ព្រឹក

ព្រះអង្គជ្រាបអំពីតម្រូវការរបស់យើង
ដោយKaren Huang
April 14, 2024
ម៉ាថាយ ៦:២៥-៣៤ចូរស្វែងរកនគរ និងសេចក្តីសុចរិតនៃព្រះជាមុនសិន ទើបគ្រប់របស់ទាំងនោះ នឹងបានប្រទានមកអ្នករាល់គ្នាថែមទៀតផង។ ម៉ាថាយ ៦:៣៣
មានពេលមួយ លោកលែនដូ(Lando) ជាអ្នកបើកឡានហ្ស៊ីបនី ក្នុងទីក្រុងម៉ានីល ប្រទេសភីលីពីន បានទៅអង្គុយញាំកាហ្វេ នៅតាមស្តង់លក់កាហ្វេតាមចិញ្ចើមថ្នល់។ អ្នកដំណើរតាមផ្លូវសាធារណៈចាប់ផ្តើមមានឡើងវិញ បន្ទាប់ពីការបិទខ្ទប់ ក្នុងសម័យកូវីដបានបញ្ចប់។ ហើយគាត់គិតឃើញថា ព្រឹត្តិការណ៍នៃការប្រកួតកីឡានៅថ្ងៃនេះ គឺមានន័យថា គាត់មានអ្នកដំណើរច្រើនជាងធម្មតា។ គាត់ថា គាត់នឹងរកបានប្រាក់ចំណូលដែលគាត់បានបាត់ក្នុងពេលកន្លងមក ហើយអាចឈប់ព្រួយបារម្ភបានហើយ។
ពេលគាត់ហៀបនឹងបើកឡានចេញទៅ គាត់ក៏បានប្រទះឃើញលោករុននី(Ronnie) នៅលើបង់ក្បែរនោះ។ អ្នកបោសថ្នល់រូបនោះ ហាក់ដូចជាកំពុងមានបញ្ហាអ្វីមួយ ដែលត្រូវការនិយាយប្រាប់គេ។ ប៉ុន្តែ លោកលែនដូគិតថា វិនាទីនីមួយៗសុទ្ធតែមានតម្លៃចំពោះមុខរបររបស់គាត់។ បើគាត់បានដឹកអ្នកដំណើរកាន់តែច្រើន នោះគាត់មានប្រាក់ចំណូលកាន់តែច្រើន។ គាត់គិតថា គាត់មិនអាចឈប់ទេ។ ប៉ុន្តែ គាត់មានអារម្មណ៍ថា ព្រះអម្ចាស់សព្វព្រះទ័យឲ្យគាត់ចូលទៅរកលោករុននី ដូចនេះ គាត់ក៏បានទៅមើលលោករុននី។
ព្រះយេស៊ូវជ្រាបថា ការឈប់ព្រួយបារម្ភមិនមែនជាការងាយទេ(ម៉ាថាយ ៦:២៥-២៧) ដូចនេះ ព្រះអង្គបានធានាយើងថា ព្រះវរបិតានៃយើងដែលគង់នៅស្ថានសួគ៌បានជ្រាបច្បាស់ថា យើងត្រូវការអ្វី(ខ.៣២)។ ព្រះអង្គបានរំឭកយើងថា យើងមិនត្រូវមានការថប់បារម្ភទេ តែត្រូវទុកចិត្តព្រះអង្គ ហើយប្ដេជ្ញាចិត្តធ្វើអ្វីដែលព្រះអង្គសព្វព្រះទ័យឲ្យយើងធ្វើ(ខ.៣១-៣៣)។ ពេលណាយើងឱបក្រសោប ហើយស្តាប់បង្គាប់តាមបំណងព្រះទ័យព្រះអង្គ យើងអាចមានទំនុកចិត្តថា ព្រះវរបិតានៃយើង ដែលឲ្យ “តិណជាតិដុះនៅវាលក្នុងថ្ងៃនេះ ហើយថ្ងៃស្អែកត្រូវគេដុតនៅជើងក្រាន” ព្រះអង្គនឹងបំពេញតម្រូវការយើង តាមបំណងព្រះទ័យព្រះអង្គ ដូចដែលព្រះអង្គផ្គត់ផ្គង់ដល់ស្នាព្រះហស្តទាំងអស់(ខ.៣០)។
ដោយសារការសន្ទនារបស់លោកលែនដូ ជាមួយលោករុននីជាអ្នកបោសថ្នល់ ទីបំផុត លោករុននីក៏បានអធិស្ឋានទទួលជឿព្រះគ្រីស្ទ នៅថ្ងៃនោះ។ លោកលែនដូបានចែកចាយថា “នៅថ្ងៃនោះ ព្រះអង្គនៅតែប្រទានពរគាត់ ឲ្យមានអ្នកដំណើរគ្រប់គ្រាន់។ ព្រះអង្គបានរំឭកខ្ញុំថា ព្រះអង្គយកព្រះទ័យទុកដាក់ចំពោះតម្រូវការខ្ញុំ ហើយខ្ញុំគ្រាន់តែស្តាប់បង្គាប់តាមព្រះអង្គប៉ុណ្ណោះ”។—Karen Huang
តើមានការថប់បារម្ភអ្វីខ្លះ ដែលបានធ្វើជាបន្ទុកធ្ងន់នៅលើចិត្តអ្នក? តើអ្នកអាចថ្វាយការព្រួយបារម្ភរបស់អ្នកដល់ព្រះអង្គដូចម្តេចខ្លះ?
ឱព្រះអម្ចាស់ ទូលបង្គំមិនចាំបាច់ត្រូវព្រួយបារម្ភឡើយ ព្រោះព្រះអង្គបានសន្យាថា នឹងថែរក្សា ហើយផ្គត់ផ្គង់ទូលបង្គំ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ១សាំយ៉ូអែល ២៥-២៦ និង លូកា ១២:៣២-៥៩
ប្រភេទ
ល្ងាច

ព្រះគុណដែលមានជ័យជម្នះមកលើការប្រឆាំង
ដោយJohn Piper
April 14, 2024
អញបានឃើញអស់ទាំងផ្លូវរបស់គេ ហើយអញនឹងប្រោសឲ្យជា អញនឹងនាំមុខគេដែរ ព្រមទាំងកំសាន្តចិត្តគេ ហើយពួកអ្នកដែលកាន់ទុក្ខនឹងគេ ឲ្យបានក្សាន្តឡើងផង។ អេសាយ ៥៧:១៨
ចូររៀនគោលលទ្ធិ ដែលមានចែងក្នុងព្រះគម្ពីរ។ ធ្វើដូចនេះ ប្រសើរជាង ហើយក៏ចម្អែតវិញ្ញាណអ្នកផងដែរ។ ឧទាហរណ៍ ចូររៀនគោលលទ្ធិ នៃព្រះគុណដែលមិនអាចបដិសេធន៍បាន ដែលមានចែងក្នុងបទគម្ពីរ។ ពេលអ្នកធ្វើដូចនេះ អ្នកនឹងឃើញថា ការនេះមិនមានន័យថា យើងមិនអាចបដិសេធន៍ព្រះគុណព្រះនោះទេ តែមានន័យថា ពេលណាព្រះជ្រើសរើសអ្នក ព្រះអង្គអាច ហើយនឹងជម្នះការបដិសេធន៍នោះ។
ឧទាហរណ៍ ក្នុងបទគម្ពីរអេសាយ ៥៧:១៧-១៩ ព្រះទ្រង់បានវាយផ្ចាលរាស្ត្រដែលបះបោរ ដោយព្រះអង្គវាយពួកគេ ហើយលាក់ព្រះភ័ក្ត្រព្រះអង្គ។ គឺដូចមានសេចក្តីចែងថា “អញបានខឹង ហើយបានវាយគេដោយព្រោះសេចក្តីទុច្ចរិតនៃចិត្តលោភរបស់គេ អញបានគេចមុខ ហើយមានសេចក្តីក្រោធ តែគេបានចេះតែថយទៅតាមអំពើចិត្តជានិច្ច” (ខ.១៧)។
ប៉ុន្តែ ពួកគេមិនបានឆ្លើយតប ដោយការប្រែចិត្តចេញពីអំពើបាបឡើយ។ ផ្ទុយទៅវិញ ពួកគេបន្តងាកបែរចេញពីព្រះអង្គ។ គឺដូចមានសេចក្តីចែងថា “គេបានចេះតែថយទៅតាមអំពើចិត្តជានិច្ច” (ខ.១៧)។
ដូចនេះ មនុស្សអាចបដិសេធន៍មិនទទួលព្រះគុណព្រះ។ តាមពិត លោកស្ទេផានបាននិយាយទៅកាន់ពួកអ្នកដឹកនាំសាសន៍យូដាថា “អ្នករាល់គ្នាចេះតែទាស់ទទឹង នឹងព្រះវិញ្ញាណបរិសុទ្ធជាដរាប”(កិច្ចការ ៧:៥១)។
ដូចនេះ តើព្រះទ្រង់ត្រូវធ្វើដូចម្តេច? តើព្រះអង្គគ្មានអំណាច នាំមនុស្សទាស់ប្រឆាំង ឲ្យប្រែចិត្ត និងមានភាពពេញលេញឡើងវិញឬ? ទេ មិនមែនព្រះអង្គគ្មានអំណាចនោះឡើយ។ ខបន្ទាប់បានចែងថា “អញបានឃើញអស់ទាំងផ្លូវរបស់គេ ហើយអញនឹងប្រោសឲ្យជា អញនឹងនាំមុខគេដែរ ព្រមទាំងកំសាន្តចិត្តគេ ហើយពួកអ្នកដែលកាន់ទុក្ខនឹងគេ ឲ្យបានក្សាន្តឡើងផង” (អេសាយ ៥៧:១៨)។
ដូចនេះ នៅចំពោះមុខនៃការថយទៅរកអំពើបាប ដោយគ្មានការចុះចូល ប្រឆាំងនឹងព្រះគុណ ព្រះទ្រង់ក៏បានមានបន្ទូលថា “អញនឹងប្រោសគេឲ្យជា”។ ព្រះអង្គនឹង “ស្អាងឡើងវិញ”។ ពាក្យ “ស្អាងឡើងវិញ” គឺមានន័យថា “ធ្វើឲ្យពេញលេញ ឬមានលក្ខណៈទាំងមូល”។ ពាក្យនេះមានទំនាក់ទំនងនឹងពាក្យ “សន្តិភាព ឬសេចក្តីសុខសាន្ត” ។ ភាពពេញលេញ និងសន្តិភាព គឺមានចែង ក្នុងខបន្ទាប់ ដែលពន្យល់ អំពីរបៀបដែលព្រះទ្រង់នាំពួកថយទៅរកអំពើបាបដែលបដិសេធន៍ព្រះគុណ ឲ្យវិលត្រឡប់មកវិញ។
ព្រះអង្គនាំពួកគេឲ្យវិលមកវិញ ដោយ “បង្កើតពាក្យចេញពីបបូរមាត់ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា សូមសេចក្តីសុខ សេចក្តីសុខ ដល់អ្នកណាដែលនៅឆ្ងាយ ហើយដល់អ្នកដែលនៅជិតផង អញនឹងប្រោសគេឲ្យជា”(អេសាយ ៥៧:១៩)។ ព្រះទ្រង់បង្កើតអ្វីដែលពួកគេមិនមាន គឺសន្តិភាព និងភាពពេញលេញ។ នេះក៏ជារបៀបដែលព្រះអង្គសង្គ្រោះយើងឲ្យរួចពីបាបផងដែរ។ ហើយនេះក៏ជារបៀបដែលព្រះអង្គនាំយើងឲ្យវិលត្រឡប់ ពីការថយទៅរកអំពើបាប ម្តងហើយម្តងទៀត។
ព្រះគុណព្រះមានជ័យជម្នះមកលើការប្រឆាំងរបស់យើង ដោយបង្កើតឲ្យមានការសរសើរដំកើង នៅកន្លែងដែលមិនមាន។ ព្រះអង្គនាំមកនូវសន្តិភាព គឺសន្តិភាព ដល់មនុស្សជាច្រើន។ ព្រះអង្គក៏ប្រទានភាពពេញលេញ គឺភាពពេញលេញ ដល់មនុស្សជាច្រើន។ ព្រះអង្គសម្រេចការនេះបាន ដោយ “ស្អាងឡើងវិញ” ដោយជំនួសជំងឺនៃការទាស់ប្រឆាំង ដោយការចុះចូលស្តាប់បង្គាប់ដ៏មានន័យ។
ព្រះគុណដែលមិនអាចបដិសេធន៍បាន គឺមិនមានន័យថា យើងមិនអាចបដិសេធន៍ព្រះគុណព្រះនោះឡើយ។ យើងអាច ហើយក៏បដិសេធន៍ព្រះគុណព្រះអង្គ។ បានសេចក្តីថា ពេលណាព្រះទ្រង់ជ្រើសរើស ព្រះអង្គក៏ជម្នះការប្រឆាំងរបស់យើង ហើយស្អាងយើងឡើង ឲ្យមានវិញ្ញាណដែលចុះចូល។ ព្រះអង្គបង្កើត។ ព្រះអង្គមានបន្ទូលថា “ចូរមានពន្លឺឡើង!” ព្រះអង្គប្រោសឲ្យជា។ ព្រះអង្គដឹកនាំ។ ព្រះអង្គស្អាងឡើងវិញ។ ព្រះអង្គកម្សាន្តចិត្ត។
ដូចនេះ យើងមិនអាចអួតថា យើងបានវិលត្រលប់ពីការថយទៅរកអំពើបាបនោះឡើយ។ យើងក្រាបនៅចំពោះព្រះអម្ចាស់ ហើយដោយក្តីអំណរដ៏ញាប់ញ័រ យើងក៏អរព្រះគុណព្រះអង្គ សម្រាប់ការប្រទានព្រះគុណដែលមិនអាចបដិសេធន៍បាន ដែលមានជ័យជម្នះមកលើការប្រឆាំងរបស់យើង។