ព្រឹក

ការផ្លាស់ប្រែ នៅពេលចុងក្រោយ
ដោយJohn Piper
May 12, 2024
“ព្រះអម្ចាស់អើយ កាលណាចូលទៅក្នុងនគរទ្រង់ សូមនឹកចាំពីទូលបង្គំផង”។ លូកា ២៣:៤២
អ្នកបានព្យាយាមជាយូរមកហើយ ដើម្បីឲ្យមានការផ្លាស់ប្តូរ តែមិនបានជោគជ័យ។ បញ្ហានេះស្ថិតក្នុងចំណោមឃាតករដ៏សាហាវបំផុត ដែលសម្លាប់ក្តីសង្ឃឹម។
អ្នកក៏បានក្រឡេកមកក្រោយ ហើយគិតថា តើមានប្រយោជន៍អ្វី? ទោះខ្ញុំអាចឈានទៅដល់ការរកឃើញដ៏សំខាន់ក៏ដោយ ក៏ខ្ញុំនៅសល់ពេលតិចណាស់ ដើម្បីរស់នៅ តាមរបៀបថ្មី ដែលនឹងមិននាំឲ្យមានការផ្លាស់ប្តូរច្រើនឡើយ បើប្រៀបធៀបនឹងបរាជ័យជាច្រើនឆ្នាំកន្លងមកនេះ។
ក្នុងចំណោមចោរពីរនាក់ ដែលគេបានឆ្កាងនៅក្បែរព្រះយេស៊ូវ មានម្នាក់ដែលបានប្រែចិត្តទទួលជឿព្រះអង្គ តែបន្ទាប់មក គាត់រស់នៅបានប្រហែល១ម៉ោងទៀតប៉ុណ្ណោះ។ គាត់ក៏បានស្លាប់ តែគាត់បានផ្លាស់ប្រែហើយ។ គាត់បានរស់នៅលើឈើឆ្កាង ក្នុងនាមជាមនុស្សកើតជាថ្មី មានអាកប្បកិរិយា និងទង្វើរថ្មី។ ប៉ុន្តែ ៩៩.៩៩% នៃជីវិតគាត់ មិនបានរស់នៅឲ្យមានប្រយោជន៍ឡើយ។ ដូចនេះ តើរយៈពេលតែពីរបីម៉ោងចុងក្រោយនៃជីវិតគាត់ ដែលមានការកើតជាថ្មីនោះ មានសារៈសំខាន់ទេ?
រយៈពេលដ៏ខ្លីនោះពិតជាសំខាន់? អតីតចោរប្លន់នោះ គឺមិនខុសពីយើងទេ។ គាត់នឹងត្រូវឈរនៅពីមុខបល្ល័ង្កជំនុំជម្រះនៃព្រះគ្រីស្ទ ដើម្បីទទួលការបើកបង្ហាញការអ្វីខ្លះដែលគាត់បានធ្វើក្នុងជីវិតគាត់។ “ដ្បិតយើងទាំងអស់គ្នាត្រូវទៅនៅមុខទីជំនុំជំរះរបស់ព្រះគ្រីស្ទ ដើម្បីឲ្យគ្រប់គ្នាបានទទួលតាមការដែលបានធ្វើ ពីកាលនៅក្នុងរូបកាយរៀងខ្លួន ទោះល្អឬអាក្រក់ក្តី”(២កូរិនថូស ៥:១០)។ នៅថ្ងៃជំនុំជម្រះ តើជីវិតដែលគាត់ធ្លាប់បានរស់នៅ នឹងធ្វើបន្ទាល់អំពីការកើតជាថ្មី និងការរួបរួមជាមួយព្រះគ្រីស្ទ ដូចម្តេចខ្លះ? តើជីវិតដែលគាត់ធ្លាប់បានរស់នៅ នឹងបញ្ជាក់ថា គាត់បានកើតជាថ្មី ក្នុងព្រះគ្រីស្ទដូចម្តេចខ្លះ?
រឿងដែលបានកើតឡើងក្នុងរយៈពេលចុងក្រោយនៃជីវិតគាត់ នឹងបានធ្វើជាបន្ទាល់ថា បុរសនេះបានកើតជាថ្មីហើយ ជំនឿគាត់ជាជំនឿពិតប្រាកដ គាត់ពិតជាបានរួបរួមជាមួយព្រះគ្រីស្ទ។ គាត់បានទទួលសេចក្តីសុចរិតពីព្រះគ្រីស្ទហើយ។ អំពើបាបគាត់ត្រូវបានអត់ទោសឲ្យហើយ។
រយៈពេលប៉ុន្មានម៉ោងចុងក្រោយនៃជីវិតគាត់ នឹងប្រកាសយ៉ាងដូចនេះឯង នៅថ្ងៃជំនុំជម្រះចុងក្រោយ។ គាត់បានផ្លាស់ប្រែហើយ! ការផ្លាស់ប្រែរបស់គាត់គឺមានសារៈសំខាន់។ ការនេះនឹងបានធ្វើបន្ទាល់ដ៏មានន័យ អំពីអំណាចនៃព្រះគុណព្រះ និងភាពពិតនៃជំនឿគាត់ និងការរួបរួមរបស់គាត់ជាមួយព្រះគ្រីស្ទ។
ឥឡូវនេះ ខ្ញុំសូមងាកមកនិយាយ អំពីការលំបាកដែលយើងមាន ក្នុងការផ្លាស់ប្រែ។ ខ្ញុំមិនមែនកំពុងតែនិយាយថា អ្នកជឿដែលពិបាកផ្លាស់ប្រែ នឹងមិនបានសង្គ្រោះដូចចោរម្នាក់នោះទេ។ ខ្ញុំគ្រាន់តែចង់និយាយថា រយៈពេលប៉ុន្មានឆ្នាំ និងប៉ុន្មានម៉ោងចុងក្រោយ នៃជីវិតយើង គឺសំខាន់ណាស់។
បើក្នុងរយៈពេល១% ចុងក្រោយ នៃជីវិតយើង យើងអាចមានជ័យជម្នះមកលើអំពើបាបដែលយើងធ្វើជាទម្លាប់ជាយូរមកហើយ ឬមកលើចំណុចខ្វះខាតដ៏គ្រោះថ្នាក់ នៃបុគ្គលិកលក្ខណៈរបស់យើង នោះវានឹងបានធ្វើជាទីបន្ទាល់ដ៏មានន័យ អំពីអំណាចនៃព្រះគុណព្រះ ហើយនៅថ្ងៃជំនុំជម្រះចុងក្រោយ វានឹងបានធ្វើជាបន្ទាល់បន្ថែមទៀត(មិនមែនមានតែ១) ពីជំនឿដែលយើងមាន លើព្រះគ្រីស្ទ និងការរួបរួមជាមួយព្រះអង្គ។
សម្រាប់មនុស្សទាំងឡាយដែលពិបាកផ្លាស់ប្រែ ចូរសង្ឃឹមឡើង។ ចូរបន្តទូលសូម ស្វែងរក និងគោះទ្វារ។ ចូរបន្តមើលទៅព្រះគ្រីស្ទ។ បើព្រះទ្រង់ទទួលបានសិរីល្អ តាមរយៈការសង្គ្រោះចោរនោះ នៅម៉ោងទី១១ នោះព្រះអង្គពិតជាមានគោលបំណង ក្នុងការពន្យារពេល ដើម្បីផ្តល់ឲ្យអ្នកនូវការរកឃើញដ៏សំខាន់ ដែលអ្នកបានស្វែងរកអស់ជាច្រើនឆ្នាំ។
ប្រភេទ
ល្ងាច

បន្សល់ទុកកេរដំណែលខាងវិញ្ញាណ
ដោយNancy Gavilanes
May 12, 2024
១ធីម៉ូថេ ១:៣-៥
ដ្បិតខ្ញុំនឹកចាំពីសេចក្តីជំនឿស្មោះត្រង់ ដែលនៅក្នុងអ្នក សេចក្តីជំនឿនោះបាននៅក្នុងយាយឡូអ៊ីស ជាជីដូនរបស់អ្នកជាមុនដំបូង រួចក៏នៅក្នុងអ្នកអ៊ើនីស ជាម្តាយអ្នកដែរ។ ២ធីម៉ូថេ ១:៥
កាលខ្ញុំ និងបងស្រីខ្ញុំ ស្ថិតក្នុងវ័យជំទង់ យើងមិនយល់អំពីមូលហេតុដែលម្តាយរបស់យើង បានសម្រេចចិត្តទទួលជឿព្រះយេស៊ូវ ជាព្រះអង្គសង្គ្រោះទេ តែយើងមិនអាចបដិសេធន៍ការផ្លាស់ប្រែ ដែលយើងបានមើលឃើញក្នុងជីវិតគាត់បានឡើយ។ គាត់មានសន្តិភាព និងក្តីអំណរច្រើនជាងមុន ហើយក៏បានចាប់ផ្តើមបម្រើព្រះ ដោយចិត្តស្មោះត្រង់ក្នុងព្រះវិហារ។ គាត់មានចិត្តស្រេកឃ្លានចង់រៀនព្រះគម្ពីរប៊ីបណាស់ បានជាគាត់ទៅរៀននៅសាលាព្រះគម្ពីររហូតដល់បញ្ចប់ការសិក្សា។ រយៈពេល១ឆ្នាំ បន្ទាប់ពីម្តាយខ្ញុំបានសម្រេចចិត្តទទួលជឿព្រះ បងស្រីខ្ញុំក៏បានទទួលជឿព្រះគ្រីស្ទ ហើយចាប់ផ្តើមធ្វើការបម្រើព្រះអង្គ។ ហើយពីរបីឆ្នាំក្រោយមក ខ្ញុំក៏បានទទួលជឿព្រះយេស៊ូវ និងចាប់ផ្តើមបម្រើព្រះអង្គផងដែរ។ ជាច្រើនឆ្នាំក្រោយមក ឪពុកខ្ញុំក៏បានទទួលជឿព្រះអង្គ។ ការសម្រេចចិត្តរបស់ម្តាយខ្ញុំ ក្នុងការទទួលជឿព្រះគ្រីស្ទ បានជះឥទ្ធិពលនៃជីវិតផ្លាស់ប្រែ ដែលបានបណ្តាលចិត្តក្រុមគ្រួសារ និងសាច់ញាតិរបស់យើងឲ្យទទួលជឿព្រះយេស៊ូវជាបន្តបន្ទាប់។
កាលសាវ័កប៉ុលសរសេរសំបុត្រចុងក្រោយរបស់គាត់ ផ្ញើទៅលោកធីម៉ូថេ ហើយបានលើកទឹកចិត្តគាត់ ឲ្យស៊ូទ្រាំក្នុងជំនឿ លើព្រះយេស៊ូវ គាត់បានធ្វើការកត់សំគាល់ អំពីមរតកនៃសេចក្តីជំនឿរបស់គាត់ បានជាគាត់មានប្រសាសន៍ថា “ដ្បិតខ្ញុំនឹកចាំពីសេចក្តីជំនឿស្មោះត្រង់ ដែលនៅក្នុងអ្នក សេចក្តីជំនឿនោះបាននៅក្នុងយាយឡូអ៊ីស ជាជីដូនរបស់អ្នកជាមុនដំបូង រួចក៏នៅក្នុងអ្នកអ៊ើនីស ជាម្តាយអ្នកដែរ ហើយខ្ញុំជឿជាក់ថា ក៏នៅក្នុងអ្នកផង”(២ធីម៉ូថេ ១:៥)។
ការសម្រេចចិត្តរបស់ស្រ្តីដែលជាម្តាយ និងជីដូនជាច្រើន ក្នុងការទទួលជឿព្រះយេស៊ូវ អាចមានឥទ្ធិពលមកលើមនុស្សជាច្រើនជំនាន់។ ការដែលម្តាយ និងជីដូនរបស់លោកធីម៉ូថេបានជួយថែបំប៉នជំនឿរបស់គាត់ ដើម្បីឲ្យគាត់អាចក្លាយជាមនុស្សដែលព្រះទ្រង់បានត្រាស់ហៅគាត់ឲ្យក្លាយទៅជា។
ក្នុងទិវាអ្នកម្តាយ និងនៅថ្ងៃដែលមានជាបន្តបន្ទាប់ទៀត ចូរយើងផ្តល់កិត្តិយសដល់ម្តាយទាំងឡាយ ដែលបានធ្វើការសម្រេចចិត្តដើរតាមព្រះយេស៊ូវ។
ចូរយើងបន្សល់ទុកនូវកេរដំណែលខាងវិញ្ញាណ សម្រាប់មនុស្សជាទីស្រឡាញ់របស់យើងផងដែរ។—Nancy Gavilanes
តើមានស្រ្តីណាខ្លះកោតខ្លាចព្រះ ដែលអ្នកអាចផ្តល់កិត្តិយសនៅថ្ងៃនេះ? តើមានកេរដំណែលខាងវិញ្ញាណអ្វីខ្លះ ដែលអ្នកចង់បន្សល់ទុកសម្រាប់អ្នកដទៃ?
ឱព្រះវរបិតា ទូលបង្គំសូមអរព្រះគុណព្រះអង្គ សម្រាប់ការប្រទានម្តាយដែលកោតខ្លាចព្រះ។
សូមព្រះអង្គជួយទូលបង្គំឲ្យបន្សល់ទុកនូវកេរដំណែលខាងវិញ្ញាណដល់អ្នកដទៃ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ: ២ពង្សាវតាក្សត្រ ១៥-១៦ និង យ៉ូហាន ៣:១-១៨