រះបន្ទូលសន្យា(ខ.៣៩-៤៥)។ ពេលណាយើងលូតលាស់ និងមានភាពពេញវ័យក្នុងព្រះគ្រីស្ទ ដូចតាយាយរបស់ខ្ញុំ យើងក៏បានដឹងថា ព្រះអង្គធ្វើតាមព្រះបន្ទូលសន្យារបស់ព្រះអង្គ។ ព្រះអង្គបានធ្វើតាមព្រះបន្ទូលសន្យា ចំពោះនាងអេលីសាបិត និងលោកសាការីជាស្វាមី(ខ.៥៧-៥៨)ថា ពួកគេនឹងមានកូនប្រុសម្នាក់។ ហើយជាច្រើនឆ្នាំក្រោយមកកូនប្រុសនោះ គឺលោកយ៉ូហាន បាទីស្ទ បានប្រកាសប្រាប់គេឲ្យរៀបចំផ្លូវថ្វាយព្រះអម្ចាស់ ដែលត្រូវយាងមកតាមព្រះបន្ទូលសន្យា ដែលមានរាប់ពាន់ឆ្នាំមកហើយ។ គឺព្រះយេស៊ូវ ជាព្រះមែស៊ី ជាព្រះអង្គសង្រ្គោះនៃពិភពលោក ដែលត្រូវយាងមក!(ម៉ាថាយ ១:២១-២៣)។—Cindy Hess Kasper
ហេតុអ្វីអ្នកទុកចិត្តថា ព្រះទ្រង់នឹងធ្វើតាមព្រះបន្ទូលសន្យារបស់ព្រះអង្គ? តើព្រះបន្ទូលសន្យាព្រះអង្គមួយណា ដែលនាំឲ្យអ្នកមានអំណរបំផុត?
ឱព្រះវរបិតានៃសេចក្តីស្រឡាញ់ ទូលបង្គំសូមអរព្រះគុណព្រះអង្គ ដ្បិតព្រះអង្គមានលក្ខណៈដែលទូលបង្គំអាចទុកចិត្តបាន ហើយតែងតែធ្វើតាមព្រះបន្ទូលសន្យា។
គម្រោងអានរយៈពេល១ឆ្នាំ : សុភាសិត ៨-៩ និង ២កូរិនថូស ៣
ល្ងាច

តើសេចក្តីខ្មាសដ៏ត្រឹមត្រូវ គឺជាអ្វី?
ដោយJohn Piper
September 10, 2023
ពីព្រោះកាលពីដើម ដែលនៅជាបាវបំរើរបស់អំពើបាប នោះអ្នករាល់គ្នាមិននៅក្នុងអំណាចនៃសេចក្តីសុចរិតទេ កាលណោះតើអ្នករាល់គ្នាបានផលអ្វីខ្លះក្នុងអំពើដែលឥឡូវនេះអ្នករាល់គ្នាអៀនខ្មាសវិញ ដ្បិតទីបំផុតនៃអំពើទាំងនោះជាសេចក្តីស្លាប់។ រ៉ូម ៦:២០-២១ ពេលណាគ្រីស្ទបរិស័ទម្នាក់បើកភ្នែក មើលទៅទង្វើអាក្រក់របស់ខ្លួន ដែលបង្ខូចព្រះនាមព្រះ នោះការដែលគាត់មានអារម្មណ៍អៀនខ្មាស គឺត្រឹមត្រូវហើយ។ សាវ័កប៉ុលបានប្រាប់ពួកជំនុំ នៅទីក្រុងរ៉ូមថា “ពីព្រោះកាលពីដើម ដែលនៅជាបាវបំរើរបស់អំពើបាប … តើអ្នករាល់គ្នាបានផលអ្វីខ្លះក្នុងអំពើដែលឥឡូវនេះអ្នករាល់គ្នាអៀនខ្មាសវិញ?” មានពេលដ៏ត្រឹមត្រូវដែលយើងត្រូវក្រឡេកមកក្រោយ ហើយមានអារម្មណ៍ឈឺចាប់ ចំពោះការរស់នៅ តាមរបៀបដែលបន្ទាបព្រះនាមព្រះយ៉ាងខ្លាំង។ យើងត្រូវដឹងច្បាស់ថា យើងមិនត្រូវនៅជាប់ក្នុងបញ្ហានេះ ដោយរកធ្វើអ្វីមិនកើតនោះឡើយ។ ប៉ុន្តែ ចិត្តរបស់គ្រីស្ទបរិស័ទដែលបើកចំហ មិនអាចក្រឡេកមកមើកភាពល្ងីល្ងើនៃយុវភាពរបស់ខ្លួន ដោយមិនមានអារម្មណ៍ខ្មាសអៀននោះឡើយ ទោះយើងបានដោះស្រាយបញ្ហានេះ ជាមួយព្រះអម្ចាស់ហើយក៏ដោយ។ ភាពអាម៉ាស់ដ៏ត្រឹមត្រូវអាចមានប្រយោជន៍ ហើយនាំមកនូវការប្រោសលោះផងដែរ។ សាវ័កប៉ុលបានប្រាប់ពួកជំនុំ នៅទីក្រុងថែស្សាឡូនីចថា “បើអ្នកណាមិនស្តាប់តាមពាក្យរបស់យើងខ្ញុំ ក្នុងសំបុត្រនេះទេ នោះចូរសំគាល់អ្នកនោះទុក ហើយកុំឲ្យភប់ប្រសព្វនឹងគេឲ្យសោះ ដើម្បីឲ្យគេមានសេចក្តីខ្មាស”(២ថែស្សាឡូនីច ៣:១៤)។ បានសេចក្តីថា ការមានសេចក្តីខ្មាស គឺជាការបោះជំហានដ៏ត្រឹមត្រូវ នៅក្នុងការប្រែចិត្តជឿព្រះ ដែលនាំមកនូវការប្រោសលោះ ហើយសូម្បីតែនៅក្នុងការប្រែចិត្តរបស់គ្រីស្ទបរិស័ទ ចេញពីអំពើបាប និងរដូវកាលនៃភាពត្រជាក់ខាងវិញ្ញាណ។ ការមានសេចក្តីខ្មាស គឺមិនមែនជាអ្វីដែលយើងត្រូវជៀសវាងទាំងស្រុងនោះឡើយ។ ព្រះទ្រង់ក៏អាចប្រើសេចក្តីខ្មាសរបស់យើង ដើម្បីដោះស្រាយបញ្ហាដែលយើងមានជាមួយព្រះអង្គផងដែរ។ យើងអាចសន្និដ្ឋានថា ការបង្រៀនក្នុងព្រះគម្ពីរ អំពីសេចក្តីអាម៉ាសមិនត្រឹមត្រូវ និងសេចក្តីអាម៉ាសដែលត្រឹមត្រូវ គឺបានយកព្រះជាចំណុចកណ្តាល។ ការបង្រៀនក្នុងព្រះគម្ពីរ អំពីសេចក្តីអាម៉ាសដែលមិនត្រឹមត្រូវបានប្រាប់យើងថា ចូរកុំមានសេចក្តីខ្មាស ចំពោះការអ្វីដែលថ្វាយព្រះកិត្តិនាមដល់ព្រះ ទោះការនោះបានធ្វើឲ្យគេយល់ឃើញថា អ្នកអន់ខ្សោយ ល្ងង់ខ្លៅ ឬខុសយ៉ាងណាក៏ដោយ។ ឬមានវិធីមួយទៀត សម្រាប់អនុវត្តតាមការបង្រៀនក្នុងព្រះគម្ពីរ អំពីសេចក្តីអាម៉ាសដែលមិនត្រឹមត្រូវ គឺ៖ ចូរកុំមានអារម្មណ៍អាម៉ាស ដោយសារតែរឿងដ៏ខ្មាសអៀន បើអ្នកមិនបានចូលរួមនៅក្នុងការអាក្រក់ទេនោះ។ ការបង្រៀនក្នុងព្រះគម្ពីរ អំពីក្តីអាម៉ាសដ៏ត្រឹមត្រូវ ប្រាប់យើងថា ចូរមានសេចក្តីខ្មាស ដោយសារអ្នកបានចូលរួម នៅក្នុងការអ្វីដែលបង្ខូចព្រះនាមព្រះ ទោះការនោះបានធ្វើឲ្យអ្នកដទៃយល់ឃើញថា អ្នកខ្លាំង ឆ្លាត ឬត្រឹមត្រូវយ៉ាងណាក៏ដោយ។ មូលហេតុដែលយើងគួរតែមានសេចក្តីខ្មាស គឺដោយសារយើងត្រូវតែប្រឆាំងនឹងទង្វើដែលបង្ខូចព្រះនាមព្រះ។ តែយើងមិនគួរខ្មាសអៀន ចំពោះទង្វើដែលថ្វាយព្រះកិត្តិនាមដល់ព្រះនោះឡើយ ទោះគេបានព្យាយាមធ្វើឲ្យអ្នកមានអារម្មណ៍ខ្មាសអៀន ចំពោះទង្វើនោះក៏ដោយ។