ព្រឹក

សម្លេងស្រែកយំ នៃការប្រែចិត្ត
ដោយMarvin Williams
September 25, 2023
សូមអាន : អេសាយ ៣០:១៩-២៦ ទ្រង់នឹងមានព្រះគុណចំពោះឯង ដោយឮសំឡេងឯងស្រែកកាលណាទ្រង់ឮ នោះទ្រង់នឹងឆ្លើយមកឯង។ អេសាយ ៣០:១៩ ពេលដែលកូនង៉ែតយំ វាជាសញ្ញាបង្ហាញថា ពួកគេកំពុងតែអស់កម្លាំង ឬឃ្លានហើយមែនទេ? យោងតាមការសិក្សារបស់វេជ្ជបណ្ឌិត នៅសកលវិទ្យាល័យប្រោន លក្ខណៈខុសគ្នានៃកាយំរបស់កូនង៉ែត ក៏អាចផ្តល់ឲ្យយើងនូវតម្រុយសំខាន់ៗ ដែលនាំឲ្យយើងដឹងអំពីបញ្ហាផ្សេងទៀត។ វេជ្ជបណ្ឌិតទាំងនោះក៏បានបង្កើតកម្មវិធីកុំព្យូទ័រមួយ សម្រាប់វាស់ស្ទង់កត្តានៃការយំរបស់កូនង៉ែត ដែលមានសម្លេងខ្ពស់ឬទៀប សម្លេងខ្លាំងឬខ្សោយ ហើយសម្លេងច្បាស់ប៉ុណ្ណា ដើម្បីឲ្យដឹងថា មានបញ្ហាអ្វីកំពុងកើតឡើង នៅក្នុងចំណុចកណ្តាលនៃប្រព័ន្ធប្រសាទរបស់កូនង៉ែតទាំងនោះ។ ហោរាអេសាយបានថ្លែងទំនាយថា ព្រះទ្រង់នឹងស្តាប់ឮសម្លេងយំរបស់រាស្រ្តព្រះអង្គ ដោយជ្រាបអំពីសណ្ឋាននៃចិត្តរបស់ពួកគេ ហើយឆ្លើយតប ដោយព្រះគុណព្រះអង្គ។ នគរយូដាមិនបានស្តាប់តាមព្រះអម្ចាស់នោះទេ តែផ្ទុយទៅវិញ ពួកគេមិនអើពើចំពោះហោរារបស់ព្រះអង្គ ហើយក៏បានទៅស្វែងរកជំនួយ នៅក្នុងការចងសម្ព័ន្ធមិត្តជាមួយនគរអេស៊ីព្ទ(អេសាយ ៣០:១-៧)។ ព្រះអម្ចាស់ក៏បានប្រាប់ពួកគេថា បើពួកគេនៅតែបន្តសម្រេចចិត្តបះបោរទាស់នឹងព្រះអង្គ ព្រះអង្គនឹងឲ្យពួកគេទទួលបរាជ័យ និងក្តីអាម៉ាស់។ ទោះជាយ៉ាងណាក៏ដោយ ព្រះអង្គក៏សព្វព្រះទ័យនឹងរង់ចាំឱកាស នឹងផ្តល់ព្រះគុណដល់ពួកគេដែរ ដើម្បីឲ្យទ្រង់មានសេចក្តីអាណិតមេត្តាដល់ពួកគេ(ខ.១៨)។ ការជួយសង្គ្រោះនឹងកើតមាន តែតាមរយៈការស្រែកយំ ដោយការប្រែចិត្ត និងសេចក្តីជំនឿប៉ុណ្ណោះ។ បើរាស្រ្តព្រះអង្គពិតជាស្រែករកព្រះអង្គ ព្រះអង្គនឹងអត់ទោសឲ្យអំពើបាបរបស់ពួកគេ ហើយប្រទានកម្លាំងខាងវិញ្ញាណដល់ពួកគេជាថ្មី(ខ.៨-២៦)។ ព្រះអង្គក៏សព្វព្រះទ័យនឹងឆ្លើយតបយ៉ាងដូចនេះ ចំពោះអ្នកជឿព្រះយេស៊ូវក្នុងសម័យបច្ចុប្បន្នផងដែរ។ ពេលណាសម្លេងយំនៃការប្រែចិត្ត និងជំនឿរបស់យើងបានឮដល់ព្រះកាណ៌របស់ព្រះវរបិតាដែលគង់នៅស្ថានសួគ៌ ព្រះអង្គឮយើង អត់ទោសឲ្យយើង ហើយប្រទានក្តីអំណរ និងក្តីសង្ឃឹមក្នុងព្រះអម្ចាស់ជាថ្មី។—Marvin Williams
ហេតុអ្វីអ្នកមានចិត្តចង់បះបោរទាស់នឹងព្រះអង្គ ហើយស្វែងរកជំនួយផ្សេង ក្រៅពីព្រះអង្គ? តើការប្រែចិត្តនៅចំពោះព្រះអង្គ នាំទៅរកការផ្សះផ្សា និងជីវិតដូចម្តេចខ្លះ?
ឱព្រះអម្ចាស់ សូមព្រះអង្គអត់ទោសឲ្យទូលបង្គំ ដែលមិនបានស្វែងរកសុវត្ថិភាព សន្តិសុខ និងការការពារពីព្រះអង្គ។ សូមព្រះអង្គជួយទូលបង្គំឲ្យមានសេចក្តីស្រឡាញ់ចំពោះព្រះអង្គឡើងវិញ។
For further study, read Feeling the Weight of Sin at DiscoverySeries.org.
គម្រោងអានរយៈពេល១ឆ្នាំ : អេសាយ ១-២ និង កាឡាទី ៥
ល្ងាច

មានរូបភាពដូចព្រះ
ដោយUltimately with R.C. Sproul
September 25, 2023
ព្រះទ្រង់បានបង្កើតមនុស្សជាតិ យ៉ាងពិសេស ដើម្បីឆ្លុះបញ្ចាំងឲ្យគេឃើញចារិកលក្ខណៈរបស់ព្រះអង្គ។ នៅថ្ងៃនេះដែរ លោកគ្រូ អ ស៊ី ស្រ្ពោល សូមលើកឡើងផ្អែកទៅលើមូលដ្ឋានគ្រឹះនៃទេវសាស្រ្ត ដើម្បីបកស្រាយអំពីការបង្គាប់របស់ព្រះ ឲ្យស្រឡាញ់អ្នកជិតខាងដូចខ្លួនឯង។ អត្ថបទ ព្រះគម្ពីរបានចែងថា ក្នុងចំណោមជីវិតទាំងអស់ដែលព្រះទ្រង់បានបង្កើត ព្រះអង្គបានបង្កើតមនុស្សមកឲ្យមានរូបភាពដូចព្រះអង្គ។ ដូចនេះ មនុស្សយើងមានសមត្ថភាពដ៏អស្ចារ្យ ដើម្បីឆ្លុះបញ្ចាំង និងបង្ហាញដល់ស្នាព្រះហស្តដទៃទៀតរបស់ព្រះអង្គ ឲ្យឃើញចារិកលក្ខណៈរបស់ព្រះអង្គ។ យើងមានដើមកំណើត នៅក្នុងគោលបំណងដ៏បរិសុទ្ធរបស់ព្រះ។ គោលដៅចុងក្រោយនៃជីវិតរបស់យើង គឺជាការទទួលសិរីល្អដ៏អស់កល្ប ដែលព្រះវរបិតា បានត្រៀមទុកឲ្យយើង ចាប់តាំងពីដើមកំណើតនៃពិភពលោក។ ដូចនេះ ការអ្វីដែលបានកើតឡើង ចាប់តាំងពីពេលដែលព្រះអង្គបង្កើត រហូតដល់ពេលដែលយើងទទួលសិរីល្អដ៏អស់កល្ប គឺសុទ្ធតែសំខាន់។ របៀបដែលយើងប្រព្រឹត្តចំពោះអ្នកដែលមានពណ៌សម្បុរ ពូជសាសន៍ និងប្រភេទខុសពីយើង គឺសុទ្ធតែសំខាន់ ព្រោះព្រះទ្រង់បានបង្កើតពួកគេមក ឲ្យមានភាពដូចព្រះអង្គ ហើយពួកគេនៅតែមានភាពដូចព្រះអង្គ នៅក្នុងខ្លួន ទោះពួកគេនៅមានបាបក៏ដោយ។ ព្រះអង្គបានត្រាស់ហៅយើង ឲ្យស្រឡាញ់ពួកគេ ដូចដែលយើងស្រឡាញ់ខ្លួនឯង។