ព្រឹក

គ្មានទេមនុស្សសាមញ្ញ
ដោយBill Crowder
June 18, 2025
ទីតុស ៣:១-១១
ចូររំឭកគេ ... ត្រូវមានចិត្តស្លូតបូត ទាំងសំដែងសេចក្ដីសុភាពគ្រប់យ៉ាង ដល់មនុស្សទាំងអស់ផង។ ទីតុស ៣:១-២
នៅលើជញ្ជាំង នៅខាងក្រោយបញ្ជរសម្រាប់ប្រតិបត្តិសាច់ប្រាក់ នៅធនាគា ដែលខ្ញុំកំពុងប្រើប្រាស់ ខ្ញុំឃើញពាក្យស្លោក ដែលឆ្លុះបញ្ចាំងអំពីគោលការណ៍របស់ធនាគារនេះ ដែលបង្រួមមកនៅត្រឹមពាក្យ សុជីវធម៌។ ខ្ញុំមានអារម្មណ៍ស្រស់ស្រាយ នៅពេលដែលបុគ្គលិកធនាគាមានសុជីវធម៌ ខណៈពេលដែលគាត់កំពុងជួយខ្ញុំប្រតិបត្តិការសាច់ប្រាក់។
ក្នុងលោកិយដ៏កាចសាហាវ និងគ្មានក្តីមេត្តា ការប្រកាន់ខ្ជាប់នូវសុជីវធម៌ ក្នុងការប្រកបទាក់ទងគ្នា គឺជាផ្នត់គំនិតដ៏ល្អ។ សាវ័កប៉ុលក៏បានបង្រៀនអំពីរឿងនេះ នៅក្នុងសំបុត្រដែលគាត់បានសរសើរផ្ញើលោកទីតុសផងដែរ។ គាត់បានបង្រៀនលោកទីតុស ឲ្យក្រើនរំឭកពួកជំនុំរបស់គាត់ថា “មិនត្រូវនិយាយអាក្រក់ពីអ្នកណា ឬឈ្លោះប្រកែកឡើយ ត្រូវមានចិត្តស្លូតបូត ទាំងសំដែងសេចក្ដីសុភាពគ្រប់យ៉ាង ដល់មនុស្សទាំងអស់ផង”(ទីតុស ៣:២)។ ការមានសុជីវធម៌ ក្នុងទំនាក់ទំនងក៏អាចមានន័យថា យើងស្វែងរកភាពសុខដុម និងគិតអំពីប្រយោជន៍របស់អ្នកដទៃផងដែរ។
របៀបដែលយើងប្រព្រឹត្តចំពោះអ្នកដទៃ អាចបើកបង្ហាញឲ្យគេដឹងថា យើងបានចាត់ទុកពួកគេជាមនុស្ស ដែលព្រះអង្គបានបង្កើតឲ្យដូចរូបអង្គទ្រង់ដែរឬអត់។ លោកស៊ី អេស លូអ៊ីស(C. S. Lewis) បានបកស្រាយ អំពីបញ្ហានេះ ក្នុងសៀវភៅដែលគាត់បាននិពន្ធមានចំណងជើងថា ទម្ងន់នៃសិរីល្អ យ៉ាងដូចនេះថា “ពិភពលោកនេះ គ្មានទេមនុស្សសាមញ្ញ។ អ្នកមិនដែលបានជជែកជាមួយមនុស្សសាមញ្ញ ដែលមានវត្តមានតែនៅលើផែនដីនេះឡើយ”។ ត្រង់ចំណុចនេះ លោកលូអ៊ីសកំពុងគិតដល់ពេលដ៏អស់កល្បជានិច្ច ដែលមនុស្សនឹងបានអរសប្បាយជាមួយព្រះវត្តមានព្រះ ពុំនោះទេ ពួកគេនឹងត្រូវដាច់ចេញពីព្រះអង្គជារៀងរហូត។ ហេតុនេះហើយ គាត់ក៏បានក្រើនរំឭកយើងថា “ពួកគេជាមនុស្សដ៏អស់កល្បដែលយើងនិយាយកំប្លែងជាមួយ ធ្វើការជាមួយ រៀបការជាមួយ ឬមិនបានអើពើ និងបានទាញយកប្រយោជន៍ពីពួកគេ និយាយរួម បើពួកគេមិនមែនមនុស្សដែលនឹងវេទនាអស់កល្បជានិច្ចទេ ពួកគេនឹងបានអរសប្បាយនឹងសិរីល្អនៃព្រះអស់កល្បជានិច្ចនៅនគរស្ថានសួគ៌”។
ចូរយើងអនុញ្ញាតឲ្យព្រះវិញ្ញាណបរិសុទ្ធជួយយើង ឲ្យប្រព្រឹត្តចំពោះមនុស្សនៅជុំវិញយើង ដោយនឹកចាំថា ពួកគេក៏ជាមនុស្សដែលព្រះអង្គបានបង្កើតឲ្យដូចរូបអង្គទ្រង់ផងដែរ។—Bill Crowder
តើការខ្វះសុជីវធម៌មានផលប៉ះពាល់យ៉ាងណាមកលើអ្នក ក្នុងការទំនាក់ទំនង?
តើអ្នកអាចធ្វើដូចម្តេចខ្លះ ដើម្បីឲ្យទំនាក់ទំនងរបស់អ្នកកាន់តែមានសុជីវធម៌?
ឱព្រះអម្ចាស់ យើងខ្ញុំងាយនឹងមានចិត្តនឿយណាយ ចំពោះអ្នកដទៃ។ សូមព្រះអង្គប្រទានទូលបង្គំនូវវិញ្ញាណដែលអត់ធ្មត់
និងចិត្តដែលសប្បុរស ដើម្បីឲ្យទូលបង្គំអាចប្រព្រឹត្តចំពោះមនុស្សម្នាក់ៗ ដោយសេចក្តីថ្លៃថ្នូ និងសុជីវធម៌។
For further study, read Cleaning Under the Rug at DiscoverODB.org.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : នេហេមា ១០-១១ និង កិច្ចការ ៤:១-២២
ប្រភេទ
ល្ងាច

គិតអំពីខ្លួនឯងឲ្យបានត្រឹមត្រូវ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
June 18, 2025
«ដ្បិតខ្ញុំនិយាយនឹងមនុស្សទាំងអស់ក្នុងពួកអ្នករាល់គ្នា ដោយព្រះគុណដែលទ្រង់បានផ្តល់មកខ្ញុំថា ចូរគិតបែបឲ្យមានគំនិតនឹងធឹងតាមខ្នាតនៃសេចក្តីជំនឿ ដែលព្រះបានចែកមកអ្នករាល់គ្នានីមួយៗ កុំឲ្យមានគំនិតខ្ពស់លើសជាងគំនិត ដែលគួរគប្បីឲ្យគិតនោះឡើយ» (រ៉ូម ១២:៣)។
គ្មាននរណាម្នាក់ អាចជៀសផុតពីអំពើបាបនៃការលើកតម្កើងខ្លួនឯងនោះឡើយ។ យើងអាចដឹងថា នេះជាការពិតមែន ដោយគ្រាន់តែចូលក្នុងថ្នាក់រៀននៅសាលាមត្តេយ្យណាមួយ។ ក្នុងក្រុមនេះដែលមានសុទ្ធតែក្មេងតូចៗ មិនយូរប៉ុន្មាននឹងមានក្មេងម្នាក់ច្រៀងសរសើរខ្លួនឯង ដែលបានសង់ប៉មពីដុំជ័របានខ្ពស់ជាងគេ ឬបានគូររូបគ្រួសាររបស់ខ្លួនបានល្អជាងគេ។ អាចនិយាយបានម្យ៉ាងទៀតថា ពួកគេគិតអំពីខ្លួនឯង លើសគំនិតដែលគួរគិត។
ការប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃជាប្រចាំ គឺជារបៀបនៃការគិតតាមលោកីយ៍។ ការគិតអំពីខ្លួនឯងលើសប្រមាណយ៉ាងដូចនេះ គឺជាបញ្ហាដែលគួរឲ្យខ្លាច គឺជាបញ្ហាដែលបន្ទាបអ្នកដទៃចុះ ហើយមិនអើពើចំពោះឋានៈរបស់យើងនៅចំពោះព្រះ។ ទោះជាយ៉ាងណាក៏ដោយ យើងរកឃើញចម្លើយចំពោះបញ្ហានេះ មិនមែននៅក្នុងការរិះគន់ខ្លួនឯងហួសហេតុ ដែលផ្ទុយនឹងការលើកតម្កើងខ្លួនឯង ដែលទង្វើទាំងពីរសុទ្ធតែខុសដូចគ្នា។ ការបន្ថោកខ្លួនឯង ក៏ជាលទ្ធផលនៃអំនួតផងដែរ ព្រោះវានៅតែកើតចេញពីការប្រៀបធៀប។ វានៅតែជាការផ្ដោតទៅលើខ្លួនឯង។
ការគិតរបស់គ្រីស្ទបរិស័ទអំពីខ្លួនឯង គួរតែផ្អែកទៅលើគំនិតដែលព្រះបានកែប្រែជាថ្មី (រ៉ូម ១២:២)។ ការមានគំនិតដូចនេះ ជួយឲ្យយើងរកឃើញតម្លៃរបស់យើងក្នុងសេចក្តីមេត្តា និងព្រះគុណព្រះ។ សារៈសំខាន់ អត្តសញ្ញាណ តម្លៃ និងតួនាទីរបស់យើង សុទ្ធតែមានគ្រឹះនៅក្នុងការពិតដែលថា ព្រះជានរណា ហើយបានធ្វើអ្វីសម្រាប់យើងមិនមែនផ្អែកទៅលើការពិតដែលថា យើងជានរណា ឬបានធ្វើអ្វីខ្លះសម្រាប់ព្រះអង្គនោះទេ។
យើងអាចនឹកចាំអំពីការគិតត្រឹមត្រូវអំពីខ្លួនឯង ពេលណាយើងច្រៀងថា «ពេលណាទូលបង្គំពិនិត្យមើលទៅឈើឆ្កាងដ៏គួរស្បើម ដែលព្រះរាជបុត្រានៃសិរីល្អបានសុគត»។1 ការពិនិត្យមើលឈើឆ្កាង គឺជាការផ្ដោតទៅលើដំណឹងល្អ ជាសេចក្តីពិតដែលថា មានម្នាក់បានស្លាប់ជំនួសយើង ហើយបានទទួលយកទោសរបស់យើង។ ពេលយើងមើលឈើឆ្កាង យើងដឹងថា «ខ្ញុំបានចាត់ទុកភាពជោគជ័យបំផុតរបស់ខ្ញុំ ជាការខាតបង់ ហើយខ្ញុំស្អប់ខ្ពើមមោទនភាពរបស់ខ្លួនឯង»។ ឈើឆ្កាងលើកយើងឡើង ហើយក៏បន្ទាបយើងចុះ ហើយការដឹងដូចនេះ រំដោះយើងឲ្យរួចផុតពីការលើកតម្កើងខ្លួនឯង ហើយអនុញ្ញាតយើងឲ្យទទួលស្គាល់អំណោយដែលព្រះប្រទានដល់យើង។ នេះជាការគិតអំពីខ្លួនឯង ដោយការវិនិច្ឆ័យដ៏ត្រឹមត្រូវ។
ដូចនេះ ពួកជំនុំត្រូវមានភាពខុសប្លែកពីលោកីយ៍ក្នុងរបៀបដែលយើងគិតអំពីខ្លួនឯង និងអំពីគ្នាទៅវិញទៅមក។ ពេលណាយើងរួបរួមគ្នាដោយសារដំណឹងល្អ ផ្នែកផ្សេងទៀតនៃអត្តសញ្ញាណរបស់យើង ទោះសំខាន់ប៉ុណ្ណា ក៏បានក្លាយជាផ្នែកបន្ទាប់បន្សំ។ យើងប្រើអំណោយទានរបស់យើងមិនមែន ដើម្បីលើកតម្កើងខ្លួនឯង តែដើម្បីបម្រើអ្នកដទៃ។
ចូរយើងមើលទៅឈើឆ្កាង ជាទីដែលព្រះអង្គសង្គ្រោះបានហូរព្រះលោហិត និងបានសុគត ដើម្បីលោះបាបយើង ដោយសារព្រះអង្គស្រឡាញ់យើង។ យើងគ្មានចំណុចណាមួយ ដែលត្រូវមានអំនួតនោះទេ។ យើងមិនចាំបាច់ត្រូវប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃទេ។ ផ្ទុយទៅវិញ អ្នកអាចប្រើអ្វីៗទាំងអស់ដែលព្រះអង្គប្រទានមកអ្នកនៅក្នុងការបម្រើអ្នកដទៃដោយអំណរ ដោយមិនគិតប្រយោជន៍ផ្ទាល់ខ្លួន។
ព្រះគម្ពីរសញ្ជឹងគិត៖ ១កូរិនថូស ៤:១-៧
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ យេរេមា ៣៤-៣៦ និងម៉ាថាយ ២៦:៤៧-៧៥