
ថ្វាយបង្គំក្នុងពេលមានទុក្ខលំបាក និងការល្បងល
ដោយAlistair Begg
June 5, 2025
«ព្រះយេហូវ៉ាទ្រង់ក៏គង់នៅជាមួយនឹងយ៉ូសែប ហើយគាត់ចេះតែចម្រើនឡើង» (លោកុប្បត្ដិ ៣៩:២-៣)។
បើលោក យ៉ូសែប គ្មានអ្វីផ្សេងក្រៅពីអាវវែងពណ៌ចម្រុះដ៏ស្រស់ស្អាត នោះគាត់នឹងវិនាសមិនខាន នៅពេលដែលពួកបងៗរបស់គាត់ដកអាវនោះចេញពីគាត់ ហើយលក់គាត់ឲ្យធ្វើជាទាសករ។ ប៉ុន្តែ មនុស្សដែលពាក់អាវវែងនេះ មានចរិតលក្ខណៈដ៏ល្អបានសេចក្តីថា ពេលដែលគាត់បាត់បង់អាវវែងនោះ គាត់មិនបានបាត់បង់ចរិតលក្ខណៈរបស់គាត់ទេ។ ផ្ទុយទៅវិញ គាត់បន្តកើតមានចរិតលក្ខណៈល្អៗថែមទៀតក្នុងការរស់នៅជាទាសករក្នុងផ្ទះរបស់លោក បូទីផារ។ ក្នុងទុក្ខលំបាកទាំងនោះ ព្រះអម្ចាស់បានចាក់បង្ហូរព្រះពរ និងសេចក្តីស្រឡាញ់មកលើជីវិតរបស់លោក យ៉ូសែប។
គេអាចយល់បាន បើសិនជាគាត់គេចទៅរកភាពឯកោក្នុងភាពជាទាសករ ក្នុងផ្ទះរបស់ជនជាតិអេស៊ីព្ទ ដោយបដិសេធមិនខ្វល់អំពីលោកីយ៍នៅជុំវិញគាត់ ដោយប្រឆាំងនឹងការថ្វាយបង្គំរូបព្រះរបស់សាសន៍អេស៊ីព្ទ ហើយស្អប់ខ្ពើមអំណាចដែលលោក បូទីផារ មានមកលើគាត់។ ប៉ុន្តែ បើគាត់ធ្វើដូចនេះ គាត់មុខជាបាត់បង់ឱកាសធ្វើបន្ទាល់អំពីព្រះអម្ចាស់មិនខានឡើយ។ គាត់មិនបានបិទផ្លូវខ្លួនឯងទេ តែផ្ទុយទៅវិញ គាត់ហាក់ដូចជាប្ដេជ្ញាចិត្តថា គាត់នឹងរស់នៅជាអ្នកបម្រើល្អបំផុតរបស់លោក បូទីផារ ព្រោះគាត់ដឹងថា ការធ្វើដូចនេះក៏ជាការបម្រើព្រះផងដែរ។
កាលលោក យ៉ូសែប បានចម្រើនឡើងដោយសារសេចក្តីល្អរបស់ព្រះ គាត់កំពុងរស់នៅជាទាសករនៅឡើយទេ។ ការរស់នៅរបស់គាត់ពីមួយថ្ងៃទៅមួយថ្ងៃ គឺមានពេញទៅដោយការងារដែលគាត់ធ្វើដដែលៗនៅកន្លែងដដែល គួរឲ្យធុញទ្រាន់ ជាអ្វីដែលមនុស្សភាគច្រើនបានឆ្លងកាត់! ប៉ុន្តែ បើសិនជាយើងចង់ចម្រើនឡើង ក្នុងកាលៈទេសៈនៃសកម្មភាពដដែលៗ គួរឲ្យធុញទ្រាន់បំផុត យើងត្រូវតែរៀនប្រើភាពច្រំដែលនៃជីវិតឲ្យមានប្រយោជន៍ ហើយមើលទៅព្រះហស្តនៃព្រះពររបស់ព្រះ ទោះក្នុងរូបភាពណាក៏ដោយ។
ដោយសារលោក យ៉ូសែប អាចទុកចិត្តព្រះតាមរយៈទុក្ខលំបាករបស់គាត់។ លោក បូទីផារ ក៏បានដឹងថា ព្រះអម្ចាស់បានគង់នៅជាមួយលោក យ៉ូសែប ហើយប្រទានពរឲ្យគាត់ចម្រើនឡើង។ លោក យ៉ូសែប មិនចាំបាច់ត្រូវប្រាប់លោក បូទីផារ ថា ព្រះអម្ចាស់មានសេចក្តីស្រឡាញ់ពិសេសចំពោះគាត់ទេ។ ពេលណាព្រះពររបស់ព្រះកើតមានចំពោះជីវិតមនុស្សម្នាក់ នោះព្រះពរនោះនឹងបង្ហាញខ្លួនឲ្យគេឃើញ ហើយជួនកាល សូម្បីតែអ្នកមិនជឿក៏អាចកត់សម្គាល់ដែរ គឺដូចក្នុងករណីរបស់លោក បូទីផារ ជាដើម។
យើងចាំបាច់ត្រូវរៀនរស់នៅដោយដឹងថា បញ្ហាទាំងអស់ដែលយើងប្រឈមមុខដាក់ ពេលវេលាដែលយើងបានចំណាយ និងគ្រប់ជំហានដែលយើងបោះទៅមុខសុទ្ធតែជាឱកាស ដើម្បីថ្វាយសិរីល្អ និងសរសើរតម្កើងព្រះ។ ពេលណាយើងស្ថិតក្នុងកាលៈទេសៈដូចនេះ យើងអាច «ធ្វើឲ្យអស់ពីចិត្ត ទុកដូចជាធ្វើថ្វាយដល់ព្រះអម្ចាស់ មិនមែនដល់មនុស្សទេ ដោយដឹងថា អ្នករាល់គ្នានឹងទទួលរង្វាន់ជាមរដកអំពីព្រះអម្ចាស់មក ដ្បិតអ្នករាល់គ្នាជាអ្នកបម្រើរបស់ព្រះគ្រីស្ទជាព្រះអម្ចាស់» (កូឡូស ៣:២៣-២៤)។ ទាល់តែយើងបានដឹងថា ព្រះអង្គបានបង្កើតយើងមកសម្រាប់ថ្វាយសិរីល្អដល់ព្រះអង្គ ទើបយើងអាចកែប្រែទុក្ខលំបាកក្នុងជីវិតឲ្យក្លាយជាឱកាសថ្វាយបង្គំព្រះអង្គ។ ការទទួលខុសត្រូវរបស់យើង ដូចមានចែងក្នុងព្រះគម្ពីរ គឺជាឱកាសដើម្បីបើកបង្ហាញឲ្យគេដឹងថា យើងកំពុងពឹងផ្អែកទៅលើព្រះអង្គ និងជាភស្តុតាងនៃព្រះពររបស់ព្រះអង្គ។ ទោះយើងជាអគ្គនាយកក្រុមហ៊ុន ជាអ្នកបោសថ្នល់ អ្នកលក់ដូរ ជាងសំណង់ ឬអ្នកមើលថែជនចាស់ជរាក្តី ចូរយើងបន្ទាបខ្លួន ហើយព្រះអង្គនឹងលើកយើងឡើង ពេលណាយើងអធិស្ឋានថា៖
ឱព្រះ និងជាក្សត្រនៃទូលបង្គំអើយ សូមបង្រៀនទូលបង្គំ
ឲ្យមើលឃើញក្នុងគ្រប់ការទាំងអស់
ហើយក្នុងការអ្វីដែលទូលបង្គំធ្វើ
សូមឲ្យទូលបង្គំបានធ្វើថ្វាយព្រះអង្គ។1
ព្រះគម្ពីរសញ្ជឹងគិត៖ លោកុប្បត្ដិ ៣៩
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ យេរេមា ១-២ និងម៉ាថាយ ២០:១៧-៣៤