ព្រឹក

ការប្រកាន់គោលជំហរ ក្នុងព្រះគ្រីស្ទ
ដោយTom Felten
May 10, 2024
១សាំយ៉ូអែល ២៨:៣-១០
ត្រូវឲ្យចេញសំដីថាតែមែនៗ ឬ ទេៗប៉ុណ្ណោះ សេចក្តីណាដែលលើសអំពីនោះទៅ នោះមកតែពីអាកំណាចទេ។ ម៉ាថាយ ៥:៣៧
ក្នុងខ្សែភាពរឿងម្ចាស់ចិញ្ចៀន ផ្អែកទៅលើរឿងប្រលោមលោក ដែលលោក ថូលខិន(Tolkien) បាននិពន្ធ លោកហ្គន់ដូល(Gandalf) ជាតួអង្គស្លៀករ៉ូបពណ៌ប្រផេះ បានប្រឈមមុខដាក់លោកសារូមិន(Saruman) ជាតួអង្គស្លៀករ៉ូបពណ៌ស បន្ទាប់ពីលោកសារូមិន បានបោះបង់ចោលគោលជំហររបស់គាត់ ក្នុងការជួយការពារភូមិភាគកណ្តាលនៃផែនដី ឲ្យរួចផុតពីអំណាចនៃសេចក្តីអាក្រក់របស់លោកសៅរ៉ុន(Sauron)។ ជាងនេះទៅទៀត លោកសារូមិន ថែមទាំងបានចងសម្ព័ន្ធមិត្តជាមួយលោកសៅរ៉ុនទៀតផង! នៅពេលនោះអ្នកទាំងពីរ ដែលជាអតីតមិត្តភក្តិ ក៏បានដឹកនាំទ័ពប្រយុទ្ធគ្នាក្នុងសង្គ្រាមដ៏ធំមួយ រវាងការល្អ និងការអាក្រក់។ បើសិនជាលោកសារូមិន បានប្រកាន់គោលជំហររបស់របស់ខ្លួន ដោយមិនងាករេ ហើយធ្វើការអ្វីដែលត្រឹមត្រូវ នោះគាត់ក៏មិនក្លាយជាមនុស្សអាក្រក់ដែរ។
រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំស្តេចសូល ដែលមានបញ្ហា ក្នុងការប្រកាន់គោលជំហររបស់ទ្រង់។ ក្នុងរឿងមួយនោះ ទ្រង់បានធ្វើរឿងដ៏ត្រឹមត្រូវ ដោយបណ្តេញ “អស់ទាំងពួកគ្រូខាប និងពួកគ្រូអន្ទងខ្មោចពីស្រុកចេញ”(១សាំយ៉ូអែល ២៨:៣)។ នេះជាទង្វើដ៏ល្អ ដ្បិតព្រះទ្រង់បានប្រកាសថា ការទៅពឹងពួកគ្រូខាប គ្រូអន្ទងខ្មោច គឺជាទង្វើដែលគួរឲ្យស្អប់ខ្ពើម នៅចំពោះព្រះអង្គ(ចោទិយកថា ១៨:៩-១២)។ ប៉ុន្តែ នៅពេលដែលស្តេចសូលឃើញកងទ័ពរបស់សាសន៍ភីលីស្ទីន មានគ្នាច្រើនសន្ធឹក ទ្រង់ក៏ទូលអង្វរឲ្យព្រះអម្ចាស់ជួយ តែព្រះអម្ចាស់មិនបានឆ្លើយតប ដោយសារទ្រង់បានប្រព្រឹត្តខុស។ ស្តេចសូលក៏បានឲ្យគេទៅហៅគ្រូអន្ទងខ្មោចមក ដើម្បីសុំឲ្យគ្រូនោះជួយទ្រង់(១សាំយ៉ូអែល ២៨:៧)។ ដូចនេះទ្រង់ក៏បានធ្វើបាបទាស់នឹងព្រះអម្ចាស់ថែមទៀត ទោះទ្រង់ជ្រាបថា វាជាការបំពានសេចក្តីបង្គាប់របស់ព្រះអម្ចាស់ក៏ដោយ។
ប្រហែល១ពាន់ឆ្នាំក្រោយមក ព្រះយេស៊ូវក៏បានមានបន្ទូលទៅកាន់ពួកសាវ័កថា “ត្រូវឲ្យចេញសំដីថាតែមែនៗ ឬ ទេៗប៉ុណ្ណោះ សេចក្តីណាដែលលើសអំពីនោះទៅ នោះមកតែពីអាកំណាចទេ”(ម៉ាថាយ ៥:៣៧)។ អាចនិយាយម្យ៉ាងទៀតថា បើយើងបានប្ដេជ្ញាចិត្តស្តាប់បង្គាប់តាមព្រះគ្រីស្ទ យើងចាំបាច់ត្រូវប្រកាន់ខ្ជាប់ការប្ដេជ្ញាចិត្តនោះ ដោយភាពពិតត្រង់ជានិច្ច។ ចូរយើងប្រកាន់គោលជំហរ ក្នុងការធ្វើតាមបង្គាប់ព្រះអង្គ ដោយពឹងផ្អែកជំនួយមកពីព្រះអង្គ។—Tom Felten
តើមានអ្វីជួយឲ្យអ្នកប្រកាន់ខ្ជាប់នូវការប្តេជ្ញាចិត្តរបស់អ្នក? តើហេតុអ្វីអ្នកចាំបាច់ត្រូវប្រកាន់គោលជំហរ ក្នុងការរស់នៅដោយភាពពិតត្រង់?
ឱព្រះយេស៊ូវ សូមព្រះអង្គជួយទូលបង្គំឲ្យប្រកាន់គោលជំហរ ក្នុងការដើរតាមផ្លូវព្រះអង្គ ឲ្យបានខ្ជាប់ខ្ជួន។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ: ២ពង្សាវតាក្សត្រ ១៣-១៤ និង យ៉ូហាន ២
ប្រភេទ
ល្ងាច

ការបៀតបៀននៅផែនដី រង្វាន់នៅស្ថានសួគ៌
ដោយJohn Piper
May 10, 2024
អ្នកនោះនឹងដូចជាដើមឈើ ដែលដុះនៅក្បែរផ្លូវទឹក ដែលបង្កើតផលតាមរដូវកាល ហើយស្លឹកក៏មិនចេះស្រពោនឡើយ
ឯការអ្វីដែលអ្នកនោះធ្វើ នោះនឹងចំរើនឡើងទាំងអស់។ ទំនុកដំកើង ១:៣
តើធ្វើដូចម្តេចឲ្យយើងអាចដឹងថា ព្រះបន្ទូលសន្យាក្នុងបទគម្ពីរ ទំនុកដំកើង ១:៣ កំពុងចង្អុលបង្ហាញយើងឲ្យងាកទៅរកព្រះគ្រីស្ទ?
បទគម្ពីរនេះបានចែងថា “ការអ្វីដែលអ្នកនោះធ្វើ នោះនឹងចំរើនឡើងទាំងអស់”។ មនុស្សសុចរិតមានការចម្រើនឡើង ក្នុងការអ្វីទាំងអស់ដែលពួកគេធ្វើ។ តើនេះជារឿងដ៏ល្ងង់ខ្លៅ ឬជារឿងពិតមិនអាចប្រកែកបាន?
នៅក្នុងជីវិតនេះ យើងសង្កេតឃើញថា មនុស្សអាក្រក់ហាក់ដូចជាចេះតែចម្រុងចម្រើន។ តែព្រះគម្ពីរបានចែងថា “ចូរស្ងៀមនៅចំពោះព្រះយេហូវ៉ា ហើយរង់ចាំទ្រង់ចុះ កុំឲ្យក្តៅចិត្ត ដោយព្រោះអ្នកដែលចំរើនក្នុងផ្លូវគេ ឬមនុស្សដែលបង្កើតការអាក្រក់សំរេចបាននោះឡើយ”(ទំនុកដំកើង ៣៧:៧)។ “ពួកអ្នកដែលប្រព្រឹត្តការអាក្រក់បានតាំងឡើង អើ គេល្បងលព្រះ ហើយក៏រួចផង” (ម៉ាឡាគី ៣:១៥)។
ហើយក្នុងជីវិតនេះ មនុស្សសុចរិតច្រើនតែរងទុក្ខ ហើយអំពើល្អរបស់ពួកគេ ក៏បានទទួលការតបស្នងដោយការអាក្រក់។ “បើយើងខ្ញុំបានភ្លេចព្រះនាមនៃព្រះរបស់យើងខ្ញុំ … នោះតើព្រះមិនស៊ើបរកឲ្យឃើញទេឬអី?ដ្បិតទ្រង់ជ្រាបទាំងសេចក្តីលាក់កំបាំងនៅក្នុងចិត្តផង យើងខ្ញុំត្រូវគេសំឡាប់ ជាដរាបរាល់ថ្ងៃ ដោយព្រោះទ្រង់ ហើយក៏រាប់ទុកដូចជាចៀមដែលសំរាប់សំឡាប់”(ទំនុកដំកើង ៤៤:២០-២១)។
ដូចនេះ ពេលដែលអ្នកនិពន្ធបទគម្ពីរទំនុកដំកើង ថ្លែងថា “ការអ្វីដែលអ្នកនោះធ្វើ នោះនឹងចំរើនឡើងទាំងអស់” គឺគាត់មិនល្ងង់ខ្លៅឡើយ។ តាមរយៈភាពច្របូកច្របល់នៃជីវិតនៅលើផែនដីនេះ គាត់កំពុងចង្អុលបង្ហាញយើង ឲ្យងាកទៅរកជីវិតដែលយើងនឹងរស់នៅ បន្ទាប់ពីលាចាកផែនដីនេះទៅ ដែលនៅទីនោះ អ្វីៗដែលយើងធ្វើ នឹងមានប្រសិទ្ធភាពពិតប្រាកដ ពោលគឺចម្រើនឡើងយ៉ាងពិតប្រាកដ។
ខាងក្រោមនេះជារបៀបដែលសាវ័កប៉ុលបានគិត៖
ជាដំបូង គាត់អបអរជ័យជម្នះ ដែលព្រះគ្រីស្ទមានមកលើសេចក្តីស្លាប់។ គឺដូចដែលគាត់បានសរសេរថា “«ឱសេចក្តីស្លាប់អើយ ទ្រនិចឯងនៅឯណា សេចក្តីស្លាប់អើយ ជ័យជំនះរបស់ឯងនៅឯណា» … តែអរព្រះគុណដល់ព្រះអង្គ ពីព្រោះទ្រង់ប្រទានឲ្យយើងរាល់គ្នាមានជ័យជំនះ ដោយសារព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង”(១កូរិនថូស ១៥:៥៥,៥៧)។
បន្ទាប់មក គាត់ក៏បានលើកហេតុផលថា ដោយសារជ័យជម្នះនេះ កិច្ចការនីមួយៗដែលអ្នកជឿបានធ្វើ នឹងចម្រើនឡើង។ គឺដូចដែលគាត់បានមានប្រសាសន៍ថា “បានជាបងប្អូនស្ងួនភ្ងាអើយ … ការដែលអ្នករាល់គ្នាខំប្រឹងធ្វើក្នុងព្រះអម្ចាស់ នោះមិនមែនឥតប្រយោជន៍ទេ”(១កូរិនថូស ១៥:៥៨)។ ការអ្វីដែលមិនឥតប្រយោជន៍ គឺនឹងចម្រើនឡើង។
ដោយសារព្រះយេស៊ូវបានសុគតជំនួសយើង នោះព្រះអង្គក៏បានធានាផងដែរថា មិនយូរមិនឆាប់ ការល្អនីមួយៗដែលយើងធ្វើ នឹងចម្រើនឡើង។ គឺដូចមានសេចក្តីចែងថា “ការល្អអ្វីដែលគ្រប់គ្នាធ្វើ នោះនឹងបានរង្វាន់ពីព្រះអម្ចាស់ ទោះបើជាបាវបំរើ ឬអ្នកជាក្តី”(អេភេសូរ ៦:៨)។ “អ្នករាល់គ្នាមានពរ ក្នុងកាលដែលគេជេរ បៀតបៀន ហើយនិយាយបង្ខុសគ្រប់ទាំងសេចក្តីអាក្រក់ ពីអ្នករាល់គ្នា ដោយព្រោះខ្ញុំ ចូរមានចិត្តអំណរ ហើយរីករាយជាខ្លាំងចុះ ដ្បិតអ្នករាល់គ្នាមានរង្វាន់ជាធំនៅឯស្ថានសួគ៌”(ម៉ាថាយ ៥:១១-១២)។ ការបៀតបៀនក្នុងពេលបច្ចុប្បន្ន។ រង្វាន់នៅស្ថានសួគ៌។
សេចក្តីដែលហាក់ដូចជាល្ងង់ខ្លៅ ក្នុងព្រះគម្ពីរសញ្ញាចាស់(“ការអ្វីដែលអ្នកនោះធ្វើ នោះនឹងចំរើនឡើងទាំងអស់”) ចង្អុលបង្ហាញយ៉ាងច្បាស់ ទៅរកព្រះរាជកិច្ចព្រះគ្រីស្ទ និងការពិតនៃការមានព្រះជន្មរស់ឡើងវិញ។ គឺដូចដែលបទចម្រៀងទំនុកដំកើងរបស់អ្នកស្រី ខាថារីណា វុន ស្កេលេជែល(Katharina von Schlegel) មានចំណងជើងថា “វិញ្ញាណខ្ញុំអើយ ចូរស្ងៀមនៅ” បានបកស្រាយថា “វិញ្ញាណខ្ញុំអើយ ចូរស្ងៀមនៅ ព្រះយេស៊ូអាចបង់ថ្លៃលោះ ដោយភាពពេញលេញរបស់ព្រះអង្គ នោះព្រះអង្គដកបាបទាំងអស់ចេញ”។