ព្រឹក

ដល់ពេលវិលត្រឡប់មកព្រះអង្គវិញ
ដោយArthur Jackson
January 7, 2024
លោកុប្បត្ដិ ១៨-១៩ និង ម៉ាថាយ ៦:១-១៨
ទំនុកដំកើង ៨០:១,៧-១៤,១៩
ឱព្រះនៃពួកពលបរិវារអើយ សូមបង្វិលយើងខ្ញុំមកវិញ សូមឲ្យព្រះភក្ត្រទ្រង់ភ្លឺមក នោះយើងខ្ញុំនឹងបានរួចហើយ។ ទំនុកដំកើង ៨០:៧
មានពេលមួយ ខ្ញុំមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលដែលបានឃើញរូបថត ដែលមិត្តភក្តិខ្ញុំម្នាក់បានផ្ញើរមក។ ក្នុងរូបថតទាំងនោះ ខ្ញុំឃើញឡានហ្វ៊ត ម៉ាស្ទាំង ឆ្នាំ១៩៦៥ ដែលគាត់បានជួសជុលឲ្យស្អាតដូចដើមវិញ ធ្វើជាអំណោយដ៏ភ្ញាក់ផ្អើល សម្រាប់ភរិយាគាត់។ ឡាននោះមានផ្ទៃខាងក្រៅពណ៌ទឹកប៊ិច យ៉ាន់ពណ៌ក្រូមភ្លឺស្អាត ផ្ទៃខាងក្នុងពណ៌ខ្មៅ និងមានបំពាក់គ្រឿងទំនើបៗផងដែរ។ ហើយក៏មានរូបថតឡានដដែលនោះ មុនពេលគេជួសជុល ដែលមានរូបរាងចាស់ ពណ៌លឿងដែលមិនគួរឲ្យទាក់ទាញ។ គេប្រហែលជាពិបាកនឹកស្រមៃទុកជាមុនថា វានឹងមានការផ្លាស់ប្តូរយ៉ាងណា ប៉ុន្តែ កាលគេទើបតែយកវាចេញពីរោងចក្រផលិតថ្មីៗ វាទំនងជាមានសម្រស់ដ៏ទាក់ទាញសម្រាប់មនុស្សជាច្រើន។ តែជាច្រើនឆ្នាំក្រោយមក វាក្លាយជាឡានចាស់មានការសឹករីករិល រលាត់ដាច់ និងកត្តាផ្សេងទៀត ដែលធ្វើឲ្យគេគិតថា វាដល់ពេលដែលគេត្រូវជួសជុលឲ្យស្អាតដូចដើម។
រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំស្ថានភាពរបស់រាស្រ្តរបស់ព្រះអម្ចាស់ ក្នុងបទគម្ពីរទំនុកដំកើង ជំពូក៨០ ដែលក្នុងនោះ ក៏មានការអធិស្ឋានជាច្រើនដងថា “ឱព្រះអង្គអើយ សូមបង្វិលយើងខ្ញុំមកវិញ សូមឲ្យព្រះភក្ត្រទ្រង់ភ្លឺមក នោះយើងខ្ញុំនឹងបានរួចហើយ”(ខ.៣ និង ខ.៧,១៩)។ ទោះប្រវត្តិសាស្ត្ររបស់ពួកគេបានរាប់បញ្ចូលការរំដោះពួកគេ ចេញពីទឹកដីអេស៊ីព្ទ និងការដាំពួកគេនៅលើទឹកដីដែលមានជីជាតិក៏ដោយ(ខ.៨-១១) ក៏ពេលវេលាដ៏ល្អដែលពួកគេមានពីដំបូង បានកន្លងផុតទៅ។ ដោយសារការបះបោរ ពួកគេក៏បានទទួលការជំនុំជម្រះ(ខ.១២-១៣)។ បានជាពួកគេទូលអង្វរព្រះអង្គថា “ឱព្រះនៃពួកពលបរិវារអើយ យើងខ្ញុំអង្វរដល់ទ្រង់ សូមបែរមកវិញ ហើយទតពីលើស្ថានសួគ៌មក”(ខ.១៤)។
តើអ្នកធ្លាប់មានអារម្មណ៍ថា ហត់នឿយ នៅឆ្ងាយ ឬដាច់ចេញពីព្រះអង្គឬទេ? តើអ្នកបានបាត់បង់ភាពស្កប់ស្កល់ខាងវិញ្ញាណហើយឬ? តើដោយសារអ្នកមិនបានរស់នៅ ឲ្យសមស្របតាមព្រះយេស៊ូវ និងបំណងព្រះទ័យព្រះអង្គឬ? ព្រះទ្រង់តែងតែស្តាប់ការអធិស្ឋានរបស់យើង ពេលណាយើងទូលសូមព្រះអង្គឲ្យស្អាងយើងឡើងវិញ(ខ.១)។ តើមានអ្វីរារាំងអ្នកមិនឲ្យទូលសូមព្រះអង្គ?—Arthur Jackson
តើអ្នកបានដកពិសោធន៍នឹងការស្អាងឡើងវិញរបស់ព្រះអង្គ នៅពេលណាខ្លះ? តើផ្នែកណាខ្លះនៃជីវិតអ្នក ដែលត្រូវការការស្អាងឡើងវិញ ក្នុងពេលសព្វថ្ងៃ?
ឱព្រះវរបិតា ទូលបង្គំស្រេកឃ្លានការស្អាងឡើងវិញរបស់ព្រះអង្គ។ សូមព្រះអង្គជួយទូលបង្គំឲ្យដឹងថា ទូលបង្គំត្រូវការការស្អាងឡើងវិញ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : លោកុប្បត្ដិ ១៨-១៩ និង ម៉ាថាយ ៦:១-១៨
ប្រភេទ
ល្ងាច

ការអ្វីដែលព្រះយេស៊ូវបានធ្វើមកលើសេចក្តីស្លាប់
ដោយJohn Piper
January 7, 2024
ហើយដោយព្រោះបានតម្រូវឲ្យមនុស្សទាំងអស់ស្លាប់១ដង រួចសឹមជាប់សេចក្តីជំនុំជំរះ ដូច្នេះ ព្រះគ្រីស្ទក៏បែបយ៉ាងនោះដែរ ដែលទ្រង់បានថ្វាយព្រះអង្គទ្រង់១ដង ហើយដោយព្រោះបាបរបស់មនុស្សជាច្រើន នោះទ្រង់នឹងលេចមកម្តងទៀត ក្រៅពីរឿងអំពើបាប គឺសំរាប់នឹងជួយសង្គ្រោះដល់អស់អ្នកដែលរង់ចាំទ្រង់។ ហេព្រើរ ៩:២៧-២៨
ការសុគតរបស់ព្រះយេស៊ូវ គឺជាការផ្ទុកអំពើបាបរបស់មនុស្សពីលើព្រះអង្គទ្រង់។ សេចក្តីពិតនេះស្ថិតនៅក្នុងចំណុចស្នូលនៃជំនឿគ្រីស្ទបរិស័ទ និងចំណុចស្នូលនៃដំណឹងល្អ ហើយនិងចំណុចស្នូលនៃព្រះរាជកិច្ចដ៏អស្ចារ្យនៃការប្រោសលោះរបស់ព្រះ ក្នុងពិភពលោកនេះ។ កាលព្រះគ្រីស្ទសុគត ព្រះអង្គបានផ្ទុកបាបរបស់មនុស្សនៅលើព្រះអង្គទ្រង់។ ព្រះអង្គទទួលយកបាប ដែលមិនមែនជាបាបរបស់ព្រះអង្គ។ ព្រះអង្គរងទុក្ខ ដោយសារអំពើបាបដែលមនុស្សជាតិបានប្រព្រឹត្ត ដើម្បីឲ្យពួកគេអាចមានសេរីភាពរួចពីអំពើបាប។
នេះជាចម្លើយសម្រាប់បញ្ហាធំបំផុត ក្នុងជីវិតអ្នក ទោះអ្នកមានអារម្មណ៍ថា វាជាបញ្ហាចម្បង ឬអត់ក៏ដោយ។ មានចម្លើយមួយដែលប្រាប់យើង អំពីរបៀបដែលយើងអាចផ្សះផ្សាជាមួយព្រះ ទោះយើងជាមនុស្សមានបាបក៏ដោយ។ ចម្លើយនោះគឺ ការសុគតរបស់ព្រះគ្រីស្ទជាដង្វាយលោះបាប ដែលបាន “ផ្ទុកបាបរបស់មនុស្សជាច្រើន”។ ព្រះអង្គបានលើកបាបរបស់យើងឡើង ផ្ទុកលើអង្គទ្រង់ ក្នុងដំណើរឆ្ពោះទៅរកឈើឆ្កាង ហើយព្រះអង្គក៏បានសុគត ដោយសេចក្តីស្លាប់ដែលយើងសមនឹងទទួល។
ឥឡូវនេះ តើការនេះមានន័យយ៉ាងណា សម្រាប់សេចក្តីស្លាប់របស់ខ្ញុំ? “ព្រះទ្រង់បានតម្រូវឲ្យ[ខ្ញុំ]ស្លាប់តែមួយដង”។ បានសេចក្តីថា សេចក្តីស្លាប់របស់ខ្ញុំមិនមែនសម្រាប់ដាក់ទោសខ្ញុំទៀតទេ។ សេចក្តីស្លាប់របស់ខ្ញុំមិនមែនជាការដាក់ទោស ដោយសារអំពើបាបរបស់ខ្ញុំទៀតឡើយ។ ព្រះអង្គបានយកអំពើបាបរបស់ខ្ញុំចេញទៅហើយ។ ការសុគតរបស់ព្រះគ្រីស្ទ “បានលប់” អំពើបាបរបស់ខ្ញុំចោល។ ព្រះគ្រីស្ទបានទទួលទោសជំនួសខ្ញុំហើយ។
ហេតុអ្វីខ្ញុំនៅតែត្រូវស្លាប់? ព្រោះព្រះទ្រង់សព្វព្រះទ័យឲ្យសេចក្តីស្លាប់ នៅមាន ក្នុងលោកិយមួយរយៈទៀត សូម្បីតែក្នុងចំណោមកូនៗរបស់ព្រះអង្គក៏ដោយ ដើម្បីបន្តធ្វើជាសាក្សីនៃភាពតក់ស្លុតក្រៃលែងរបស់អំពើបាប។ ពេលយើងស្លាប់ គឺមានន័យថា យើងនៅតែបង្ហាញចេញ នូវផលវិបាកខាងក្រៅនៃអំពើបាបក្នុងលោកិយនេះ។
តែសម្រាប់កូនរបស់ព្រះ សេចក្តីស្លាប់មិនមែនជាសេចក្តីក្រោធដែលព្រះអង្គមាន មកលើពួកគេទៀតឡើយ។ វាជាច្រកចូលទៅក្នុងសេចក្តីសង្គ្រោះ មិនមែនចូលទៅក្នុងការថ្កោលទោសនោះទេ។