ព្រឹក

រស់នៅជាមនុស្សថ្មី ក្នុងព្រះគ្រីស្ទ
ដោយPatricia Raybon
April 5, 2024
អេភេសូរ ៤:១៧-២៨
ព្រមទាំងប្រដាប់ខ្លួន ដោយមនុស្សថ្មីវិញ ដែលកើតមកក្នុងសេចក្តីសុចរិត ហើយក្នុងសេចក្តីបរិសុទ្ធរបស់ផងសេចក្តីពិត តាមភាពព្រះ។ អេភេសូរ ៤:២៤
ដើមស្រល់ពណ៌ខៀវដែលយើងបានដាំ កំពុងតែជ្រុះផ្លែ និងស្លឹករបស់វា។ អ្នកជំនាញខាងព្យាបាលដើមឈើក៏បានមើលដើមស្រល់នោះ ហើយក៏បានពន្យល់អំពីបញ្ហារបស់វា។ គាត់ថា “ដើមស្រល់ពណ៌ខៀវ តែងតែជ្រុះស្លឹក តាមធម្មជាតិរបស់វា”។ ខ្ញុំសង្ឃឹមថា គាត់មានការពន្យល់ល្អជាងនេះ ឬមានការព្យាបាលសម្រាប់ដើមស្រល់នោះ តែគាត់បានញាក់ស្មា ហើយនិយាយពាក្យដដែលៗថា “ដើមស្រល់ពណ៌ខៀវ តែងតែជ្រុះស្លឹក តាមធម្មជាតិរបស់វាអញ្ចឹងឯង”។ ដូចនេះ វាជ្រុះស្លឹកតាមធម្មជាតិរបស់វា។ វាមិនអាចផ្លាស់ប្តូរបានទេ។
តែអរព្រះគុណព្រះអង្គ ក្នុងជីវិតខាងវិញ្ញាណយើង គ្មានទម្លាប់ ឬអាកប្បកិរិយាណាដែលមិនអាចផ្លាស់ប្តូរនោះឡើយ។ សាវ័កប៉ុលបាននិយាយសង្កត់ធ្ងន់អំពីសេចក្តីពិតដែលជួយរំដោះនេះ ទៅកាន់អ្នកជឿព្រះនៅទីក្រុងអេភេសូរ។ គាត់ថា “គំនិតគេត្រូវបង្អាប់ ហើយគេដាច់ចេញពីព្រះជន្មព្រះ ដោយសារសេចក្តីខ្លៅល្ងង់ក្នុងខ្លួនគេ ព្រោះចិត្តគេរឹងទទឹង។ គេលែងខ្លាចបាប បានជាគេប្រគល់ខ្លួនទៅខាងសេចក្តីអាសអាភាស ដើម្បីនឹងប្រព្រឹត្តសេចក្តីស្មោកគ្រោកគ្រប់យ៉ាង ដោយចិត្តវក់វិញ”(អេភេសូរ ៤:១៨-១៩)។
ប៉ុន្តែ គាត់ក៏បានបង្រៀនទៀតថា “ដោយសារអ្នករាល់គ្នាបានឮអំពីព្រះយេស៊ូវ និងសេចក្តីពិតរបស់ព្រះអង្គហើយ” ... “នោះត្រូវឲ្យអ្នករាល់គ្នាបានដោះមនុស្សចាស់ ដែលតែងតែខូចទៅ តាមសេចក្តីប៉ងប្រាថ្នារបស់សេចក្តីឆបោកចោលចេញ”(ខ.២១-២២)។ គាត់ក៏បានប្រាប់ពួកគេ “ឲ្យគំនិតក្នុងចិត្តបានកែប្រែជាថ្មីឡើង។ ព្រមទាំងប្រដាប់ខ្លួន ដោយមនុស្សថ្មីវិញ ដែលកើតមកក្នុងសេចក្តីសុចរិត ហើយក្នុងសេចក្តីបរិសុទ្ធរបស់ផងសេចក្តីពិត តាមភាពព្រះ”(ខ.២២-២៤)។
បន្ទាប់មក គាត់ក៏បានបង្ហាញការរស់នៅតាមរបៀបថ្មី ដោយឈប់កុហក ជម្នះសេចក្តីកំហឹង ឈប់ជេរប្រទេច ឈប់លួចជាដើម “ស៊ូឲ្យអ្នកនោះទ្រាំនឿយហត់ជាជាង ទាំងធ្វើការល្អដោយដៃខ្លួនវិញ ដើម្បីឲ្យមានអ្វីនឹងចែកដល់អ្នកណាដែលត្រូវការផង”(ខ.២៨)។ ជីវិតថ្មីរបស់យើងក្នុងព្រះគ្រីស្ទ អនុញ្ញាតឲ្យយើងរស់នៅ ក្នុងជីវិតដែលសក្តិសមនឹងការត្រាស់ហៅរបស់ព្រះអង្គ ដោយចុះចូល ហើយដើរតាមផ្លូវរបស់ព្រះអង្គសង្គ្រោះនៃយើង។—Patricia Raybon
តើការប្រដាប់ខ្លួន ដោយមនុស្សថ្មី មានន័យដូចម្តេចខ្លះ? តើអ្នកអាចដើរតាមផ្លូវរបស់ព្រះអង្គសង្គ្រោះដូចម្តេចខ្លះ?
ឱព្រះយេស៊ូវ សូមព្រះអង្គជួយទូលបង្គំមានការផ្លាស់ប្រែ នៅថ្ងៃនេះ ខណៈពេលដែលទូលបង្គំចុះចូល ដើម្បីឲ្យទូលបង្គំមានលក្ខណៈដូចព្រះអង្គ។
Visit ODBU.org/topics/sf104-01-lecture to learn more about developing your new nature in Christ.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ១សាំយ៉ូអែល ៤-៦ និង លូកា ៩:១-១៧
ប្រភេទ
ល្ងាច

ព្រះអង្គជ្រាបអំពីតម្រូវការរបស់អ្នក
ដោយJohn Piper
April 5, 2024
ដូច្នេះ កុំឲ្យខ្វល់ខ្វាយថា តើត្រូវបរិភោគអ្វី ឬស្លៀកពាក់អ្វីនោះឡើយ ដ្បិតគឺជាសាសន៍ដទៃទេតើ ដែលខំស្វែងរករបស់ទាំងនោះវិញ ឯព្រះវរបិតានៃអ្នករាល់គ្នា ដែលគង់នៅស្ថានសួគ៌ ទ្រង់ជ្រាបហើយ ថាអ្នករាល់គ្នាត្រូវការនឹងរបស់ទាំងនោះដែរ។ ម៉ាថាយ ៦:៣១-៣២
ព្រះយេស៊ូវសព្វព្រះទ័យឲ្យអ្នកដើរតាមព្រះអង្គ រួចផុតពីការព្រួយបារម្ភ។ ក្នុងបទគម្ពីរ ម៉ាថាយ ៦:២៥-៣៤ ព្រះអង្គបានលើកឧទាហរណ៍៧យ៉ាង ដើម្បីដកការថប់បារម្ភរបស់យើងចេញ។ ក្នុងចំណោមឧទាហរណ៍ទាំងនោះ ព្រះអង្គក៏បានមានបន្ទូលអំពីអាហារ ភេសជ្ជៈ និងសំលៀកបំពាក់ ហើយបន្ទាប់មក ព្រះអង្គមានបន្ទូលថា "ឯព្រះវរបិតានៃអ្នករាល់គ្នា ដែលគង់នៅស្ថានសួគ៌ ទ្រង់ជ្រាបហើយ ថាអ្នករាល់គ្នាត្រូវការនឹងរបស់ទាំងនោះដែរ"(ម៉ាថាយ ៦:៣២)។
ព្រះបន្ទូលព្រះយេស៊ូវប្រាកដជាមានន័យថា ព្រះទ្រង់ជ្រាបអំពីតម្រូវការយើង ហើយទន្ទឹមនឹងនោះ ព្រះអង្គក៏សព្វព្រះទ័យនឹងបំពេញតម្រូវការយើងផងដែរ។ ព្រះអង្គមានបន្ទូលសង្កត់ធ្ងន់ថា យើងមានព្រះវរបិតា។ ហើយព្រះវរបិតាល្អប្រសើរជាងឪពុកទាំងអស់នៅផែនដី។
ខ្ញុំមានកូន៥នាក់។ ខ្ញុំចូលចិត្តបំពេញតម្រូវការរបស់ពួកគេ។ តែការយល់ដឹងរបស់ខ្ញុំអំពីតម្រូវការរបស់ពួកគេ គឺខ្វះមិនដល់ការយល់ដឹងរបស់ព្រះ យ៉ាងហោចណាស់តាមរបៀប៣យ៉ាង។
ទី១ ពេលនេះ ខ្ញុំមិនដឹងថា កូនរបស់ខ្ញុំកំពុងនៅកន្លែងណាទេ។ ខ្ញុំអាចស្មានថា ពួកគេកំពុងនៅផ្ទះ ឬនៅកន្លែងធ្វើការ ឬនៅសាលារៀន ដោយមានសុខភាពល្អ និងសុវត្ថិភាព។ តែពួកគេប្រហែលកំពុងតែដេកដួលនៅលើចិញ្ចើមថ្នល់ ដោយសារគាំងបេះដូងក៏មិនដឹង។
ទី២ ខ្ញុំមិនដឹងថា ពួកគេកំពុងតែគិតអ្វីខ្លះ នៅក្នុងចិត្ត នៅពេលណាមួយ។ ខ្ញុំអាចស្មាន ពីពេលមួយទៅពេលមួយទៀត។ តែពួកគេប្រហែលកំពុងមានការភ័យខ្លាច ឬឈឺចាប់ ស្រេកឃ្លាន ឬក៏មានតម្រេក ភាពលោភលន់ ឬមួយមានអំណរ ឬក្តីសង្ឃឹមជាដើម។ ខ្ញុំមិនអាចមើលចិត្តរបស់ពួកគេឃើញទេ។ សូម្បីតែពួកគេក៏មិនស្គាល់ចិត្តខ្លួនឯងច្បាស់ដែរ។
ទី៣ ខ្ញុំមិនដឹងអំពីពេលអនាគតរបស់ពួកគេទេ។ ឥឡូវនេះ ពួកគេប្រហែលជាសុខសប្បាយ និងមានភាពនឹងនរ។ តែនៅថ្ងៃស្អែក ពួកគេប្រហែលជាសោកសង្រេងយ៉ាងខ្លាំង។
បានសេចក្តីថា ខ្ញុំមិនអាចធ្វើជាមូលហេតុដ៏រឹងមាំ ដែលនាំឲ្យពួកគេត្រូវឈប់ព្រួយបារម្ភនោះឡើយ។ អាចមានរឿងជាច្រើនដែលកំពុងកើតឡើងចំពោះពួកគេ នៅពេលឥឡូវនេះ ឬនៅថ្ងៃស្អែក ដែលខ្ញុំមិនបានដឹង។ តែព្រះវរបិតា នៅស្ថានសួគ៌ មិនដូច្នោះទេ។ ព្រះអង្គជ្រាបអំពីយើង គ្មានកន្លែងចន្លោះ ព្រះអង្គជ្រាបថា យើងនៅទីណា នៅពេលនេះ និងថ្ងៃស្អែក ជ្រាបទាំងក្រៅ និងក្នុងចិត្តយើងផង។ ព្រះអង្គជ្រាបអំពីតម្រូវការគ្រប់យ៉ាង។
ជាងនេះទៅទៀត ព្រះអង្គក៏សព្វព្រះទ័យនឹងបំពេញតម្រូវការយើង។ សូមយើងនឹកចាំពាក្យ "លើសជាងទៅទៀត" ក្នុងបទគម្ពីរម៉ាថាយ ៦:៣០ ដែលចែងថា "បើព្រះទ្រង់តុបតែងស្មៅយ៉ាងដូច្នោះ នោះឱមនុស្សមានជំនឿតិចអើយ តើទ្រង់មិនតុបតែងឲ្យអ្នករាល់គ្នា លើសជាងទៅទៀតទេឬអី?"
ម្យ៉ាងទៀត ព្រះអង្គមានសមត្ថភាពធ្វើអ្វីដែលព្រះអង្គសព្វព្រះទ័យនឹងធ្វើ (ព្រះអង្គចិញ្ចឹមសត្វបក្សីរាប់ពាន់លានក្បាល ជារៀងរាល់ម៉ោង នៅទូទាំងពិភពលោក, ម៉ាថាយ ៦:២៦)។
ដូចនេះ ចូរយើងទុកចិត្តព្រះបន្ទូលរបស់ព្រះយេស៊ូវ ដែលសន្យាថា ព្រះអង្គនឹងបំពេញតម្រូវការរបស់យើង។ គឺដូចដែលព្រះយេស៊ូវបានត្រាស់ហៅយើង ឲ្យទុកចិត្តព្រះអង្គ ដោយមានបន្ទូលថា "ឯព្រះវរបិតានៃអ្នករាល់គ្នា ដែលគង់នៅស្ថានសួគ៌ ទ្រង់ជ្រាបហើយ ថាអ្នករាល់គ្នាត្រូវការនឹងរបស់ទាំងនោះដែរ"។