ព្រឹក

ឲ្យអំណោយដោយសេចក្តីស្រឡាញ់
ដោយPatricia Raybon
February 2, 2024
សុភាសិត ១១:២៤-២៥
មានមនុស្សដែលចែកផ្សាយទ្រព្យ តែចេះតែចំរើនកើន។ សុភាសិត ១១:២៤
នៅថ្ងៃដែលអ្នកស្រី ឃ្វែនដូលីន ស្ទូលជីស(Gwendolyn Stulgis) រៀបអាពាហ៍ពិពាហ៍ គាត់បានស្លៀករ៉ូបរៀបការ ដូចដែលគាត់បានស្រមៃចង់បាន។ ក្រោយមក គាត់ក៏បានយករ៉ូបដែលគាត់បានប្រើហើយនោះ ទៅឲ្យមនុស្សម្នាក់ដែលគាត់មិនដែលស្គាល់។ គាត់ជឿថា រ៉ូបរបស់គាត់មិនសមនឹងឲ្យគាត់ព្យួរចោលក្នុងទូខោអាវ ឲ្យប្រឡាក់ធូលីដីនោះទេ។ កូនក្រមុំដទៃទៀតដែលរៀបការថ្មោងថ្មីក៏យល់ឃើញដូចគាត់ផងដែរ។ សព្វថ្ងៃនេះ មានស្ត្រីកាន់តែច្រើនបានចូលរួមជាមួយទំព័របណ្ដាញសង្គមរបស់គាត់ ដើម្បីបរិច្ចាគ ឬទទួលរ៉ូបកូនក្រមុំដែលគេប្រើហើយ។ មានអ្នកបរិច្ចាគម្នាក់បានមានប្រសាសន៍ថា “ខ្ញុំសង្ឃឹមថា គេនឹងយករ៉ូបនេះទៅឲ្យកូនក្រមុំផ្សេងទៀតតគ្នាពីម្នាក់ទៅម្នាក់ទៀត ទាល់តែវារហែកប្រើលែងកើត ដោយសារការអបអរ ដែលមានក្នុងការប្រើប្រាស់រ៉ូបនេះ”។
ជាការពិតណាស់ ការចែករំលែកដោយចិត្តជ្រះថ្លា អាចធ្វើឲ្យយើងមានអារម្មណ៍រីករាយ។ គឺដូចមានសេចក្តីចែងមកថា “មានមនុស្សដែលចែកផ្សាយទ្រព្យ តែចេះតែចំរើនកើនឡើង ក៏មានមនុស្សដែលហួងហែងហួសខ្នាត តែគេចេះតែខ្វះខាតវិញ។
មនុស្សដែលមានចិត្តសុទ្ធា នឹងបានបរិបូរ ហើយអ្នកណាដែលស្រោចទឹកដល់គេ នោះនឹងបានគេស្រោចទឹកដល់ខ្លួនដែរ”(សុភាសិត ១១:២៤-២៥)។
សាវ័កប៉ុលបានបង្រៀនគោលការណ៍នេះ ក្នុងព្រះគម្ពីរសញ្ញាថ្មីផងដែរ។ កាលគាត់និយាយពាក្យលាគ្នា ទៅកាន់អ្នកជឿព្រះ នៅទីក្រុងអេភេសូរ គាត់ក៏បានជូនពរពួកគេ(កិច្ចការ ២០:៣២) ហើយបានរំឭកពួកគេ អំពីសារៈសំខាន់នៃសេចក្តីសប្បុរស។ សាវ័កប៉ុលបានលើកឡើងអំពីក្រមសីលធម៌នៃការងាររបស់គាត់ ធ្វើជាគំរូសម្រាប់ឲ្យពួកគេយកតម្រាប់តាម។ គឺដូចគាត់មានប្រសាសន៍ថា “ខ្ញុំបានបង្ហាញអ្នករាល់គ្នាដោយគ្រប់ការទាំងអស់ថា គួរឲ្យខំធ្វើការដូច្នោះ ដើម្បីឲ្យបានជួយដល់ពួកអ្នកខ្សោយ ហើយនិងនឹកចាំពីព្រះបន្ទូលនៃព្រះអម្ចាស់យេស៊ូវ ដែលទ្រង់មានព្រះបន្ទូលថា ដែលឲ្យ នោះបានពរជាជាងទទួល”(ខ.៣៥)។
ការបង្ហាញចេញនូវសេចក្តីសប្បុរស គឺបានឆ្លុះបញ្ចាំងឲ្យគេស្គាល់ចារិកលក្ខណៈរបស់ព្រះអម្ចាស់។ “ដ្បិតព្រះទ្រង់ស្រឡាញ់មនុស្សលោក ដល់ម៉្លេះបានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់តែ១ ដើម្បីឲ្យអ្នកណាដែលជឿដល់ព្រះរាជបុត្រានោះ មិនត្រូវវិនាសឡើយ គឺឲ្យមានជីវិតអស់កល្បជានិច្ចវិញ”(យ៉ូហាន ៣:១៦)។ ដូចនេះ ចូរយើងយកតម្រាប់តាមគំរូដ៏រុងរឿងរបស់ព្រះអង្គ តាមការដឹកនាំរបស់ព្រះអង្គ។—Patricia Raybon
តើថ្មីៗនេះ អ្នកទទួលបានឲ្យអំណោយល្អៗអ្វីខ្លះ ដល់អ្នកដទៃ? តើអំណោយរបស់អ្នកបានជួយនរណាម្នាក់ យ៉ាងដូចម្តេចខ្លះ?
ឱព្រះវរបិតា សូមព្រះអង្គបើកចិត្តទូលបង្គំ ដើម្បីឲ្យអំណោយដល់អ្នកដទៃ ដោយសេចក្តីស្រឡាញ់របស់ព្រះអង្គ ក្នុងចិត្តទូលបង្គំ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ ៈ និក្ខមនំ ៣១-៣៣ និង ម៉ាថាយ ២២:១-២២
ល្ងាច

រងទុក្ខតែបន្តិច
ដោយJohn Piper
February 2, 2024
រីឯព្រះដ៏មានព្រះគុណសព្វគ្រប់ ដែលទ្រង់បានហៅយើងរាល់គ្នា មកក្នុងសិរីល្អនៃទ្រង់ ដ៏នៅអស់កល្បជានិច្ច ដោយព្រះគ្រីស្ទយេស៊ូវ នោះសូមទ្រង់មេត្តាប្រោសឲ្យអ្នករាល់គ្នាបានគ្រប់លក្ខណ៍ ទាំងចំរើនកំឡាំង ហើយតាំងអ្នករាល់គ្នាឲ្យមាំមួនឡើង ក្នុងខណៈក្រោយដែលបានរងទុក្ខបន្តិច។ ១ពេត្រុស ៥:១០
ជួនកាល ក្នុងពេលដែលមានការរងទុក្ខ និងស្ត្រេសជាធម្មតា ក្នុងការរស់នៅប្រចាំថ្ងៃ យើងប្រហែលជាសួរព្រះថា “ព្រះអម្ចាស់អើយ តើទូលបង្គំត្រូវពិបាកយូរប៉ុណ្ណាទៀត? ទូលបង្គំមើលឃើញតែការឈឺចាប់ប៉ុណ្ណោះ នៅថ្ងៃនេះ។ តើថ្ងៃស្អែកទូលបង្គំនឹងជួបរឿងអ្វីទៀត? តើព្រះអង្គនឹងជួយទទួលបង្គំ នៅក្នុងការរងទុក្ខនោះដែរទេ?”
សំណួរនេះមានលក្ខណៈបន្ទាន់ខ្លាំងណាស់ ព្រោះព្រះយេស៊ូវបានមានបន្ទូលថា “អ្នកណាដែលកាន់ខ្ជាប់ ដរាបដល់ចុងបំផុត នោះនឹងបានសង្គ្រោះពិត”(ម៉ាកុស ១៣:១៣)។ យើងមានការភ័យញ័រ ពេលយើងគិតថា យើងកំពុងតែស្ថិតក្នុងចំណោម “ពួកអ្នក ដែលថយទៅវិញឲ្យត្រូវវិនាស”(ហេព្រើរ ១០:៣៩)។ យើងមិនកំពុងតែលេងល្បែងនោះឡើយ។ ទុក្ខលំបាកជាការគំរាមកំហែងដ៏អាក្រក់ មកលើជំនឿដែលយើងមាន ចំពោះព្រះគុណនៃអនាគតកាល ។
ដូចនេះ វាជាការអស្ចារ្យណាស់ ដែលយើងបានឮសាវ័កពេត្រុសសន្យា ចំពោះគ្រីស្ទបរិស័ទដែលកំពុងរងទុក្ខ និងហត់នឿយថា “រីឯព្រះដ៏មានព្រះគុណសព្វគ្រប់ ដែលទ្រង់បានហៅយើងរាល់គ្នា មកក្នុងសិរីល្អនៃទ្រង់ ដ៏នៅអស់កល្បជានិច្ច ដោយព្រះគ្រីស្ទយេស៊ូវ នោះសូមទ្រង់មេត្តាប្រោសឲ្យអ្នករាល់គ្នាបានគ្រប់លក្ខណ៍ ទាំងចំរើនកំឡាំង ហើយតាំងអ្នករាល់គ្នាឲ្យមាំមួនឡើង ក្នុងខណៈក្រោយដែលបានរងទុក្ខបន្តិច”(១ពេត្រុស ៥:១០)។
ព្រះដ៏មានព្រះគុណសព្វគ្រប់បានប្រទាននូវការធានាថា ព្រះអង្គនឹងមិនឲ្យយើងរងទុក្ខ លើសរយៈពេលដែលយើងអាចអត់ទ្រាំ ហើយក៏ធានាថា ព្រះអង្គនឹងលប់បំបាត់ភាពខ្វះចន្លោះ ដែលធ្វើឲ្យយើងសោកសៅ ហើយព្រះអង្គនឹងតាំងឲ្យរឹងមាំជារៀងរហូត ចំពោះអ្វីដែលមានដំណើរទ្រេតទ្រោតជាយូរមកហើយ។
ព្រះទ្រង់មិនមែនជាព្រះដែលមានតែព្រះគុណខ្លះ ដូចព្រះគុណដែលមានតែក្នុងពេលអតីតកាលនោះឡើយ។ ព្រះអង្គជា “ព្រះដ៏មានព្រះគុណសព្វគ្រប់” ដែលរាប់បញ្ចូលទាំងព្រះគុណនៃអនាគតកាល ដែលគ្មានកំណត់ មិនចេះរីងស្ងួត ដែលយើងត្រូវការ ដើម្បីទ្រាំអត់ដល់ទីបញ្ចប់។
ការមានជំនឿចំពោះព្រះគុណនៃអនាគតកាល ដោយមានភាពរឹងមាំឡើង ដោយសារការនឹកចាំ អំពីព្រះគុណនៅពេលអតីតកាលគឺជាគន្លឹះ ដើម្បីឲ្យយើងទ្រាំអត់ នៅក្នុងការធ្វើដំណើរតាមផ្លូវដ៏តូចចង្អៀត និងពិបាក ឆ្ពោះទៅរកជីវិត។