
ការបង្រៀនដ៏រំភើបរីករាយ
ដោយTom Felten
September 25, 2024
សុភាសិត ៣:១-១២
កូនអើយ កុំឲ្យភ្លេចឱវាទអញឡើយ គួរឲ្យចិត្តឯងកាន់តាមបណ្តាំរបស់អញទាំងប៉ុន្មាន។ សុភាសិត ៣:១
អ្នកស្រីសូហ្វៀ រ៉ូបឺត(Sophia Roberts) បានមើលឃើញការវះកាត់បេះដូង ដោយផ្ទាល់ភ្នែក ជាលើកដំបូង កាលគាត់មានអាយុប្រហែល១១ឆ្នាំ។ អ្នកប្រហែលជាគិតថា គាត់នៅក្មេងពេក មិនគួរឈរមើលពេទ្យវះកាត់បេះដូងឲ្យអ្នកជំងឺដូចនេះទេ តែអ្នកចាំបាច់ត្រូវដឹងថា វេជ្ជបណ្ឌិត ហារ៉ូល រ៉ូបឺត(Harold Roberts Jr) ជាឪពុករបស់នាង និងជាពេទ្យវះកាត់បេះដូង។ កាលពីឆ្នាំ២០២២ សូហ្វៀ ក្នុងវ័យ៣០ឆ្នាំ ក្នុងនាមនាងជាគ្រូពេទ្យឯកទេសខាងវះកាត់ នាងបានចូលរួមជាមួយឪពុករបស់នាង ក្នុងការវះកាត់ផ្លាស់ប្តូរប្រឺសបេះដូងយ៉ាងជោគជ័យ។ លោកហារ៉ូល ក៏បានមានប្រសាសន៍ថា “តើមានអ្វីល្អជាងនេះទៀត? ខ្ញុំបានបង្រៀនក្មេងម្នាក់នេះ ឲ្យចេះជិះកង់កាលនាងនៅតូច ... សព្វថ្ងៃនេះ ខ្ញុំក៏បានបង្រៀននាង ឲ្យចេះវះកាត់បេះដូងមនុស្សទៀត ខ្ញុំពិតជាមានចិត្តរំភើបរីករាយណាស់”។
មិនមានមនុស្សច្រើនទេ ដែលបានបង្រៀនជំនាញវះកាត់ ដល់ក្មេងៗ ប៉ុន្តែ ស្តេចសាឡូម៉ូនក៏បានពិពណ៌នា អំពីសារៈសំខាន់នៃការបង្រៀនការអ្វីផ្សេងទៀត ដល់មនុស្សជំនាន់ក្រោយផងដែរ គឺបង្រៀនពួកគេឲ្យថ្វាយព្រះកិត្តិនាមដល់ព្រះ និងដើរតាមផ្លូវរបស់ព្រះអង្គ។ ក្សត្រប្រកបដោយប្រាជ្ញាមួយអង្គនេះ បានចែកចាយដោយចិត្តឆេះឆួល ដល់បុត្ររបស់ព្រះអង្គ អំពីអ្វីដែលទ្រង់បានរៀនសូត្រ ក្នុងទំនាក់ទំនងជាមួយព្រះអម្ចាស់ គឺដូចដែលទ្រង់មានបន្ទូលថា “កូនអើយ ... ចូរទីពឹងដល់ព្រះយេហូវ៉ាឲ្យអស់អំពីចិត្ត កុំឲ្យពឹងផ្អែកលើយោបល់របស់ខ្លួនឡើយ”(សុភាសិត ៣:១,៥) “ចូរកោតខ្លាចដល់ព្រះយេហូវ៉ា”(ខ.៧) “ចូរថ្វាយកិត្តិនាម ដល់ព្រះយេហូវ៉ា”(ខ.៩) ហើយ “កុំឲ្យមើលងាយសេចក្តីប្រៀនរបស់ព្រះយេហូវ៉ាឡើយ”(ខ.១១)។ ស្តេចសាឡូម៉ូនស្គាល់ “សេចក្តីស្រឡាញ់”របស់ព្រះអម្ចាស់ ហើយក៏ “អរសប្បាយ” ចំពោះបុត្ររបស់ទ្រង់ ដែលមានចិត្តចង់ទទួលការកែតម្រង់ និងការណែនាំរបស់ព្រះអង្គ(ខ.១២)។
ចូរយើងបង្រៀនមនុស្សជំនាន់ក្រោយ អំពីអត្ថន័យនៃការទុកចិត្ត ការកោតខ្លាច ការថ្វាយព្រះកិត្តិនាម ហើយបន្ទាបខ្លួនទទួលការកែតម្រង់ពីព្រះដ៏គួរស្ញែងខ្លាចនៃយើង។ ការធ្វើការជាដៃគូជាមួយព្រះអង្គ ដើម្បីបង្រៀនមនុស្សជំនាន់ក្រោយយ៉ាងដូចនេះ គឺជាឯកសិទ្ធិដ៏សំខាន់ ដែលពិតជាគួរឲ្យរំភើបរីករាយ!—Tom Felten
ហេតុអ្វីអ្នកចាំបាច់ត្រូវ ចែកចាយការអ្វីដែលអ្នកបានរៀនសូត្រ អំពីព្រះ ដល់មនុស្សជំនាន់ក្រោយ? តើអ្នកនឹងផ្ទេរចំណេះដឹងអ្វីដល់មនុស្សជំនាន់ក្រោយ ក្នុងពេលសព្វថ្ងៃ?
ឱព្រះអម្ចាស់ សូមព្រះអង្គជួយទូលបង្គំ ឲ្យបង្រៀនមនុស្សជំនាន់ក្រោយ ក៏ដូចជាមនុស្សចាស់ ឲ្យស្គាល់ផ្លូវនៃសេចក្តីស្រឡាញ់របស់ព្រះអង្គ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ: បទចម្រៀងសាឡូម៉ូន ៦-៨ និង កាឡាទី ៤