ព្រឹក

ខ្ញុំបានឃើញសេចក្តីស្មោះត្រង់របស់ព្រះអង្គ
ដោយLisa Samra
February 10, 2024
២សាំយ៉ូអែល ២២:១-៤,៤៨-៥១
ឱព្រះយេហូវ៉ាអើយ ទូលបង្គំនឹងអរព្រះគុណដល់ទ្រង់ នៅកណ្តាលអស់ទាំងសាសន៍ ហើយនឹងច្រៀងទំនុកសរសើរថ្វាយដល់ព្រះនាមទ្រង់។ ២សាំយ៉ូអែល ២២:៥០
នៅក្នុងការដឹកនាំចក្រភពអង់គ្លេស ក្នុងរយៈពេល៧០ឆ្នាំ ក្សត្រីអេលីហ្សាប៊ែតទី២ បានទទួលស្គាល់សៀវភៅជីវប្រវត្តិរបស់ព្រះនាងតែមួយក្បាលប៉ុណ្ណោះដែលគេបាននិពន្ធ ដោយព្រះនាងបានដាក់បញ្ចូលបុព្វកថាដែលព្រះនាងបានសរសេរផ្ទាល់ដៃ ក្រោមចំណងជើងថា ក្សត្រីជាអ្នកបម្រើ និងក្សត្រដែលព្រះនាងបានបម្រើ។ សៀវភៅនេះបានចេញផ្សាយ នៅក្នុងការអបអរខួបកំណើតរបស់ព្រះនាង គម្រប់ព្រះជន្ម៩០ព្រះវស្សា ដោយបានរំឭកអំពីរបៀបដែលសេចក្តីជំនឿរបស់ព្រះនាង បានដឹកនាំព្រះនាង ខណៈពេលដែលព្រះនាងធ្វើការបម្រើប្រទេសជាតិ។ ក្នុងបុព្វកថានោះ ក្សត្រីអេលីហ្សាប៊ែត បានបង្ហាញចេញនូវការដឹងគុណ ចំពោះមនុស្សទាំងអស់ដែលបានអធិស្ឋានឲ្យព្រះនាង ហើយព្រះនាងបានអរព្រះគុណព្រះ សម្រាប់សេចក្តីស្រឡាញ់ដ៏ស្ថិតស្ថេររបស់ព្រះអង្គ។ ព្រះនាងបានសន្និដ្ឋានថា “ខ្ញុំពិតជាបានឃើញសេចក្តីស្មោះត្រង់របស់ព្រះអង្គ”។
បន្ទូលដ៏សាមញ្ញរបស់ក្សត្រីអេលីហ្សាប៊ែត បានធ្វើឲ្យខ្ញុំនឹកចាំ អំពីទីបន្ទាល់របស់បុរស និងស្រ្តីជាច្រើន ក្នុងប្រវត្តិសាស្រ្ត ដែលបានដកពិសោធន៍ជាមួយនឹងការថែរក្សាដ៏ស្មោះត្រង់របស់ព្រះអម្ចាស់ ដោយផ្ទាល់ៗខ្លួន ក្នុងជីវិតរបស់ពួកគេ។ ស្តេចដាវីឌក៏បាននិពន្ធបទចម្រៀងដ៏ពីរោះ ដើម្បីឆ្លុះបញ្ចាំងអំពីជីវិតរបស់ទ្រង់ផងដែរ។ ក្នុងបទគម្ពីរ២សាំយ៉ូអែល ជំពូក២២ បទចម្រៀងរបស់ទ្រង់ក៏បានចែងអំពីសេចក្តីស្មោះត្រង់របស់ព្រះអម្ចាស់ នៅក្នុងការការពារស្តេចដាវីឌ ផ្គង់ផ្គង់ទ្រង់ និងថែមទាំងជួយសង្គ្រោះទ្រង់ ឲ្យរួចផុតពីគ្រោះថ្នាក់(ខ.៣-៤,៤៤)។ ស្តេចដាវីឌក៏បានឆ្លើយតបចំពោះសេចក្តីស្មោះត្រង់របស់ព្រះអម្ចាស់ ដោយសរសេរថា ទ្រង់នឹងច្រៀងទំនុកដំកើងថ្វាយដល់ព្រះនាមព្រះអម្ចាស់(ខ.៥០)។
យើងមានការលើកទឹកចិត្តកាន់តែខ្លាំង ពេលណាយើងបានដឹងថា ព្រះអង្គបានបង្ហាញសេចក្តីស្មោះត្រង់ នៅក្នុងរយៈពេលដ៏យូរ ក្នុងជីវិតរបស់នរណាម្នាក់ ប៉ុន្តែ យើងក៏អាចរាប់ព្រះពររបស់ព្រះអង្គក្នុងពេលសព្វថ្ងៃ ដែលបានបង្ហាញតាមរយៈការថែរក្សារបស់ព្រះអង្គ។ ការអរព្រះគុណរបស់យើងប្រែក្លាយជាការសរសើរដំកើង ពេលណាយើងទទួលស្គាល់ថា យើងមិនបានធ្វើដំណើរឆ្លងកាត់ពេលដ៏ពិបាកនៃជីវិតយើង ដោយសមត្ថភាពខ្លួនឯង តែដោយសារការថែរក្សាដ៏ស្មោះត្រង់ នៃព្រះវរបិតាដែលសេចក្តីស្រឡាញ់យើង។—Lisa M. Samra
តើអ្នកបានឃើញព្រះអង្គបង្ហាញសេចក្តីស្មោះត្រង់ យ៉ាងដូចម្តេចខ្លះ? តើអ្នកអាចបង្ហាញការដឹងគុណដល់ព្រះអង្គ យ៉ាងដូចម្តេចខ្លះ?
ឱព្រះវរបិតាដែលគង់នៅស្ថានសួគ៌ ទូលបង្គំសូមអរព្រះគុណព្រះអង្គ ដ្បិតក្នុងរដូវកាលនីមួយៗនៃជីវិត ទោះនៅពេលដែលមានអំណរ ឬទុក្ខព្រួយ ព្រះអង្គតែងតែបង្ហាញសេចក្តីស្មោះត្រង់ជានិច្ច។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : លេវីវិន័យ ១១-១២ និង ម៉ាថាយ ២៦:១-២៥
ល្ងាច

កូនសោនៃបទពិសោធន៍
ដោយJohn Piper
February 10, 2024
ហើយព្រះទ្រង់អាចនឹងធ្វើឲ្យគ្រប់ទាំងព្រះគុណបានចំរើនដល់អ្នករាល់គ្នា ប្រយោជន៍ឲ្យមានទាំងអស់គ្រប់គ្រាន់ជានិច្ច ដើម្បីឲ្យបានចំរើនឡើង ខាងឯការល្អគ្រប់ជំពូក។ ២កូរិនថូស ៩:៨
យើងដឹងថា ការមានជំនឿចំពោះព្រះគុណរបស់ព្រះដែលមានក្នុងពេលអនាគត គឺជាកូនសោនៃបទពិសោធន៍របស់យើង ដែលនាំឲ្យយើងមានចិត្តសប្បុរស ព្រោះក្នុងបទគម្ពីរ ២កូរិនថូស សាវ័កប៉ុលបានបង្ហាញព្រះបន្ទូលសន្យាដ៏អស្ចារ្យយ៉ាងដូចនេះថា ៖ « ព្រះទ្រង់អាចនឹងធ្វើឲ្យគ្រប់ទាំងព្រះគុណបានចំរើនដល់អ្នករាល់គ្នា ប្រយោជន៍ឲ្យមានទាំងអស់គ្រប់គ្រាន់ជានិច្ច ដើម្បីឲ្យបានចំរើនឡើង ខាងឯការល្អគ្រប់ជំពូក»(២កូរិនថូស ៩:៨)។
អាចនិយាយបានម្យ៉ាងទៀតថា បើអ្នកចង់មានសេរីភាពរួចផុតពីការត្រូវការប្រមូលទ្រព្យទុក បើអ្នកចង់បានព្រះគុណហៀរហូរ សម្រាប់ធ្វើការល្អគ្រប់ជំពូក នោះចូរដាក់ជំនឿរបស់អ្នក មកលើព្រះគុណដែលនៅតែមានសម្រាប់យើងចុះ។ ចូរទុកចិត្តព្រះបន្ទូលដែលបានសន្យាថា “ព្រះទ្រង់អាចនឹងធ្វើឲ្យគ្រប់ទាំងព្រះគុណបានចម្រើនដល់អ្នករាល់គ្នា” ក្នុងកាលៈទេសៈនីមួយៗ នៅពេលអនាគត ដើម្បីសម្រេចគោលបំណងមួយនេះ។
មុននេះ ខ្ញុំទើបតែបាននិយាយថា ការមានជំនឿលើព្រះគុណដែលនៅតែមានសម្រាប់យើង “ជាកូនសោនៃបទពិសោធន៍” នាំទៅរកសេចក្តីសប្បុរស តែខ្ញុំមិនបានបដិសេធន៍ថា យើងក៏មានកូនសោនៃប្រវត្តិសាស្រ្តផងដែរ។ យើងមានកូនសោនៃបទពិសោធន៍ និងកូនសោនៃប្រវត្តិសាស្រ្ត។ កាលសាវ័កប៉ុលនិយាយអំពីព្រះគុណដែលពួកជំនុំនៅទីក្រុងកូរិនថូសបានទទួល គាត់បានរំឭកពួកគេ អំពីកូនសោនៃប្រវត្តិសាស្រ្ត នៃព្រះគុណយ៉ាងដូចនេះថា “ដ្បិតអ្នករាល់គ្នាបានស្គាល់ព្រះគុណនៃព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នាហើយ ថាទោះបើទ្រង់ជាសេដ្ឋីក៏ដោយ គង់តែទ្រង់បានត្រឡប់ជាក្រ ដោយព្រោះអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាបានមានឡើង ដោយសារសេចក្តីកម្ររបស់ទ្រង់” (២កូរិនថូស ៨:៩)។
បើគ្មានព្រះរាជកិច្ចនៃព្រះគុណជាប្រវត្តិសាស្រ្តនេះទេ ទ្វារនៃសេចក្តីសប្បុរសដែលលើកដំកើងព្រះគ្រីស្ទ នឹងនៅតែបិទដដែល។ ព្រះគុណនៃពេលអតីតកាល ជាកូនសោមិនអាចអត់បាន ដែលនាំទៅរកសេចក្តីស្រឡាញ់។
ប៉ុន្តែ ចូរយើងកត់សំគាល់ អំពីរបៀបដែលព្រះគុណនៃអតីតកាលមានដំណើរការ ក្នុងខនេះ។ ព្រះទ្រង់ធ្វើឲ្យព្រះគុណនៃអតីតកាល ក្លាយជាគ្រឹះ(ព្រះគ្រីស្ទត្រឡប់ជាក្រ) របស់ព្រះគុណដែលនៅតែមានសម្រាប់យើង(ដើម្បីឲ្យយើងមានឡើង)។ ដូចនេះ កូនសោនៃប្រវត្តិសាស្រ្ត ដែលនាំទៅរកសេចក្តីសប្បុរសរបស់យើង មានដំណើរការ ដោយដាក់គ្រឹះ នៅពីក្រោម កូនសោនៃបទពិសោធន៍ នៃជំនឿចំពោះព្រះគុណដែលនៅតែមានសម្រាប់យើង។
ដូចនេះ កូនសោនៃបទពិសោធន៍ បើកទៅរកសេចក្តីស្រឡាញ់ និងសេចក្តីសប្បុរស គឺន័យថា យើងត្រូវដាក់ជំនឿយ៉ាងមំាំមួន ទៅលើព្រះគុណដែលនៅតែមានសម្រាប់យើង ដែលមានន័យថា “ព្រះទ្រង់អាច (នៅពេលអនាគត) ធ្វើឲ្យព្រះគុណ(ដែលនៅតែមានសម្រាប់យើង) មានភាពបរិបូរ សម្រាប់អ្នក” ដើម្បីឲ្យព្រះទ្រង់បំពេញតម្រូវការរបស់អ្នក ហើយអ្នកនឹងអាចមានសេចក្តីស្រឡាញ់ នៃសេចក្តីសប្បុរសយ៉ាងហូរហៀរ។
សេរីភាពរួចផុតពីភាពលោភលន់ កើតចេញពីការមានជំនឿដោយចិត្តស្កប់ស្កល់យ៉ាងខ្លាំង មកលើព្រះគុណ ដែលព្រះទ្រង់នឹងប្រទាននៅពេលអនាគត។