ព្រឹក

អំណោយទានដែលព្រះទ្រង់ប្រទាន
ដោយAlyson Kieda
July 25, 2025
១ពេត្រុស ៤:៧-១១
គឺដោយខំបំរើគ្នាទៅវិញទៅមក តាមអំណោយទានដែលគ្រប់គ្នាបានទទួលមក ទុកដូចជាអ្នកចែកចាយយ៉ាងល្អ នៃព្រះគុណដ៏បែកជាច្រើនផ្លូវវិញ។ ១ពេត្រុស ៤:១០
នៅក្នុងវគ្គដែលមានការប៉ះពាល់ចិត្តជាងគេ ក្នុងរឿងល្ខោនបែបតន្ត្រី មានចំណងជើងថា ការធ្វើដំណើរខាងវិញ្ញាណ លេសា (LEISA) បានឈរនៅពីមុខជួរកៅអីសម្រាប់ទស្សនិកជនដែលជាមនុស្សគថ្លង់ ក្នុងសាលមហោស្រព ដោយប្រើភាសាកាយវិការរបស់អាមេរិក ដើម្បីបកប្រែអំពីការសម្ដែងឲ្យពួកគេបានយល់។ រឿងល្ខោននេះបានប្រព្រឹត្តទៅ ផ្អែកទៅលើសៀវភៅ ដែលលោក បុនយ៉ាន (BUNYAN) បាននិពន្ធ មានចំណងជើងថា ការធ្វើដំណើរខាងវិញ្ញាណ ដែលនិយាយអំពីការធ្វើដំណើរខាងវិញ្ញាណរបស់បុរសម្នាក់។ រឿងល្ខោនបែបតន្ត្រីនេះពិតជាធ្វើឲ្យគេប៉ះពាល់ចិត្ត ប៉ុន្តែ ការបកប្រែភាសាគរបស់លេសាក៏បានធ្វើឲ្យមានការប៉ះពាល់ចិត្តផងដែរ។
នៅពេលដែលគេសួរលេសា អំពីការបកប្រែនោះ នាងក៏បានឆ្លើយថា “មូលហេតុដែលខ្ញុំបកប្រែរឿងការធ្វើដំណើរខាងវិញ្ញាណនេះ ព្រោះដំណឹងល្អគួរតែសម្រាប់ឲ្យមនុស្សទាំងអស់បានឮ។ ហើយមនុស្សគថ្លង់ ជាក្រុមមនុស្សដែលគេបានមើលរំលងយ៉ាងខ្លាំង”។ នាងក៏បានបន្ថែមទៀតថា “ខ្ញុំមានការឈឺចិត្តនៅពេលដែលបានដឹងថា ក្នុងពិភពលោកនេះ មានមនុស្សគថ្លង់តែ២ភាគរយប៉ុណ្ណោះ ដែលបានឮអំពីព្រះយេស៊ូវ”។ លេសាបានប្រើអំណោយទានរបស់នាង ដើម្បីឲ្យមនុស្សគថ្លង់អាចស្គាល់ព្រះយេស៊ូវ។
ព្រះអម្ចាស់ក៏បានត្រាស់ហៅយើង ឲ្យប្រើអំណោយទាន និងជំនាញរបស់យើង ដើម្បីធ្វើបន្ទាល់ អំពីសេចក្តីស្រឡាញ់របស់ព្រះ ហើយនាំអ្នកដទៃទៅរកព្រះយេស៊ូវ ដើម្បីឈោងចាប់លោកិយ ដោយដំណឹងល្អ។ សាវ័កពេត្រុសបានបង្រៀនយើងឲ្យ “ខំបំរើគ្នាទៅវិញទៅមក តាមអំណោយទានដែលគ្រប់គ្នាបានទទួលមក ទុកដូចជាអ្នកចែកចាយយ៉ាងល្អ នៃព្រះគុណដ៏បែកជាច្រើនផ្លូវវិញ” (១ពេត្រុស ៤:១០)។ អំណោយទានទាំងនេះរាប់បញ្ចូលការស្រឡាញ់ និងអធិស្ឋានឲ្យអ្នកដទៃ (ខ.៧-៨)។ ទោះអ្នកមានអំណោយទានលើកទឹកចិត្ត ជាអ្នកជួយគេនៅពីក្រោយ ជាគ្រូបង្រៀន ជាវាគ្មិន ឬជាអ្នកពូកែអធិស្ឋាន ឬក៏មានអំណោយទាន និងសមត្ថភាពផ្សេងទៀតក្តី ព្រះទ្រង់អាចប្រើអ្នកឲ្យបម្រើអ្នកដទៃ។ ចូរទូលសូមព្រះអង្គ។ ព្រះអង្គនឹងបង្ហាញផ្លូវអ្នក។—ALYSON KIEDA
តើអ្នកបានឮដំណឹងល្អលើកដំបូង នៅពេលណា? តើអ្នកមានអំណោយទានអ្វី ដែលអាចបម្រើព្រះអង្គ?
ឱព្រះអម្ចាស់ សូមព្រះអង្គជួយទូលបង្គំឲ្យរកឃើញមធ្យោបាយបម្រើព្រះអង្គ តាមរយៈការបម្រើអ្នកដទៃ។
FOR FURTHER STUDY, READ WHY SHOULD WE HELP? LOVING OUR NEIGHBORS AT DISCOVERODB.ORG.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ទំនុកដំកើង ៣៧-៣៩ និង កិច្ចការ ២៦
ប្រភេទ
ល្ងាច

ព្រះគុណ សេចក្តីមេត្តាករុណា និងសន្តិភាព (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
July 25, 2025
«ខ្ញុំផ្ញើមកធីម៉ូថេ ជាកូនស្ងួនភ្ងា សូមឲ្យអ្នកបានប្រកបដោយព្រះគុណ សេចក្តីមេត្តាករុណា និងសេចក្តីសុខសាន្ត អំពីព្រះដ៏ជាព្រះវរបិតា ហើយអំពីព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់នៃយើងរាល់គ្នា» (២ធីម៉ូថេ ១:២)។
ការដែលសាវ័ក ប៉ុល បានហៅលោក ធីម៉ូថេ ថាកូន ក្នុងកណ្ឌគម្ពីរសំបុត្ររបស់គាត់ទាំងមូល គឺពិតជាគួរឲ្យចាប់អារម្មណ៍។ សាវ័ក ប៉ុល និងលោក ធីម៉ូថេ មិនមែនជាអ្នកស្គាល់គ្នាធម្មតានោះទេ តែគាត់បានហៅលោក ធីម៉ូថេ ថា «កូនស្ងួនភ្ងា» «កូនក្នុងព្រះអម្ចាស់» និងជា «អ្នកធ្វើការជាមួយនឹងខ្ញុំ» (២ធីម៉ូថេ ១:២ ១កូរិនថូស ៤:១៧ រ៉ូម ១៦:២១)។
បើយើងមើលមួយភ្លែត យ៉ាងហោចណាស់ តាមគំនិតរបស់មនុស្ស យើងប្រហែលគិតថា លោក ធីម៉ូថេមិនសូវសក្តិសមធ្វើជាអ្នកទទួលសំបុត្ររបស់សាវ័ក ប៉ុល ទេ។ គាត់មិនមានភាពរឹងមាំ ឬមានភាពពេញវ័យ តែមានភាពវ័យក្មេង មានសុខភាពទន់ខ្សោយ ហើយក៏ខ្មាសអៀនច្រើន ដែលមើលទៅប្រាកដជាខ្វះបទពិសោធន៍នៅក្នុងកិច្ចការដែលគាត់កំពុងធ្វើ។ ការថប់បារម្ភបានធ្វើឲ្យគាត់ឈឺក្រពះ (១ធីម៉ូថេ ៥:២៣)។ គាត់មិនមែនជាបេសកជនកម្រិតខ្ពស់ទេ។ តែទោះជាយ៉ាងណាក៏ដោយ នេះមិនមែនជារឿងចម្លែកទេ។ អ្នកជឿព្រះភាគច្រើន ទាំងអ្នក និងខ្ញុំក៏មានបញ្ហានេះផងដែរ។
ប៉ុន្តែ លោក ធីម៉ូថេជាមនុស្សសំណព្វរបស់ព្រះ។
គាត់ជាមនុស្សសំណព្វរបស់ព្រះ ព្រោះព្រះអង្គបានជ្រើសរើសគាត់។ ព្រះអម្ចាស់សព្វព្រះទ័យនឹងជ្រើសរើសបុរស និងស្ត្រីរាប់បញ្ចូលទាំងអ្នកដែលនៅក្មេង មានសុខភាពទន់ខ្សោយ ឬមានភាពអៀនខ្មាសច្រើន ហើយនិយាយរួម គឺយើងមានចំណុចខ្សោយផ្សេងៗគ្នា។ យើងជាអ្នកបម្រើដែលព្រះអង្គបានរើស សម្រាប់កិច្ចការ ដែលព្រះអង្គចាត់តាំងឲ្យយើងធ្វើ។
ព្រះអម្ចាស់បានប្រើលោក ជច វ៉ាយហ្វៀល (George Whitefield) ជាគ្រូផ្សាយដំណឹងល្អនៅសតវត្សរ៍ទី១៨ ដើម្បីនាំមនុស្សរាប់ម៉ឺននាក់ឲ្យទទួលជឿព្រះអង្គឲ្យបានសង្គ្រោះ។ តែគាត់ច្រើនតែមានអារម្មណ៍ថា ពិបាកខ្លាំងក្នុងការងារបម្រើព្រះ។ មានពេលមួយ នៅតាមផ្លូវទៅផ្សាយដំណឹងល្អ ក្នុងព្រះវិហារ ក្នុងប៉មទីក្រុងឡុងដ៍ គាត់បានកត់សម្គាល់ថា «នៅពេលដែលខ្ញុំឡើងជណ្ដើរ មនុស្សស្ទើរទាំងអស់ហាក់ដូចជាមើលមកខ្ញុំដោយការមើលស្រាល ចំពោះយុវភាពរបស់ខ្ញុំ តែមិនយូរប៉ុន្មាន ពួកគេក៏មានចិត្តឆេះឆួល និងយកចិត្តទុកដាក់ចំពោះការអធិប្បាយរបស់ខ្ញុំយ៉ាងខ្លាំង»5។ ហេតុអ្វីអ្នកស្តាប់ការអធិប្បាយរបស់គាត់បានផ្លាស់ប្ដូរការឆ្លើយតប? មូលហេតុគឺដោយសារ លោក វ៉ាយហ្វៀល ជាមនុស្សដែលព្រះបានជ្រើសរើស មិនខុសពីលោក ធីម៉ូថេទេ។
លោក ធីម៉ូថេ ប្រាកដជាបានទទួលការលើកទឹកចិត្តដ៏លើសលប់ពីសាវ័ក ប៉ុល ក្នុងកណ្ឌគម្ពីរសំបុត្រនេះ ដែលបានរំឭកគាត់អំពីធនធានដែលព្រះបានប្រទាន! ព្រះអម្ចាស់បានប្រោសលោះ និងត្រាស់ហៅលោក ធីម៉ូថេ ហើយក៏បានប្រទានព្រះគុណក្នុងពេលដ៏លំបាក សេចក្តីមេត្តាករុណា សម្រាប់ពេលដែលគាត់ធ្វើខុស ហើយប្រទានសន្តិភាព នៅចំពោះមុខនៃគ្រោះថ្នាក់ និងការសង្ស័យ។
តើយើងត្រូវការអ្វីខ្លះនៅថ្ងៃនេះ? គឺត្រូវការអ្វីដែលលោក ធីម៉ូថេ ត្រូវការដែរដូចជា ព្រះគុណ សេចក្តីមេត្តាករុណា និងសន្តិភាពក្នុងចិត្ត។ សេចក្តីអ្វីដែលព្រះអង្គបានប្រទានមកលោក ធីម៉ូថេ នោះក៏មានសម្រាប់យើងផងដែរ។ ហេតុនេះហើយ អ្នកអាចពឹងផ្អែកលើព្រះ និងការផ្គត់ផ្គង់ដែលព្រះអង្គមានសម្រាប់អ្នកក្នុងព្រះគ្រីស្ទ។ ធនធានរបស់ព្រះអង្គមានភាពគ្រប់គ្រាន់ល្មមនឹងអាចបំពេញតម្រូវការគ្រប់យ៉ាងរបស់អ្នក និងដើម្បីសម្រេចកិច្ចការនីមួយៗដែលព្រះអង្គបានត្រាស់ហៅឲ្យអ្នកធ្វើ។
ព្រះគម្ពីរសញ្ជឹងគិត៖ ២ធីម៉ូថេ ១:១-១៤
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ទំនុកតម្កើង ៣៧-៣៩ និង កិច្ចការ ១៧:១៦-៣៤