ព្រឹក

ទ្រាំទ្រគ្នាទៅវិញទៅមក
ដោយNancy Gavilanes
April 8, 2025
អេភេសូរ ៤:១-៦
ព្រមទាំងមានចិត្តសុភាព ហើយស្លូតបូតគ្រប់ជំពូក ទាំងអត់ធ្មត់ ហើយទ្រាំទ្រគ្នាទៅវិញទៅមក ដោយស្រឡាញ់។ អេភេសូរ ៤:២
មានពេលមួយខ្ញុំបានឈប់ឡានរបស់ខ្ញុំ នៅពីក្រោយឡានមួយគ្រឿង នៅពេលភ្លើងស្តុបចេញពណ៌ក្រហម ហើយក៏បានកត់សំគាល់ឃើញស្ទីគ័រនៅលើកញ្ចក់ខាងក្រោយឡាននោះ ដែលមានអក្សរសរសេរពីលើថា “សូមមានការអត់ធ្មត់។ ខ្ញុំទើបតែចេះបើកឡានទេ”។ មានបញ្ហាជាច្រើននៅតាមដងផ្លូវ ដែលយើងបានឮ ក៏ដូចជាបានជួបផ្ទាល់ ដូចនេះ ការក្រើនរំឭកឲ្យមានចិត្តអត់ធ្មត់ ចំពោះអ្នកបើកបរដទៃទៀតយ៉ាងដូចនេះ គឺពិតជាមានប្រយោជន៍ណាស់។
ខណៈពេលដែលខ្ញុំមើលស្ទីគ័រនោះ ខ្ញុំឆ្ងល់ថា តើមានអ្វីកើតឡើង បើសិនជាមនុស្សកាន់ផ្លាកសញ្ញាដូចនេះ ដើម្បីដាស់តឿនយើងថា ពួកគេ “ទើបតែមានកូនដំបូង” ឬ “ជាអ្នកជឿថ្មី”។ បើយើងដឹងថា អ្នកជិតខាង មិត្តរួមការងារ ឬអ្នកដទៃទៀត ដែលយើងជួប កំពុងជួបបញ្ហាអ្វីខ្លះ តើយើងនឹងមានចិត្តអត់ធ្មត់ជាងមុន ចំពោះពួកគេ ហើយថែមទាំងជួយពួកគេជម្នះបញ្ហាទាំងនោះដែរឬទេ?
យើងប្រហែលជាកំពុងមានការប្រញាប់ ដោយព្យាយាមជៀសវាងការរំខានពីអ្នកដទៃ តែចូរយើងពិចារណា អំពីរបៀបដែលព្រះយេស៊ូវបានប្រព្រឹត្តចំពោះមនុស្សចុះ។ ព្រះអង្គមិនមានការប្រញាប់ប្រញាល់ទេ។ ព្រះអង្គមានព្រះទ័យអាណិត ចំពោះមនុស្សទាំងឡាយ ហើយក៏ចំណាយពេលកម្សាន្តចិត្ត និងបង្រៀនពួកគេ ហើយបង្ហាញសេចក្តីស្រឡាញ់ដល់មនុស្សដែលព្រះអង្គជួបផងដែរ។
ក្នុងនាមយើងជាអ្នកជឿព្រះយេស៊ូវ ព្រះអង្គបានត្រាស់ហៅយើងឲ្យរស់នៅ ក្នុងជីវិតដែលសក្តិសមនឹងការត្រាស់ហៅដែលយើងបានទទួល(អេភេសូរ ៤:១)។ សាវ័កប៉ុលបានមានប្រសាសន៍ថា ការរស់នៅឲ្យសក្តិសមនឹងការត្រាស់ហៅ ក៏រាប់បញ្ចូលការមាន “ចិត្តសុភាព ហើយស្លូតបូតគ្រប់ជំពូក ទាំងអត់ធ្មត់ ហើយទ្រាំទ្រគ្នាទៅវិញទៅមក ដោយស្រឡាញ់”(ខ.២) ហើយខិតខំរស់នៅដោយសន្តិភាព និងការរួបរួមគ្នាផងដែរ(ខ.៣)។
យើងប្រហែលមិនបានដឹង អំពីបញ្ហាប្រឈមដែលមនុស្សកំពុងជួបប្រទះនោះទេ តែយើងអាចមានចិត្តអត់ធ្មត់ចំពោះពួកគេ។ ចូរយើងបង្ហាញចេញសេចក្តីស្រឡាញ់របស់ព្រះយេស៊ូវ ដល់មនុស្សម្នាក់ៗ ដែលយើងជួប ក្នុងការរស់នៅជារៀងរាល់ថ្ងៃ។—Nancy Gavilanes
តើធ្វើដូចម្តេចឲ្យអ្នកមានចិត្តអត់ធ្មត់កាន់តែខ្លាំង ចំពោះអ្នកដទៃ? តើអ្នកអាចធ្វើជាព្រះពរសម្រាប់នរណាខ្លះ នៅថ្ងៃនេះ?
ឱព្រះអម្ចាស់ សូមព្រះអង្គជួយទូលបង្គំ ឲ្យមានសេចក្តីស្រឡាញ់ និងចិត្តអត់ធ្មត់កាន់តែខ្លាំង
ជាមួយមនុស្សដែលព្រះអង្គឲ្យទូលបង្គំជួប ក្នុងដំណើរជីវិត។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ១សាំយ៉ូអែល ១០-១២ និង លូកា ៩:៣៧-៦២
ប្រភេទ
ល្ងាច

ព្រះអម្ចាស់ប្រទានយុត្តិធម៌ដល់រាស្ត្រព្រះអង្គ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
April 8, 2025
«ខាងឯពួកអ្នករាល់គ្នា នោះឲ្យខំនៅជាមេត្រីនឹងមនុស្សទាំងអស់ចុះ បើសិនជាបាន ឱពួកស្ងួនភ្ងាអើយ កុំឲ្យសងសឹកឡើយ ចូរថយចេញពីសេចក្តីកំហឹងទៅ ដ្បិតមានសេចក្តីចែងទុកមកថា «ព្រះអម្ចាស់ ទ្រង់មានព្រះបន្ទូលថា ការសងសឹក នោះស្រេចនឹងអញ អញនឹងសងដល់គេ» ... កុំឲ្យសេចក្តីអាក្រក់ឈ្នះអ្នកឡើយ ត្រូវឲ្យអ្នកឈ្នះសេចក្តីអាក្រក់ ដោយសារសេចក្តីល្អវិញ» (រ៉ូម ១២:១៨-១៩, ២១)។
សូមយើងស្រមៃថា មានក្មេងម្នាក់វិលត្រឡប់ពីសាលារៀនមកផ្ទះវិញ ដោយការមិនសប្បាយចិត្តយ៉ាងខ្លាំងចំពោះការអ្វីដែលក្មេងម្នាក់ទៀតនិយាយ ឬធ្វើមកលើនាង។ ពេលដែលនាងការឈឺចិត្តខ្លាំង ហៀបនឹងស្រក់ទឹកភ្នែក នាងងាយនឹងគិតថា នាងនឹងមិននិយាយរកក្មេងនោះទៀតទេ ឬរៀបគម្រោងសងសឹកមកលើក្មេងនោះវិញ។
សូមយើងស្រមៃទៀតថា ទោះជាយ៉ាងណាក៏ដោយ ឪពុកម្តាយនាងក៏បានណែនាំនាងឲ្យសរសេរសំបុត្រតូចមួយ ដើម្បីបង្ហាញចេញនូវការអត់ឱនទោស និងការរាប់អានជាមិត្ត ហើយបន្ទាប់ពីនាងបានធ្វើតាមការណែនាំនេះហើយ នាងក៏អាចនិយាយប្រាប់ឪពុកម្តាយនាង ដោយអំណរថា «កូនបានធ្វើតាមការណែនាំរបស់ប៉ាម៉ាក់! កូនបានយកសំបុត្រនោះទៅឲ្យនាងនៅសាលា ហើយយើងក៏បានផ្សះផ្សាគ្នា។ យើងឱបគ្នា ហើយយើងបន្តរាប់អានគ្នាជាមិត្តភក្តិ។ កូនសប្បាយចិត្តខ្លាំងណាស់!»
នេះជាអត្ថន័យនៃការបង្រៀនរបស់សាវ័ក ប៉ុល ឲ្យយើងរស់នៅដោយមេត្រីភាព បើសិនជាបាន។ ជួនកាល យើងមានការពិបាកក្នុងការបង្កើតឲ្យមានមេត្រីភាពជាមួយអ្នកដទៃ ប៉ុន្តែចូរយើងកុំឲ្យបញ្ហានេះកើតឡើង ដោយសារយើងមិនបានខិតខំស្វែងរកមេត្រីភាពនោះឡើយ។ ហើយជួនកាល យើងមិនអាចមានមេត្រីភាពដោយសារយើងមានគម្រោង ឬកំពុងដេញតាមការសងសឹក។ ការសងសឹកគឺប្រៀបដូចជាម្ហូបអាហារដែលមានតែព្រះទេ ដែលអាចលើកមកឲ្យបរិភោគបាន គឺមិនមែនសម្រាប់ឲ្យរាស្ត្រព្រះអង្គជាអ្នកធ្វើនោះទេ។
ជាក់ស្តែង ភាគច្រើននៃជម្លោះរបស់យើង គឺជារឿងដដែល ដែលធ្លាប់កើតឡើងកាលក្នុងវ័យកុមារ។ ការឆ្លើយតបរបស់យើង ចំពោះភាពអយុត្តិធម៌ បានឆ្លុះបញ្ចាំងអំពីសេចក្តីជំនឿពិតប្រាកដរបស់យើង។ តើយើងនឹង «ធ្វើការអាក្រក់ស្នងនឹងការអាក្រក់» (១ពេត្រុស ៣:៩) តាមផ្លូវរបស់លោកីយ៍ ឬយើងនឹងឆ្លើយតបតាមគំនិតរបស់ព្រះគ្រីស្ទ?
រាល់ជម្លោះ និងការឈឺចាប់ទាំងអស់ដែលយើងមាន មិនអាចប្រៀបផ្ទឹមនឹងការអ្វីដែលព្រះយេស៊ូវបានជួបប្រទះ និងឆ្លងកាត់ឡើយ។ តែនៅពេលដែលព្រះយេស៊ូវត្រូវគេជេរប្រមាថ ព្រះអង្គមិនបានជេរប្រមាថតបគេវិញទេ។ នៅពេលព្រះអង្គរងវេទនា ព្រះអង្គមិនបានដាក់បណ្តាសា ឬគម្រាមកំហែងគេដែរ។ យើងមិនត្រូវប្រព្រឹត្តកំហុសធ្ងន់ធ្ងរ ដោយទទួលយកសេចក្តីសង្គ្រោះរបស់ព្រះអង្គ តែមិនអើពើចំពោះគំរូរបស់ព្រះអង្គដោយព្យាយាមការពារមុខមាត់ និងគោលបំណងរបស់យើង ហើយធ្វើការពន្យល់អំពីខ្លួនយើង ដោយព្យាយាមទាមទារការប៉ះប៉ូវសម្រាប់ការខូចខាត ហើយសងសឹកចំពោះកំហុសតូចបំផុត ដែលគេធ្វើមកលើយើងនោះទេ។ និស្ស័យសាច់ឈាមទាញនាំយើងឲ្យធ្វើដូចនេះ ហើយដើម្បីឲ្យយើងជៀសវាងការដើរតាមផ្លូវនេះ។ យើងនឹងទទួលបានយុត្តិធម៌ តែមិនមែនទទួលបានដោយខ្លួនឯងនោះទេ។ ដូចនេះ តើមាននរណាម្នាក់ ដែលអ្នកចាំបាច់ត្រូវផ្សះផ្សាទំនាក់ទំនងជាមួយទេ? តើមាននរណាម្នាក់ ដែលអ្នកកំពុងតែបង្ហាញកំហឹងដាក់ ជាជាងបង្ហាញសេចក្តីស្រឡាញ់ដល់គាត់តាមរបៀបណាមួយឬទេ? ឱពួកស្ងួនភ្ងាអើយ កុំឲ្យសងសឹកឡើយ ចូរថ្វាយការសងសឹកដល់ព្រះអង្គជាអ្នកសម្រេច ហើយចូរឈ្នះការអាក្រក់ដោយការល្អវិញ។ គឺនៅថ្ងៃនេះ។
ព្រះគម្ពីរសញ្ជឹងគិត៖ ១ពេត្រុស ២:១៨-២៥
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ លេវីវិន័យ ១១-១២ និងហេព្រើរ ១០:១-១៨