ព្រឹក

យប់ចុងក្រោយរបស់ជីដូនខ្ញុំ
ដោយKatara Patton
July 5, 2025
ម៉ាថាយ ២៥:១-១៣
ឯពួកនាងមានគំនិតវិញ គេបានយកទាំងចង្កៀង ហើយនឹងប្រេងដាក់ក្នុងដបទៅជាមួយផង។ ម៉ាថាយ ២៥:៤
ជីដូនរបស់ខ្ញុំទំលាប់មួយដែលគាត់បានធ្វើជាប្រចាំ រៀងរាល់ពេលយប់ថ្ងៃសៅរ៍។ មុនពេលគាត់ចូលគេង គាត់តែងតែយកសំលៀកបំពាក់ និងស្បែកជើងមកតម្រៀបនៅលើតុ សម្រាប់ស្លៀកពាក់ទៅព្រះវិហារនៅថ្ងៃស្អែក។ គាត់តែងតែទៅចូលរួមកម្មវិធីថ្វាយបង្គំម៉ោងទីមួយ ហើយចង់រៀបចំខ្លួនជាស្រេច ដើម្បីទៅព្រះវិហារ នៅពេលព្រឹកថ្ងៃបន្ទាប់ ដោយគ្មានការពន្យារពេល។ តែនៅពេលយប់ថ្ងៃសៅរ៍ គាត់ស្រាប់តែចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ក្រោយមក គាត់ក៏បានលាចាកលោក ទៅរស់នៅជាមួយព្រះយេស៊ូវ។ នៅពេលដែលជីតារបស់ខ្ញុំវិញត្រឡប់មកពីមន្ទីរពេទ្យវិញ គាត់ក៏បានឃើញខោអាវរបស់ជីដូនខ្ញុំដែលបានតម្រៀបនៅលើតុ។ ជីដូនខ្ញុំបានត្រៀមខ្លួនទៅព្រះវិហារ ហើយក៏បានត្រៀមខ្លួនដើម្បីជួបព្រះរបស់គាត់ផងដែរ។
ទំលាប់ដ៏ល្អរបស់ជីដូនខ្ញុំ បានធ្វើឲ្យខ្ញុំនឹកចាំ អំពីប្រាជ្ញារបស់ពួកស្រីព្រហ្មចារី ក្នុងរឿងប្រៀបប្រដូច ក្នុងកណ្ឌគម្ពីរម៉ាថាយ ជំពូក២៥។ ក្នុងរឿងនេះ ព្រះគ្រីស្ទបានប្រាប់សិស្សរបស់ព្រះអង្គឲ្យត្រៀមខ្លួន សម្រាប់ការយាងមកវិញរបស់ព្រះអង្គ។ គឺដូចដែលព្រះអង្គមានបន្ទូលថា “ដូច្នេះ ចូរចាំយាមចុះ ដ្បិតអ្នករាល់គ្នាមិនដឹងជាថ្ងៃណា ឬពេលណាដែលកូនមនុស្សត្រូវមកនោះទេ” (ខ.១៣)។ ដូចនេះ ការត្រៀមខ្លួនសម្រាប់ការយាងមកវិញរបស់ព្រះអង្គ គឺជាទង្វើប្រកបដោយប្រាជ្ញា។ បើយើងចង់ត្រៀមខ្លួន តែនៅនាទីចុងក្រោយ នោះយើងមិនខុសពីស្រ្តីល្ងង់ខ្លៅ ក្នុងរឿងប្រៀបប្រដូចនោះឡើយ (ខ.៣)។ ពួកគេអស់ប្រេង ព្រោះពួកគេមិនបានត្រៀមខ្លួន ហើយនៅពេលដែលពួកគេចាកចេញពីកន្លែងរង់ចាំ ដើម្បីទៅស្វែងរកប្រេង កូនកំឡោះក៏បានមកដល់។
យើងមិនចាំបាច់ត្រូវតម្រៀបខោអាវនៅលើតុ សម្រាប់ស្លៀកពាក់ទៅព្រះវិហារនៅថ្ងៃអាទិត្យ ដូចជីដូនរបស់ខ្ញុំក៏បាន តែទម្លាប់ល្អរបស់គាត់បានបង្ហាញថា គាត់មានចិត្តដែលបានត្រៀមជាស្រេច ដើម្បីទៅព្រះវិហារ ក៏ដូចជាដើម្បីទៅរស់នៅជាមួយព្រះអង្គសង្គ្រោះរបស់គាត់។ ចូរយើងត្រៀមខ្លួនជាស្រេច ប្រកបដោយប្រាជ្ញា ដើម្បីធ្វើកិច្ចការសំខាន់បំផុតក្នុងជីវិត ដោយបម្រើព្រះយេស៊ូវ តាមការដឹកនាំរបស់ព្រះអង្គ ហើយរៀបចំខ្លួនសម្រាប់ការយាងមកវិញរបស់ព្រះអង្គ។—KATARA PATTON
តើអ្នកអាចត្រៀមខ្លួនដូចម្តេចខ្លះ សម្រាប់ការយាងមកវិញរបស់ព្រះគ្រីស្ទ?
តើអ្នកអាចសម្រេចចិត្តបម្រើព្រះអង្គ ដូចម្តេចខ្លះ នៅថ្ងៃនេះ?
ឱព្រះយេស៊ូវ សូមព្រះអង្គបង្ហាញទូលបង្គំ អំពីរបៀបរស់នៅដោយប្រាជ្ញា
ខណៈពេលដែលទូលបង្គំបម្រើព្រះអង្គ ហើយត្រៀមខ្លួនសម្រាប់ការយាងមកវិញរបស់ព្រះអង្គ។
VISIT ODBU.ORG/NT250 TO DISCOVER WHAT THE BOOK OF REVELATION TELLS US ABOUT JESUS’ RETURN.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : យ៉ូប ៣០-៣១ និង កិច្ចការ ១៣:២៦-៥២
ប្រភេទ
ល្ងាច

ការត្រាស់ហៅឲ្យរស់នៅខុសពីគេ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
July 5, 2025
«ឱពួកស្ងួនភ្ងាអើយ ខ្ញុំទូន្មានអ្នករាល់គ្នាទុកដូចជាពួកប្រទេសក្រៅ ហើយដូចជាពួកអ្នកដែលគ្រាន់តែសំណាក់នៅថា ចូរឲ្យអ្នករាល់គ្នាចៀសពីសេចក្តីប៉ងប្រាថ្នាខាងសាច់ឈាម ដែលតយុទ្ធនឹងព្រលឹងវិញ្ញាណចេញ។ ទាំងប្រព្រឹត្តដោយទៀងត្រង់ នៅក្នុងពួកសាសន៍ដទៃ ដើម្បីនៅកន្លែងណាដែលគេនិយាយដើមពីអ្នករាល់គ្នា ទុកដូចជាមនុស្សប្រព្រឹត្តអាក្រក់ នោះឲ្យគេបានសរសើរដល់ព្រះ នៅថ្ងៃដែលទ្រង់យាងមកប្រោស ដោយគេឃើញការល្អរបស់អ្នករាល់គ្នាវិញ» (១ពេត្រុស ២:១១-១២)។
តើអ្នកដើរតាមព្រះយេស៊ូវគួរតែមានការប្រព្រឹត្តយ៉ាងដូចម្ដេចខ្លះ? នេះជាសំណួរដ៏សំខាន់។ យើងអាចឆ្លើយយ៉ាងសាមញ្ញថា ព្រះអង្គបានត្រាស់ហៅយើងឲ្យប្រព្រឹត្តតាមរបៀបខុសពីគេ គឺខុសពីអ្នកដែលមិនដើរតាមព្រះយេស៊ូវ។
តាំងពីអស់កល្បជានិច្ចមក ព្រះអង្គមានគោលបំណងដែលចង់មានរាស្ត្រមួយជារបស់ព្រះអង្គ។ ព្រះអង្គបានត្រាស់ហៅរាស្ត្រព្រះអង្គ ធ្វើជារាស្ត្រដ៏បរិសុទ្ធ ញែកចេញពីបាបសម្រាប់អង្គទ្រង់ ដែលជាព្រះ «បរិសុទ្ធ បរិសុទ្ធ បរិសុទ្ធ» (អេសាយ ៦:៣ និង វិវរណៈ ៤:៨)។ នៅក្នុងព្រះគម្ពីរទាំងមូលមានខគម្ពីរជាច្រើនដែលបានចែងអំពីរាស្ត្រដែលព្រះអង្គបានញែកចេញ។ ឧទាហរណ៍៖ ក្នុងកណ្ឌគម្ពីរលេវីវិន័យ ព្រះអម្ចាស់បានត្រាស់ហៅពួកអ៊ីស្រាអែលជារាស្ត្រព្រះអង្គ មិនឲ្យត្រាប់តាមសាសនារបស់សាសន៍អេស៊ីព្ទ និងសាសន៍កាណានឡើយ។ ផ្ទុយទៅវិញ ព្រះអង្គបានត្រាស់ហៅពួកគេឲ្យស្តាប់តាមក្រឹត្យវិន័យ និងព្រះរាជបញ្ជារបស់ព្រះអង្គ (លេវីវិន័យ ១៨:១-៥)។
ប៉ុន្តែ ព្រះអង្គបានប្រទានក្រឹត្យវិន័យមក មិនមែនដើម្បីឲ្យរាស្ត្រព្រះអង្គស្តាប់បង្គាប់ តែសម្បកក្រៅនោះទេ។ ការស្តាប់បង្គាប់តាមក្រឹត្យវិន័យរបស់ព្រះ គឺជាការបង្ហាញចេញនូវចិត្តដែលបានផ្លាស់ប្រែ និងចិត្តអរសប្បាយនឹងសេចក្តីបរិសុទ្ធរបស់ព្រះអង្គ។ ម្យ៉ាងទៀត ព្រះអង្គមានបន្ទូលថា ឯងជារាស្ត្ររបស់អញ ឯងជាការកម្មសិទ្ធិរបស់អញ ដូចនេះ អញចង់ឲ្យឯងអរសប្បាយនៅក្នុងការញែកជាបរិសុទ្ធ។ សកម្មភាពខាងក្រៅរបស់យើងនឹងធន់នៅ ហើយគាប់ព្រះទ័យព្រះ ទាល់តែការផ្លាស់ប្រែខាងក្នុងបានកើតមានរួចហើយ។
ហេតុនេះហើយ ក្នុងព្រះគម្ពីរសញ្ញាថ្មី សាវ័ក ពេត្រុស បានលើកទឹកចិត្តអ្នកជឿឲ្យនឹកចាំថា ពួកគេ «ជាពួកសង្ឃហ្លួង ជាសាសន៍បរិសុទ្ធ ជារាស្ត្រដ៏ជាកេរ្តិ៍អាករនៃព្រះ» (១ពេត្រុស ២:៩)។ សព្វថ្ងៃនេះ ក្នុងនាមយើងជារាស្ត្ររបស់ព្រះ ព្រះអង្គនៅតែត្រាស់ហៅយើងឲ្យរស់នៅខុសពីលោកីយ៍ គឺឲ្យធ្វើការអ្វីដែលគួរឲ្យគោរព ហើយធ្វើការសម្រេចចិត្តឲ្យបានត្រឹមត្រូវ នៅក្នុងការកម្សាន្តសប្បាយ ក្នុងបញ្ហាហិរញ្ញវត្ថុ និងទំនាក់ទំនង និយាយរួម គឺក្នុងផ្នែកទាំងអស់នៃជីវិតយើង ដើម្បីឲ្យយើងរស់នៅមានភាពបរិសុទ្ធ ដូចដែលព្រះអង្គបានបង្គាប់យើងថា «ចូរឲ្យឯងរាល់គ្នាបានបរិសុទ្ធ ដ្បិតអញជាបរិសុទ្ធ» (១:១៦)។
យើងមានតម្រូវការដូចលោកីយ៍មែន តែយើងមិនត្រូវមានបាបដូចលោកីយ៍ឡើយ។ នេះជាបញ្ហាប្រឈមធំមួយ ដែលគ្រីស្ទបរិស័ទជួបប្រទះ។ មនុស្សក្នុងលោកីយ៍ មិនត្រូវការឲ្យយើងគាំទ្រក្រមសីលធម៌នៃការប្រព្រឹត្តរបស់ពួកគេ ហើយមិនត្រូវការឲ្យយើងគាំទ្រការបដិសេធន៍របស់ពួកគេ ចំពោះព្រះអាទិករឡើយ។ ផ្ទុយទៅវិញ សាវ័ក ពេត្រុស បានពន្យល់ថា យើងត្រូវរស់នៅដោយ «សម្ដែងចេញ ឲ្យឃើញអស់ទាំងលក្ខណៈរបស់ព្រះ ដែលទ្រង់បានហៅអ្នករាល់គ្នាចេញពីសេចក្តីងងឹត មកក្នុងពន្លឺអស្ចារ្យរបស់ទ្រង់» ដើម្បីឲ្យអ្នកដទៃបានមើលឃើញទង្វើល្អរបស់យើង ហើយគេថ្វាយសិរីល្អដល់ព្រះ (១ពេត្រុស ២:៩)។ បទគម្ពីរនេះគួរតែបណ្ដាលចិត្តយើងឲ្យសួរថា តើព្រះអង្គរំពឹងថា ខ្ញុំត្រូវតែមានភាពខុសប្លែកពីលោកីយ៍ឬ? តើខ្ញុំមានចិត្តចង់ប្រព្រឹត្តខុសពីលោកីយ៍ទេ បើសិនជាការប្រព្រឹត្តនោះនាំឲ្យអ្នកដទៃទាស់ប្រឆាំងនឹងខ្ញុំ? តើខ្ញុំនឹងស្រឡាញ់មនុស្សក្នុងលោកីយ៍នេះ ខ្លាំងល្មមនឹងអាចឈប់ស្រឡាញ់លោកីយ៍ ដើម្បីឲ្យខ្ញុំអាចចង្អុលបង្ហាញពួកគេទៅរកផែនដីថ្មីដែលល្អជាងដែរឬទេ?
ព្រះគម្ពីរសញ្ជឹងគិត៖ ចោទិយកថា ៤:១-៨
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ចោទិយកថា ២៥-២៧ និង កិច្ចការ ៦