ព្រឹក

ព្រះអម្ចាស់បានបង្កើតពួកវាទាំងអស់
ដោយXochitl Dixon
March 9, 2024
ទំនុកដំកើង ១០៤:២៤-៣៥
ឱព្រះយេហូវ៉ាអើយ អស់ទាំងស្នាដៃរបស់ទ្រង់មាន ច្រើនប្រការណាស់ហ្ន៎ ទ្រង់បានធ្វើទាំងអស់ដោយប្រាជ្ញា។ ទំនុកដំកើង ១០៤:២៤
ថ្ងៃមួយ ខ្ញុំបាននាំកូនប្រុសខ្ញុំ អាយុ៣ឆ្នាំ ឈ្មោះ ហ្សាវា(Xavier) ចូលមើលសួនត្រីក្រោមទឹក នៅឆ្នេរមុនតេរេយ ក្នុងរដ្ឋកាលីហ្វូញ៉ា។ ហ្សាវាក៏បានកាន់ដៃខ្ញុំយ៉ាងណែន ពេលយើងដើរចូលទៅក្នុងសួនត្រីនោះ។ គាត់ចង្អុលទៅរកសត្វត្រីបាឡែនមានបូកខ្នង ដែលខ្លួនវាលាតសន្ធឹងពីលើពីដានកញ្ចក់ ដែលនៅពីលើយើង។ គាត់លាន់មាត់ថា “វាពិតជាធំណាស់!” គាត់បន្តបើកភ្នែកធំ ដោយការភ្ញាក់ផ្អើល ខណៈពេលដែលយើងដើរទស្សនាពីកន្លែងមួយទៅកន្លែងមួយទៀត។ យើងអស់សំណើច ពេលដែលយើងបានឃើញសត្វភេមុជទឹកចុះឡើងធ្វើឲ្យទឹកបាចសាច ក្នុងពេលពួកវាស៊ីចំណី។ យើងឈរដោយភាពស្ងប់ស្ងាត់ នៅពីមុខបង្អួចកញ្ចក់ធំមួយរបស់សួនត្រី ដោយការជក់ចិត្តចំពោះសត្វពពុះសមុទ្រ ដែលកំពុងរេរាំ ក្នុងទឹកសមុទ្រពណ៌ខៀវ។ ខ្ញុំក៏បាននិយាយថា “ព្រះអង្គបានបង្កើតសត្វទាំងអស់ក្នុងមហាសមុទ្រ ដូចដែលព្រះអង្គបានបង្កើតប៉ា និងកូនផងដែរ”។ គាត់ក៏បាននិយាយខ្សឹបៗថា “ព្រះអង្គពិតជាអស្ចារ្យណាស់”។
ក្នុងបទគម្ពីរទំនុកដំកើង ១០៤ អ្នកនិពន្ធបទគម្ពីរទំនុកដំកើង បានទទួលស្គាល់ការបង្កើតជាបរិបូររបស់ព្រះអម្ចាស់ ហើយគាត់ក៏បានបន្លឺសម្លេងច្រៀងថា “ឱព្រះយេហូវ៉ាអើយ អស់ទាំងស្នាដៃរបស់ទ្រង់មាន ច្រើនប្រការណាស់ហ្ន៎ ទ្រង់បានធ្វើទាំងអស់ដោយប្រាជ្ញា”(ខ.២៤)។ គាត់ប្រកាសថា “នុ៎ះន៍ សមុទ្រដ៏ធំ ហើយទូលាយ នៅក្នុងទឹកនោះមានរបស់រវើកឥតគណនា ជាសត្វទាំងតូចទាំងធំ”(ខ.២៥)។ គាត់ក៏បានថ្លែងអំពីសេចក្តីសប្បុរស និងការផ្គង់ផ្គង់ដ៏ស្កប់ស្កល់របស់ព្រះអង្គ សម្រាប់ជីវិតទាំងអស់ដែលព្រះអង្គបានបង្កើត(ខ.២៧-២៨)។ គាត់ក៏បានបញ្ជាក់ថា ព្រះអង្គក៏បានកំណត់ចំនួនថ្ងៃ ដែលជីវិតនីមួយៗអាចរស់នៅ(ខ.២៩-៣០)។
យើងអាចចូលរួមជាមួយអ្នកនិពន្ធបទគម្ពីរទំនុកដំកើង ក្នុងការច្រៀងប្រកាស អំពីការប្ដេជ្ញាចិត្តរបស់យើងថា “កាលនៅមានជីវិតនៅឡើយ នោះទូលបង្គំនឹងច្រៀងថ្វាយព្រះយេហូវ៉ាជាដរាប កាលទូលបង្គំមាននៅៗឡើយ នោះនឹងច្រៀងសរសើរដល់ព្រះនៃទូលបង្គំ”(ខ.៣៣)។ សត្វទាំងអស់ដែលមានជីវិត ទាំងតូចទាំងធំ សុទ្ធតែអាចបណ្តាលចិត្តយើងឲ្យសរសើរដំកើងព្រះអង្គ ព្រោះព្រះអង្គបានបង្កើតពួកវាមក។—Xochitl Dixon
តើនៅពេលណាខ្លះ ការពិចារណាអំពីពិភពលោកដ៏អស្ចារ្យដែលព្រះបានបង្កើត បានបណ្តាលចិត្តអ្នកឲ្យសរសើរដំកើងព្រះអង្គ? តើព្រះអង្គបានប្រើស្នាព្រះហស្តព្រះអង្គ ដើម្បីជួយឲ្យអ្នកមានជំនឿកាន់តែរឹងមាំ ទៅលើព្រះចេស្តា និងការផ្គង់ផ្គង់របស់ព្រះអង្គដូចម្តេចខ្លះ?
ឱព្រះអាទិករ និងព្រះដ៏ផ្គត់ផ្គង់មានគ្រប់ចេស្តា ព្រះអង្គសក្តិសមនឹងឲ្យទូលបង្គំសរសើរដំកើងព្រះអង្គ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ចោទិយកថា ១១-១៣ និង ម៉ាកុស ១២:១-២៧
ប្រភេទ
ល្ងាច

សង្រ្គាមនៃការរំឭកខ្លួនឯង
ដោយJohn Piper
March 9, 2024
តែខ្ញុំនឹកឡើងវិញពីសេចក្តីនេះ បានជាខ្ញុំមានសេចក្តីសង្ឃឹមឡើង គឺនឹកពីសេចក្តីនេះថា កុំតែមានសេចក្តីសប្បុរសរបស់ព្រះយេហូវ៉ា នោះយើងបានសូន្យបាត់អស់រលីងទៅហើយ ឯសេចក្តីមេត្តាករុណារបស់ទ្រង់ នោះមិនចេះផុតឡើយ។ បរិទេវ ៣:២១-២២
ការភ្លេចព្រះបន្ទូលសន្យារបស់ព្រះ ស្ថិតក្នុងចំណោមខ្មាំងសត្រូវធំបំផុតរបស់ក្តីសង្ឃឹម។ ការរំឭកអំពីព្រះបន្ទូលសន្យារបស់ព្រះ ជាកិច្ចការដ៏ប្រសើរ។ សាវ័កពេត្រុស និងសាវ័កប៉ុលសុទ្ធតែបានមានប្រសាសន៍ថា ពួកគាត់បានសរសេរសំបុត្រផ្ញើពួកជំនុំ ក៏ដោយសារមូលហេតុនេះផងដែរ(២ពេត្រុស ១:១៣ រ៉ូម ១៥:១៥)។
ព្រះវិញ្ញាណបរិសុទ្ធ ជាជំនួយសំខាន់ជាងគេ ក្នុងការរំឭកយើង នូវអ្វីដែលយើងចាំបាច់ត្រូវដឹង(យ៉ូហាន ១៤:២៦)។ ប៉ុន្តែ ការនេះមិនមានន័យថា អ្នកគួរតែចាំទទួលការរំឭកជានិច្ចនោះឡើយ។ អ្នកមានការទទួលខុសត្រូវ នៅក្នុងការរំឭកខ្លួនឯង។ ហើយមនុស្សទីមួយ ដែលត្រូវការការរំឭកពីអ្នក គឺជាខ្លួនអ្នក។
គំនិតរបស់មនុស្សមានអំណាចដ៏អស្ចារ្យ ដែលអាចនិយាយមកកាន់ខ្លួនឯង ដោយប្រើការរំឭក។ គំនិតរបស់យើងអាចនឹកចាំ គឺដូចមានសេចក្តីចែងថា "តែខ្ញុំនឹកឡើងវិញពីសេចក្តីនេះ បានជាខ្ញុំមានសេចក្តីសង្ឃឹមឡើង គឺនឹកពីសេចក្តីនេះថា កុំតែមានសេចក្តីសប្បុរសរបស់ព្រះយេហូវ៉ា នោះយើងបានសូន្យបាត់អស់រលីងទៅហើយ ឯសេចក្តីមេត្តាករុណារបស់ទ្រង់ នោះមិនចេះផុតឡើយ" (បរិទេវ ៣:២១-២២)។
បើយើងមិនរំឭកខ្លួនឯង អំពីអ្វីដែលព្រះមានបន្ទូល អំពីអង្គទ្រង់ និងអំពីយើង នោះយើងនឹងមានភាពខ្សោះល្វើយ។ ខ្ញុំបានដឹងអំពីបញ្ហានេះ តាមរយៈបទពិសោធន៍ដ៏ឈឺចាប់។ ចូរយើងកុំជាប់ផុងនៅក្នុងភក់ដ៏ជ្រៅ នៃពាក្យសម្ដីទាស់ប្រឆាំងនឹងព្រះ ដែលជាប់ក្នុងខួរក្បាលរបស់យើង។ គឺពាក្យសម្ដីដែលមានដូចជា "ខ្ញុំមិនអាច…" "នាងនឹងមិន…" "ពួកគេមិនដែល…" "វាមិនដែលអាចទៅរួច…" ជាដើម។
ត្រង់ចំណុចនេះ ខ្ញុំមិនចង់និយាយថា ពាក្យសម្ដីទាំងនោះពិតឬអត់នោះទេ។ គំនិតរបស់អ្នកនឹងតែងតែស្វែងរកវិធីធ្វើឲ្យពាក្យសម្ដីទាំងនោះក្លាយពាក្យពិត ទាល់តែអ្នក "នឹកចាំ" អំពីសេចក្តីអ្វីដែលធំប្រសើរជាងនេះ។ ព្រះទ្រង់ជាព្រះនៃភាពមិនអាចធ្វើទៅរួច។ ការលើកហេតុផល ដើម្បីដោះខ្លួនអ្នកចេញពីស្ថានភាពដែលអ្នកមិនអាចធ្វើទៅរួច គឺមិនមានប្រសិទ្ធភាព ដូចការរំឭកខ្លួនឯងថា ព្រះទ្រង់បានធ្វើអ្វីដែលមនុស្សមិនអាចធ្វើកើត។
យើងនឹងលិចលង់ទៅក្នុងគំនិតអវិជ្ជមានដ៏ល្ងង់ខ្លៅ បើសិនជាយើងមិនបានរំឭកខ្លួនឯង អំពីភាពធំប្រសើរ ព្រះគុណ អំណាចចេស្ដា និងប្រាជ្ញារបស់ព្រះទេនោះ។ "នោះទូលបង្គំជាមនុស្សឆោត ហើយល្ងង់ខ្លៅ គឺទូលបង្គំដូចជាសត្វតិរច្ឆាននៅចំពោះទ្រង់"(ទំនុកដំកើង ៧៣:២២)។
ការងាកចេញដ៏ប្រសើរ ចេញពីភាពអស់សង្ឃឹម ទៅរកក្តីសង្ឃឹម គឺមាននៅក្នុងបទគម្ពីរ ទំនុកដំកើង ជំពូក៧៧ ដែលបានចែងថា "ទូលបង្គំនឹងរឭកពីអស់ទាំងការនៃព្រះយេហូវ៉ា ដ្បិតទូលបង្គំនឹកឃើញអស់ទាំងការអស្ចារ្យ ដែលទ្រង់បានធ្វើកាលពីដើម ទូលបង្គំនឹងរំពឹងគិតពីគ្រប់ទាំងការរបស់ទ្រង់ ហើយពិចារណាពីកិច្ចដែលទ្រង់ធ្វើទាំងប៉ុន្មាន"(ទំនុកដំកើង ៧៧:១១-១២)។
នេះជាសង្គ្រាមដ៏ធំ ក្នុងជីវិតខ្ញុំ។ ខ្ញុំជឿថា អ្នកក៏មានសង្គ្រាមនេះដែរ។ គឺសង្គ្រាមនៃការរំឭកខ្លួនឯង! និងអ្នកដទៃ។