ព្រឹក

គ្មានអ្វីអាចកើតឡើងដោយចៃដន្យឡើយ
ដោយUltimately with R.C. Sproul
September 18, 2023
ចក្រវាលមិនអាចកើតមានឡើង “ដោយចៃដន្យ” នោះឡើយ ព្រោះភាពចៃដន្យមិនមានអំណាចធ្វើអ្វីកើតឡើយ។ នៅថ្ងៃនេះដែរ លោកគ្រូ អរ ស៊ី ស្រ្ពោល(R.C. Sproul) សូមធ្វើការបកអាក្រាតការកុហករបស់រឿងទេវកថា ដែលជាការសន្និដ្ឋានរបស់អ្នករិះគន់ជាច្រើន ដែលបានបដិសេធថា ព្រះមិនមែនជាប្រភព ដែលធ្វើឲ្យពិភពលោកកើតមានឡើង។ អត្ថបទ តើមានឱកាសប៉ុន្មានភាគរយ ដែលអាចឲ្យអ្វីៗកើតមាន ដោយចៃដន្យបាន? គ្មានអ្វីអាចកើតឡើង ដោយចៃដន្យបានឡើយ ព្រោះភាពចៃដន្យមិនអាចធ្វើអ្វីកើតទេ។ ខ្ញុំធ្លាប់មានការពិភាក្សាជាមួយសាស្ត្រាចារ្យម្នាក់ នៅសកលវិទ្យាល័យហាវើត ដែលបានប្រាប់ខ្ញុំថា ចក្រវាលនេះបានកើតមានឡើង ដោយចៃដន្យ។ ខ្ញុំក៏បានលើកឧទាហរណ៍ ដោយប្រើកាក់មួយ ដើម្បីធ្វើការពន្យល់គាត់។ ខ្ញុំប្រាប់គាត់ថា “បើខ្ញុំមានកក់៥០សេនមួយ ដែលផ្ទៃម្ខាងមានរូបក្បាលមនុស្ស ផ្ទៃម្ខាងទៀតមានលេខ៥០ ហើយបោះវាឡើងទៅលើ តើមានឱកាសប៉ុន្មានភាគរយ ដែលវានឹងធ្លាក់ចុះមកដី ដោយមានរូបក្បាលមនុស្សផ្ងារទៅលើ?” គាត់ក៏បានឆ្លើយថា “គឺមានឱកាស៥០ភាគរយ”។ ខ្ញុំក៏សួរគាត់ទៀតថា “តើឱកាស៥០ភាគរយនោះ មានឥទ្ធិពលខ្លាំងប៉ុណ្ណា មកលើកាក់នោះ ដើម្បីឲ្យវាធ្លាក់ចុះមក មានរូបក្បាលមនុស្សផ្ងារទៅលើ?” គាត់ក៏បានសួរខ្ញុំវិញថា “តើអ្នកចង់មានដូចម្តេច?” ខ្ញុំក៏ប្រាប់គាត់ថា “ដែលកាក់នោះធ្លាក់ចុះមក ដោយផ្ទៃម្ខាងមានរូបក្បាលមនុស្សផ្ងាទៅលើ ហើយផ្ទៃម្ខាងទៀតដែលមានលេខ៥០ផ្កាប់ទៅក្រោម គឺអាស្រ័យទៅលើកត្តាសម្ពាធ ដែលបានជំរុញវាខ្លាំងប៉ុណ្ណា និងកត្តាដង់ស៊ីតេនៃខ្យល់ និងកត្តានៃការធ្លាក់មកលើដី ធ្វើឲ្យវាត្រឡប់យ៉ាងដូចម្តេច។ កត្តាទាំងនេះសុទ្ធតែមានការផ្លាស់ប្តូរ។ តើភាពចៃដន្យអាចមានឥទ្ធិពលច្រើនប៉ុណ្ណាមកលើការធ្លាក់របស់កាក់នេះ” ។ គាត់នៅតែមិនយល់។ ខ្ញុំក៏បានប្រាប់គាត់ថា “បើអ្នកប្រើពាក្យចៃដន្យ ក្នុងការនិយាយអំពីប្រូបាប ឬភាពអាចកើតមានឡើង ក្នុងគណិតវិទ្យា នោះពាក្យនេះពិតជាមានប្រយោជន៍មែន។ ប៉ុន្តែ ពេលណាយើងនិយាយថា ភាពចៃដន្យជាអំណាចមួយ ដែលអាចឲ្យអ្វីមួយកើតឡើងបាន នោះមានន័យថា យើងកំពុងតែថា ភាពចៃដន្យគឺជាអ្វីមួយហើយ។ បើដូច្នោះមែន? តើមានកត្តាដ៏អាថ៌កំបាំងអ្វី ដែលបណ្តាលឲ្យកាក់នោះ ធ្លាក់មក ដោយផ្ទៃម្ខាងដែលមានរូបមនុស្សបែរទៅលើ ហើយម្ខាងទៀតផ្កាប់?” គាត់នៅតែមើលមុខខ្ញុំ។ ខ្ញុំក៏ប្រាប់គាត់ទៀតថា “ភាពចៃដន្យមិនអាចធ្វើអ្វីបានទេ ព្រោះភាពចៃដន្យមិនមែនជាអ្វីមួយទេ”។ ដើម្បីឲ្យអ្វីមួយអាចមានសកម្មភាព ជាដំបូងវាត្រូវមានវត្តមានជាអ្វីមួយសិន។ ភាពចៃដន្យមិនមែនជាអ្វីមួយទេ។ ពេលអ្នកនិយាយថា ចក្រវាលនេះបានកើតមានឡើង ដោយចៃដន្យ នោះមានន័យថា អ្នកកំពុងតែថា ចក្រវាលនេះកើតឡើងដោយឯកឯង មិនមែនកើតមានឡើងពីអ្វីមួយទេ។ ហើយអ្នកក៏បានប្រើពាក្យចៃដន្យ សម្រាប់ពិពណ៌នាអំពីភាពអាចកើតមានឡើង ក្នុងគណិតវិទ្យា ហើយបែរជានិយាយអំពីវា ធ្វើមើលតែវាមានវេទមន្តអ្វីមួយ។ អ្នកថា ភាពចៃដន្យពិតជាមានមែន ហើយអ្នកថា វាមានអំណាចធ្វើអ្វីមួយ តែតាមពិតវាមិនមែនជាអ្វីមួយទេ។ នេះគ្រាន់តែជាការយល់ឃើញ ដែលគេបានប្រើ ដើម្បីជំនួសឲ្យការបង្កើតរបស់ព្រះ។ ខ្ញុំក៏ដឹងដែរថា មានអ្នកខ្លះបានប្រកែកថា ចក្រវាលមានភាពអស់កល្បជានិច្ច គឺមានស្រាប់តាំងពីអស់កល្បជានិច្ចមក។ នេះជាបញ្ហាចោទមួយទៀត តែសព្វថ្ងៃនេះ សម្រាប់អ្នករិះគន់ភាគច្រើន ដែលបានបដិសេធន៍ថា ព្រះមិនបានបង្កើតរបស់សព្វសារពើមក បានលើកឡើងថា អ្វីៗគ្រប់យ៉ាងបានកើតមានឡើងដោយខ្លួនឯង។ គឺប្រៀបដូចជាសត្វទន្សាយ ដែលចេញពីក្នុងមួក នៅក្នុងការលេងសៀក។ បើគ្មានមួក ក៏គ្មានទន្សាយ បើគ្មានអ្នកលេងសៀកក៏គ្មានមួក គ្មានទន្សាយ។ ការយល់ឃើញដូចនេះ គឺអាក្រក់ជាងការជឿលើមន្តអាគមន៍ទៅទៀត ព្រោះវាជាទេវកថា។
ប្រភេទ
ល្ងាច

ព្រះអង្គមិនដែលភ្លេចការល្អដែលយើងបានធ្វើ
ដោយLeslie Koh
September 18, 2023
សូមអាន : ហេព្រើរ ១១:៣២-៤០ ពួកអ្នកទាំងនោះ ទោះបើមានសេចក្តីបន្ទាល់ពីគេថា គេមានសេចក្តីជំនឿក៏ដោយ គង់តែគេមិនបានទទួលសេចក្តី ដែលបានសន្យានោះទេ។ ហេព្រើរ ១១:៣៩ កាលសន(Sean) កំពុងច្រើនវ័យធំឡើង គាត់បានដឹងតិចតួចណាស់ អំពីអត្ថន័យនៃការមានគ្រួសារ។ ម្តាយរបស់គាត់បានលាចាកលោក កាលគាត់នៅក្មេង ហើយឪពុកគាត់ស្ទើរតែមិនដែលនៅផ្ទះ។ ជាញឹកញាប់ គាត់មានអារម្មណ៍ថា គេបោះបង់គាត់ចោល និងឯកោ។ ទោះជាយ៉ាងណាក៏ដោយ ប្តីប្រពន្ធមួយគូររស់នៅក្បែរផ្ទះគាត់ បានឈោងទៅរកគាត់។ ពួកគេបាននាំគាត់ចូលរស់នៅក្នុងគ្រួសាររបស់ពួកគេ ហើយឲ្យកូនៗរបស់ពួកគេរាប់អានគាត់ជាបងប្អូន ដោយផ្តល់ឲ្យនូវការធានាដល់គាត់ថា ពួកគេស្រឡាញ់គាត់។ ពួកគេក៏បាននាំគាត់ទៅព្រះវិហារ ហើយសព្វថ្ងៃនេះ សនក៏បានក្លាយជាយុវជនដែលមានទំនុកចិត្ត និងជាអ្នកដឹកនាំយុវជន នៅព្រះវិហារនោះ។ ទោះប្តីប្រពន្ធមួយគូរនេះមានតួនាទីដ៏សំខាន់ ក្នុងការកែប្រែជីវិតរបស់យុវជនម្នាក់នេះក៏ដោយ ក៏ពួកជំនុំរបស់ពួកគេ មិនមានការយល់ដឹងទូលំទូលាយ អំពីការអ្វីដែលពួកគេបានធ្វើសម្រាប់គាត់នោះទេ។ តែព្រះទ្រង់ជ្រាប ហើយខ្ញុំជឿថា ព្រះអង្គនឹងប្រទានពរពួកគេ ដោយសារភាពស្មោះត្រង់របស់ពួកគេ គឺដូចដែលព្រះអង្គបានប្រទានពរវីរបុរសនៃសេចក្តីជំនឿជាច្រើន ក្នុងព្រះគម្ពីរ។ បទគម្ពីរហេព្រើរ ជំពូក១១ ក៏បានចែងអំពីសេចក្តីជំនឿរបស់មនុស្សជាច្រើនទៀត ដែលយើងប្រហែលមិនស្គាល់ឈ្មោះ តែមានសេចក្តីបន្ទាល់ថា ពួកគេមានសេចក្តីជំនឿ(ខ.៣៩)។ ហើយលោកិយមិនមានភាពសក្តិសមនឹងពួកគេទេ(ខ.៣៨)។ អំពើសប្បុរសធម៌ ដែលយើងបានធ្វើ ប្រហែលមិនមានអ្នកដទៃចាប់អារម្មណ៍ តែព្រះទ្រង់ទតឃើញ ហើយជ្រាប។ ការអ្វីដែលយើងធ្វើហាក់ដូចជារឿងតូចតាច ដែលមានដូចជាអំពើល្អ ឬការលើកទឹកចិត្ត តែព្រះទ្រង់អាចប្រើការទាំងនោះ ដើម្បីនាំសិរីល្អដល់ព្រះនាមព្រះអង្គ តាមពេលវេលា និងផ្លូវរបស់ព្រះអង្គ។ ព្រះអង្គជ្រាប ទោះអ្នកដទៃមិនដឹងក៏ដោយ។—Leslie Koh
តើមានការល្អដ៏សាមញ្ញអ្វីខ្លះ ដែលអ្នកអាចធ្វើសម្រាប់នរណាម្នាក់ នៅថ្ងៃនេះ? តើអ្នកអាចរំឭកខ្លួនឯងដោយរបៀបណា ថាព្រះទ្រង់ជ្រាបអំពីចិត្ត កិច្ចការដែលដៃអ្នកបានធ្វើ?
ឱព្រះវរបិតាដែលគង់នៅស្ថានសួគ៌ សូមព្រះអង្គបន្តបង្ហាញទូលបង្គំ នូវការល្អដែលព្រះអង្គបានរៀបចំ ឲ្យទូលបង្គំធ្វើ ហើយប្រទានទូលបង្គំ នូវសេចក្តីជំនឿ ដើម្បីធ្វើការល្អនោះថ្វាយព្រះអង្គ។
គម្រោងអានរយៈពេល១ឆ្នាំ : សាស្តា ១-៣ និង ២កូរិនថូស ១១:១៦-៣៣