
ព្រះទ្រង់ជ្រាបច្បាស់ជាងនរណាទាំងអស់
ដោយKaren Huang
May 31, 2025
អេសាយ ៥៥:៦-១១
ដ្បិតដែលផ្ទៃមេឃខ្ពស់ជាងផែនដីយ៉ាងណា នោះអស់ទាំងផ្លូវរបស់អញខ្ពស់ជាងផ្លូវរបស់ឯង។ អេសាយ ៥៥:៩
មានពេលមួយ ខ្ញុំមានការព្រួយបារម្ភអំពីបញ្ហាសុខភាពរបស់ក្មួយស្រីខ្ញុំ។ ការព្រួយបារម្ភរបស់ខ្ញុំក៏បានថយចុះ នៅពេលដែលខ្ញុំបានដឹងថា ការព្យាបាលតាមធម្មជាតិអាចជួយគាត់បាន។ ទោះជាយ៉ាងណាក៏ដោយ ប្អូនស្រីរបស់ខ្ញុំយល់ឃើញថា ការព្យាបាលនេះអាចបណ្តាលឲ្យមានផលប៉ះពាល់ ផ្អែកទៅលើប្រវត្តិជំងឺរបស់កូនស្រីគាត់។ ខ្ញុំចង់ប្រកែកជាមួយគាត់ តែខ្ញុំទប់ចិត្តខ្លួនឯងមិនឲ្យនិយាយ។ ទោះខ្ញុំមានការព្រួយបារម្ភអំពីក្មួយស្រីខ្ញុំយ៉ាងណាក៏ដោយ ខ្ញុំត្រូវតែគោរពសិទ្ធិអំណាចរបស់គាត់ជាម្តាយ។
ក្រោយមក វេជ្ជបណ្ឌិតម្នាក់បានប្រាប់យើងថា “ការព្យាបាលតាមធម្មជាតិនោះ នឹងបណ្តាលឲ្យមានអាឡែកស៊ីធ្ងន់ធ្ងរ”។ នៅក្នុងការថែរក្សាសុខុមាលភាពរបស់ក្មួយស្រីខ្ញុំ ម្តាយរបស់គាត់ពិតជាបានដឹងអំពីកូនស្រីគាត់ បានច្រើនជាងខ្ញុំមែន។
ខ្ញុំបាននឹកចាំអំពីរឿងនេះ ពេលដែលខ្ញុំមានការថប់បារម្ភអំពីមនុស្សជាទីស្រឡាញ់ដទៃទៀត ដោយខ្ញុំទូលសូមព្រះអង្គជួយពួកគេ តាមរបៀបដែលខ្ញុំគិតថា ព្រះអង្គគួរតែជួយពួកគេ។ ខ្ញុំក៏បាននឹកចាំថា ព្រះដែលស្រឡាញ់ពួកគេ ហើយស្គាល់ពួកគេច្បាស់ជាងខ្ញុំស្គាល់ពួកគេ និយាយឲ្យខ្លី ព្រះអង្គជ្រាបច្បាស់ជាងនរណាទាំងអស់។
ក្នុងបទគម្ពីរអេសាយ ៥៥:៩ ព្រះទ្រង់មានបន្ទូលថា “ដ្បិតដែលផ្ទៃមេឃខ្ពស់ជាងផែនដីយ៉ាងណា នោះអស់ទាំងផ្លូវរបស់អញខ្ពស់ជាងផ្លូវរបស់ឯង”។ ក្នុងព្រះគម្ពីរដើមភាសាហេព្រើរ ពាក្យ ផ្លូវ (derek) គឺសំដៅទៅលើការប្រព្រឹត្ត និងអាកប្បកិរិយាខាងផ្លូវសីលធម៌របស់ព្រះ ធៀបជាងមួយនឹងមនុស្សអាក្រក់។ ប្រាជ្ញា និងសេចក្តីសុចរិតរបស់ព្រះ តែងតែខ្ពស់ជាងប្រាជ្ញា និងសេចក្តីសុចរិតរបស់យើងឆ្ងាយណាស់។ ការអ្វីដែលកើតឡើង ក្នុងជីវិតរបស់មនុស្សជាទីស្រឡាញ់ណាម្នាក់ ប្រហែលមិនមែនជាអ្វីដែលយើងចង់បានទេ តែយើងអាចទុកចិត្តថា ព្រះអង្គនឹងធ្វើការក្នុងជីវិតពួកគេ តាមបំណងព្រះទ័យព្រះអង្គ។
ចូរយើងអធិស្ឋានថ្វាយមនុស្សជាទីស្រឡាញ់របស់យើង ដល់ព្រះអង្គ ដោយទូលដល់ព្រះអង្គ “ឲ្យជ្រាបពីសេចក្ដីសំណូម” របស់យើង(ភីលីព ៤:៦)។ មានតែព្រះអង្គទេ ដែលមានសេចក្តីស្រឡាញ់ សេចក្តីមេត្តា ប្រាជ្ញា និងអំណាចគ្រប់គ្រងដ៏ឥតខ្ចោះ(អេសាយ ៥៥:៣,៧-១១)។—Karen Huang
តើអ្នកមានការព្រួយបារម្ភអ្វីខ្លះ ចំពោះមនុស្សជាទីស្រឡាញ់? តើអ្នកអាចទុកចិត្តលើប្រាជ្ញារបស់ព្រះ
ក្នុងការជួយអ្នកដោះស្រាយបញ្ហារបស់អ្នក ដូចម្តេចខ្លះ?
ឱព្រះអម្ចាស់ ទូលបង្គំសូមថ្វាយមនុស្សជាទីស្រឡាញ់របស់ទូលបង្គំ ក្នុងព្រះហស្តព្រះអង្គ។
មានតែព្រះអង្គទេ ដែលជ្រាបថា មានអ្វីខ្លះល្អបំផុតសម្រាប់ពួកគេ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ២របាក្សត្រ ១៣-១៤ និង យ៉ូហាន ១២:១-២៦