នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

ការ​ដើរ​ជាមួយ​ព្រះ

ការ​ដើរ​ជាមួយ​ព្រះ

ដោយMatt Lucas

January 14, 2025

លោកុប្បត្តិ ៥:២១-២៤

ហេណុក​គាត់​ជា​អ្នក​ដើរ​ជាមួយនឹង​ព្រះ​នោះ​គាត់​មិន​នៅ​ទៀត​ទេ ពីព្រោះ​ព្រះ​ទ្រង់​បាន​ទទួលយក​គាត់​ទៅ​។ លោកុប្បត្តិ ៥:២៤

អស់​រយៈ​ពេល​ច្រើន​ឆ្នាំ​មក​ហើយ ដែល​អ្នក​ជំនាញ​ផ្នែក​ហាត់​ប្រាណ បាន​និយាយ​សង្កត់​ធ្ងន់​អំពី​សារៈសំខាន់​នៃ​ការ​រត់​ហាត់​ប្រាណ ដើម្បី​ឲ្យ​បេះដូង​មាន​សុខ​ភាព​ល្អ​។ ប៉ុន្តែ ការ​សិក្សា​បែប​វិទ្យាសាស្ត្រ​បាន​បង្ហាញថា ការ​ដើរ​ហាត់​ប្រាណ​ប្រចាំ​ថ្ងៃ ក៏​មាន​អត្ថ​ប្រយោជន៍​ជា​ច្រើន ចំពោះ​សុខ​ភាព​ផង​ដែរ។ យោង​តាម​វិទ្យា​ស្ថាន​សុខ​ភាព​ជាតិ​អាមេរិក បាន​ឲ្យ​ដឹង​ថា “មនុស្ស​ពេញវ័យ​ដែល​ដើរ​បាន​៨​ពាន់​ជំហាន ឬ​ច្រើន​ជាង​នេះ​ទៀត ជា​រៀង​រាល់​ថ្ងៃ បាន​កាត់​បន្ថយ​ហានិភ័យ​ដែល​អាច​បណ្តាល​ឲ្យ​ស្លាប់ នៅ​ក្នុងរយៈ​ពេល១០ឆ្នាំ​ខាង​មុខ គឺ​កាត់​បន្ថយ​បាន​ច្រើន​ជាង​អ្នក​ដែល​ដើរ​បាន​តែ​៤​ពាន់​ជំហាន ក្នុង​មួយ​ថ្ងៃ”។ ដូច​នេះ ការ​ដើរ​ច្រើន មាន​អត្ថ​ប្រយោជន៍​ចំពោះ​យើង​ច្រើន​ណាស់​។

ព្រះ​គម្ពីរប៊ីប​បាន​ចែង​អំពី​ការ​ដើរ ក្នុង​រឿង​ជា​ច្រើន ក្នុង​ន័យ​ធៀប អំពី​ការ​ប្រកប​ទាក់ទង​ជាមួយ​ព្រះ​។ បទ​គម្ពីរ​លោកុប្បត្តិ ជំពូក៣ បាន​ចែងថា ព្រះអម្ចាស់​បាន​ដើរ​ជាមួយ​លោក​អ័ដាម និង​នាង​អេវ៉ា “ក្នុង​សួន​ច្បារ​នៅពេល​ថ្ងៃ​ល្ហើយ”(ខ.៨)។ បទ​គម្ពីរ​លោកុប្បត្តិ​ជំពូក៥ ក៏​បាន​ចែក​ចាយ​រឿង​របស់​លោក​ហេណុក ដែល​បាន “ដើរ​ជាមួយនឹង​ព្រះ​អស់៣០០ឆ្នាំ”(ខ.២២)។ ថ្ងៃ​មួយ នៅ​ក្នុង​ការ​ចំណាយ​ពេល​ជា​ទៀង​ទាត់​ជាមួយ​ព្រះអាទិករ​របស់​គាត់ ព្រះអង្គ​ក៏​បាន​ទទួលយក​គាត់​ទៅ​នៅ​ជាមួយ​ព្រះអង្គ(ខ.២៤)។ ក្នុង​បទ​គម្ពីរ​លោកុប្បត្តិ ជំពូក១៧ ព្រះអង្គ​បាន​ត្រាស់ហៅ​លោក​អាប់រ៉ាម​ឲ្យ “ដើរ​នៅមុខ” ព្រះអង្គ ខណៈ​ពេល​ដែល​ព្រះអង្គ​តាំង​សញ្ញា​ឡើង​វិញ​ជាមួយ​គាត់(ខ.‌១)។ ហើយ​នៅ​ចុង​បញ្ចប់​នៃ​ជីវិត​របស់​លោក​យ៉ាកុប គាត់​បាន​ពិពណ៌នា​ថា ព្រះអម្ចាស់​គឺជា​អ្នក​គង្វាល​របស់​គាត់ ហើយក៏​បាន​និយាយ​អំពី​បុព្វ​បុរស​របស់​គាត់ ដែល​បាន “ដើរ​ដោយ​ស្មោះ​ត្រង់” ជាមួយ​ព្រះអម្ចាស់(៤៨:‌១៥)។ ជាង​នេះ​ទៅ​ទៀត ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ថ្មី សាវ័ក​ប៉ុល​បាន​បង្រៀន​យើង ឲ្យ “ដើរ​ក្នុង​ព្រះ​វិញ្ញាណ”(កាឡាទី ៥:១៦)។

យើង​ក៏​អាច​ដើរ​ជាមួយ​ព្រះអង្គ​ជា​រៀង​រាល់​ថ្ងៃ ដូច​លោក​ហេណុក និង​បុព្វ​បុរស​នៃ​សេចក្តី​ជំនឿ ក្នុង​កណ្ឌ​គម្ពីរ​លោកុប្បត្តិ​ផង​ដែរ​។ យើង​អាច​ដើរ​ជាមួយ​ព្រះអង្គ ដោយ​ថ្វាយ​ជីវិត​យើង​ដល់​ព្រះយេស៊ូវ ហើយ​ដើរ​តាម​ការ​ដឹកនាំ​របស់​ព្រះ​វិញ្ញាណ​។ នេះ​ជា​ការ​ដើរ​ឆ្ពោះ​ទៅ​រក​សុខ​ភាព​ល្អ​ពិត​ប្រាកដ​។—Matt Lucas

តើ​អ្នក​បាន​ដើរ​ជាមួយ​ព្រះអម្ចាស់ ដូច​ម្តេច​ខ្លះ? នៅ​ថ្ងៃ​នេះ ខណៈ​ពេល​ដែល​អ្នក​ជញ្ជឹង​គិត អំពី​ព្រះ​គម្ពីរ តើ​អ្នក​នឹង​ដើរ​តាម ហើយ​ស្តាប់​បង្គាប់​តាម​ព្រះ​គម្ពីរ​ដូច​ម្តេច​ខ្លះ?

ឱ​ព្រះវរបិតា សូម​ព្រះ​អង្គ​អត់​ទោស​ឲ្យ​ទូល​បង្គំ ពេល​ណា​ទូល​បង្គំ​សម្រេច​ចិត្ត​ដើរ​ជាមួយ​ព្រះអង្គ ដើម្បី​សម្រេច​គោល​បំណង​ខ្លួនឯង​។
សូម​ព្រះ​អង្គ​ជួយ​ទូល​បង្គំ​ឲ្យ​បោះ​ជំហាន​ដើរ​ឲ្យ​បាន​ត្រឹម​ត្រូវ​ជាមួយ​ព្រះអង្គ​។

Visit ODBU.org/NT050 to learn more about walking by the Spirit.

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ: លោកុប្បត្តិ ៣៣-៣៥ និង ម៉ាថាយ ១០:១-២០

ល្ងាច

Devotional illustration

មាន​សេរី​ភាព​រួច​ផុត​ពី​ខ្លួនឯង

ដោយAlistair Begg

January 14, 2025

“លុះ​ទៅ​ដល់​កាពើណិម កាល​កំពុងតែ​នៅ​ក្នុង​ផ្ទះ នោះ​ទ្រង់​មាន​ព្រះបន្ទូល​សួរ​ពួក​សិស្ស​ថា តើ​រឿង​អ្វី​ដែល​អ្នក​រាល់​គ្នា​ជជែក​គ្នា​តាម​ផ្លូវ​មក​នោះ តែ​គេ​នៅតែ​ស្ងៀម ពីព្រោះ​តាម​ផ្លូវ គេ​បាន​ជជែក​គ្នា អំពី​អ្នកណា​ដែល​ធំជាង ទ្រង់​ក៏​គង់​ចុះ រួច​ហៅ​ពួក១២មក​មាន​ព្រះ​បន្ទូល​ថា បើ​អ្នកណា​ចង់​ធ្វើលេខ១ នោះ​ត្រូវ​ទៅជា​ចុង​បង្អស់​វិញ ហើយ​ត្រូវ​បំរើ​គេ​ទាំង​អស់​ដែរ”។ ម៉ាកុស ៩:៣៣-៣៥

ការ​ប្រជែង​គ្នា គឺជា​រឿង​ដែល​កើត​មាន​ជា​ធម្មតា ក្នុង​ការ​រស់នៅ​។ នៅ​ក្នុង​ក្រុម​កីឡា ការ​ប្រជែង​គ្នា​ជា​លក្ខណៈ​មិត្តភាព អាច​ជា​មធ្យោបាយ ដើម្បី​លើក​ទឹក​ចិត្ត​គ្នា​ទៅវិញ​ទៅមក ឬ​ជួយ​សមាជិក​ក្រុម ឲ្យ​កាន់តែ​មាន​ភាព​រហ័សរហួន ឬ​កាន់តែ​រឹងមាំ​។ ប៉ុន្តែ ពេលណា​ការ​ប្រជែង​គ្នា​ក្លាយ​ជា​ឱកាស ដើម្បី​ស្វែងរក​ប្រយោជន៍​ផ្ទាល់​ខ្លួន និង​ការ​ច្រណែន វា​បំផ្លាញ​ការ​រួបរួម​គ្នា​។

ក្នុង​ដំណើរ​ទៅ​ភូមិ​កាពើណិម ព្រះយេស៊ូវ​បាន​បង្រៀន​ពួក​សាវ័ក ដោយ​បន្ទូល​ថា “កូន​មនុស្ស​ត្រូវ​បញ្ជូន​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​មនុស្ស​លោក គេ​នឹង​សំឡាប់​លោក រួច​ដល់៣ថ្ងៃ​ក្រោយ​ដែលគេ​សំឡាប់ នោះ​លោក​នឹង​រស់​ឡើង​វិញ”(ម៉ាកុស ៩:៣១)។ ខណៈ​ពេល​ដែល​ព្រះ​យេស៊ូវ​យាង​នៅមុខ​ពួកគេ ព្រះ​អង្គ​ប្រហែល​ជា​បានឮ​ពួកគេ​ប្រកែក​គ្នា នៅ​ពី​ក្រោយ​ព្រះអង្គ​។ ការ​ជជែក​គ្នា​របស់​ពួកគេ មាន​ពេញ​ដោយការ​ប្រជែង​គ្នា ដោយ​ការ​ច្រណែន ព្រោះ​ម្នាក់ៗ​សុទ្ធតែ​ចង់​ធ្វើ​ជា​អ្នក​ធំជាង​គេ​។

នេះ​ជា​ប្រធានបទ​ដ៏​អាក្រក់ សម្រាប់​ការ​សន្ទនា ទោះ​ក្នុង​កាលៈទេសៈ​ណា​ក៏ដោយ តែ​ជា​ពិសេស ក្នុង​បរិបទ​នេះ​។ រឿង​នេះ​ពិត​ជា​ចម្លែក​ណាស់ ដែល​ពួកគេ​មាន​ចិត្ត​ងប់ងុល​នឹង​មុខ​តំណែង និង​ភាព​ខ្ពង់ខ្ពស់​របស់​ខ្លួន ខណៈ​ពេល​ដែល​ព្រះយេស៊ូវ​កំពុង​មាន​បន្ទូល​ទៅ​កាន់​ពួកគេ អំពី​ការ​រង​ទុក្ខ និង​ការ​សុគត​របស់​ព្រះអង្គ!

ព្រះយេស៊ូវ​បាន​សួរ​អំពី​ការ​សន្ទនា​របស់​ពួកគេ ដើម្បី​ឆ្លៀត​ឱកាស​បង្រៀន​ពួកគេ​។ ព្រះអង្គ​បាន​ប្រើ​ព្រះ​បន្ទូល​តែមួយ​ប្រយោគ ដើម្បី​ធ្វើ​ឲ្យ​គំនិត​របស់​មនុស្ស​អំពី​ភាព​ធំ​ឧត្តម មាន​ភាព​ក្រឡាប់​ចាក់​។ ភាព​ធំ​ប្រសើរ​ពិត​ប្រាកដ ក្នុង​នគរ​ព្រះអង្គ គឺ​អាស្រ័យ​ទៅលើ​ការ​ដាក់​ខ្លួន​ឲ្យ​នៅ​ក្រោយ​គេ និង​ធ្វើ​ជា​អ្នក​បម្រើ ដល់​មនុស្ស​ទាំង​អស់​។ ជា​ការ​ពិត​ណាស់ ព្រះ​ដែល​ជា​មហាក្សត្រ​នៃ​នគរ​ព្រះ​ ព្រះអង្គ​រស់នៅ​ដូច​នេះឯង ដ្បិត​ព្រះ​អង្គ​បាន​យាង​មក មិនមែន​ឲ្យ​គេ​បម្រើ តែ​ដើម្បី​បម្រើ​គេ​វិញ ហើយ​ដើម្បី​លះបង់​ព្រះ​ជន្ម លោះ​មនុស្ស​ជា​ច្រើន​ឲ្យ​រួច​ពី​បាប(ម៉ាកុស ១០:៤៥)។

បើ​យើង​គិត​អំពី​រឿង​នេះ ដោយ​ចិត្ត​ស្មោះ​ត្រង់ យើង​នឹង​ឃើញថា យើង​ក៏​នៅ​ក្នុង​ចំណោម​ពួក​សាវ័ក​ផង​ដែរ​។ យើង​ក៏​និយាយ​ដូច​ពួកគេ​ដែរ​។ យើង​ក៏​ចូល​ចិត្ត​ដណ្តើម​តំណែង​គ្នា មិន​ខុសពី​ពួកគេ​ទេ​។ ការ​ប្រជែង​គ្នា​ដោយ​ភាព​អាត្មា​និយម ច្រើនតែ​កើត​មាន ក្នុង​កន្លែង​ដែល​យើង​មិន​នឹក​ស្មាន​ដល់​។ តែ​ថ្នាំ​បន្សាប​សម្រាប់​បញ្ហា​នេះ គឺជា​ការ​បន្ទាប​ខ្លួន​។ លោក​ដេវីឌ វែល(David Wells) បាន​សរសេរ​ថា “យើង​រាល់​គ្នា​សុទ្ធតែ​ត្រូវ​ការ​ការ​បន្ទាប​ខ្លួន​ដូច​នេះ ដែល​ជា​សេរី​ភាព​រួច​ផុត​ពី​ភាព​អាត្មា​និយម និង​ជួយ​យើង ក្នុង​មុខ​តំណែង ដែល​យើង​គ្មាន​ការ​ទទួល​ស្គាល់​ពី​អ្នក​ដទៃ ឬ​គ្មាន​គេ​ឲ្យ​តម្លៃ គ្មាន​អំណាច ឬ​ការ​ចេញ​មុខ​មាត់ ហើយ​ថែម​ទាំង​ជួប​ការ​ខ្វះខាត តែ​នៅតែ​មាន​អំណរ និង​ភាព​សប្បាយ​រីករាយ ... វា​ជា​សេរី​ភាព ដែល​ទទួល​បាន​ពី​ការ​ដឹង​ថា យើង​មិន​ស្ថិត​នៅ​ក្នុង​ចំណុច​កណ្តាល​នៃ​ចក្រវាល ឬ​នៅ​ក្នុង​ចំណុច​កណ្តាល​នៃ​ចក្រវាល​របស់​ខ្លួន​យើង​ផ្ទាល់​ដែរ”។

នេះ​ជា​មេរៀន​ដែល​ពិបាក​រៀន​។ តែ​ទោះ​យើង​មាន​ការ​ប្រជែង​គ្នា ឬ​គ្មាន​ការ​បន្ទាប​ខ្លួន​ក៏ដោយ ក៏​ព្រះយេស៊ូវ​មិន​បោះបង់ចោល​យើង​ឡើយ។ យើង​ត្រូវ​ចាំ​ថា យើង​តែងតែ​ត្រូវ​ការ​ព្រះគុណ​ព្រះអង្គ ខណៈ​ពេល​ដែល​យើង​ដើរ​តាម​ផ្លូវ​នៃ​ភាពជា​សិស្ស​របស់​ព្រះអង្គ​។ មានតែ​ព្រះគុណ​ព្រះ​ទេ ដែល​អាច​ជួយ​អ្នក​ឲ្យ​ឈប់​ផ្តោត​លើ​ខ្លួនឯង ហើយ​រំដោះ​ខ្លួន​អ្នក​ឲ្យ​រួចពី​ភាព​អាត្មា​និយម​។ មានតែ​ការ​មើល​ព្រះ ដែល​បាន​លះចោល​សិរី​ល្អ​នៅ​ស្ថាន​សួគ៌ ដើម្បី​សុគត​ជំនួស​អ្នក នៅ​លើ​ឈើ​ឆ្កាង​ទេ ដែល​អាច​កែ​ប្រែ​ចិត្ត​អ្នក ដើម្បី​ឲ្យ​អ្នក​ស្វែងរក​ឱកាស​បម្រើ​គេ គឺ​មិនមែន​ឲ្យ​គេ​បម្រើ ហើយ​គិត​ប្រយោជន៍​អ្នក​ដទៃ ច្រើន​ជាង​គិត​ពីមុខ​មាត់​ខ្លួនឯង​។ ព្រះយេស៊ូវ​កំពុង​ត្រាស់ហៅ​អ្នក​ឲ្យ​បម្រើ ខណៈ​ពេល​ដែល​ព្រះអង្គ​កំពុង​បម្រើ​អ្នក​ស្រាប់។

រ៉ូម ១២:៣-១៣

លោកុប្បត្តិ ៣៦-៣៨ និង រ៉ូម ១២:២៣

ប្រភេទ