ព្រឹក

សេចក្តីអាណិតដែលបានបង្ហាញចេញមក
ដោយPatricia Raybon
September 23, 2023
សូមអាន : កូល៉ុស ៣:១២-១៤ ចូរប្រដាប់កាយ ដោយចិត្តក្តួលអាណិត។ កូល៉ុស ៣:១២ លោកចេម វរិន(James Warren) មិនមានការងារជាជាងឈើទេ។ តែគាត់បានចាប់ផ្តើមធ្វើបង់សម្រាប់អង្គុយ នៅពេលដែលគាត់កត់សំគាល់ឃើញស្រ្តីម្នាក់ នៅទីក្រុងដេនវើ រដ្ឋខូឡូរ៉ាដូ កំពុងអង្គុយនៅលើដី ខណៈពេលដែលនាងកំពុងរង់ចាំឡានក្រុង។ លោកវរិនមានការបារម្ភថា ការអង្គុយដូចនេះ “មិនថ្លៃថ្នូរទេ”។ ដូចនេះ អ្នកប្រឹក្សាយោបល់ផ្នែកពលកម្ម ដែលមានវ័យ២៨ឆ្នាំរូបនេះ ក៏រកបានកំណាត់ឈើមួយចំនួន ហើយក៏បានធ្វើបង់មួយយកទៅដាក់នៅកន្លែងរថយន្តក្រុងឈប់។ មិនយូរប៉ុន្មាន អ្នកដំណើរទាំងឡាយក៏បានអង្គុយនៅលើបង់នោះ។ ក្រោយមក គាត់ក៏បានដឹងថា នៅក្នុងទីក្រុងគាត់មានកន្លែងឡានក្រុងឈប់៩ពាន់កន្លែង ដែលមិនទាន់មានបង់អង្គុយ ដូចនេះ គាត់ក៏បានធ្វើបង់ជាច្រើនទៀត ដោយឆ្លាក់អក្សរពីលើបង់នីមួយៗថា “ចូរមានចិត្តសប្បុរស”។ តើគាត់មានគោលដៅអ្វី? គាត់និយាយថា “គោលដៅគាត់ គឺដើម្បីជួយឲ្យការរស់នៅរបស់អ្នកដទៃ មានភាពល្អប្រសើរជាងមុនបន្តិច តាមមធ្យោបាយដែលគាត់អាចធ្វើទៅបាន”។ អំពើសប្បុរសធម៌របស់គាត់ គឺបានបង្ហាញចេញនូវចិត្តអាណិតដល់អ្នកដទៃ។ ចិត្តក្ដួលអាណិត ជាអារម្មណ៍ដែលមានអំណាចណាស់ ព្រោះវានាំយើងឲ្យធ្វើអ្វីម្យ៉ាង ដើម្បីជួយបំពេញតម្រូវការអ្នកដទៃ គឺដូចដែលព្រះយេស៊ូវបានធ្វើជាគំរូស្រាប់។ ពេលមនុស្សមួយហ្វូងធំដែលស្រេកឃ្លាន កំពុងដើរតាមព្រះយេស៊ូវ ព្រះអង្គ “ក៏មានព្រះហឫទ័យក្ដួលអាណិតដល់គេ ពីព្រោះគេធៀបដូចជាចៀមដែលគ្មានអ្នកគង្វាល រួចទ្រង់ចាប់តាំងបង្រៀនគេពីសេចក្តីជាច្រើន”(ម៉ាកុស ៦:៣៤)។ ហើយព្រះអង្គក៏បានបង្ហាញសេចក្តីអាណិតចំពោះពួកគេ ដោយប្រោសពួកគេជាច្រើននាក់ ឲ្យបានជាពីរជំងឺ(ម៉ាថាយ ១៤:១៤)។ សាវ័កប៉ុលបានជំរុញយើង ឲ្យប្រដាប់កាយដោយចិត្តក្ដួលអាណិតផងដែរ(កូល៉ុស ៣១២)។ ព្រះទ្រង់នឹងបណ្តាលចិត្តយើងឲ្យមើលឃើញតម្រូវការរបស់មនុស្សដែលនៅជុំវិញខ្លួនយើង។ ការមើលឃើញតម្រូវការរបស់អ្នកដទៃ អាចបណ្តាលចិត្តយើងឲ្យបង្ហាញចេញនូវសេចក្តីអាណិត តាមរយៈសកម្មភាពរបស់យើង ដែលនឹងលើកទឹកចិត្តអ្នកដទៃ ខណៈពេលដែលយើងបង្ហាញពួកគេឲ្យស្គាល់សេចក្តីស្រឡាញ់របស់ព្រះគ្រីស្ទ។—Patricia Raybon
តើអ្នកបានឃើញការឈឺចាប់ ឬតម្រូវការរបស់អ្នកដទៃ ដោយចិត្តក្តួលអាណិត ហើយបានជួយពួកគេ នៅពេលណា? តើសេចក្តីអាណិតរបស់អ្នក បានធ្វើឲ្យអ្នកមានអារម្មណ៍ថាចង់ធ្វើអ្វីខ្លះ?
ឱព្រះនៃសេចក្តីស្រឡាញ់ ពេលណាទូលបង្គំមើលឃើញការឈឺចាប់ និងតម្រូវការរបស់អ្នកដទៃ សូមព្រះអង្គបន្ទន់ចិត្តទូលបង្គំ ឲ្យប្រព្រឹត្តដោយសេចក្តីអាណិត តាមគំរូព្រះគ្រីស្ទ។
គម្រោងអានរយៈពេល១ឆ្នាំ : បទចំរៀងសាឡូម៉ូន ៤-៥ និង កាឡាទី ៣
ល្ងាច

អំណាចនៃការអត់ទោសបាប រំដោះយើងឲ្យមានសេរីភាព
ដោយJohn Piper
September 23, 2023
“បាបនាងបានអត់ទោសឲ្យនាងហើយ”។ លូកា ៧:៤៨ មានស្រ្តីម្នាក់បានចូលមករកព្រះយេស៊ូវ ដោយការទួញយំ ហើយក៏បានលាងព្រះបាទព្រះអង្គ។ យើងអាចដឹងច្បាស់ថា នាងមានអារម្មណ៍អៀនខ្មាស ព្រោះកែវភ្នែករបស់លោកស៊ីម៉ូនចង់បង្ហាញដល់មនុស្សម្នាក់ៗ ដែលមានវត្តមាននៅទីនោះថា ស្រ្តីនេះជាមនុស្សមានបាប ហើយចង់បង្ហាញថា ព្រះយេស៊ូវគ្មានមូលហេតុអ្វី ដែលត្រូវឲ្យនាងប៉ះព្រះបាទព្រះអង្គនោះឡើយ។ ជាការពិតណាស់ នាងជាមនុស្សមានបាប។ មានពេលដែលយើងមានភាពអាម៉ាសពិតប្រាកដ តែមិនអាម៉ាសជារៀងរហូតនោះទេ។ ព្រះយេស៊ូវមានបន្ទូលថា ព្រះអង្គបានអត់ទោសបាបឲ្យនាងហើយ (លូកា ៧:៤៨)។ ពេលដែលភ្ញៀវទាំងឡាយកំពុងរអ៊ូអំពីរឿងនេះ ព្រះអង្គក៏បានពង្រឹងជំនឿនាងថា “សេចក្តីជំនឿរបស់នាងបានសង្គ្រោះនាងហើយ អញ្ជើញនាងទៅ ឲ្យបានប្រកបដោយសេចក្តីសុខចុះ”(លូកា ៧:៥០)។ តើព្រះយេស៊ូវបានជួយនាងជម្នះផលវិបាកនៃក្តីអាម៉ាស់ ដោយរបៀបណា? គឺព្រះអង្គបានមានបន្ទូលសន្យានាងថា “សេចក្តីជំនឿរបស់នាងបានសង្គ្រោះនាងហើយ អញ្ជើញនាងទៅ ឲ្យបានប្រកបដោយសេចក្តីសុខចុះ”។ ត្រង់ចំណុចនេះ ព្រះអង្គបានប្រកាសថា ឥឡូវនេះ ការអត់ទោស ចំពោះអំពើបាបពីអតីតកាលបាននាំមកនូវសេចក្តីសុខសាន្ត ឬសន្តិភាព ក្នុងពេលអនាគតហើយ។ ដូចនេះ បញ្ហារបស់នាងនៅពេលនេះ គឺត្រូវមានជំនឿលើព្រះគុណរបស់ព្រះ សម្រាប់ពេលអនាគត ដែលបានចាក់ឫសចូលទៅក្នុងព្រះរាជកិច្ចនៃការអត់ទោសបាបរបស់ព្រះយេស៊ូវ និងព្រះបន្ទូលដែលរំដោះឲ្យមានសេរីភាព។ នេះជារបៀប ដែលយើងម្នាក់ៗត្រូវតយុទ្ធនឹងភាពអាម៉ាសដ៏ត្រឹមត្រូវ មិនមែនក្តីអាម៉ាសក្លែងក្លាយ តែក្តីអាម៉ាសដែលយើងពិតជាមានមែន ក្តីអាម៉ាសដែលគំរាមថា នឹងនៅបន្តមានយូរពេក ធ្វើឲ្យយើងរកធ្វើអ្វីមិនកើត។ យើងត្រូវតែជម្នះការមិនជឿ ដោយសារភាពអាម៉ាសដែលបណ្តាលឲ្យយើងធ្វើអ្វីមិនកើត ដោយប្រកាន់ខ្ជាប់នូវព្រះបន្ទូលសន្យា អំពីព្រះគុណ និងសន្តិភាពក្នុងពេលអនាគត ដែលបានប្រទានមក តាមរយៈការអត់ទោសរបស់ព្រះ ចំពោះការប្រព្រឹត្តដ៏អាម៉ាសរបស់យើង។
- “ទ្រង់មានព្រះហឫទ័យអត់ទោសវិញ ដើម្បីឲ្យគេបានកោតខ្លាចដល់ទ្រង់”(ទំនុកដំកើង ១៣០:៤)។
- “ចូរស្វែងរកព្រះយេហូវ៉ា ក្នុងកាលដែលអាចនឹងរកទ្រង់ឃើញ ហើយអំពាវនាវដល់ទ្រង់ ក្នុងកាលដែលទ្រង់គង់នៅជិតចុះ ត្រូវឲ្យមនុស្សអាក្រក់បោះបង់ចោលផ្លូវរបស់ខ្លួន ហើយឲ្យមនុស្សទុច្ចរិតចោលគំនិតអាក្រក់របស់ខ្លួនដែរ រួចឲ្យគេត្រឡប់មកឯព្រះយេហូវ៉ាវិញ នោះទ្រង់នឹងអាណិតមេត្តាដល់គេ គឺឲ្យវិលមកឯព្រះនៃយើងរាល់គ្នា ដ្បិតទ្រង់នឹងអត់ទោសឲ្យជាបរិបូរ”(អេសាយ ៥៥:៦-៧)។
- “បើយើងលន់តួបាបវិញ នោះទ្រង់មានព្រះហឫទ័យស្មោះត្រង់ ហើយសុចរិត ប្រយោជន៍នឹងអត់ទោសបាបឲ្យយើង ហើយនិងសំអាតយើង ពីគ្រប់អំពើទុច្ចរិតទាំងអស់ផង”(១យ៉ូហាន ១:៩)។
- “ពួកហោរាសុទ្ធតែធ្វើបន្ទាល់ពីទ្រង់ថា អស់អ្នកណាដែលជឿដល់ទ្រង់ នោះបានរួចពីបាប ដោយសារព្រះនាមទ្រង់”(កិច្ចការ ១០:៤៣)។