ព្រឹក

ព្រះអង្គទទួលយកអំពើបាប
ដោយWinn Collier
January 14, 2024
លោកុប្បត្ដិ ៣៣-៣៥ និង ម៉ាថាយ ១០:១-២០
អេសាយ ៥៣:១-៦
ទ្រង់បានទ្រាំទ្រ រងអស់ទាំងសេចក្តីឈឺចាប់របស់យើង។ អេសាយ ៥៣:៤
គ្រោះមហន្តរាយនៃរោងចក្រនុយក្លេអ៊ែរ នៅខេត្តហ្វ៊ូគូស៊ីម៉ា ប្រទេសជប៉ុន កាលពីឆ្នាំ២០១១ ដែលបណ្តាលមកពីគ្រោះរញ្ជួយដី បានបញ្ចេញជាតិពុលវិទ្យុសកម្មដ៏ច្រើនលើសលប់ ហើយបានបង្ខំពលរដ្ឋជាង១៥ម៉ឺននាក់ ឲ្យចាកចេញពីតំបន់ដែលទទួលផលប៉ះពាល់។ អ្នកស្រុកម្នាក់បានរៀបរាប់ថា “គ្រោះមហន្តរាយនេះ ប្រៀបដូចជាព្រិលដែលគេមើលមិនឃើញ ធ្លាក់មកលើខេត្តហ្វ៊ូគូស៊ីម៉ា ហើយបន្តធ្លាក់ និងគ្របដណ្តប់ពីលើតំបន់នោះ”។ គេបានរកឃើញជាតិវិទ្យុសកម្មក្នុងកំរិតខ្ពស់នៅក្នុងបន្លែ សាច់ និងតំបន់ទេសចរណ៍ ដែលស្ថិតនៅចម្ងាយជាច្រើនគីឡូម៉ែត្រពីរោងចក្រនុយក្លេអ៊ែ។ ដើម្បីប្រយុទ្ធប្រឆាំងនឹងជាតិពុលនោះ អ្នករស់នៅក្នុងតំបន់នោះ ក៏បានចាប់ផ្តើមដាំដើមផ្កាឈូករ័ត្ន ដែលគេឮល្បីថា ពួកវាអាចស្រូបយកជាតិវិទ្យុសកម្មបាន។ ពួកគេបានយកគ្រាប់ផ្កាឈូករ័ត្នជាង២សែនគ្រាប់ទៅដាំនៅទីនោះ ហើយសព្វថ្ងៃនេះ ដើមផ្កាឈូករ័ត្នរាប់លានដើម កំពុងមានផ្ការីកស្គុះស្គាយ ក្នុងខេត្តហ៊្វគូស៊ីម៉ា។
ព្រះទ្រង់បានរចនា និងបង្កើតដើមផ្កាឈូករ័ត្ន ឲ្យមានអត្ថប្រយោជន៍ច្រើនលើសពីការរំពឹងគិតរបស់យើង។ ការនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីដំណោះស្រាយដែលព្រះយេស៊ូវបានប្រើ ដើម្បីប្រោសពិភពលោកទាំងមូលឲ្យជា។ ព្រះគ្រីស្ទបានទទួលយកការឈឺចាប់របស់យើង ដាក់នៅលើព្រះកាយព្រះអង្គ ហើយបាន “រងអស់ទាំងសេចក្តីឈឺចាប់របស់យើង”(អេសាយ ៥៣:៤)។ ព្រះអង្គបានទទួលយកគ្រប់ទាំងការអាក្រក់ អំពើបាប និងការរីកសាយភាយនៃអំពើបាបក្នុងលោកិយ និងមធ្យោបាយទាំងអស់ដែលមនុស្សបានប្រើ ដើម្បីបំផ្លាញខ្លួនឯង។
ព្រះអង្គបានទទួលយកបាបរបស់យើងទាំងអស់។ នៅលើឈើឆ្កាង សាច់ព្រះអង្គត្រូវគេ “ចាក់ទំលុះ” មិនមែនដោយសារព្រះអង្គមានកំហុស តែដោយសារ “អំពើរំលងរបស់យើង”(ខ.៥)។ ហើយដោយសារព្រះអង្គបានសុគត ដើម្បីលោះបាបយើង យើងអាចមានភាពពេញលេញ។ “យើងរាល់គ្នាបានប្រោសឲ្យជា ដោយសារស្នាមរំពាត់នៅអង្គទ្រង់”(ខ.៥)។
ព្រះគ្រីស្ទមិនគ្រាន់តែបានអត់ទោសឲ្យយើងតាំងពីយូរមកហើយប៉ុណ្ណោះទេ តែក៏បានផ្ទុកលើអង្គទ្រង់ ដោយអំពើអាក្រក់របស់យើង។ ព្រះយេស៊ូវបានទទួលយកទាំងអស់។ ហើយបន្ទាប់មក ព្រះអង្គក៏បានប្រោសយើងឲ្យជាខាងវិញ្ញាណ។—Winn Collier
តើមានការអាក្រក់ណា ដែលព្រះយេស៊ូវបានអត់ទោសឲ្យអ្នក? តើការដែលព្រះអង្គទទួលយកកំហុសរបស់អ្នក បានកែប្រែការយល់របស់អ្នក អំពីការអត់ទោសរបស់ព្រះអង្គ ដូចម្តេចខ្លះ?
ឱព្រះអម្ចាស់ ព្រះអង្គបានការពារ និងឃុំគ្រងទូលបង្គំ ហើយក៏បានយាងមកគង់នៅជាមួយទូលបង្គំ។ សូមព្រះអង្គជួយទូលបង្គំឲ្យធ្វើការល្អជាប្រយោជន៍ដល់អ្នកដទៃ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : លោកុប្បត្ដិ ៣៣-៣៥ និង ម៉ាថាយ ១០:១-២០
ប្រភេទ
ល្ងាច

ក្តីសង្ឃឹមសម្រាប់គ្រីស្ទបរិស័ទដែលមិនល្អឥតខ្ចោះ
ដោយJohn Piper
January 14, 2024
ដ្បិតទ្រង់ធ្វើឲ្យពួកអ្នក ដែលបានញែកជាបរិសុទ្ធហើយ បានគ្រប់លក្ខណ៍អស់កល្បជានិច្ច ដោយសារដង្វាយតែ១នោះ។ ហេព្រើរ ១០:១៤
ខគម្ពីរនេះ មានពេញទៅដោយការលើកទឹកចិត្ត សម្រាប់មនុស្សមានបាប ដែលមិនគ្រប់លក្ខណ៍ដូចយើង ហើយក៏មានពេញទៅដោយការលើកទឹកចិត្ត ឲ្យមានសេចក្តីបរិសុទ្ធផងដែរ។
បទគម្ពីរនេះមានន័យថា អ្នកអាចមានការធានាថា អ្នកអាចឈរដោយភាពគ្រប់លក្ខណៈ និងពេញលេញ នៅក្នុងព្រះនេត្រព្រះវរបិតាដែលគង់នៅស្ថានសួគ៌ មិនមែនដោយសារអ្នកល្អឥតខ្ចោះក្នុងពេលឥឡូវនេះនោះទេ គឺដោយសារអ្នកមិនល្អឥតខ្ចោះ តែកំពុង “ទទួលការញែកចេញ” និង“ធ្វើឲ្យបរិសុទ្ធ” ដោយចាកចេញពីភាពមិនល្អឥតខ្ចោះ ឆ្ពោះទៅរកសេចក្តីបរិសុទ្ធកាន់តែខ្លាំងឡើងៗ។ នេះជាចំណុចសំខាន់នៃបទគម្ពីរហេព្រើរ ១០:១៤។
តើជំនឿរបស់អ្នកធ្វើឲ្យអ្នកមានចិត្តអន្ទះសាចង់បោះបង់ចោលអំពើបាប ហើយមានការចម្រើនឡើង ក្នុងសេចក្តីបរិសុទ្ធឬទេ? ជំនឿនោះជាប្រភេទជំនឿដែលអាចមើលទៅព្រះគ្រីស្ទ ក្នុងភាពមិនល្អឥតខ្ចោះរបស់ខ្លួន ហើយទូលព្រះអង្គថា “ព្រះអង្គបានធ្វើឲ្យទូលបង្គំល្អឥតខ្ចោះ ក្នុងព្រះនេត្រព្រះអង្គហើយ”។
ជំនឿនេះនាំឲ្យយើងអធិស្ឋានថា “ឱព្រះគ្រីស្ទអើយ ថ្ងៃនេះទូលបង្គំបានធ្វើអំពើបាបហើយ។ ទូលបង្គំស្អប់បាបរបស់ទូលបង្គំ។ ដ្បិតព្រះអង្គបានចារក្រឹត្យវិន័យព្រះអង្គ ពីលើចិត្តទូលបង្គំ ហើយទូលបង្គំចង់ស្តាប់បង្គាប់ព្រះអង្គ។ ហើយព្រះអង្គកំពុងធ្វើការក្នុងទូលបង្គំ នូវអ្វីដែលគាប់ព្រះទ័យព្រះអង្គ(ហេព្រើរ ១៣:២១)។ ដូចនេះ ទូលបង្គំស្អប់អំពើបាប ដែលទូលបង្គំនៅតែបន្តប្រព្រឹត្ត ហើយស្អប់គំនិតដែលមានបាប ដែលទូលបង្គំកំពុងតែមាន”។
នេះជាជំនឿដ៏ពិត និងត្រឹមត្រូវ ដែលនាំឲ្យបានសង្គ្រោះ។ នេះជាជំនឿ ដែលអាចយល់ច្បាស់ អំពីសេចក្តីដែលចែងថា “ទ្រង់ធ្វើឲ្យពួកអ្នកដែលបានញែកជាបរិសុទ្ធហើយ បានគ្រប់លក្ខណ៍អស់កល្បជានិច្ច ដោយសារដង្វាយតែ១នោះ”។
នេះមិនមែនជាអំនួតរបស់អ្នកខ្លាំងពូកែនោះទេ។ តែជាការស្រែកយំរបស់មនុស្សទន់ខ្សោយ ដែលត្រូវការព្រះអង្គសង្គ្រោះ។
ខ្ញុំសូមអញ្ជើញ ខ្ញុំសូមជំរុញអ្នក ឲ្យមានភាពទន់ខ្សោយ ល្មមនឹងអាចទុកចិត្តព្រះគ្រីស្ទយ៉ាងដូចនេះដែរ។