ព្រឹក

ស្ទើរតែត្រឹមត្រូវ នៅតែជាការកុហក
ដោយJohn Blase
November 6, 2024
សុភាសិត ១២:១៧-២០
បបូរមាត់ដែលបញ្ចេញសេចក្តីពិត នោះនឹងបានតាំងជាប់នៅជានិច្ច តែអណ្តាតភូតភរ នោះនៅតែ១ភ្លែតទេ។ សុភាសិត ១២:១៩
គេបានផលិតវីដេអូឯកសារមួយស្តីអំពីដើមឈើក្រហម ដែលគេបានចាក់បញ្ចូលសារធាតុម្យ៉ាង ដែលស្រដៀងនឹងថ្នាំប៉ូវកម្លាំង ដើម្បីឲ្យដើមឈើទាំងនោះបន្តមានការលូតលាស់ នៅក្នុងរដូវរងា។ ដើមឈើដែលគេបានចាក់ថ្នាំនោះក៏បានងាប់ ដោយសារគេមិនបានឲ្យវាឆ្លងកាត់វដ្តនៃរដូវរងា តាមធម្មជាតិ ជាពេលដែលដើមឈើផ្អាកការលូតលាស់។ ការផលិតវីដេអូឯកសារនេះ មានបច្ចេកទេសនៃការថតល្អណាស់។ សម្លេងភ្លេងដែលគេបញ្ចូលក្នុងវីដេអូក៏ត្រូវនឹងសាច់រឿង ហើយធ្វើឲ្យអ្នកស្តាប់មានការជក់ចិត្ត។ មាតិកានៃវីដេអូនេះទៀតសោត ក៏គួរឲ្យចាប់អារម្មណ៍ និងធ្វើទស្សនិកជនប៉ះពាល់ចិត្តផងដែរ។
គោលបំណងនៃវីដេអូនេះ គឺដើម្បីបង្រៀនយើងថា រឿងដែលបានកើតឡើងចំពោះដើមឈើទាំងនោះ ក៏អាចកើតឡើងចំពោះយើងផងដែរ បើសិនជាយើងមានការរវល់ជាប់ជានិច្ច ដោយគ្មានពេលសម្រាកទេនោះ។ រឿងនេះអាចកើតឡើងចំពោះយើងមែន ប៉ុន្តែ វីដេអូនេះមានភាពមិនត្រឹមត្រូវជាច្រើន។ តាមពិត គេមិនបានដែលធ្វើការសិក្សាលើដើមឈើក្រហមពិតប្រាកដទេ។ ដើមឈើក្រហមជាប្រភេទដើមឈើដែលមានស្លឹកគ្រប់រដូវ មិនដែលផ្អាកការលូតលាស់នៅរដូវរងាឡើយ។ ហើយដើមឈើនៅក្នុងវីដេអូនោះ គឺជាប្រភេទដើមឈើផ្សេង មិនមែនជាដើមឈើក្រហមដែលដុះនៅតំបន់ឆ្នេរសមុទ្រនោះទេ។ វីដេអូនេះបង្កប់នូវការអប់រំដ៏ល្អមួយ ប៉ុន្តែ គេបានផលិតវាឡើង ផ្អែកទៅលើការកុហក។
យើងកំពុងរស់នៅក្នុងយុគសម័យមួយ ដែលដោយសារបច្ចេកវិទ្យាកាន់តែទំនើប មនុស្សកាន់តែមានភាពងាយស្រួលក្នុងការកុហក ដល់ថ្នាក់អាចបញ្ចុះបញ្ចូលយើងឲ្យជឿថា ការកុហកទាំងនោះគឺជាការពិត។ កណ្ឌគម្ពីរសុភាសិតមានការប្រមូលផ្តុំទៅដោយប្រាជ្ញាដែលគោរពប្រតិបត្តិព្រះ ហើយបានចែងជាញឹកញាប់ អំពីភាពខុសគ្នា រវាងសេចក្តីពិត និងការកុហក។ គឺដូចមានសេចក្តីចែងថា “បបូរមាត់ដែលបញ្ចេញសេចក្តីពិត នោះនឹងបានតាំងជាប់នៅជានិច្ច តែអណ្តាតភូតភរ នោះនៅតែ១ភ្លែតទេ”(១២:១៩)។ ហើយខគម្ពីរបន្ទាប់បានប្រាប់យើងថា “ការឆបោករមែងនៅក្នុងចិត្តនៃមនុស្សដែលគិតគូរបង្កើតការអាក្រក់ តែមានសេចក្តីអំណរសំរាប់មនុស្សដែលប្រឹក្សាឲ្យមានសេចក្តីសុខ”(ខ.២០)។
យើងត្រូវការភាពស្មោះត្រង់ នៅក្នុងកិច្ចការទាំងអស់ ដោយរាប់បញ្ចូលទាំងការប្រព្រឹត្តតាមព្រះរាជបញ្ជារបស់ព្រះ ក៏ដូចជាការផលិតវីដេអូអំពីការលូតលាស់របស់ដើមឈើ។ សេចក្តីពិត “ស្ថិតស្ថេរជាដរាប”។—John Blasé
ដើម្បីអ្នកឲ្យដឹងថា អ្វីដែលអ្នកឃើញ ស្តាប់ឮ និងបានដកពិសោធន៍ គឺជារឿងពិតឬអត់
តើអ្នកអាចចោទសួរប្រកបដោយប្រាជ្ញាដូចម្តេចខ្លះ? តើអ្នកនឹងបង្ហាញចេញនូវការប្តេជ្ញាចិត្តដូចម្តេចខ្លះ ចំពោះសេចក្តីពិត?
ឱព្រះអម្ចាស់ សូមព្រះអង្គជួយទូលបង្គំឲ្យមានការយល់ដឹងថា មានរឿងអ្វីខ្លះគឺជាការពិត
ហើយរឿងអ្វីខ្លះជាការកុហក ខណៈពេលដែលទូលបង្គំស្វែងរកការពិត ជារៀងរាលថ្ងៃ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ: យេរេមា ៣៧-៣៩ និង ហេព្រើរ ៣
ល្ងាច

លូកដៃចូលក្នុងរឿងអ្នកដទៃ
ដោយAlyson Kieda
November 6, 2024
ភីលីពីន ៤:១-៩
ខ្ញុំសូមទូន្មានដល់នាងអ៊ើរ៉ូឌា និងនាងស៊ុនទីចដែរ ឲ្យមូលគំនិតតែ១ក្នុងព្រះអម្ចាស់។ ភីលីពីន ៤:២
មានពេលមួយ ចៅរបស់ខ្ញុំ៤នាក់នាំគ្នាលេងរថភ្លើងផលិតពីប្លាស្ទិក សម្រាប់ក្មេងលេង ហើយចៅពីរនាក់ដែលក្មេងជាងគេ កំពុងប្រកែកគ្នា អំពីរឿងក្បាលរថភ្លើង។ នៅពេលដែលចៅប្រុសរបស់យើង មានអាយុ៨ឆ្នាំ ចាប់ផ្តើមជួយដោះស្រាយបញ្ហាជម្លោះរបស់ពួកគេ ប្អូនស្រីរបស់គាត់អាយុ៥ឆ្នាំក៏បានប្រាប់ កុំឲ្យខ្វល់អំពីរឿងរបស់ពួកគេ។ តាមធម្មតា នេះជាពាក្យសម្តីប្រកបដោយប្រាជ្ញា សម្រាប់យើងរាល់គ្នា។ ប៉ុន្តែ ពេលណាការប្រកែកគ្នាប្រែក្លាយជាការទួញយំ ជីដូនរបស់ពួកគេត្រូវចូលទៅឃាត់ ហើយលួងក្មេងដែលកំពុងឈ្លោះគ្នានោះ។
ការមិនលូកដៃចូលក្នុងរឿងអ្នកដទៃ ជាទង្វើដ៏ចាំបាច់ នៅពេលណាការលូកដៃនោះ អាចធ្វើឲ្យរឿងរបស់គេកាន់តែធ្ងន់ធ្ងរ។ ប៉ុន្តែ ជួនកាល យើងចាំបាច់ត្រូវចូលទៅជួយគេ ដោយអធិស្ឋានសូមការដឹកនាំពីព្រះអង្គ។ ក្នុងសំបុត្រដែលសាវ័កប៉ុលបានសរសេរផ្ញើទៅពួកជំនុំនៅទីក្រុងភីលីព គាត់បានផ្តល់ឲ្យយើងនូវឧទាហរណ៍មួយ ដើម្បីឲ្យយើងដឹងថា ពេលណាយើងត្រូវចូលជួយគេ។ ត្រង់ចំណុចនេះ គាត់បានជំរុញស្រ្តីពីរនាក់ គឺនាងអ៊ើរ៉ូឌា និងនាងស៊ុនទីច “ឲ្យមូលគំនិតតែ១ក្នុងព្រះអម្ចាស់”(៤:២)។ ជម្លោះរបស់អ្នកទាំងពីរប្រហែលជាមានភាពតានតឹងយ៉ាងខ្លាំង បានជាសាវ័កប៉ុលបានទទួលការជំរុញចិត្តឲ្យជួយផ្សះផ្សាពួកគេ(ខ.៣) ទោះគាត់កំពុងស្ថិតក្នុងមន្ទីរឃុំឃាំងក៏ដោយ(១:៧)។
សាវ័កប៉ុលបានដឹងថា ជម្លោះរបស់ស្រ្តីទាំងពីរកំពុងបណ្តាលឲ្យមានការបែកបាក់ក្នុងពួកជំនុំ ហើយនាំឲ្យគេបង្វែរអារម្មណ៍ចេញពីដំណឹងល្អ។ ហេតុនេះហើយគាត់ក៏បានចែកចាយសេចក្តីពិត ដោយចិត្តសុភាព ដោយរំឭកពួកគេថា ឈ្មោះរបស់ពួកគេ មានកត់ទុក “ក្នុងបញ្ជីជីវិត”(៤:៣)។ សាវ័កប៉ុលចង់ឲ្យស្រ្តីទាំងនេះ និងមនុស្សទាំងអស់ក្នុងពួកជំនុំ រស់នៅ ជារាស្រ្តរបស់ព្រះ ទាំងក្នុងគំនិត និងការប្រព្រឹត្តរបស់ពួកគេ(ខ.៤-៩)។
ពេលណាអ្នកមិនដឹងច្បាស់ថា អ្នកគួរតែចូលជួយដោះស្រាយបញ្ហាជម្លោះរបស់អ្នកដទៃឬអត់ ចូរអធិស្ឋាន ដោយទុកចិត្តថា ព្រះនៃសេចក្តីសុខសាន្ត ឬសន្តិភាពនឹងគង់នៅជាមួយអ្នក(ខ.៩ មើល ខ.៧)។—Alyson Kieda
នៅពេលថ្មីៗនេះ តើអ្នកបានចូលទៅក្នុងជម្លោះ ឬការមិនចុះសម្រុងគ្នារបស់អ្នកដទៃ នៅពេលណា
ហើយតើអ្នកបានទទួលលទ្ធផលដូចម្តេចខ្លះ? តើការស្វែងរកការដឹកនាំពីព្រះ មានសារៈសំខាន់យ៉ាងណាខ្លះ នៅក្នុងការជួយផ្សះផ្សាពួកគេ?
ឱព្រះអម្ចាស់ សូមព្រះអង្គប្រទានទូលបង្គំ នូវប្រាជ្ញា ដើម្បីឲ្យដឹងថា ទូលបង្គំត្រូវចូលទៅជួយអ្នកមានជម្លោះនៅពេលណា
ហើយសូមប្រទានទូលបង្គំនូវពាក្យសម្តី ដើម្បីនាំមកនូវការប្រោសឲ្យជា និងការរួបរួម។
For further study, read Part of the Problem: When I Realized My Words Matter at DiscoverySeries.org.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ: យេរេមា ៤០-៤២ និង ហេព្រើរ ៤