ព្រឹក

បង្ហាញឲ្យគេស្គាល់សេចក្តីមេត្តារបស់ព្រះអង្គ (សៀវភៅនំម៉ាណាប្រចាំថ្ងៃ)
ដោយWinn Collier
February 16, 2025
ម៉ាថាយ ៧:៧-១២
ដូច្នេះ អស់ទាំងការអ្វី ដែលអ្នករាល់គ្នាចង់ឲ្យមនុស្សលោកប្រព្រឹត្តនឹងខ្លួន នោះត្រូវឲ្យអ្នកប្រព្រឹត្តនឹងគេដូច្នោះដែរ។ ម៉ាថាយ ៧:១២
ទាហានហ្វាំងឡង់ម្នាក់ បានដេកដួលមានរបួសក្នុងសមរភូមិ ក្នុងអំឡុងសង្គ្រាមរដូវរងា រយៈពេល៣ខែ រវាងប្រទេសហ្វាំងឡង់ និងប្រទេសរុស្ស៊ី(ឆ្នាំ១៩៣៩ ដល់ ១៩៤០)។ មានទាហានរុស្ស៊ីម្នាក់បានដើរមក ឃើញគាត់ដេកនៅលើដីដូចនេះ ក៏បានភ្ជង់កាំភ្លើងដាក់គាត់។ ទាហានហ្វាំងឡង់ដឹងច្បាស់ថា ជីវិតគាត់ត្រូវអស់ពេលនោះហើយ។ ទោះជាយ៉ាងណាក៏ដោយ ទាហានរុស្ស៊ីក៏បានហុចកញ្ចប់ថ្នាំឲ្យគាត់ រួចបន្តដើរទៅមុខទៀត។ អ្វីដែលគួរឲ្យកត់សំគាល់នោះ ទាហានហ្វាំងឡង់រូបនោះក៏បានជួបរឿងដូចទាហានរុស្ស៊ីផងដែរ ដោយលើកនេះ គាត់បានឃើញទាហានរុស្ស៊ីម្នាក់កំពុងដេកដួលមានរបួស នៅលើដី ដោយគ្មាននរណាជួយក្នុងសមរភូមិ។ គាត់ក៏បានប្រគល់កញ្ចប់ថ្នាំពេទ្យឲ្យទៅទាហានរុស្ស៊ីនោះ ហើយក៏បានបន្តដើរទៅមុខទៀត។
ព្រះយេស៊ូវបានប្រទានយើង នូវគោលការណ៍សម្រាប់ដឹកនាំជីវិតយើង ដោយមានបន្ទូលថា “អស់ទាំងការអ្វី ដែលអ្នករាល់គ្នាចង់ឲ្យមនុស្សលោកប្រព្រឹត្តនឹងខ្លួន នោះត្រូវឲ្យអ្នកប្រព្រឹត្តនឹងគេដូច្នោះដែរ”(ម៉ាថាយ ៧:១២)។ តើអ្នកអាចស្រមៃថា ពិភពលោកនឹងមានការផ្លាស់ប្តូរយ៉ាងណា បើសិនជាអ្នកជឿព្រះប្រកាន់ខ្ជាប់តាមគោលការណ៍ដ៏សាមញ្ញនេះ? តើយើងអាចរំពឹងថា ការកៀបសង្កត់នឹងបានបញ្ចប់ ក្នុងកំរិតណា បើសិនជាយើងរួមគ្នាដើរតាមប្រាជ្ញារបស់ព្រះយេស៊ូវ? អ្វីៗនឹងមានភាពល្អប្រសើរឡើង បើសិនជាយើងដើរតាមការដឹកនាំរបស់ព្រះអង្គ ដោយផ្តល់ឲ្យអ្នកដទៃ នូវសេចក្តីអាណិត និងសេចក្តីមេត្តាដែលយើងសង្ឃឹមថា គេនឹងផ្តល់ឲ្យយើង។ ពេលណាយើងឲ្យ “អំណោយដ៏ល្អ” ដល់អ្នកដទៃ គឺយើងឆ្លុះបញ្ចាំងឲ្យគេបានស្គាល់ដួងព្រះទ័យរបស់ “ព្រះវរបិតានៃអ្នក ដែលទ្រង់គង់នៅស្ថានសួគ៌ ទ្រង់នឹងប្រទានរបស់ល្អ មកអស់អ្នក” ដែលព្រះអង្គស្រឡាញ់(ខ.១១)។
យើងចាំបាច់ត្រូវមើលឃើញអ្នកដទៃ មិនមែនជាខ្មាំងសត្រូវ អ្នកក្រៅ ឬមនុស្សដែលយើងប្រកួតប្រជែង ដើម្បីដណ្តើមឱកាស ឬអ្វីមួយនោះទេ។ ផ្ទុយទៅវិញ យើងគួរតែដឹងថា ពួកគេក៏ត្រូវការសេចក្តីមេត្តា និងសេចក្តីសប្បុរស ដូចយើងផងដែរ។ ហើយពេលណាយើងមើលឃើញដូចនេះ ឥរិយាបថ និងទស្សនៈរបស់យើងនឹងមានការផ្លាស់ប្តូរ។ បន្ទាប់មក យើងអាចផ្តល់ឲ្យពួកគេនូវសេចក្តីស្រឡាញ់ ដែលព្រះអង្គបានប្រទានមកយើង។—Winn Collier
ហេតុអ្វីយើងចាំបាច់ត្រូវប្រព្រឹត្តចំពោះអ្នកដទៃ ដូចដែលយើងចង់ឲ្យគេប្រព្រឹត្តចំពោះយើង? តើព្រះយេស៊ូវអាចជួយយើងឲ្យធ្វើល្អចំពោះគេដូចម្តេចខ្លះ?
ឱព្រះអម្ចាស់ សូមព្រះអង្គជួយទូលបង្គំឲ្យចេះឆ្លុះបញ្ចាំងឲ្យគេមើលឃើញសេចក្តីមេត្តា និងសេចក្តីស្រឡាញ់ តាមរយៈរបៀបដែលទូលបង្គំប្រព្រឹត្តចំពោះអ្នកដទៃ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : លេវីវិន័យ ១៩-២០ និង ម៉ាថាយ ២៧:៥១-៦៦
ល្ងាច

តើអ្នកថា ព្រះអង្គជានរណា? (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
February 16, 2025
«ស៊ីម៉ូន-ពេត្រុស ទូលឆ្លើយថា ទ្រង់ជាព្រះគ្រីស្ទ ជាព្រះរាជបុត្រានៃព្រះដ៏មានព្រះជន្មរស់ រួចព្រះយេស៊ូវមានព្រះបន្ទូលតបថា អ្នកស៊ីម៉ូន កូនយ៉ូណាសអើយ អ្នកមានពរ ដ្បិតមិនមែនជាសាច់ឈាម ដែលបានសម្ដែងឲ្យអ្នកស្គាល់ទេ គឺព្រះវរបិតានៃខ្ញុំដែលគង់នៅស្ថានសួគ៌វិញ» (ម៉ាថាយ ១៦:១៦-១៧)។
ពេលយើងអានកណ្ឌគម្ពីរដំណឹងល្អ យើងឃើញថា មនុស្សដែលជួបព្រះយេស៊ូវមកពីស្រុកណាសារ៉ែត កម្រមានប្រតិកម្មតបចំពោះព្រះអង្គ ដោយគ្រាន់តែឈរនៅផ្លូវកណ្ដាល ដើម្បីជាការគួរសមប៉ុណ្ណោះឡើយ។ ព្រះបន្ទូល និងកិច្ចការដែលព្រះអង្គបានធ្វើ បានបណ្ដាលចិត្តគេឲ្យមានសេចក្តីស្រឡាញ់ និងការស្មោះស្ម័គ្រដ៏ជ្រាលជ្រៅ តែក៏នាំឲ្យមានការភ័យខ្លាច និងការស្អប់ផងដែរ។ តើមានកត្តាអ្វីខ្លះដែលបានបណ្ដាលឲ្យពួកគេមានការឆ្លើយតបខុសគ្នាខ្លាំងយ៉ាងនេះ?
ក្នុងការសន្ទនាក្នុងខគម្ពីរខាងលើ យើងឃើញថា តាមផ្លូវទៅទីក្រុងសេសារា-ភីលីព សាវ័ក ពេត្រុស បានឆ្លើយតបចំពោះព្រះអង្គថា «ទ្រង់ជាព្រះគ្រីស្ទ»។ ពាក្យ «ព្រះគ្រីស្ទ» ជាភាសាក្រិក មានន័យថា «ព្រះមេស្ស៊ី» ឬ «ព្រះអង្គដែលត្រូវបានចាក់ប្រេងតាំង»។ ក្នុងកណ្ឌគម្ពីរសញ្ញាចាស់ទាំងមូល ព្រះអម្ចាស់បានចាក់ប្រេងតាំងស្ដេច ពួកចៅហ្វាយ និងពួកហោរា ប៉ុន្តែពួកគេទាំងអស់សុទ្ធតែជាអ្នកតំណាងរបស់ព្រះអង្គ និងអ្នកនាំព្រះរាជសារដែលចង្អុលបង្ហាញមនុស្សឲ្យងាកទៅរកព្រះមេស្ស៊ីនៅពេលអនាគតជាព្រះអង្គសង្គ្រោះ និងព្រះអង្គដែលត្រូវបានចាក់ប្រេងតាំងមកពីព្រះ។ ដូចនេះ ការអ្វីដែលសាវ័ក ពេត្រុស បានប្រកាស គឺគួរឲ្យយើងកត់សម្គាល់ណាស់។ គាត់កំពុងនិយាយទៅកាន់ព្រះយេស៊ូវថា ព្រះអង្គជាព្រះដែលត្រូវយាងមក ជាព្រះដែលពួកហោរាបានថ្លែងទំនាយ។ ការពន្យល់របស់ព្រះយេស៊ូវ អំពីសេចក្តីថ្លែងរបស់សាវ័ក ពេត្រុស គឺកាន់តែគួរឲ្យកត់សម្គាល់ជាងនេះទៅទៀត។ សាវ័ក ពេត្រុសបានធ្វើការសន្និដ្ឋានដូចនេះ មិនមែនដោយសារគាត់ឆ្លាត ឬមានសមត្ថភាពគិតពិចារណារកហេតុផលបានជ្រៅជ្រះ ឬដោយសារគ្រូអធិប្បាយណាមួយបានប្រាប់ឲ្យគាត់ថ្លែងនោះទេ។ ការប្រកាសរបស់គាត់អាចកើតមាន ព្រោះព្រះវរបិតាពិតជាបានបើកសម្ដែងឲ្យគាត់បានឃើញច្បាស់។
ការប្រកាសសេចក្តីជំនឿរបស់សាវ័ក ពេត្រុស ក៏ដូចជាការប្រកាសរបស់យើង មិនបានកើតឡើង ដោយសារកម្លាំងខ្លួនឯងនោះទេ។ សេចក្តីជំនឿគឺជាអំណោយមកពីព្រះ។ ការឆ្លងឆ្លើយរវាងសាវ័ក ពេត្រុស និងព្រះយេស៊ូវ គឺជាឧទាហរណ៍ដែលបានឆ្លុះបញ្ចាំង អំពីការដែលព្រះវិញ្ញាណនាំព្រះបន្ទូលព្រះ ចូលទៅក្នុងចិត្ត និងគំនិតនរណាម្នាក់ ដោយបានបណ្ដាលឲ្យគាត់ប្រកាសថា ព្រះយេស៊ូវជាព្រះមេស្ស៊ី។ ដូចនេះ សមត្ថភាពរបស់យើងក្នុងការប្រកាសថា ព្រះយេស៊ូវជាព្រះមេស្ស៊ីក៏មិនមែនជាសមត្ថភាពរបស់យើងដែរ តែជា «អំណោយទានរបស់ព្រះវិញ ក៏មិនមែនដោយការប្រព្រឹត្តដែរ ក្រែងអ្នកណាអួតខ្លួន» (អេភេសូរ ២:៨-៩)។ បើជំនឿយើងកើតចេញពីសមត្ថភាពនៃបញ្ញា ឬប្រាជ្ញាខាងផ្លូវអារម្មណ៍ ឬក៏សេចក្តីល្អខាងក្រមសីលធម៌របស់យើង នោះយើងអាចទុកចិត្តលើខ្លួនឯង ពោលគឺអួតសរសើរខ្លួនឯង។ ប៉ុន្តែ នៅថ្ងៃល្អ ការនេះនាំឲ្យយើងមានអំនួត តែនៅថ្ងៃអាក្រក់ យើងនឹងមានភាពផុយស្រួយ។ ដូចនេះ ជំនឿយើងពឹងផ្អែកទាំងស្រុងទៅលើការប្រទានរបស់ព្រះអង្គ បានជាយើងទុកចិត្តព្រះអង្គ។ បានសេចក្តីថា នៅថ្ងៃល្អបំផុត យើងបន្ទាបខ្លួន ហើយនៅថ្ងៃអាក្រក់បំផុត យើងទុកចិត្តព្រះអង្គ។ ចូរយើងអរសប្បាយដោយការដឹងគុណនៅថ្ងៃនេះ ដ្បិតព្រះទ្រង់សព្វព្រះទ័យនឹងកែប្រែចិត្ត និងគំនិត ដោយសេចក្តីពិតនៃព្រះបន្ទូលព្រះអង្គ ដើម្បីឲ្យយើងអាចចូលរួមជាមួយសាវ័ក ពេត្រុស ក្នុងការប្រកាសថា «ព្រះអង្គជាព្រះគ្រីស្ទ»។
ព្រះគម្ពីរសញ្ជឹងគិត៖ អេភេសូរ ២:១-១០
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ និក្ខមនំ ១-៣ និងម៉ាកុស ១៥:១-២៥