ព្រឹក

ភាពពេញវ័យក្នុងព្រះយេស៊ូវ
ដោយKaren Huang
February 16, 2024
២កូរិនថូស ១២:៦-១០
កំឡាំងអញបានពេញខ្នាត ដោយសេចក្តីកម្សោយ។ ២កូរិនថូស ១២:៩
កាលពីក្មេង ខ្ញុំយល់ឃើញថា មនុស្សពេញវ័យមានប្រាជ្ញា ហើយមិនអាចធ្វើខុស។ ខ្ញុំគិតថា ពួកគេតែងតែដឹងថា ពួកគេត្រូវធ្វើអ្វី។ ថ្ងៃមួយ ពេលខ្ញុំធំឡើង ខ្ញុំក៏ដឹងថា ត្រូវធ្វើអ្វីផងដែរ។ ប៉ុន្តែ ពេលខ្ញុំពេញវ័យ កាលប៉ុន្មានឆ្នាំមុន ថ្ងៃមួយ អ្វីដែលខ្ញុំរៀនបាននោះគឺ ខ្ញុំនៅតែមិនដឹងថាខ្ញុំត្រូវធ្វើអ្វីទេ។ នៅពេលដែលក្រុមគ្រួសារមានមនុស្សឈឺ ឬខ្ញុំមានបញ្ហានៅកន្លែងធ្វើការ ឬក៏មានការប៉ះទង្គិចក្នុងទំនាក់ទំនង ខ្ញុំតែងតែខិតខំគ្រប់គ្រងស្ថានការណ៍ និងស្វែងរកកម្លាំង ហើយទីបំផុតខ្ញុំគ្មានជម្រើសអ្វី ក្រៅពីបិទភ្នែក ហើយនិយាយខ្សឹបៗថា “ឱព្រះអម្ចាស់ សូមព្រះអង្គជួយទូលបង្គំ។ ទូលបង្គំមិនដឹងថាត្រូវធ្វើអ្វីទេ នៅពេលនេះ”។
សាវ័កប៉ុលក៏យល់អំពីអារម្មណ៍ ដែលមានភាពកម្សោយផងដែរ។ “បន្លា” នៅក្នុងជីវិតគាត់ ដែលអាចជាជំងឺផ្លូវកាយ បានបណ្តាលឲ្យគាត់មានភាពនឿយណាយ និងការឈឺចាប់យ៉ាងខ្លាំង។ ទោះជាយ៉ាងណាក៏ដោយ តាមរយៈបន្លានោះ សាវ័កប៉ុលបានដកពិសោធន៍ជាមួយនឹងសេចក្តីស្រឡាញ់ ព្រះបន្ទូលសន្យា និងព្រះពររបស់ព្រះ ដែលមានគ្រប់គ្រាន់សម្រាប់ឲ្យគាត់ស៊ូទ្រាំ និងជម្នះទុក្ខលំបាករបស់គាត់(២កូរិនថូស ១២:៩)។ គាត់ដឹងថា ការមានភាពកម្សោយផ្ទាល់ខ្លួន មិនមានន័យថា គាត់បរាជ័យខាងវិញ្ញាណនោះទេ។ ពេលណាយើងចុះចូលនឹងព្រះ ដោយទំនុកចិត្ត ព្រះអង្គនឹងប្រើភាពកម្សោយរបស់យើង ជាឧបករណ៍ ដើម្បីធ្វើការនៅក្នុង និងតាមរយៈកាលៈទេសៈទាំងនោះ(ខ.៩-១០)។
ភាពពេញវ័យមិនមានន័យថា យើងដឹងអ្វីៗទាំងអស់នោះទេ។ ជាការពិតណាស់ យើងមានប្រាជ្ញាជាងមុន ពេលណាយើងមានវ័យកាន់តែចាស់ ប៉ុន្តែ ជាញឹកញាប់ ភាពកម្សោយរបស់យើងច្រើនតែបានបង្ហាញថា យើងមានភាពកម្សោយប៉ុណ្ណា។ កម្លាំងពិតប្រាកដរបស់យើង គឺមាននៅក្នុងព្រះគ្រីស្ទ “ដ្បិតកាលណាខ្ញុំខ្សោយ នោះខ្ញុំមានកំឡាំងយ៉ាងចំណានវិញ”(ខ.១០)។ ជាការពិតណាស់ “ភាពពេញវ័យ” គឺមានន័យថា យើងស្គាល់ ទុកចិត្ត និងស្តាប់បង្គាប់ព្រះអង្គ ហើយទទួលយកកម្លាំងពីព្រះអង្គ ពេលណាយើងដឹងថា យើងត្រូវការជំនួយរបស់ព្រះអង្គ។—Karen Huang
តើមានទុក្ខលំបាកអ្វីខ្លះ ដែលធ្វើឲ្យអ្នកដឹងថា អ្នកមានភាពទន់ខ្សោយ? តើអ្នកអាចស្តាប់បង្គាប់តាមការដឹកនាំរបស់ព្រះអង្គដូចម្តេចខ្លះ?
ឱព្រះវរបិតាដែលគង់នៅស្ថានសួគ៌ ទូលបង្គំសូមអរព្រះគុណព្រះអង្គ ដែលបានធ្វើជាជំនួយ និងកម្លាំងទូលបង្គំ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : លេវីវិន័យ ២១-២២ និង ម៉ាថាយ ២៨
ល្ងាច

ការបង្គាប់ដែលបង្កើតឲ្យមានជីវិត
ដោយJohn Piper
February 16, 2024
ហេតុនោះបានជាទ្រង់មានព្រះបន្ទូលថា «ឯងដែលដេកលក់អើយ ចូរភ្ញាក់ឡើង ឲ្យក្រោកពីពួកមនុស្សស្លាប់ឡើង នោះព្រះគ្រីស្ទនឹងភ្លឺមកលើឯង»។ អេភេសូរ ៥:១៤
កាលព្រះយេស៊ូវបង្គាប់លោកឡាសា ឲ្យរស់ឡើងវិញ តើគាត់បានស្តាប់បង្គាប់ព្រះអង្គនៅពេលនោះយ៉ាងដូចម្តេចខ្លះ? បទគម្ពីរយ៉ូហាន ១១:៤៣ បានចែងថា ព្រះយេស៊ូវ “ក៏បន្លឺវាចាថា ឡាសារអើយ ចូរចេញមក”។ នោះជាការបង្គាប់បញ្ជាដល់មនុស្សស្លាប់ម្នាក់។ ខបន្ទាប់ក៏បានចែងថា «អ្នកដែលបានស្លាប់ ក៏ចេញមក មានទាំងសំពត់ស្នបរុំជាប់នៅជើងដៃផង ហើយមានកន្សែងគ្របមុខដែរ ព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា ចូរស្រាយគាត់ឲ្យទៅចុះ»(យ៉ូហាន ១១:៤៤)។
តើលោកឡាសាបានស្តាប់បង្គាប់ព្រះអង្គយ៉ាងដូចម្តេច? តើធ្វើដូចម្តេច ឲ្យមនុស្សស្លាប់អាចធ្វើតាមការបង្គាប់ ឲ្យរស់ឡើងវិញបាន? គេហាក់ដូចជាអាចឆ្លើយបានថា ៖ ការបង្គាប់របស់ព្រះអង្គមានអំណាចបង្កើតឲ្យមានជីវិតថ្មី។ ការធ្វើតាមបង្គាប់នោះ គឺជាការធ្វើអ្វីដែលមនុស្សមានជីវិតអាចធ្វើបាន។
រឿងនេះសំខាន់ខ្លាំងណាស់។ ការបង្គាប់របស់ព្រះ “ឲ្យរស់ឡើងវិញ” មានអំណាច ដែលយើងចាំបាច់ត្រូវស្តាប់បង្គាប់តាម។ យើងមិនស្តាប់បង្គាប់តាម ដោយបង្កើតជីវិតនោះ ដោយខ្លួនឯងឡើយ។ គឺស្តាប់បង្គាប់តាម ដោយធ្វើអ្វីដែលមនុស្សមានជីវិតអាចធ្វើបាន គឺដូចដែលលោកឡាសាដើរចេញពីផ្នូរមក។ គាត់ងើបឡើង។ គាត់ដើរចេញពីផ្នូរ ទៅរកព្រះយេស៊ូវ។ ការបង្គាប់របស់ព្រះបង្កើតឲ្យមានជីវិត។ និយាយរួម យើងឆ្លើយតប ចំពោះការបង្គាប់នោះ ដោយអំណាចនៃការអ្វី ដែលការបង្គាប់នោះបានបង្កើតឲ្យមានឡើង។
ក្នុងបទគម្ពីរអេភេសូរ ៥:១៤ សាវ័កប៉ុលមានប្រសាសន៍ថា “ឯងដែលដេកលក់អើយ ចូរភ្ញាក់ឡើង ឲ្យក្រោកពីពួកមនុស្សស្លាប់ឡើង នោះព្រះគ្រីស្ទនឹងភ្លឺមកលើឯង”។ តើអ្នកធ្វើតាមបង្គាប់ ឲ្យក្រោកពីគេង ដោយរបៀបណា? បើផ្ទះរបស់អ្នកមានឧស្ម័នកាបូនិច ដែលនាំឲ្យពុលស្លាប់ ហើយមានគេស្រែកប្រាប់អ្នកថា “ក្រោកឡើង! ចេញក្រៅផ្ទះ! ពុលស្លាប់ឥឡូវហើយ!” អ្នកមិនធ្វើតាមការបង្គាប់នោះ ដោយដាស់ខ្លួនឯងឲ្យភ្ញាក់នោះឡើយ។ គឺការបង្គាប់ដែលមានសម្លេងឮខ្លាំង និងមានអំណាចទៅវិញទេ ដែលធ្វើឲ្យអ្នកភ្ញាក់ពីគេងនោះ។ អ្នកស្តាប់បង្គាប់តាម ដោយធ្វើអ្វី ដែលមនុស្សភ្ញាក់ដឹងខ្លួន អាចធ្វើបាន នៅចំពោះមុខនៃគ្រោះថ្នាក់។ គឺអ្នកក្រោកឡើង ហើយចេញទៅក្រៅផ្ទះ។ ការស្រែកហៅនោះ បានបង្កើតឲ្យមានការភ្ញាក់ដឹងខ្លួនឡើង។ អ្នកឆ្លើយតប ដោយអំណាចនៃការអ្វី ដែលការស្រែកហៅនោះ បានបង្កើតឲ្យមានឡើង គឺការភ្ញាក់ដឹងខ្លួន។
ខ្ញុំជឿថា នេះជាការពន្យល់ អំពីមូលហេតុដែលព្រះគម្ពីរបានចែងតាមរបៀបដែលពិបាកយល់ អំពីការកើតជាថ្មី ពោលគឺចែងថា យើងត្រូវមានចិត្តថ្មី តែព្រះទ្រង់ជាអ្នកបង្កើតចិត្តថ្មីនោះ។
ឧទាហរណ៍ ៖
ចោទិយកថា ១០:១៦ ៖ “ចូរឯងរាល់គ្នាកាត់ស្បែកចិត្តចេញ”។
ចោទិយកថា ៣០:៦ ៖ “ព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់នឹងកាត់ស្បែកចិត្តរបស់ឯង”។
អេសេគាល ១៨:៣១ ៖ “ហើយឲ្យខ្លួនមានចិត្តថ្មី និងវិញ្ញាណថ្មីចុះ”។
អេសេគាល ១៨:២៦ ៖ “អញនឹងឲ្យឯងមានចិត្តថ្មី ហើយនឹងដាក់វិញ្ញាណថ្មីនៅក្នុងឯងដែរ”។
យ៉ូហាន ៣:៧ ៖ “ត្រូវតែកើតជាថ្មី”។
១ពេត្រុស ១:៣ ៖ “ទ្រង់បានបង្កើតយើងឡើងជាថ្មី”។
ដើម្បីស្តាប់តាមការបង្គាប់ ឲ្យចាប់កំណើត ជាដំបូង យើងត្រូវពិសោធន៍នឹងអំណោយនៃជីវិត និងការដកដង្ហើម ដែលព្រះប្រទាន ហើយបន្ទាប់មក យើងត្រូវធ្វើអ្វី ដែលមនុស្សមានជីវិត និងដង្ហើមអាចធ្វើបាន គឺ ៖ ស្រែករកព្រះ ដោយជំនឿ និងការដឹងគុណ និងសេចក្តីស្រឡាញ់។ ពេលដែលព្រះទ្រង់បង្គាប់ ដោយមានការបង្កើត និងអំណាចកែប្រែនៃព្រះវិញ្ញាណបរិសុទ្ធ នោះការបង្គាប់របស់ព្រះអង្គក៏បង្កើតឲ្យមានជីវិត។ ហើយយើងជឿ និងអរសប្បាយ ហើយស្តាប់បង្គាប់ព្រះអង្គ។