ព្រឹក

សេចក្តីស្រឡាញ់ដ៏ស្ថិតស្ថេរ (សៀវភៅនំម៉ាណាប្រចាំថ្ងៃ)
ដោយPatricia Raybon
February 14, 2025
១កូរិនថូស ១៣:៤-១៣
សេចក្តីស្រឡាញ់មិនដែលផុតឡើយ។ ១កូរិនថូស ១៣:៨
នៅក្នុងពិធីមង្គលការរបស់អ្នកស្រី មេរេឌិត(Meredith) ម្តាយរបស់គាត់បានអានខគម្ពីរ ក្នុងកណ្ឌគម្ពីរ១កូរិនថូស។ ជាញឹកញាប់ គេច្រើនតែហៅជំពូកទី១៣ នៃកណ្ឌគម្ពីរនេះថា “ជំពូកនៃសេចក្តីស្រឡាញ់” ក្នុងព្រះគម្ពីរប៊ីប។ កណ្ឌគម្ពីរនេះគឺជាកណ្ឌគម្ពីរដែលសក្ដិសមបំផុត សម្រាប់ពិធីមង្គលការរបស់គាត់។ គឺដូចដែលបទគម្ពីរនេះបានចែងថា “ឯសេចក្តីស្រឡាញ់តែងតែអត់ធ្មត់ ហើយក៏សប្បុរស សេចក្តីស្រឡាញ់មិនចេះឈ្នានីស មិនចេះអួតខ្លួន ក៏មិនដែលមានចិត្តធំផង”(ខ.៤)។ ពេលខ្ញុំស្តាប់ឮគាត់អានខគម្ពីរនេះ ខ្ញុំឆ្ងល់ថា តើគូរស្វាមីភរិយាក្នុងសម័យបច្ចុប្បន្ន បានដឹងទេថា មានអ្វីបណ្តាលចិត្តសាវ័កប៉ុលឲ្យសរសេរបទគម្ពីរនេះ។ បទគម្ពីរនេះមិនមែនជាកំណាព្យស្នេហាទេ។ តែសាវ័កប៉ុលបានសរសេរពាក្យពេចន៍ទាំងអស់នេះ ដើម្បីបង្រៀនពួកជំនុំដែលកំពុងជួបការបាក់បែក ក្នុងគោលបំណងដើម្បីជួយពួកគេឲ្យមានការរួបរួម។
និយាយឲ្យស្រួលស្តាប់ ពួកជំនុំនៅទីក្រុងកូរិនថូស “កំពុងស្ថិតក្នុងភាពរញ៉េរញ៉ៃ”។ បញ្ហាដែលកំពុងក្តៅគគុកមានដូចជា អំពើអសីលធម៌ផ្លូវភេទ អំពើពេស្យាចារ និងការប្រជែងគ្នារវាងអ្នកដឹកនាំ។ ការប្តឹងផ្តល់រវាងសមាជិកពួកជំនុំ បានកើតឡើងជាធម្មតា។ ការថ្វាយបង្គំច្រើនតែគ្មានសណ្ដាប់ធ្នាប់ ដោយអ្នកដែលចេះនិយាយភាសាដទៃបានប្រជែង ដើម្បីឲ្យបាននិយាយមុនគេ ហើយអ្នកខ្លះទៀតបានថ្លែងទំនាយ ដើម្បីឲ្យគេស្ងើចសរសើរខ្លួន(មើល១កូរិនថូស ជំពូក១៤)។
ភាពរញ៉េរញ៉ៃក្នុងពួកជំនុំនៅទីក្រុងកូរិនថូសបានកើតមានឡើង ដោយសារពួកគេខកខានមិនបានប្រកបគ្នា ដោយសេចក្តីស្រឡាញ់។ ហេតុនេះហើយ សាវ័កប៉ុលក៏បានបង្ហាញផ្លូវដ៏ប្រសើរ ដោយបង្រៀនពួកគេអំពីសេចក្តីស្រឡាញ់ ព្រោះ “សេចក្តីស្រឡាញ់មិនដែលផុតឡើយ”។ ប៉ុន្តែ ការថ្លែងទំនាយនឹងលែងមានទៀត ការនិយាយភាសាដទៃនឹងត្រូវឈប់ ហើយចំណេះក៏នឹងសាបសូន្យដែរ តែសេចក្តីស្រឡាញ់មិនដែលផុតឡើយ(១៣:៨)។
ការក្រើនរំឭករបស់សាវ័កប៉ុល អំពីសេចក្តីស្រឡាញ់ពិតជាអាចផ្តល់ឲ្យនូវការលើកទឹកចិត្ត ក្នុងពិធីមង្គលការ។ សូមបទគម្ពីរនេះបានបណ្តាលចិត្តយើងឲ្យរស់នៅ ដោយសេចក្តីស្រឡាញ់ និងចិត្តសប្បុរសផងដែរ។—Patricia Raybon
តើអ្នកបង្ហាញសេចក្តីសប្បុរស និងសេចក្តីស្រឡាញ់ ក្នុងទំនាក់ទំនងរបស់អ្នកដូចម្តេចខ្លះ?
តើអ្នកអាចបង្ហាញសេចក្តីស្រឡាញ់ ក្នុងរូបកាយព្រះគ្រីស្ទដូចម្តេចខ្លះ?
ឱព្រះនៃសេចក្តីស្រឡាញ់ សេចក្តីស្រឡាញ់របស់ព្រះអង្គមិនដែលចប់ឡើយ។
សូមព្រះអង្គដឹកនាំទូលបង្គំ ក្នុងទំនាក់ទំនងជាមួយមនុស្សទាំងអស់ ដោយសេចក្តីស្រឡាញ់អស់ពីចិត្ត។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : លេវីវិន័យ ១៥-១៦ និង ម៉ាថាយ ២៧:១-២៦
ល្ងាច

សិស្សពិតរបស់ព្រះគ្រីស្ទ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
February 14, 2025
«នោះមានសិស្សម្នាក់ឈ្មោះអាន៉្នានាស ហើយព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលហៅគាត់ ក្នុងការជាក់ស្តែងថា នែ អាន៉្នានាសអើយ គាត់ទូលឆ្លើយថា ព្រះករុណាវិសេសព្រះអម្ចាស់» (កិច្ចការ ៩:១០)។
ជារៀងរាល់ថ្ងៃ យើងកំពុងបង្កើតកេរ្តិ៍ឈ្មោះរបស់យើង។ ហើយក្នុងនាមយើងជាគ្រីស្ទបរិស័ទ ជារៀងរាល់ថ្ងៃ យើងក៏កំពុងបង្កើតព្រះកិត្តិនាមថ្វាយព្រះគ្រីស្ទផងដែរ។ តើជីវិតរបស់យើង បានឆ្លុះបញ្ចាំងដូចម្ដេចខ្លះអំពីព្រះគ្រីស្ទ ខណៈពេលដែលយើងរស់នៅជាគ្រីស្ទបរិស័ទ?
លោក អាន៉្នានាស ជាតួអង្គក្នុងព្រះគម្ពីរ ដែលប្រហែលមិនសូវមានឈ្មោះល្បី ប៉ុន្តែតែគាត់មានឥទ្ធិពលយ៉ាងខ្លាំង មកលើជីវិតសាវ័ក ប៉ុល និងមកលើប្រវត្តិសាស្ត្រពួកជំនុំទាំងមូល។ នេះគឺដោយសារគាត់មានចិត្តស្មោះត្រង់ និងប្ដូរផ្តាច់ជារៀងរាល់ថ្ងៃ ក្នុងនាមគាត់ជាសិស្សព្រះគ្រីស្ទ។ គាត់មានលក្ខណៈពិសេស៣យ៉ាង ជាសិស្សព្រះគ្រីស្ទដែលអាចជួយឲ្យយើងមានចរិតលក្ខណៈ និងការប្ដេជ្ញាចិត្តចំពោះព្រះគ្រីស្ទខណៈពេលដែលយើងព្យាយាមឲ្យព្រះទ្រង់ប្រើយើងក្នុងនគរព្រះអង្គ។
ទី១ លោក អាន៉្នានាស ជាសិស្សដែលត្រូវបានជ្រើសរើសជាពិសេស។ មុនពេលសាវ័ក ប៉ុល (ពីមុនមានឈ្មោះសូល) ទៅទីក្រុងដាម៉ាស ឬជួបលោកអាន៉្នានាស ព្រះទ្រង់បានរៀបចំឲ្យមានការរីកសាយនៃដំណឹងល្អមុនថ្ងៃបុណ្យទី៥០ នៅទីក្រុងយេរូសាឡឹម ទៅដល់ចម្ងាយប្រហែល៣០០គីឡូម៉ែត្រ ភាគខាងជើងនៃទីក្រុងដាម៉ាស ដែលនៅទីនោះ ដែលនាំឲ្យមានអ្នកជឿមួយក្រុមរាប់បញ្ចូលទាំងលោក អាន្ន៉ានាស ផងដែរ។ បន្ទាប់មក ព្រះអម្ចាស់បានជ្រើសរើសគាត់ នៅក្នុងក្រុមនេះ ឲ្យចេញទៅរកសាវ័ក ប៉ុល បន្ទាប់ពីគាត់បានប្រែចិត្តជឿព្រះហើយ។ ការបង្ហាញអធិបតេយ្យភាពរបស់ព្រះបានបណ្ដាលចិត្ត និងលើកទឹកចិត្តយើងឲ្យទុកចិត្តថា ព្រះទ្រង់អាចធ្វើការ តាមរបៀបដែលយើងមើលមិនឃើញ ដើម្បីរៀបចំ និងប្រើយើងឲ្យសម្រេចបំណងព្រះទ័យព្រះអង្គ។
ទី២ លោក អាន៉្នានាស ជាសិស្សដែលមានចិត្តក្លាហាន។ គាត់បានហៅខ្លួនឯងថា អ្នកដើរតាមព្រះអម្ចាស់ ជាផ្នែកមួយនៃក្រុមនៅទីក្រុងដាម៉ាស ដែលសាវ័ក ប៉ុល បានទៅបៀតបៀន មុនពេលគាត់ជឿព្រះអង្គ (កិច្ចការ ៩:១)។ លោក អាន៉្នានាស មិនគ្រាន់តែស្មោះស្ម័គ្រចំពោះពួកជំនុំក្នុងតំបន់របស់គាត់ប៉ុណ្ណោះទេ តែក៏បានស្មោះស្ម័គ្រចំពោះព្រះអម្ចាស់យេស៊ូវគ្រីស្ទដែរ។ ស្រដៀងគ្នានេះដែរ បើព្រះយេស៊ូវបានគ្រប់គ្រងជីវិតយើង ហើយកែប្រែយើង នោះយើងមិនអាចលាក់បាំងមិនឲ្យគេដឹងអំពីការផ្លាស់ប្រែនេះទេ។ គឺដូចដែលយើងនិយាយថា ទេចំពោះបាប ពេលយើងទទួលសេចក្តីសង្គ្រោះរបស់ព្រះគ្រីស្ទ នោះយើងក៏ត្រូវនិយាយថា ទេចំពោះការលាក់បាំងជំនឿរបស់យើងដែរ។ បើភាពជាសិស្សរបស់យើងនឹងបំផ្លាញការលាក់បាំងនេះ នោះការលាក់បាំងនេះនឹងបំផ្លាញភាពជាសិស្សរបស់យើងជាមិនខាន។
ទី៣ លោក អាន៉្នានាស ជាសិស្សដែលមានការប្ដេជ្ញាចិត្ត។ ក្រោយមក សាវ័ក ប៉ុល បាននឹកចាំថា លោក អាន៉្នានាស គឺជា «អ្នកកោតខ្លាចដល់ព្រះតាមក្រឹត្យវិន័យ ដែលមានកេរ្តិ៍ឈ្មោះល្អក្នុងពួកសាសន៍យូដាទាំងអស់ដែលនៅទីនោះ» (កិច្ចការ ២២:១២)។ កេរ្តិ៍ឈ្មោះល្អដូចនេះ មិនបានកើតមានក្នុងរយៈពេលតែ៥នាទី ឬ៥ថ្ងៃនោះទេ តែកើតមានបន្តិចម្តងៗក្នុងដំណើរជីវិត។ លោក អាន៉្នានាស មានកេរ្តិ៍ឈ្មោះដូចនេះ ដោយសារគាត់បានប្ដេជ្ញាចិត្តដើរតាមព្រះ និងព្រះបន្ទូលពេញមួយជីវិត ជាការប្ដេជ្ញាចិត្ត ដែលគាត់ពិតជាបានបង្ហាញចេញមក តាមរយៈការងារ និងការមានទំនាក់ទំនងជាមួយអ្នកដទៃជារៀងរាល់ថ្ងៃ។
ជីវិតរបស់លោក អាន៉្នានាស បានជំរុញយើងឲ្យមានចិត្តស្មោះត្រង់ តាមមធ្យោបាយដែលហាក់ដូចជាតូចតាចនៅថ្ងៃធម្មតា។ ប្រហែលថ្ងៃមួយ ព្រះអង្គនឹងត្រាស់ហៅយើងឲ្យធ្វើកិច្ចការដ៏អស្ចារ្យថ្វាយព្រះអម្ចាស់ តែមុនពេលនោះមកដល់ យើងត្រូវរស់អស់ពីចិត្តថ្វាយព្រះអង្គ។ នេះជាការអ្វីដែលពួកសាវ័កបានធ្វើ គឺធ្វើដោយចិត្តក្លាហាន ដោយការប្ដេជ្ញាចិត្ត និងដោយការបន្ទាបខ្លួន ក្នុងការដើរតាមព្រះអង្គ និងទុកចិត្តព្រះអង្គទាំងស្រុង។ ទោះយើងកំពុងស្ថិតក្នុងវ័យសិក្សា មានកូន ដេញតាមអាជីពណាមួយ ឬកំពុងចូលនិវត្តន៍ក្នុងវ័យចាស់ក្តី ចូរយើងព្យាយាមធ្វើអ្វីៗ ដោយចិត្តស្មោះត្រង់ ដើម្បីថ្វាយសិរីល្អដល់ព្រះ។ ចូរកំណត់គោលដៅរស់នៅឲ្យបានធ្វើជាសិស្សពិតរបស់ព្រះយេស៊ូវគ្រីស្ទដូចលោក អាន្ន៉ានាស ផងដែរ។
ព្រះគម្ពីរសញ្ជឹងគិត៖ កិច្ចការ ៩:១-១៩
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ អេសាយ ៦២-៦៤ និងម៉ាកុស ១៤:២៧-៥២