
ការវះកាត់ចិត្តខាងវិញ្ញាណ
ដោយAmy Boucher Pye
June 9, 2025
អេសេគាល ៣៦:២២-២៨
អញនឹងឲ្យឯងមានចិត្តថ្មី ហើយនឹងដាក់វិញ្ញាណថ្មីនៅក្នុងឯងដែរ។ អេសេគាល ៣៦:២៦
កាលប៉ុន្មានឆ្នាំមុន បន្ទាប់ពីខ្ញុំ និងខារ៉ូលីន(Carolyn) បានប្រកែកគ្នាដោយពាក្យសម្តីធ្ងន់ៗ យើងក៏បានដោះស្រាយបញ្ហាជម្លោះរបស់យើង ដោយសេចក្តីអាណិត និងក្តីស្រឡាញ់ចំពោះគ្នាទៅវិញទៅមក។ ខ្ញុំបានសារភាពកំហុសរបស់ខ្ញុំ ហើយគាត់ក៏បានអធិស្ឋានឲ្យខ្ញុំ ដោយដកស្រង់បទគម្ពីរអេសេគាល ៣៦:២៦ ដែលក្នុងនោះ ព្រះអម្ចាស់មានបន្ទូលទៅកាន់រាស្រ្តរបស់ព្រះអង្គថា “អញនឹងឲ្យឯងមានចិត្តថ្មី ហើយនឹងដាក់វិញ្ញាណថ្មីនៅក្នុងឯងដែរ អញនឹងដកចិត្តដែលរឹងដូចថ្មពីរូបសាច់ឯងចេញ រួចនឹងឲ្យមានចិត្តជាសាច់វិញ”។ ខ្ញុំជឿថា កាលនោះ ព្រះអង្គកំពុងធ្វើការវះកាត់បេះដូងខាងវិញ្ញាណរបស់ខ្ញំ ដោយយកចេញការភ័យខ្លាច និងចិត្តជូរល្វីងចេញ ហើយទន្ទឹមនឹងនោះ ព្រះអង្គក៏បានហ៊ុមព័ទ្ធខ្ញុំ ក្នុងសេចក្តីស្រឡាញ់របស់ព្រះអង្គ។
ព្រះទ្រង់សព្វព្រះទ័យឲ្យយើងដោះស្រាយបញ្ហា ដោយប្រើខគម្ពីរ គឺដូចដែលខ្ញុំបានធ្វើកាលនោះ តែយើងក៏ចាំបាច់ត្រូវកត់សំគាល់បរិបទដើមរបស់បទគម្ពីរនោះផងដែរ។ ហោរាអេសេគាល បានថ្លែងព្រះបន្ទូលរបស់ព្រះ ទៅកាន់រាស្រ្តរបស់ព្រះអង្គ ដែលបានសន្យាថា ព្រះអង្គនឹងលាងសម្អាតពួកគេឲ្យស្អាត។ តើហេតុអ្វី? ព្រះអម្ចាស់មានបន្ទូលថា “អញមិនមែនធ្វើការនេះ ដោយយល់ដល់ឯងរាល់គ្នាទេ គឺដោយយល់ដល់ឈ្មោះបរិសុទ្ធរបស់អញវិញ”(ខ.២២)។ ព្រះអង្គនឹងធ្វើការលាងសម្អាតរាស្រ្តព្រះអង្គឲ្យបរិសុទ្ធ ដើម្បីឲ្យប្រជាជាតិទាំងឡាយបានកោតខ្លាចព្រះអង្គ ហើយដឹងថា ព្រះអង្គគឺជាព្រះ។
ព្រះទ្រង់សម្រេចបំណងព្រះទ័យក្នុងជីវិតយើង មិនគ្រាន់តែដើម្បីឲ្យយើងបានលូតលាស់ និងចម្រើនឡើង តែក៏ដើម្បីឲ្យយើងថ្វាយព្រះកិត្តិនាមដល់ព្រះអង្គផងដែរ។ ដែលព្រះអង្គបានសន្យាថា នឹងប្រទានចិត្តថ្មី និងវិញ្ញាណថ្មីដល់ពួកអ៊ីស្រាអែល តាមរយៈព្រះរាជកិច្ចរបស់ព្រះវិញ្ញាណបរិសុទ្ធជាយ៉ាងណា នោះព្រះអង្គក៏នឹងជំនួសចិត្តដែលរឹងទទឹងរបស់យើង ដោយចិត្តដែលទទួល និងចែកចាយសេចក្តីស្រឡាញ់ និងព្រះជន្មរបស់ព្រះអង្គ។—Amy Boucher Pye
តើព្រះទ្រង់បានវះកាត់ចិត្តខាងវិញ្ញាណរបស់អ្នក ដូចម្តេចខ្លះ?
តើអ្នកដទៃបានកត់សំគាល់ឃើញការផ្លាស់ប្តូរអ្វីខ្លះ ដែលព្រះអង្គបានប្រទានក្នុងជីវិតអ្នក?
ឱព្រះអម្ចាស់នៃជីវិតទាំងអស់ ទូលបង្គំសូមអរព្រះគុណព្រះអង្គ ដែលបានកែប្រែជីវិតទូលបង្គំ
ឲ្យកើតជាថ្មី ដោយចាក់ឫសនៅក្នុងព្រះអង្គ។ សូមព្រះអង្គចាក់បង្ហូរសេចក្តីស្រឡាញ់របស់ព្រះអង្គ មកលើទូលបង្គំនៅថ្ងៃនេះ។
Learn more here: ODB.org/personal-relationship.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ២របាក្សត្រ ៣២-៣៣ និង យ៉ូហាន ១៨:១៩-៤០