ព្រឹក

ផ្ដោតចិត្តទៅលើព្រះគ្រីស្ទ (សៀវភៅនំម៉ាណាប្រចាំថ្ងៃ)
ដោយJasmine Goh
February 5, 2025
យ៉ូហាន ៥:៣៦-៤០
គឺជាគម្ពីរនោះឯង ដែលធ្វើបន្ទាល់ពីខ្ញុំ។ យ៉ូហាន ៥:៣៩
មានពេលមួយ ភ្នែករបស់អ្នកស្រីជូន(June) បានផ្ដោតទៅលើឡានពណ៌ប្រផេះ ដែលកំពុងបើកបរនៅក្បែរឡានគាត់។ គាត់ត្រូវបត់ចូលទៅក្នុងគន្លងផ្លូវមួយទៀត ដើម្បីចេញពីផ្លូវល្បឿនលឿន ប៉ុន្តែ រៀងរាល់ពេលដែលគាត់ព្យាយាមវ៉ាឡាននោះ អ្នកបើកបរឡាននោះហាក់ដូចជាព្យាយាមបន្ថែមល្បឿនផងដែរ។ ទីបំផុត គាត់ក៏បានវ៉ាឡាននោះដាច់ ដោយជោគជ័យ។ គាត់សប្បាយចិត្ត ពេលដែលបានបើកឡានវ៉ាគេឈ្នះ ប៉ុន្តែ នៅពេលដែលគាត់មើលតាមកញ្ចក់មើលក្រោយ ដោយទឹកមុខញញឹម គាត់ក៏បានកត់សំគាល់ឃើញថា គាត់បានបើកឡានហួសផ្លូវបត់ចេញពីផ្លូវល្បឿនលឿនហើយ។
គាត់ក៏បាននិយាយទាំងទឹកមុខញញឹម ដោយការស្តាយក្រោយថា “ខ្ញុំមានការវីវក់នឹងការបើកឡានវ៉ាគេពេក បានជាខ្ញុំបើកហួសផ្លូវបត់”។
ការជ្រុលហួសដូចនេះ ក៏អាចកើតមាន នៅក្នុងការព្យាយាមដើរតាមផ្លូវរបស់ព្រះផងដែរ។ នៅពេលដែលពួកអ្នកដឹកនាំសាសនា បានបៀតបៀនព្រះយេស៊ូវ ដោយសារព្រះអង្គមិនបានកាន់តាមក្រឹត្យវិន័យ(យ៉ូហាន ៥:១៦) ព្រះអង្គក៏បានព្រមានពួកគេថា ពួកគេមានការងប់ងុលខ្លាំងពេក នៅក្នុងការរៀន និងអនុវត្តតាមក្រឹត្យវិន័យ តែពួកគេខកខានមិនបានដឹងទេថា ក្រឹត្យវិន័យបានចង្អុលបង្ហាញពួកគេទៅរកព្រះអង្គ។ គឺដូចដែលព្រះអង្គមានបន្ទូលថា “អ្នករាល់គ្នាស្ទង់មើលគម្ពីរ ដោយស្មានថា បានជីវិតដ៏នៅអស់កល្បជានិច្ចអំពីគម្ពីរនោះមក គឺជាគម្ពីរនោះឯង ដែលធ្វើបន្ទាល់ពីខ្ញុំ តែអ្នករាល់គ្នាមិនសុខចិត្តមកឯខ្ញុំ ឲ្យបានជីវិតទេ”(ខ.៣៩-៤០)។
នៅក្នុងការព្យាយាមរស់នៅ ឲ្យបានត្រឹមត្រូវ នៅចំពោះព្រះ ពួកអ្នកដឹកនាំសាសនា បានផ្ដោតចិត្តទៅលើការដើរតាមក្រឹត្យវិន័យរបស់សាសន៍យូដា ហើយក៏បានរឹតបន្តឹងឲ្យអ្នកដទៃអនុវត្តតាមផងដែរ។ យើងក៏អញ្ចឹងដែរ។ នៅក្នុងការខិតខំរស់នៅតាមការបង្រៀនរបស់ព្រះ យើងប្រហែលជាព្យាយាមធ្វើការល្អច្រើនជាទៀងទាត់ ដូចជា ការចូលរួមកម្មវិធីថ្វាយបង្គំព្រះនៅព្រះវិហារ ការសិក្សាព្រះគម្ពីរ ការងារមនុស្សធម៌ ហើយថែមទាំងនាំអ្នកដទៃចូលរួមជាមួយយើងផងដែរ។ ប៉ុន្តែ ខណៈពេលដែលយើងកំពុងធ្វើការល្អទាំងអស់នោះថ្វាយព្រះយេស៊ូវ យើងផ្ដោតចិត្តខ្លាំងពេក ទៅលើការល្អទាំងអស់នេះ បានជាយើងភ្លេចព្រះអង្គ។
ដូចនេះ នៅក្នុងការល្អទាំងអស់ដែលយើងធ្វើ ចូរយើងទូលសូមព្រះអង្គជួយយើង ឲ្យផ្ដោតចិត្តទៅលើព្រះគ្រីស្ទ(ហេព្រើរ ១២:២)។ ដ្បិតមានតែព្រះអង្គទេ ដែល “ជាផ្លូវ ជាសេចក្តីពិត និងជាជីវិត”(យ៉ូហាន ១៤:៦)។—Jasmine Goh
តើអ្នកកំពុងផ្ដោតចិត្តទៅលើអ្វី នៅថ្ងៃនេះ? តើការផ្ដោតចិត្តទៅលើព្រះយេស៊ូវ មានអត្ថន័យយ៉ាងណាសម្រាប់អ្នក?
ឱព្រះអម្ចាស់ ទូលបង្គំសូមអរព្រះគុណព្រះអង្គ ដែលបានប្រទានជីវិតដល់ទូលបង្គំ តាមរយៈព្រះគ្រីស្ទ។
សូមព្រះអង្គជួយទូលបង្គំឲ្យយកព្រះគ្រីស្ទជាចំណុចកណ្តាល នៃការទាំងអស់ដែលទូលបង្គំធ្វើ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : និក្ខមនំ ៣៦-៣៨ និង ម៉ាថាយ ២៣:១-២២
ល្ងាច

គ្រប់គ្រាន់សម្រាប់ថ្ងៃនេះ(សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
February 5, 2025
«សូមប្រទានអាហារ ដែលយើងខ្ញុំត្រូវការ មកជារាល់ថ្ងៃ» (លូកា ១១:៣)។
បើគេត្រូវយកនំប៉័ងធ្វើជានិមិត្តរូបតំណាងឲ្យអ្វីមួយក្នុងប្រវត្តិសាស្ត្រ នោះវាជាតំណាងឲ្យអាហារប្រចាំថ្ងៃ។ អាហារផ្សេងទៀត គឺជាអាហារបន្ទាប់បន្សំដែលពិតជានាំមកនូវភាពរីករាយដល់ការរស់នៅរបស់យើង ប៉ុន្តែពេលណាយើងគិតអំពីនំប៉័ង ភាគច្រើនយើងគិតអំពីតម្រូវការមូលដ្ឋានបំផុតរបស់ជីវិតខ្លួនឯងដែលកំពុងទទួលការបំពេញ។
ការគិតដូចនេះ គឺស្របតាមការផ្គង់ផ្គង់ដ៏ពិសេសរបស់ព្រះអម្ចាស់សម្រាប់រាស្ត្រព្រះអង្គ។ ក្នុងគ្រាសញ្ញាចាស់ ការរស់នៅរបស់រាស្ត្រអ៊ីស្រាអែលវិលវល់នៅក្នុងវាលរហោស្ថាន តម្រូវឲ្យពួកគេពឹងផ្អែកទាំងស្រុងមកលើព្រះអង្គបំពេញតម្រូវការរបស់ពួកគេ។ ព្រះអង្គបានបង្រៀនពួកគេឲ្យទុកចិត្តលើការផ្គត់ផ្គង់របស់ព្រះអង្គ ដោយប្រទាននំម៉ាណាឲ្យពួកគេបរិភោគជារៀងរាល់ថ្ងៃ ដែលការផ្គត់ផ្គង់នេះស្ថិតក្នុងចំណោមការផ្គត់ផ្គង់ដែលពួកគេអាចមើលឃើញច្បាស់បំផុត។
ព្រះអង្គបានប្រាប់រាស្ត្រព្រះអង្គយ៉ាងច្បាស់ថា ព្រះអង្គនឹងផ្គត់ផ្គង់នំម៉ាណាជារៀងរាល់ថ្ងៃ សម្រាប់តែថ្ងៃនីមួយៗប៉ុណ្ណោះ។ ពួកគេមិនត្រូវទុកនំម៉ាណាសម្រាប់បរិភោគនៅថ្ងៃស្អែកឡើយ (និក្ខមនំ ១៦:១៩)។ គោលបំណងរបស់ព្រះអង្គក្នុងការប្រទានមួយថ្ងៃមួយដងស្មើនឹងការប្រទាននំប៉័ងប្រចាំថ្ងៃ គឺដើម្បីបង្រៀនពួកគេឲ្យទុកចិត្តលើការផ្គត់ផ្គង់របស់ព្រះអង្គ។ គួរឲ្យស្តាយណាស់ ពួកអ៊ីស្រាអែលខ្លះបានសង្ស័យថា ព្រះអង្គនឹងមិនប្រទានតាមការសន្យា ហើយក៏បានបះបោរទាស់នឹងព្រះអង្គ ដោយរក្សាទុកនំម៉ាណានៅថ្ងៃបន្ទាប់ (ការសង្ស័យមកលើព្រះបន្ទូលសន្យារបស់ព្រះអង្គ តែងតែនាំទៅរកការមិនស្តាប់បង្គាប់ព្រះរាជបញ្ជារបស់ព្រះអង្គ)។ នៅថ្ងៃបន្ទាប់ ពួកគេឃើញនំម៉ាណាដែលនៅសល់មានដង្កូវស៊ី មានក្លិនស្អុយ (ខ.២០)។ ព្រះទ្រង់បានបង្រៀនពួកគេឲ្យពឹងផ្អែកលើការផ្គត់ផ្គង់របស់ព្រះអង្គ។ វាជាមេរៀនដែលពួកគេត្រូវចំណាយពេលយូរ ដើម្បីរៀនសូត្រ។
ពេលណាយើងសិក្សាអំពីរឿងនេះ ដែលមានចែងក្នុងព្រះគម្ពីរសញ្ញាចាស់ ហើយពិចារណាអំពីពាក្យ «សូមប្រទានអាហារដែលយើងខ្ញុំត្រូវការជារាល់ថ្ងៃ» យើងនឹងបានដឹងថា ក្នុងសេចក្តីអធិស្ឋានរបស់ព្រះអម្ចាស់ត្រង់ចំណុចនេះ ព្រះយេស៊ូវកំពុងបង្រៀនយើងថា ក្នុងគ្រប់សម័យកាលទាំងអស់ ព្រះទ្រង់បានបង្រៀនរាស្ត្រព្រះអង្គឲ្យទុកចិត្តលើព្រះដែលផ្គត់ផ្គង់តម្រូវការគ្រប់យ៉ាងរបស់យើង គឺមិនឲ្យទុកចិត្តលើអ្វីៗដែលព្រះអង្គបានផ្គត់ផ្គង់នោះឡើយ។
ព្រះអង្គសព្វព្រះទ័យឲ្យយើងក្រោកឡើង ហើយរកឃើញការផ្គត់ផ្គង់របស់ព្រះអង្គប្រចាំថ្ងៃសារជាថ្មី។ ហេតុនេះហើយ ព្រះអង្គបានបង្រៀនពួកអ៊ីស្រាអែល «ឲ្យប្រមូលនំម៉ាណាមួយចំណែកតូច សម្រាប់ដាក់តាំងទុកសម្រាប់កូនចៅពួកគេតទៅមុខ ដើម្បីឲ្យគេបានឃើញនំដែលព្រះអង្គបានឲ្យពួកគេបរិភោគនៅទីរហោស្ថាន» (និក្ខមនំ ១៦:៣២)។ ក្នុងការអនុវត្តតាមការបង្គាប់នេះ ពួកអ៊ីស្រាអែលនៅជំនាន់នីមួយៗ ត្រូវនិយាយប្រាប់មនុស្សជំនាន់ក្រោយអំពីការពិត និងភាពអស្ចារ្យនៃការផ្គត់ផ្គង់ប្រចាំថ្ងៃរបស់ព្រះអង្គ។
ព្រះវរបិតា ដែលយើងស្គាល់តាមរយៈព្រះយេស៊ូវ ព្រះអង្គយកព្រះទ័យទុកដាក់ចំពោះតម្រូវការផ្ទាល់ខ្លួន ជាក់ស្តែង និងតម្រូវការខាងសាច់ឈាមរបស់យើង។ អ្នកប្រហែលជាក្រោកឡើង នៅពេលព្រឹកនេះ ដោយចិត្តថប់បារម្ភ អំពីបញ្ហាដែលបន្តកើតមាន ឬព្រឹត្តិការណ៍ដែលនឹងមកដល់ក្នុងជីវិតអ្នក។ សូមចាំថា ព្រះអង្គយកព្រះទ័យទុកដាក់ចំពោះអ្នក ហើយអ្នកអាចចូលទៅរកព្រះអង្គដោយទំនុកចិត្ត ដោយទូលសូមព្រះអង្គប្រទានអ្វីៗទាំងអស់ដែលអ្នកត្រូវការនៅថ្ងៃនេះ។ ហើយបន្ទាប់មក អ្នកអាចទុកចិត្តថា ព្រះអង្គនឹងប្រទានអ្វីដែលអ្នកត្រូវការនៅថ្ងៃនេះ និងថ្ងៃស្អែក និងជារៀងរហូត។ អ្នកអាចផ្ទេរបន្ទុកនៃការថប់បារម្ភរបស់អ្នកដល់ព្រះអង្គ ដ្បិតព្រះអង្គយកព្រះទ័យទុកដាក់ចំពោះអ្នក និងផ្គត់ផ្គង់អ្នក (១ពេត្រុស ៥:៧)។
ព្រះគម្ពីរសញ្ជឹងគិត៖ និក្ខមនំ ១៦
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ អេសាយ ៣៩-៤០ និងម៉ាកុស ១០:១-៣១