
តស៊ូក្នុងការអធិស្ឋាន
ដោយAmy Boucher Pye
July 22, 2025
លូកា ១៨:១-៨
ដែលគេអំពាវនាវរកទ្រង់ទាំងយប់ទាំងថ្ងៃនោះ តើទ្រង់មិនសងសឹកជំនួសគេដែរទេឬអី? លូកា ១៨:៧
កាលកូនស្រីរបស់លោក រ៉ូយស្តន់ (ROYSTON) ឈ្មោះ ហាណា (HANNAH) បានចូលសង្គ្រោះបន្ទាន់ ដោយសារមានបញ្ហាហូរឈាមក្នុងខួរក្បាល ដែលបណ្តាលឲ្យសន្លប់បាត់ស្មារតី គាត់និងក្រុមគ្រួសាររបស់គាត់ក៏បានងាកទៅរកព្រះ ដោយការអធិស្ឋានជាញឹកញាប់។ ក្នុងការរង់ចាំព្រះអង្គឆ្លើយតបរយៈពេលជាច្រើនខែ ពួកគេមានការរួបរួមគ្នា និងចូលទៅជិតព្រះអង្គកាន់តែខ្លាំង។ សេចក្តីជំនឿរបស់គ្រួសារមួយនេះ មានភាពរឹងមាំ គឺដូចដែលលោក រ៉ូយស្តុនបានចែកចាយថា ពួកគេមានការប្រកបស្និទ្ធស្នាលជាមួយព្រះអម្ចាស់ លើសពេលណាទាំងអស់។ ក្នុងអំឡុងពេលដ៏លំបាកនោះ ពួកគេបានទទួលកម្លាំងជាថ្មីក្នុងសេចក្តីជំនឿ ដែលមានការតស៊ូក្នុងការអធិស្ឋាន ដូចស្រ្តីមេម៉ាយ ក្នុងបទគម្ពីរលូកា ជំពូក១៨។
លោក រ៉ូយស្តុនបាននឹកចាំ អំពីការបង្រៀនរបស់ព្រះយេស៊ូវអំពីស្ត្រីមេម៉ាយម្នាក់ ដែលមានការតស៊ូក្នុងការស្វែងរកយុត្តិធម៌ ពីចៅក្រម ជារឿងប្រៀបប្រដូចដើម្បីបង្ហាញថា ត្រូវតែអធិស្ឋានជាប់ជានិច្ច ឥតរសាយចិត្តឡើយ (លូកា ១៨:១)។ ស្ត្រីនោះបានទៅរកចៅក្រមម្តងហើយម្តងទៀត ទាល់តែចៅក្រមមានការនឿយណាយខ្លាំង ហើយព្រមកាត់ក្តីឲ្យនាង។ ព្រះយេស៊ូវក៏បានប្រៀបធៀបចៅក្រមដែលមិនខ្វល់អំពីអ្នកដទៃ ជាមួយនឹងព្រះដែលមានសេចក្តីមេត្តា ដោយមានបន្ទូលថា “ចំណែកព្រះវិញ ដែលទ្រង់មានព្រះហឫទ័យអត់ធ្មត់ ដល់ពួករើសតាំងរបស់ទ្រង់ ដែលគេអំពាវនាវរកទ្រង់ទាំងយប់ទាំងថ្ងៃនោះ តើទ្រង់មិនសងសឹកជំនួសគេដែរទេឬអី?” (ខ.៧)។
តាមរយៈរឿងដែលព្រះគ្រីស្ទបានចែកចាយ អំពីការតស៊ូរបស់ស្រ្តីមេម៉ាយក្នុងការអធិស្ឋាន សមាជិកគ្រួសាររបស់លោក រ៉ូយស្តុនក៏បានទទួលការលើកទឹកចិត្ត ឲ្យអធិស្ឋានឲ្យហាណា ដោយទូលសូមព្រះដែលមានយុត្តិធម៌ និងសេចក្តីស្រឡាញ់ ប្រទានការប្រោសឲ្យជា និងជំនួយ។ ពួកគេក៏បានដឹងផងដែរថា ពួកគេបានទទួលការបណ្តាលចិត្តឲ្យចូលទៅជិតព្រះអង្គកាន់តែខ្លាំង។ គាត់ថា “នៅពេលដែលយើងស្វែងរកជំនួយពីព្រះអង្គ ... យើងមានអារម្មណ៍ថា យើងជាអ្នកដែលព្រះអង្គបានដាស់ឲ្យភ្ញាក់ខ្លួន”។ ជាច្រើនខែក្រោយមក ហាណាក៏បានភ្ញាក់ដឹងខ្លួន ហើយកំពុងតែជាសះស្បើយបន្តិចម្តងៗ។
ពេលណាយើងចូលទៅជិតព្រះអម្ចាស់ ព្រះអង្គស្តាប់ឮយើងទូលអង្វរ ហើយឆ្លើយតប ដោយព្រះគុណរបស់ព្រះអង្គ។ ព្រះអង្គត្រាស់ហៅយើងឲ្យស្រែករកព្រះអង្គទាំងយប់ថ្ងៃ។—AMY BOUCHER PYE
តើអ្នកអាចប្រែក្លាយទុក្ខលំបាក ទៅជាការអធិស្ឋានដូចម្តេចខ្លះ? តើព្រះអង្គបាន
ឆ្លើយតបការទូលអង្វរ និងការទូលសូមរបស់អ្នកដូចម្តេចខ្លះ?
ឱព្រះនៃសេចក្តីស្រឡាញ់ ទូលបង្គំសូមអរព្រះគុណព្រះអង្គ ដ្បិតព្រះអង្គមិនដូចចៅក្រោម
ដែលគ្មានក្តីមេត្តា និងគ្មានយុត្តិធម៌នោះទេ តែព្រះអង្គមានសេចក្តីស្រឡាញ់ និងយកព្រះទ័យទុកដាក់ចំពោះទូលបង្គំ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ទំនុកដំកើង ៣១-៣២ និង កិច្ចការ ២៣:១៦-៣៥