ព្រឹក

ចែកចាយព្រះបន្ទូលព្រះអង្គ
ដោយKirsten Holmberg
March 1, 2024
អេសេគាល ១:២២-២៨
កាលណាបានឈប់សំរបស្លាបចុះមកវិញហើយ នោះមានឮសំឡេងពីផ្ទៃមេឃ ដែលនៅពីលើក្បាលតួទាំងនោះ។ អេសេគាល ១:២៥
តាមធម្មតា គេមិនគិតឃើញថា សត្វមេអំបៅជាសត្វដែលបញ្ចេញសម្លេងឮខ្លាំងនោះទេ។ ជាក់ស្តែង សម្លេងទទះស្លាបរបស់សត្វមេអំបៅស្តេច គឺពិតជាស្ងាត់ខ្លាំងណាស់ បានជាគេមិនអាចឮសម្លេងបាន។ ប៉ុន្តែ ក្នុងព្រៃទឹកភ្លៀងនៅប្រទេសមិចស៊ីកូ ជាកន្លែងដែលពួកវាចាប់ផ្តើមជីវិតដ៏ខ្លីរបស់ពួកវា ពេលណាពួកវាទទះស្លាបហើរទាំងហ្វូងក្នុងពេលតែមួយ សម្លេងទទះស្លាបព្រមគ្នាបានលាន់ឮខ្លាំង ដែលនាំឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ពេលដែលសត្វមេអំបៅស្តេចរាប់លានក្បាលទទះស្លាបហើរ ក្នុងពេលតែមួយ ពួកវាបង្កើតបានសម្លេង ដែលលាន់ឮខ្លាំងដូចសម្លេងទឹកធ្លាក់យ៉ាងគំហុក។
រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីការពិពណ៌នា អំពីតួមានជីវិតដែលមានស្លាប៤ ក្នុងការបើកសម្ដែងដែលហោរាអេសេគាលបានទទួល។ ទោះតួមានជីវិតទាំងនោះមានចំនួនតិចជាងសត្វមេអំបៅស្តេច ហោរាអេសេគាលបានប្រៀបប្រដូចសម្លេងទទះស្លាបរបស់ពួកគេ ទៅនឹង “សូរនៃទឹកធំ” (អេសេគាល ១:២៤)។ ពេលដែលតួមានជីវិតនោះឈរនៅត្រឹងមួយកន្លែង ហើយសម្របស្លាបចុះ ហោរាអេសេគាលក៏បានឮសម្លេងព្រះអម្ចាស់ ត្រាស់បង្គាប់គាត់ ឲ្យថ្លែងព្រះបន្ទូលព្រះអង្គ ទៅកាន់ប្រជាជនអ៊ីស្រាអែល(២:៧)។
ហោរាអេសេគាល មិនខុសពីហោរាដទៃទៀត ដែលមានតួនាទីប្រកាសសេចក្តីពិតរបស់ព្រះអម្ចាស់ ដល់រាស្រ្តព្រះអង្គ។ សព្វថ្ងៃនេះ ព្រះអម្ចាស់បានបង្គាប់យើង ឲ្យចែកចាយសេចក្តីពិតនៃការល្អដែលព្រះអង្គបានធ្វើក្នុងជីវិតយើង ទៅដល់មនុស្សនៅជុំវិញយើងផងដែរ(១ពេត្រុស ៣:១៥)។ ជួនកាល ព្រះអង្គឲ្យយើងប្រកាសព្រះបន្ទូលព្រះអង្គ ដោយសម្លេងឮៗ ដូចសន្ធឹកទឹកធ្លាក់។ ជួនកាល ព្រះអង្គឲ្យយើងចែកចាយព្រះបន្ទូល យ៉ាងស្ងប់ស្ងាត់។ ទោះយើងត្រូវប្រកាសព្រះបន្ទូលឮៗ ឬដោយភាពស្ងប់ស្ងាត់ក្តី យើងត្រូវតែប្រកាសតាមបង្គាប់ព្រះអង្គ ហើយយើងក៏ត្រូវត្រៀមត្រចៀករបស់យើងស្តាប់ព្រះបន្ទូល ដែលព្រះអង្គសព្វព្រះទ័យនឹងមានមកកាន់យើង នៅថ្ងៃនេះផងដែរ។—Kirsten Holmberg
តើព្រះអម្ចាស់សព្វព្រះទ័យឲ្យអ្នកចែកចាយព្រះបន្ទូលព្រះអង្គ ដល់នរណាខ្លះ នៅថ្ងៃនេះ? តើអ្នកនឹងឆ្លើយតប ដូចម្តេចខ្លះ?
ឱព្រះវរបិតា ទូលបង្គំសូមអរព្រះគុណព្រះអង្គ សម្រាប់ការត្រាស់ហៅទូលបង្គំ ឲ្យចែកចាយអំពីព្រះអង្គ ដល់អ្នកដទៃ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ជនគណនា ២៦-២៧ និង ម៉ាកុស ៨:១-២១
ប្រភេទ
ល្ងាច

ជំនឿពិតប្រាកដអន្ទះសារចង់ឲ្យព្រះគ្រីស្ទយាងមកវិញ
ដោយJohn Piper
March 1, 2024
ព្រះគ្រីស្ទក៏បែបយ៉ាងនោះដែរ ដែលទ្រង់បានថ្វាយព្រះអង្គទ្រង់១ដង ហើយដោយព្រោះបាបរបស់មនុស្សជាច្រើន នោះទ្រង់នឹងលេចមកម្តងទៀត ក្រៅពីរឿងអំពើបាប គឺសំរាប់នឹងជួយសង្គ្រោះដល់អស់អ្នកដែលរង់ចាំទ្រង់។ ហេព្រើរ ៩:២៨
តើធ្វើដូចម្តេចឲ្យអ្នកអាចដឹងច្បាស់ថា ព្រះលោហិតព្រះគ្រីស្ទបានដកបាបរបស់អ្នកចេញ ហើយដឹងថា ពេលព្រះអង្គយាងត្រឡប់មកវិញ ព្រះអង្គនឹងគ្របបាំងអ្នក ឲ្យរួចផុតពីសេចក្តីក្រោធរបស់ព្រះ ហើយនាំអ្នកចូលទៅក្នុងជីវិតអស់កល្ប? ចម្លើយនោះគឺ : ចូរយើងមានជំនឿលើព្រះគ្រីស្ទ ដោយចិត្តអន្ទះសារចង់ឲ្យព្រះអង្គឆាប់យាងមកវិញ។
បទគម្ពីរនេះបានចែងថា ព្រះអង្គនឹងយាងមកវិញ ដើម្បីជួយសង្គ្រោះ អស់អ្នកដែល "រង់ចាំព្រះអង្គ"។ ដូចនេះ តើអ្នកត្រូវត្រៀមខ្លួនយ៉ាងដូចម្តេចខ្លះ? តើអ្នកត្រូវពិសោធន៍នឹងការអត់ទោសបាប ពីព្រះ ក្នុងព្រះគ្រីស្ទ ហើយត្រៀមខ្លួនជួបព្រះអង្គ ដោយរបៀបណា? គឺដោយមានជំនឿមកលើព្រះអង្គ ដោយចិត្តអន្ទះសារចង់ឲ្យព្រះអង្គឆាប់យាងមកវិញ។
ការអន្ទះសារចង់ឲ្យព្រះគ្រីស្ទឆាប់យាងមកវិញ គ្រាន់តែជាសញ្ញាបង្ហាញថា យើងស្រឡាញ់ព្រះអង្គ ហើយជឿព្រះអង្គ គឺពិតជាជឿព្រះអង្គ ដោយជំនឿពិតប្រាកដមែន។
ជំនឿក្លែងក្លាយគ្រាន់តែចង់រួចផុតពីស្ថាននរក តែគ្មានចិត្តស្រឡាញ់ព្រះគ្រីស្ទឡើយ។ ជំនឿប្រភេទនេះ មិនបានសង្គ្រោះនោះទេ។ វាមិននាំឲ្យយើងមានចិត្តអន្ទះសារចង់ឲ្យព្រះគ្រីស្ទឆាប់យាងមកវិញឡើយ។ តាមពិត ជំនឿប្រភេទនេះចង់ឲ្យព្រះគ្រីស្ទពន្យាពេលយាងត្រឡប់មកវិញ ឲ្យបានយូរបំផុត តាមដែលអាចធ្វើទៅបាន ដើម្បីឲ្យខ្លួនអាចសប្បាយនឹងលោកិយ ឲ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន។
តែជំនឿដែលពិតជានៅជាប់ព្រះគ្រីស្ទ ដោយទទួលព្រះអង្គជាសង្គ្រោះ ជាព្រះអម្ចាស់ ជាកំណប់ទ្រព្យ ជាក្តីសង្ឃឹម និងជាក្តីអំណររបស់ខ្លួន ជាជំនឿដែលធ្វើឲ្យយើងមានចិត្តស្រេកឃ្លាន ចង់ឲ្យព្រះគ្រីស្ទយាងមកវិញ។ នោះហើយជាជំនឿដែលនាំឲ្យបានសង្គ្រោះ។
ដូចនេះ ខ្ញុំសូមជំរុញអ្នកឲ្យងាកចេញពីលោកិយ និងអំពើបាប។ ចូរងាកមករកព្រះគ្រីស្ទវិញ។ ចូរស្វាគមន៍ព្រះអង្គ ឱបក្រសោបព្រះគ្រីស្ទ និងទទួលព្រះអង្គ មិនមែនដើម្បីធ្វើជាបណ្ណធានាឲ្យរួចផុតពីបឹងភ្លើង តែធ្វើជាកំណប់ទ្រព្យ មិត្តសំឡាញ់ និងព្រះអម្ចាស់ ដោយចិត្តអន្ទះសារ។