ព្រឹក

ច្រៀងសរសើរដំកើងព្រះ
ដោយKirsten Holmberg
July 20, 2025
២សាំយ៉ូអែល ២២:៤៧-៥១
ឱព្រះយេហូវ៉ាអើយ ទូលបង្គំនឹងអរព្រះគុណដល់ទ្រង់ នៅកណ្ដាលអស់ទាំងសាសន៍ ហើយនឹងច្រៀងទំនុកសរសើរថ្វាយដល់ព្រះនាមទ្រង់ ។ ២សាំយ៉ូអែល ២២:៥០
នៅពេលដែលភ្នែករបស់អ្នកស្រី ដាយអាណា (DIANA) ចាប់ផ្តើមមានការចុះខ្សោយកាន់តែធ្ងន់ធ្ងរ គាត់មានការព្រួយបារម្ភកាន់តែខ្លាំង។ គាត់ក៏មានការពិបាកក្នុងការគិត ហើយច្រើនតែនិយាយដដែលៗ។ រោគសញ្ញារបស់គាត់បានបណ្តាលឲ្យគ្រូពេទ្យជឿថា បញ្ហានេះមិនបានបណ្តាលមកពីភ្នែករបស់គាត់ទេ តែដោយសារបញ្ហាខួរក្បាលរបស់គាត់។ ពួកគេក៏បានរកឃើញថា គាត់មានដុំសាច់ធំមួយក្នុងខួរក្បាលរបស់គាត់ ដែលត្រូវវះកាត់ចេញ។ អ្នកស្រី ដាយអាណាមានការបារម្ភថា ការវះកាត់នោះអាចធ្វើឲ្យគាត់បាត់បង់សមត្ថភាព ក្នុងការច្រៀង ជាអំណោយទានដែលគាត់ស្រឡាញ់យ៉ាងខ្លាំង ហើយគាត់ក៏បានចែកចាយជាមួយក្រុមគ្រួសាររបស់គាត់។ ដូចនេះ គ្រូពេទ្យវះកាត់របស់គាត់ក៏បានធ្វើនូវរឿងដែលមិនគួរឲ្យជឿមួយ ដោយបានឲ្យគាត់ដឹងខ្លួន ក្នុងអំឡុងពេលវះកាត់ ដោយគ្មានការឈឺចាប់ ហើយក៏បានសូមឲ្យគាត់ច្រៀង ក្នុងអំឡុងពេលនោះ ដើម្បីឲ្យអាចដឹង អំពីផ្នែកនៃប្រព័ន្ធប្រសាទក្នុងខួរក្បាលគាត់ ដែលត្រូវរក្សាទុក។ អ្នកទាំងពីរថែមទាំងបានថតសម្លេងច្រៀងឆ្លើយឆ្លងជាមួយគ្នា ក្នុងអំឡុងពេលនៃការវះកាត់នោះទៀតផង។
ក្នុងនាមស្តេចដាវីឌ គឺជាអ្នកនិពន្ធទំនុកដំកើងជាច្រើនក្នុងព្រះគម្ពីរប៊ីប ទ្រង់ក៏មានចិត្តឆេះឆួលក្នុងការច្រៀង មិនខុសពីអ្នកស្រី ដាយអាណាប៉ុន្មានទេ។ ទ្រង់ច្រើនតែច្រៀងសរសើរដំកើងព្រះ ដោយបទចម្រៀងបែបទំនួញ និងក្តីអំណរ។ នៅពេលដែលព្រះទ្រង់ប្រោសស្តេចដាវីឌ ឲ្យរួចពីខ្មាំងសត្រូវ ទ្រង់បានទទួលស្គាល់ថា ព្រះអម្ចាស់គឺជាអ្នករំដោះទ្រង់ឲ្យរួចពីខ្មាំងសត្រូវនោះ (២សាំយ៉ូអែល ២២:៤៩)។ ដោយសារព្រះអម្ចាស់បានសង្គ្រោះស្តេចដាវីឌ ទ្រង់ក៏បានប្រកាសថា “ហេតុដូច្នេះ ឱព្រះយេហូវ៉ាអើយ ទូលបង្គំនឹងអរព្រះគុណដល់ទ្រង់ នៅកណ្ដាលអស់ទាំងសាសន៍ ហើយនឹងច្រៀងទំនុកសរសើរថ្វាយដល់ព្រះនាមទ្រង់” (ខ.៥០)។
ព្រះទ្រង់នៅតែបន្តធ្វើការ ក្នុងលោកិយ ក៏ដូចជាក្នុងជីវិតយើងម្នាក់ៗ ដោយរំដោះយើងឲ្យរួចពីអំពើបាប គឺជាជំងឺមួយ ដែលយើងរាល់គ្នាសុទ្ធតែជួបប្រទះ។ ចូរយើងតាំងចិត្តច្រៀងសរសើរដំកើងព្រះ ដូចស្តេចដាវីឌ សម្រាប់ការគ្រប់យ៉ាងដែលព្រះអង្គបានធ្វើ។—KIRSTEN HOLMBERG
តើអ្នកអាចសរសើរដំកើងព្រះ សម្រាប់រឿងអ្វីខ្លះនៅថ្ងៃនេះ?
តើមានអ្វីបណ្តាលចិត្តអ្នកឲ្យថ្វាយបង្គំព្រះអង្គ ក្នុងបទចម្រៀង?
ឱព្រះវរបិតាដែលគង់នៅស្ថានសួគ៌ ទូលបង្គំសូមថ្វាយការសរសើរដំកើងដល់ព្រះអង្គ
សម្រាប់កិច្ចការដែលព្រះអង្គបានធ្វើក្នុងលោកិយ និងក្នុងជីវិតទូលបង្គំ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ទំនុកដំកើង ២៦-២៨ និង កិច្ចការ ២២
ប្រភេទ
ល្ងាច

រោងឧបោសថ និងព្រះវិហារដ៏ពិតប្រាកដ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
July 20, 2025
«ពួកសាសន៍យូដា គេទូលសួរទ្រង់ថា ដែលលោកធ្វើយ៉ាងដូច្នេះ នោះតើនឹងសម្ដែងទីសម្គាល់ណា ឲ្យយើងខ្ញុំឃើញផង? ព្រះយេស៊ូវទ្រង់ឆ្លើយទៅគេថា ចូរបំផ្លាញព្រះវិហារនេះចុះ រួចក្នុងរវាង៣ថ្ងៃ ខ្ញុំនឹងសង់ឡើងវិញ» (យ៉ូហាន ២:១៨-១៩)។
អ្នកខ្លះយល់ឃើញថា ព្រះគម្ពីរគ្រាន់តែជាការរួមផ្សំនៃទស្សនវិជ្ជា និងការបង្រៀនខាងវិញ្ញាណ។ នេះជាការពិតមែន ព្រោះព្រះគម្ពីរបានកត់ទុកនូវរឿងរ៉ាវនៃការធ្វើអន្តរាគមន៍របស់ព្រះ ក្នុងពិភពលោក របស់យើង។ ខ្លឹមសារនៃការបង្រៀនអំពីនគរព្រះ បានផ្តល់ឲ្យយើងនូវមធ្យោបាយដែលមានប្រយោជន៍ សម្រាប់ឲ្យយើងដើរតាម និងចូលទៅក្នុងសាច់រឿងនៃនគរព្រះ។
នគរនីមួយៗ សុទ្ធតែមានកន្លែងគង់នៅរបស់ក្សត្រ។ ព្រះគម្ពីរសញ្ញាចាស់មានខគម្ពីរជាច្រើនដែលបានចែងថា រោងឧបោសថជាកន្លែងព្រះអម្ចាស់គង់នៅជាមួយរាស្ត្រអ៊ីស្រាអែល។ រោងឧបោសថមានទីតាំងក្នុងចំណោមរាស្ត្ររបស់ព្រះ តែមិនបានបើកចំហសម្រាប់ឲ្យពួកគេចូលឡើយ។ សូម្បីតែលោក ម៉ូសេ ក៏មិនអាចចូលបានដែរ នៅពេលដែលពពកនៃសិរីល្អរបស់ព្រះស្ថិតនៅពីលើរោងឧបោសថ (និក្ខមនំ ៤០:៣៤-៣៥)។ ក្រោយមក នៅពេលដែលទីក្រុងយេរូសាឡឹមក្លាយជារាជធានីរបស់ទឹកដីពួកគេ រោងឧបោសថត្រូវបានជំនួសជាអចិន្ត្រៃយ៍ដោយព្រះវិហារជាសំណង់អគារ។ ព្រះវិហារនោះជាកន្លែងដែលព្រះអង្គជាក្សត្ររបស់រាស្ត្រព្រះអង្គ កំពុងគង់នៅជាមួយពួកអ៊ីស្រាអែល។ ប៉ុន្តែ ផ្លូវចូលទៅជួបព្រះអង្គត្រូវបានបិទដោយវាំងនន ដែលបានញែកកន្លែងបរិសុទ្ធបំផុតចេញពីទីកន្លែងផ្សេងៗទៀតក្នុងបរិវេណព្រះវិហារ (២៦:៣១-៣៤)។
បន្ទាប់មក «ព្រះបន្ទូលក្លាយជាសាច់ឈាម» ហើយតាមន័យត្រង់ ព្រះអង្គគឺជារោងឧបោសថក្នុងចំណោមយើង (យ៉ូហាន ១:១៤)។ ពេលយើងអានព្រះគម្ពីរសញ្ញាថ្មីយើងរកឃើញថា ដូចដែលរាស្ត្ររបស់ព្រះពីសម័យដើមមើលទៅរោងឧបោសថធ្វើជាកន្លែងជួបជាមួយព្រះជាយ៉ាងណា នោះក្នុងពេលសព្វថ្ងៃ យើងក៏មើលទៅព្រះដែលបានយកកំណើតជាមនុស្ស និងមានព្រះជន្មគង់នៅក្នុងចំណោមយើងយ៉ាងនោះដែរ។ កណ្ឌគម្ពីរយ៉ូហានបានបកស្រាយយ៉ាងជាក់លាក់ថា ព្រះគង់នៅក្នុងចំណោមរាស្ត្រព្រះអង្គ ក្នុងរូបសាច់ជាមនុស្ស ហើយពេលសព្វថ្ងៃ ព្រះអង្គគង់នៅក្នុងរាស្ត្រព្រះអង្គដោយព្រះវិញ្ញាណបរិសុទ្ធ (យ៉ូហាន ១៤:១៦-១៨)។ ព្រះអង្គគង់នៅក្នុងចំណោមយើង។ អាចនិយាយម្យ៉ាងទៀតថា ព្រះយេស៊ូវជារោងឧបោសថពិតប្រាកដ។ ព្រះអង្គកំពុងព្យាយាមពន្យល់អំពីរឿងនេះ បន្ទាប់ពីព្រះអង្គសម្អាតព្រះវិហារដោយបណ្ដេញពួកឈ្មួញ និងពួករកស៊ីដូរលុយ ក្នុងបរិវេណព្រះវិហារ គេក៏បានចោទសួរព្រះអង្គអំពីអំណាចដែលព្រះអង្គហ៊ានបណ្ដេញពួកគេយ៉ាងដូចនោះ (យ៉ូហាន ២:១៣-១៦) ហើយព្រះអង្គក៏បានឆ្លើយថា «ចូរបំផ្លាញព្រះវិហារនេះចុះ រួចក្នុងរវាង៣ថ្ងៃ ខ្ញុំនឹងសង់ឡើងវិញ»។ កណ្ឌគម្ពីរយ៉ូហានបានពន្យល់ថា បន្ទាប់ពីព្រះយេស៊ូវបានសុគតនៅលើឈើឆ្កាង ត្រូវគេបញ្ចុះក្នុងផ្នូរ ហើយមានព្រះជន្មរស់ឡើងវិញ សិស្សរបស់ព្រះអង្គក៏បានដឹងថា តាមពិតកាលពីមុនព្រះអង្គកំពុងមានបន្ទូលអំពី «ព្រះវិហារជារូបអង្គទ្រង់ទេ» (ខ.២១)។
កាលព្រះយេស៊ូវសុគត វាំងនននៅព្រះវិហារបានរហែក ជាសញ្ញាបញ្ជាក់ថា តាមរយៈព្រះគ្រីស្ទ យើងមានផ្លូវចូលទៅរកព្រះ ប៉ុន្តែក៏បានបង្ហាញផងដែរថា ការសាងសង់ព្រះវិហារមិនមានភាពចាំបាច់ទៀតទេ ព្រោះព្រះអង្គបានសម្រេចព្រះបន្ទូលហើយ។ ពីរបីទសវត្សរ៍ក្រោយមក ព្រះវិហារទីក្រុងយេរូសាឡឹមត្រូវពួកទាហានរ៉ូម៉ាំងបំផ្លិចបំផ្លាញទាំងស្រុង។
បើយើងចង់ទៅជួបព្រះ យើងត្រូវចូលទៅរកព្រះយេស៊ូវ។ យើងមិនត្រូវការអគារ និមិត្តសញ្ញា ឬទីសក្ការៈ ដើម្បីចូលទៅរកព្រះអង្គឡើយ។ ព្រះអម្ចាស់ជួបជាមួយរាស្ត្រព្រះអង្គ នៅពេលដែលយើងជួបជុំ ក៏ដូចជានៅពេលដែលយើងបែកខ្ញែក មិនមែននៅក្នុងទីកន្លែង តែនៅក្នុងព្រះរាជបុត្រាព្រះអង្គ ជាព្រះវិហារពិតប្រាកដ។ ទោះថ្ងៃនេះជាថ្ងៃអ្វីក៏ដោយ ហើយទោះអ្នកកំពុងធ្វើអ្វីក៏ដោយគ្មាននរណា ឬគ្មានអ្វីរារាំងអ្នកមិនឲ្យចូលទៅរកព្រះដ៏បរិសុទ្ធបានឡើយ។ ព្រះដ៏ជាក្សត្រ កំពុងគង់នៅក្នុងអ្នកនៅថ្ងៃនេះ។
ព្រះគម្ពីរសញ្ជឹងគិត៖ យ៉ូហាន ២:១៣-២២
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ទំនុកតម្កើង ២៦-២៨ និង កិច្ចការ ១៥:១-២១