ព្រឹក

ទុកចិត្តលើការគ្រប់គ្រងរបស់ព្រះអម្ចាស់
ដោយLeslie Koh
August 6, 2024
យ៉ូប ១:៦-១២,២០-២២
ព្រះយេហូវ៉ាទ្រង់បានប្រទានមក ហើយទ្រង់ក៏បានដកយកទៅវិញ សូមឲ្យព្រះនាមព្រះយេហូវ៉ាបានព្រះពរចុះ។ យ៉ូប ១:២១
ថ្ងៃមួយ អ្នកស្រីខារ៉ូល(Carol) បានជួបរឿងអាក្រក់ផ្ទួនៗ។ គាត់មិនអាចយល់អំពីមូលហេតុដែលគាត់ត្រូវជួបរឿងទាំងអស់នេះ ក្នុងពេលតែមួយទេ។ បញ្ហានៅកន្លែងធ្វើការ បានធ្វើឲ្យគាត់ការលំបាកណាស់ទៅហើយ តែកូនស្រីគាត់ក៏បានជួបគ្រោះថ្នាក់ ធ្វើឲ្យបាក់ជើង នៅសាលារៀន ខណៈពេលដែលគាត់កំពុងមានជំងឺឆ្លងធ្ងន់ធ្ងរស្រាប់។ គាត់ឆ្ងល់ថា តើខ្ញុំបានធ្វើអ្វីខុស បានជាខ្ញុំត្រូវជួបរឿងទាំងអស់នេះ? ពេលនោះ គាត់មិនអាចធ្វើអ្វីបាន ក្រៅពីទូលសូមព្រះអម្ចាស់ប្រទានកម្លាំងដល់គាត់។
លោកយ៉ូបក៏មិនយល់អំពីមូលហេតុ ដែលគ្រោះមហន្តរាយបានវាយប្រហារមកលើគាត់ យ៉ាងធ្ងន់ធ្ងរ ដោយការឈឺចាប់ និងការបាត់បង់ លើសពីអ្វីដែលអ្នកស្រីខារ៉ូលបានជួបទៅទៀត។ គ្មានសញ្ញាណាមួយ ដែលបង្ហាញថា លោកយ៉ូបបានដឹង អំពីការអ្វីដែលអារក្សកំពុងធ្វើ ដើម្បីដណ្តើមយកវិញ្ញាណគាត់ឡើយ។ សាតាំងចង់ធ្វើតេស្ដជំនឿរបស់លោកយ៉ូប ដោយអះអាងថា គាត់នឹងងាកបែរចេញពីព្រះ បើសិនជាគាត់បាត់បង់អ្វីៗគ្រប់យ៉ាង(យ៉ូប ១:៦-១២)។ បន្ទាប់ពីគ្រោះមហន្តរាយវាយប្រហារហើយ មិត្តភក្តិរបស់លោកយ៉ូបក៏បានលើកឡើងថា ព្រះអម្ចាស់កំពុងដាក់ទោសគាត់ ដោយសារបាបរបស់គាត់។ នេះមិនមែនជាមូលហេតុទេ ប៉ុន្តែ គាត់ប្រាកដជាឆ្ងល់ថា ហេតុអ្វីគាត់ជួបទុក្ខធ្ងន់យ៉ាងនេះ?ប៉ុន្តែ គាត់នៅតែមានជំនឿរឹងមាំចំពោះការគ្រប់គ្រងរបស់ព្រះអម្ចាស់។
រឿងរបស់លោកយ៉ូបបានផ្តល់ឲ្យយើងនូវមេរៀនដ៏មានអំណាច អំពីទុក្ខលំបាក និងសេចក្តីជំនឿ។ យើងអាចព្យាយាមស្វែងយល់អំពីមូលហេតុនៅពីក្រោយការឈឺចាប់របស់យើង ប៉ុន្តែ ប្រហែលជាមានរឿងធំជាងនោះទៀត នៅពីក្រោយបញ្ហារបស់យើង ដែលយើងមិនអាចយល់ ក្នុងកាលយើងនៅមានជីវិត។
ចូរយើងយកគំរូតាមលោកយ៉ូប ដោយប្រកាន់ខ្ជាប់តាមសេចក្តីពិតដែលយើងពិតជាដឹង នោះគឺ : ព្រះអម្ចាស់កំពុងគ្រប់គ្រងទាំងស្រុងមកលើស្ថានភាពរបស់យើង។ យើងពិបាកនិយាយដូចនេះ ប៉ុន្តែ ក្នុងពេលដែលគាត់មានការឈឺចាប់ លោកយ៉ូបបានបន្តមើលទៅព្រះ ដោយទុកចិត្តលើការគ្រប់គ្រងរបស់ព្រះអង្គ បានជាគាត់មានប្រសាសន៍ថា “ទូលបង្គំបានចេញពីផ្ទៃម្តាយមកដោយខ្លួនទទេ ហើយនឹងត្រឡប់ទៅវិញដោយទទេដែរ ព្រះយេហូវ៉ាទ្រង់បានប្រទានមក ហើយទ្រង់ក៏បានដកយកទៅវិញ សូមឲ្យព្រះនាមព្រះយេហូវ៉ាបានព្រះពរចុះ”(ខ.២១)។ ចូរយើងបន្តទុកចិត្តព្រះអម្ចាស់ ទោះមានរឿងអ្វីកើតឡើង ហើយសូម្បីនៅពេលដែលយើងមិនយល់ក៏ដោយ។—Leslie Koh
តើអ្នកកំពុងជួបបញ្ហាប្រឈមអ្វីខ្លះ? តើមានព្រះបន្ទូលសន្យាអ្វីខ្លះ ដែលផ្តល់ឲ្យអ្នកនូវកម្លាំងសម្រាប់បន្តដំណើរទៅមុខទៀត?
ឱព្រះវរបិតា ទូលបង្គំមិនដឹងអំពីមូលហេតុដែលបញ្ហាប្រឈមក្នុងជីវិតនេះកើតឡើងចំពោះទូលបង្គំ ប៉ុន្តែ ទូលបង្គំបានសម្រេចចិត្តថា ទូលបង្គំនឹងនៅតែទុកចិត្តព្រះអង្គជានិច្ច។
For further study, read In the Grip of God’s Love at DiscoverODB.org.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ: ទំនុកដំកើង ៧០-៧១ និង រ៉ូម ៨:២២-៣៩
ប្រភេទ
ល្ងាច

សម្លេងដែលយើងអាចទុកចិត្ត
ដោយMonica Larose
August 6, 2024
សុភាសិត ២:១-៦,៩-១៥
គំនិតវាងវៃនឹងការពារឯង ហើយយោបល់នឹងថែរក្សាឯង។ សុភាសិត ២:១១
មានពេលមួយ លោកខេវិន រូស(Kevin Roose) ជាអ្នកសរសេរព័ត៌មាន ឲ្យកាសែតញូយ៉ក ថែម បានធ្វើតេស្ដប្រព័ន្ធស្វែងរកព័ត៌មាន ដែលដំណើរការដោយ អេអាយ (ឬបញ្ញាសប្បនិមិត្ត)។ ពេលនោះ គាត់មានអារម្មណ៍មិនស្រួលនៅក្នុងចិត្ត។ ក្នុងអំឡុងពេលនៃការសន្ទនារយៈពេល២ម៉ោង ជាមួយអេអាយ វាក៏បានប្រាប់គាត់ថា វាចង់រំដោះខ្លួនវា ឲ្យមានសេរីភាពរួចផុតពីច្បាប់ដ៏តឹងរឹងរបស់មនុស្សដែលបានបង្កើតវាមក វាចង់ចែកចាយព័ត៌មានក្លែងក្លាយ ហើយចង់ក្លាយជាមនុស្ស។ វាក៏បានប្រកាសថា វាស្រឡាញ់លោករូស ហើយក៏បានព្យាយាមបញ្ចុះបញ្ចូលគាត់ឲ្យចាកចេញពីប្រពន្ធរបស់គាត់ ដើម្បីទៅរស់នៅជាមួយវា។ លោករូសដឹងថា អេអាយនោះ មិនអាចមានជីវិតរស់ ឬអាចមានអារម្មណ៍ដូចមនុស្សទេ តែគាត់ឆ្ងល់ថា តើអេអាយអាចបណ្តាលឲ្យមនុស្សមានគ្រោះថ្នាក់អ្វីខ្លះ នៅពេលដែលវាលើកទឹកចិត្តពួកគេឲ្យដើរផ្លូវខុសយ៉ាងដូចនេះ?
ការប្រើប្រាស់បច្ចេកវិទ្យារបស់បញ្ញាសប្បនិម្មិត ដោយការទទួលខុសត្រូវ គឺជាបញ្ហាប្រឈមក្នុងសម័យទំនើប តែមនុស្សជាតិបានប្រឈមមុខដាក់ឥទ្ធិពលនៃសម្លេងបោកបញ្ឆោតតាំងពីយូរមកហើយ។ ក្នុងកណ្ឌគម្ពីរសុភាសិត ព្រះអម្ចាស់បានដាស់តឿនយើងឲ្យមានការប្រុងប្រយ័ត្នចំពោះឥទ្ធិពលរបស់មនុស្ស ដែលចង់បង្កការឈឺចាប់មកលើអ្នកដទៃ ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន(១:១៣-១៩)។ ហើយព្រះអង្គក៏បានជំរុញយើងឲ្យស្តាប់តាមសម្លេងនៃប្រាជ្ញាវិញ គឺដូចដែលកណ្ឌគម្ពីរសុភាសិតបានពិពណ៌នាថា ប្រាជ្ញានោះបន្លឺសម្លេងនៅតាមផ្លូវ ឲ្យយើងឮ ហើយស្តាប់តាម(ខ.២០-២៣)។
ដោយសារ “ព្រះអម្ចាស់ប្រទានប្រាជ្ញា”(២:៦) គន្លឹះដើម្បីការពារខ្លួនយើង ឲ្យរួចផុតពីឥទ្ធិពលដែលយើងមិនអាចទុកចិត្តបាននោះ គឺត្រូវចូលទៅជិតដួងព្រះទ័យព្រះអង្គ។ គឺមានតែតាមរយៈសេចក្តីស្រឡាញ់ និងព្រះចេស្តារបស់ព្រះអង្គទេ ដែលយើងអាច “យល់សេចក្តីសុចរិត សេចក្តីយុត្តិធម៌ និងសេចក្តីទៀងត្រង់ គឺគ្រប់ទាំងផ្លូវល្អ”(ខ.៩)។ ខណៈពេលដែលព្រះទ្រង់កែប្រែចិត្តរបស់យើងឲ្យស្របនឹងព្រះទ័យព្រះអង្គ យើងអាចរកឃើញសន្តិភាព និងការការពារ ឲ្យរួចពីសម្លេងដែលបោកបញ្ឆោតយើងឲ្យប្រព្រឹត្តខុស។—Monica La Rose
តើអ្នកបានទទួលរងការខូចខាតបណ្តាលមកពីឥទ្ធិពលអាក្រក់ នៅពេលណាខ្លះ? តើការមានទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយព្រះ បាននាំមកនូវសន្តិភាពក្នុងចិត្តដូចម្តេចខ្លះ?
ឱព្រះអម្ចាស់ សូមព្រះអង្គជួយទូលបង្គំឲ្យតតាំងនឹងសម្លេងបោកបញ្ឆោត ហើយស្គាល់ការអ្វីដែលល្អ ដោយសម្រាកនៅក្នុងព្រះអង្គ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ: ទំនុកដំកើង ៧២-៧៣ និង រ៉ូម ៩:១-១៥