
ស្រឡាញ់អ្នកប្រទេសក្រៅ ដែលទាល់ក្រ
ដោយPatricia Raybon
May 20, 2025
លេវីវិន័យ ១៩:៩-១០,៣៣-៣៤
កុំឲ្យសង្កត់សង្កិនអ្នកប្រទេសក្រៅឡើយ ដ្បិតឯងរាល់គ្នាស្គាល់សណ្ឋានចិត្តរបស់អ្នកប្រទេសក្រៅហើយ។ និក្ខមនំ ២៣:៩
ភរិយារបស់មិត្តភក្តិខ្ញុំម្នាក់ គឺជាជាងកាត់ដេរដ៏ចំណាន។ គាត់បានរៀបផែនការនៃសេចក្តីស្រឡាញ់ មុនពេលគាត់លាចាកលោក ដោយសារជំងឺដែលគាត់មានជាយូរឆ្នាំមកហើយ។ គាត់បានបរិច្ចាគឧបករណ៍កាត់ដេរទាំងអស់របស់គាត់ ដល់អង្គការកាត់ដេរមួយ ក្នុងទីក្រុង ដោយផ្តល់ឲ្យពួកគេនូវម៉ាស៊ីនដេរ តុសម្រាប់កាត់ខោអាវ និងឧបករណ៍ជាច្រើនទៀត សម្រាប់ថ្នាក់រៀន សម្រាប់ជនអន្តោប្រវេសន៍ដែលទើបធ្វើដំណើរមកដល់។ ស្វាមីគាត់បានប្រាប់យើងថា “ខ្ញុំបានរាប់ក្រណាត់ មាន២៨កេស។ មានស្រ្តី៦នាក់ បានមកទទួលសម្ភារៈ និងឧបករណ៍ទាំងអស់នោះ។ សិស្សរបស់ពួកគេគឺជាកម្មករកាត់ដេរ ដែលខិតខំធ្វើការងារ មានចិត្តអន្ទះសាចង់រៀនជំនាញកាត់ដេរ”។
នៅពេលដែលអ្នកផ្សេងពិពណ៌នា អំពីជនអន្តោប្រវេសន៍ដែលទើបមកដល់ថ្មី គេមិនបាននិយាយ ដោយការសរសើរដូចនេះទេ។ ទុក្ខលំបាករបស់អ្នកចំណូលថ្មី បាននាំឲ្យមានការខ្វែងគំនិតគ្នា ក្នុងសង្គម។
ទោះជាយ៉ាងណាក៏ដោយ លោកម៉ូសេបាននាំព្រះបន្ទូលរបស់ព្រះអម្ចាស់ ដែលបានបង្គាប់ពួកអ៊ីស្រាអែលថា “កុំឲ្យសង្កត់សង្កិនអ្នកប្រទេសក្រៅឡើយ ដ្បិតឯងរាល់គ្នាស្គាល់សណ្ឋានចិត្តរបស់អ្នកប្រទេសក្រៅហើយ”(និក្ខមនំ ២៣:៩)។ ជាងនេះទៅទៀត គាត់ក៏បានចែកចាយក្រឹត្យវិន័យរបស់ព្រះអង្គ ទាក់ទងនឹងជនអន្តោប្រវេសន៍ផងដែរ។ គឺដូចដែលព្រះអង្គបានបង្គាប់ពួកគេថា “កាលណាឯងរាល់គ្នាច្រូតចំរូតនៅស្រែ នោះមិនត្រូវច្រូតឲ្យដល់កៀនដីរបស់ឯងទាំងអស់ទេ ក៏មិនត្រូវសន្សំរើសគួរស្រូវដែលបានជ្រុះនោះផង ហើយក៏មិនត្រូវសន្សំបេះផ្លែទំពាំងបាយជូរ ឬរើសផ្លែដែលជ្រុះនៅចំការរបស់ឯងដែរ ត្រូវទុកសំរាប់ឲ្យពួកអ្នកក្រ នឹងពួកអ្នកស្នាក់វិញ អញនេះគឺយេហូវ៉ា ជាព្រះនៃឯងរាល់គ្នា”(លេវីវិន័យ ១៩:៩-១០)។
ព្រះទ្រង់ក៏បានប្រកាសផងដែរថា “បើមានមនុស្សប្រទេសក្រៅណាមកស្នាក់នៅក្នុងស្រុកជាមួយនឹងឯង នោះកុំឲ្យធ្វើបាបគេឡើយ ឯអ្នកប្រទេសក្រៅដែលមកស្នាក់នៅក្នុងពួកឯងរាល់គ្នា នោះត្រូវទុកដូចជាកើតនៅស្រុកឯងវិញ ហើយត្រូវស្រឡាញ់គេដូចជាខ្លួនឯងដែរ ដ្បិតឯងរាល់គ្នាពីដើមក៏ជាអ្នកស្នាក់នៅក្នុងស្រុកអេស៊ីព្ទដែរ អញនេះគឺព្រះយេហូវ៉ា ជាព្រះនៃឯងរាល់គ្នា”(ខ.៣៣-៣៤)។
ព្រះអង្គបានដាក់ខ្នាតគំរូ ឬស្តង់ដា សម្រាប់ឲ្យយើងប្រព្រឹត្តតាមហើយ។ សូមព្រះអង្គប្រទានពរចិត្តយើង ឲ្យបង្ហាញសេចក្តីស្រឡាញ់ ដល់ជនអន្តោប្រវេសន៍ ឬអ្នកចំណូលថ្មី ក្នុងចំណោមយើង។—Patricia Raybon
បើពួកជំនុំរបស់អ្នក ឬតំបន់ដែលអ្នករស់នៅ មានអ្នកខ្លះជាអ្នកមកពីប្រទេសក្រៅ ឬនិយាយភាសាផ្សេង
តើអ្នកអាចជួយយកអសារពួកគេយ៉ាងដូចម្តេចខ្លះ? តើនៅកន្លែងណា អ្នកអាចរកឃើញឱកាសជួយនរណាម្នាក់ ដែលមានវប្បធម៌ខុសពីអ្នក?
ឱព្រះវរបិតា សូមព្រះអង្គប្រទានទូលបង្គំនូវចិត្តដែលស្វាគមន៍ និងយកអសារអ្នកដទៃ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ១របាក្សត្រ ១៣-១៥ និង យ៉ូហាន ៧:១-២៧