
ដើម្បីឲ្យយើងបន្តដំណើរទៅមុខទៀត
ដោយAlistair Begg
May 31, 2025
«រីឯអ្នករាល់គ្នា ដែលពីដើមត្រូវពង្រាត់ចេញ ហើយជាខ្មាំងសត្រូវក្នុងគំនិត ដោយអំពើអាក្រក់នោះ។ ឥឡូវនេះវិញ ទ្រង់បានផ្សះផ្សាក្នុងរូបសាច់ទ្រង់ ដោយបានទទួលសុគត ដើម្បីនឹងថ្វាយអ្នករាល់គ្នាជាដង្វាយបរិសុទ្ធ ឥតសៅហ្មង ហើយឥតកន្លែងបន្ទោសបាននៅចំពោះទ្រង់ នោះគឺបើតិចណាស់ អ្នករាល់គ្នាបានតាំងនៅជាប់លាប់ ហើយមាំមួនក្នុងសេចក្តីជំនឿដែរ ឥតងាកបែរចេញពីសេចក្តីសង្ឃឹមរបស់ដំណឹងល្អដែលអ្នករាល់គ្នាបានឮ ជាដំណឹងដែលបានផ្សាយទៅដល់គ្រប់ទាំងមនុស្សដែលកើតក្រោមមេឃផង ឯប៉ុលខ្ញុំ ជាអ្នកបំរើចំពោះដំណឹងល្អនោះដែរ» (កូឡូស ១:២១-២៣)។
បើយើងសួរមនុស្សនៅបស្ចិមប្រទេស នៅសតវត្សរ៍ទី២១ ភាគច្រើន ពួកគេនឹងនិយាយថា មនុស្សមានចរិតលក្ខណៈដែលល្អពីកំណើតមក។ ទោះជាយ៉ាងណាក៏ដោយ បើសិនជាពួកគេតាមដានព័ត៌មានប្រចាំថ្ងៃ ភ្លាមៗនោះ ពួកគេប្រហែលជាចង់យកទស្សនៈនេះមកពិចារណាឡើងវិញ។ ថ្ងៃមួយ បើយើងចំណាយពេលអង្គុយគិតអំពីអាកប្បកិរិយា គំនិត និងទង្វើរបស់យើង យើងក៏អាចដឹងថា យើងមិនល្អពីកំណើត ដូចការអះអាងនេះទេ។ បើយើងគិតដោយស្មោះត្រង់ យើងត្រូវទទួលស្គាល់ថា ចិត្តរបស់យើងគ្មានសណ្ដាប់ធ្នាប់ ឬមិនមានការគ្រប់គ្រងល្អ ហើយដំណោះស្រាយដ៏ពេញនិយម សម្រាប់បញ្ហានេះ គឺគេស្វែងរកការអប់រំកម្រិតខ្ពស់ជាង ឬការផ្លាស់ប្ដូរកាលៈទេសៈក្នុងសង្គម តែហាក់ដូចជាមិនអាចដោះស្រាយបញ្ហានេះបាន។ មនុស្សជាតិនៅតែបន្តគ្មានសណ្ដាប់ធ្នាប់។
ពេលណាយើងងាកទៅរកព្រះគម្ពីរប៊ីប យើងរកឃើញសេចក្តីពិតអំពីខ្លួនយើង ដែលស្តាប់ទៅមិនពីរោះសោះ។ គឺសេចក្តីពិតដែលថា មូលហេតុដែលយើងមានអារម្មណ៍ថា ដាច់ចេញពីមនុស្សនៅជុំវិញយើង និងមូលហេតុដែលជួនកាល ខ្ញុំមានអារម្មណ៍ថាដាច់ចេញពីខ្លួនឯង គឺដោយសារយើងបានដាច់ចេញពីព្រះ។ ការដាច់ចេញរបស់យើងក្នុងលក្ខណៈជាខ្សែបន្ទាត់ដេក គឺបានឆ្លុះបញ្ចាំងអំពីការដាច់ចេញក្នុងលក្ខណៈខ្សែបន្ទាត់ឈរ ដែលធ្ងន់ធ្ងរជាងការដាច់ចេញជាខ្សែបន្ទាត់ដេកឆ្ងាយណាស់។ ព្រះអម្ចាស់បានបង្កើតយើងមក ដើម្បីឲ្យយើងមានទំនាក់ទំនងជាមួយព្រះអង្គ តែគំនិតរបស់យើងបានងាកចេញពីព្រះអង្គ។ យើងមិនគិតអំពីព្រះអង្គ។ យើងមិនស្រឡាញ់ព្រះអង្គ។ យើងមិនទាំងបានស្វែងរកព្រះអង្គផង។
ទោះជាយ៉ាងណាក៏ដោយ យើងមានដំណឹងល្អមួយ។ ក្នុងនាមយើងជាអ្នកដើរតាមព្រះគ្រីស្ទ កាលពីមុនយើងកំពុងវិនាស ឥឡូវនេះយើងបានកើតជាថ្មី។ យើងបានដាច់ចេញពីព្រះអង្គ តែឥឡូវយើងបានផ្សះផ្សាឲ្យជានឹងព្រះអង្គ។ យើងរស់នៅក្នុងកន្លែងងងឹត ហើយឥឡូវនេះព្រះអង្គនាំយើងចូលក្នុងពន្លឺ។ យើងបានជាប់អន្ទាក់ តែឥឡូវយើងមានសេរីភាព។ យើងបានស្លាប់ តែឥឡូវយើងត្រូវបានប្រោសឲ្យមានជីវិតរស់ក្នុងព្រះគ្រីស្ទ។ នេះជាបទពិសោធន៍របស់អ្នកដែលស្គាល់ព្រះ ខណៈពេលដែលព្រះអង្គបង្ហាញអង្គទ្រង់ តាមរយៈព្រះបន្ទូលរបស់ព្រះអង្គ។
ការផ្លាស់ប្រែនេះ មិនគ្រាន់តែជាលទ្ធផលនៃការសម្រេចចិត្តធ្វើឲ្យជីវិតល្អប្រសើរជាងមុនប៉ុណ្ណោះទេ។ នៅពេលខ្លះ មនុស្សភាគច្រើនគិតថា «ជីវិតរបស់ខ្ញុំកំពុងតែមានការផ្លាស់ប្ដូរហើយ។ ខ្ញុំនឹងមានការដឹងគុណចំពោះព្រះនៅឆ្នាំនេះឲ្យបានច្រើនជាងឆ្នាំមុន»។ នេះជាការល្អហើយ! ការនិយាយដូចនេះ មិនមានអ្វីខុសទេ។ មិត្តភក្តិ និងក្រុមគ្រួសាររបស់យើង ប្រាកដជាមានចិត្តរំភើប ពេលបានឮយើងនិយាយដូចនេះ។ ប៉ុន្តែ ការនេះមិនមែនជាគោលដៅរបស់គ្រីស្ទបរិស័ទទេ។ ផ្ទុយទៅវិញ ការផ្លាស់ប្រែក្នុងជីវិតរបស់គ្រីស្ទបរិស័ទបានទទួលការបណ្ដាលចិត្ត និងការផ្ចុងផ្ដើមដោយព្រះគុណរបស់ព្រះ ដែលជួយសង្គ្រោះ។ យើងចាប់ផ្ដើម និងបន្តដំណើរ ដោយសារព្រះគុណព្រះ។
ដំណឹងល្អគឺជាដំណឹងនៃសេចក្តីពិតដែលថា ព្រះយេស៊ូវមកពីស្រុកណាសារ៉ែតបានសុគតជំនួសយើង ដើម្បីបញ្ចប់ការដាច់ចេញរបស់យើង។ មានតែព្រះអង្គទេ ដែលបានធ្វើអ្វីដែលយើងត្រូវការបំផុត តែមិនអាចធ្វើសម្រាប់ខ្លួនឯង។ ដូចនេះ ព្រះអង្គមានការត្រាស់ហៅដ៏សាមញ្ញ សម្រាប់យើងឲ្យ «បន្តដំណើរក្នុងជំនឿ ដោយមិនងាកបែរចេញពីដំណឹងល្អ»។ យើងមិនត្រូវបែរចេញពីដំណឹងល្អដ៏សាមញ្ញរបស់ព្រះគ្រីស្ទ ដែលបានសុគតនៅលើឈើឆ្កាង មានព្រះជន្មឡើងវិញ និងគ្រងរាជ្យ តាមពិតយើងមិនហ៊ានបែរចេញឡើយ។ ប៉ុន្តែ យើងពិតជាងាយនឹងព្រងើយកន្តើយចំពោះសេចក្តីពិតនេះ ដោយយើងប្រែជាមានអារម្មណ៍ថាស៊ាំនឹងសេចក្តីពិតនេះ ហើយបន្ទាប់មកយើងគិតថា យើងមិនត្រូវការព្រះអង្គទៀត។ ដូចនេះ ចូរយើងពិនិត្យមើលចិត្តខ្លួនឯង ដោយចិត្តស្មោះត្រង់។ ដោយទទួលស្គាល់បាបរបស់យើង។ ហើយវិលត្រឡប់មកដំណឹងល្អវិញ ដោយចិត្តស្ញប់ស្ញែង ចំពោះការសុគតរបស់ព្រះអង្គ ជំនួសយើង។1
ព្រះគម្ពីរសញ្ជឹងគិត៖ ទំនុកតម្កើង ៣២
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ២ពង្សាវតាក្សត្រ ២៤-២៥ និងម៉ាថាយ ១៧
1លោក Charles Wesley, “And Can It Be?” (ឆ្នាំ១៧៣៨)។