ព្រឹក

សេចក្តីស្រឡាញ់របស់ព្រះវរបិតា(សៀវភៅនំម៉ាណាប្រចាំថ្ងៃ)
ដោយAlyson Kieda
February 1, 2025
១យ៉ូហាន ៣:១-៣,១៦-២៤
មើល សេចក្តីស្រឡាញ់យ៉ាងណាហ្ន៍ ដែលព្រះវរបិតាបានផ្តល់មកយើងរាល់គ្នា ឲ្យយើងបានហៅថាជាកូនរបស់ព្រះដូច្នេះ។ ១យ៉ូហាន ៣:១
មានពេលមួយ គីម(Kim) បានអង្គុយនៅក្បែរមាត់បង្អួច ដោយមានកាបូបស្ពាយដែលបានរៀបចំរួចជាស្រេច ដោយការរង់ចាំយ៉ាងអន្ទះសា ចំពោះការមកដល់របស់ឪពុកនាង។ ប៉ុន្តែ នៅពេលដែលថ្ងៃបានប្រែជាយប់ ភាពរំភើបរីករាយក៏បានរលាយបាត់។ ពេលនោះ នាងក៏បានដឹងថា ឪពុកនាងមិនបានមកទេ គឺមិនខុសពីពេលមុនឡើយ។
ឪពុកម្តាយរបស់គីមបានលែងលះគ្នា ហើយនាងចង់ចំណាយពេលជាមួយឪពុករបស់នាងឲ្យបានច្រើន។ វាមិនមែនជាលើកទីមួយទេ ដែលនាងគិតថា នាងមិនសូវសំខាន់ចំពោះឪពុករបស់នាង ហើយគាត់ប្រាកដជាមិនស្រឡាញ់នាងទេ។
ក្រោយមក គីមក៏បានដឹងថា ទោះឪពុកម្តាយរបស់យើងដែលនៅផែនដី និងអ្នកផ្សេងទៀត ធ្វើឲ្យយើងខកចិត្តយ៉ាងណាក៏ដោយ ក៏យើងមានព្រះវរបិតាដែលគង់នៅស្ថានសួគ៌ ដែលស្រឡាញ់យើង ហើយមិនធ្វើឲ្យយើងខកចិត្តឡើយ។ យើងរាល់គ្នាដែលជាគ្រីស្ទបរិស័ទក៏អាចទទួលស្គាល់ការពិតនេះដែរ។
សាវ័កយ៉ូហាន គឺជាអ្នកនិពន្ធកណ្ឌគម្ពីរដំណឹងល្អយ៉ូហាន កណ្ឌគម្ពីរសំបុត្រយ៉ូហានទាំង៣ និងកណ្ឌគម្ពីរវិវរណៈ។ គាត់បានយល់អំពីជម្រៅនៃសេចក្តីស្រឡាញ់របស់ព្រះ។ តាមពិត គាត់បានពិពណ៌នាអំពីខ្លួនឯងថា គាត់ជា “សិស្ស១នោះ ដែលព្រះយេស៊ូវទ្រង់ស្រឡាញ់”(យ៉ូហាន ២១:២០) ដោយគាត់បានទទួលស្គាល់ថា គាត់ជាមនុស្សម្នាក់ដែលជីវិតបានផ្លាស់ប្រែ ដោយសារសេចក្តីស្រឡាញ់ដែលព្រះគ្រីស្ទមានចំពោះគាត់។ គឺដូចដែលគាត់បានពិពណ៌នាថា “មើល សេចក្តីស្រឡាញ់យ៉ាងណាហ្ន៍ ដែលព្រះវរបិតាបានផ្តល់មកយើងរាល់គ្នា ឲ្យយើងបានហៅថាជាកូនរបស់ព្រះដូច្នេះ”(១យ៉ូហាន ៣:១)។
ព្រះទ្រង់ស្រឡាញ់យើងខ្លាំងណាស់ បានជាព្រះអង្គបានប្រទានព្រះរាជបុត្រារបស់ព្រះអង្គ គឺព្រះយេស៊ូវ ដែលបានលះបង់ព្រះជន្ម ដើម្បីយើងរាល់គ្នា(ខ.១៦ យ៉ូហាន ៣:១៦)។ យើងអាចចូលទៅចំពោះព្រះអង្គ ដោយការអធិស្ឋាន នៅពេលណាក៏បាន ហើយព្រះអង្គបានសន្យាថា ព្រះអង្គនឹងមិនចាកចេញពីយើង ឬបោះបង់យើងចោលឡើយ(ហេព្រើរ ១៣:៥)។ យើងអាចទុកចិត្តទាំងស្រុងមកលើសេចក្តីស្រឡាញ់ និងព្រះវត្តមានរបស់ព្រះអង្គ ដែលមិនចេះប្រែប្រួល។—Alyson Kieda
តើមាននរណាម្នាក់បានធ្វើឲ្យអ្នកខកចិត្ត នៅពេលណា? តើអ្នកបានរកឃើញការកម្សាន្តចិត្តដូចម្តេចខ្លះ ក្នុងព្រះវរបិតារបស់អ្នក ដែលគង់នៅស្ថានសួគ៌?
ឱព្រះវរបិតា ដែលគង់នៅស្ថានសួគ៌ ទូលបង្គំសូមអរព្រះគុណព្រះអង្គ សម្រាប់សេចក្តីស្រឡាញ់ដ៏អស្ចារ្យដែលព្រះអង្គបានប្រទានទូលបង្គំ។
ទូលបង្គំអាចទុកចិត្តលើព្រះបន្ទូលរបស់ព្រះអង្គ ដែលបានសន្យាថា នឹងមិនបោះបង់ចោលទូលបង្គំឡើយ។
For further study, read In the Grip of God’s Love at DiscoverODB.org.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : និក្ខមនំ ២៧-២៨ និង ម៉ាថាយ ២១:១-២២
ល្ងាច

ថ្វាយបង្គំព្រះអង្គដោយអំណរ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
February 1, 2025
«ត្រូវឲ្យដឹងថា ព្រះយេហូវ៉ាទ្រង់ជាព្រះ គឺទ្រង់ដែលបានបង្កើតយើងខ្ញុំ យើងខ្ញុំជារបស់ផងទ្រង់ យើងខ្ញុំជារាស្ត្ររបស់ទ្រង់ ហើយជាហ្វូងចៀម នៅទីគង្វាលរបស់ទ្រង់» (ទំនុកតម្កើង ១០០:៣)។
មានការពិពណ៌នាថា កណ្ឌគម្ពីរទំនុកតម្កើងគឺហិបដាក់ថ្នាំ សម្រាប់វិញ្ញាណរបស់យើង។ នៅក្នុងកណ្ឌគម្ពីរទំនុកតម្កើង យើងអាចរកឃើញទំនួញ សម្រាប់អ្នកដែលជួបទុក្ខវេទនា ការស្រែករកព្រះ ក្នុងពេលដ៏ពិបាក និងការថ្វាយការសរសើរតម្កើង និងការអរព្រះគុណ។ ទោះអ្នកមានជំងឺអ្វីក៏ដោយនៅក្នុងចិត្ត អ្នកអាចរកថ្នាំព្យាបាល ក្នុងបទគម្ពីរទំនុកតម្កើង។
នៅក្នុងបទគម្ពីរទំនុកតម្កើង មានសេចក្តីពិតជាមូលដ្ឋានគ្រឹះ ដែលបានចែងថា ព្រះអម្ចាស់ជាព្រះ ហើយយើងជាកម្មសិទ្ធិរបស់ព្រះអង្គ។ ការរស់នៅរបស់យើងជារាស្ត្ររបស់ព្រះអង្គ គឺបានបង្ហាញឲ្យយើងដឹងថា ព្រះអង្គជានរណា។ កាលពីមុនយើងមិនមែនជារាស្ត្ររបស់ព្រះអង្គ តែឥឡូវនេះ យើងជារាស្ត្រព្រះអង្គហើយ។ កាលពីមុន យើងមិនបានទទួលសេចក្តីមេត្តា តែឥឡូវយើងទទួលសេចក្តីមេត្តាជារៀងរាល់ថ្ងៃ (១ពេត្រុស ២:១០)។
និយាយឲ្យខ្លី យើងមិនមែនជាកម្មសិទ្ធិរបស់ខ្លួនឯងទេ។ យើងមិនដែលបានធ្វើជាកម្មសិទ្ធិខ្លួនឯងទេ។ យើងជាជីវិត ដែលព្រះអាទិករដ៏មានចេស្ដាបានបង្កើតឲ្យដូចរូបអង្គទ្រង់។ ព្រះអង្គជាជាងស្មូន ដែលបានរចនាយើងមក ហើយ «យើងជាកម្មសិទ្ធិរបស់ព្រះអង្គ»។ ជាងនេះទៅទៀត យើងជាមនុស្សមានបាប ដែលព្រះអង្គសង្គ្រោះមានសេចក្តីស្រឡាញ់ បានបង់ថ្លៃលោះឲ្យរួចពីបាប (១កូរិនថូស ៦:២០)។ ព្រះអង្គជាអ្នកគង្វាល ដែលបានលះបង់ព្រះជន្មដើម្បីយើង និងកំពុងតែថែរក្សាយើង (យ៉ូហាន ១០:១១-១៥)។ ព្រះអង្គបានបង់ថ្លៃទិញយើងពីរដង គឺនៅក្នុងការបង្កើត និងនៅក្នុងការប្រោសលោះ។ យើងជាកម្មសិទ្ធិរបស់ព្រះអង្គ។
ដូចនេះ អ្វីក៏ដោយដែលជាកម្មសិទ្ធិរបស់យើង ក្នុងព្រះអម្ចាស់យេស៊ូវគ្រីស្ទ គឺមិនមែនជាហេតុផលដែលយើងត្រូវអួតខ្លួន តែដើម្បីសរសើរតម្កើងព្រះអង្គ។ ការដឹងថា ព្រះអម្ចាស់ជាព្រះ ហើយយើងជាកម្មសិទ្ធិរបស់ព្រះអង្គ នឹងបណ្ដាលចិត្តយើងឲ្យសរសើរ និងអរព្រះគុណព្រះអង្គ (ទំនុកតម្កើង ១០០:៣)។
ការសរសើរតម្កើងគឺជាការទទួលស្គាល់ចេញពីក្នុងចិត្តចំពោះអ្វីដែលមានតម្លៃ។ តាមធម្មតា មនុស្សសរសើរអ្វីក៏ដោយ ដែលពួកគេបានឲ្យតម្លៃ។ ព្រះទ្រង់ជាអ្នកបង្កើត និងប្រោសលោះយើង ហេតុនេះហើយព្រះអង្គសក្តិសមនឹងទទួលការសរសើររបស់យើង។ គ្មាននរណាម្នាក់ ឬអ្វីមួយដែលសក្ដិសមឲ្យអ្នកសរសើរ លើសព្រះអង្គនោះឡើយ។ សូម្បីតែក្នុងពេលដែលពិបាក យើងនៅតែមានហេតុផលដែលត្រូវសរសើរតម្កើងព្រះ ព្រោះយើងដឹងថា ព្រះអង្គជានរណា។ ពេលណាយើងជម្រាបលាមនុស្សជាទីស្រឡាញ់ ឬបាត់បង់ការងារ ដែលផ្តល់ឲ្យយើងនូវភាពសុខស្រួល នៅលើផែនដី យើងនៅតែអាចសម្រេចចិត្តសរសើរតម្កើងព្រះអង្គ។ ពេលណាយើងនិយាយមិនចេញ តែចេញតែទឹកភ្នែក ពេលណាចិត្តរបស់យើងឈឺចាប់ ពេលណាកាលៈទេសៈរបស់យើងធ្វើឲ្យយើងនឿយណាយ ពេលណាជីវិតយើងហាក់ដូចជាធ្វើឲ្យយើងខកចិត្ត យើងនៅតែអាចរកឃើញសេចក្តីស្រឡាញ់មិនចេះប្រែប្រួល និងស្ថិតស្ថេរ នៅក្នុងព្រះអង្គ (ទំនុកតម្កើង ១០០:៥) និងហេតុផលរាប់មិនអស់ ដែលត្រូវថ្វាយបង្គំដោយអំណរ និងសរសើរតម្កើងដោយការដឹងគុណ។ ព្រះអង្គនៅតែជាព្រះអាទិករដ៏មានចេស្ដា និងព្រះអង្គសង្គ្រោះដែលមានសេចក្តីស្រឡាញ់របស់អ្នក។
ចិត្តដែលដឹងគុណ គឺជាចំណុចសំគាល់ពិសេសមួយ ដែលគ្រីស្ទបរិស័ទអាចដកពិសោធន៍ជាមួយ។ ចូរយើងមានចំណុចសំគាល់នេះជារៀងរាល់ថ្ងៃ។
ព្រះគម្ពីរសញ្ជឹងគិត៖ ទំនុកតម្កើង ១៤៨
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ អេសាយ ៣០-៣១ និងម៉ាកុស ៧:១៤-៣៧