
នឹកចាំអំពីសេចក្តីមេត្តារបស់ព្រះ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
August 8, 2025
«រីឯព្រះបន្ទូលនៃព្រះយេហូវ៉ាបានមកដល់យ៉ូណាសជាកូនអ័មីថាយថា ចូរក្រោកឡើងទៅឯនីនីវេ ជាទីក្រុងធំ ហើយស្រែកប្រកាសទាស់នឹងក្រុងនោះ ពីព្រោះអំពើអាក្រក់របស់គេបានសាយឡើងនៅចំពោះមុខអញហើយ ប៉ុន្តែយ៉ូណាស លោកក្រោកឡើង រត់ទៅឯក្រុងតើស៊ីសវិញ ដើម្បីឲ្យរួចពីព្រះភក្ត្រនៃព្រះយេហូវ៉ា»(យ៉ូណាស ១:១-៣)។
ព្រះអម្ចាស់សប្បាយព្រះទ័យក្នុងការសង្គ្រោះរាស្ត្រព្រះអង្គ។
កាលព្រះអង្គបង្គាប់លោក យ៉ូណាស ជាអ្នកបម្រើឲ្យទៅទីក្រុងនីនីវេ ហើយប្រកាសព្រះបន្ទូលឲ្យទីក្រុងនេះប្រែចិត្តចេញពីការអាក្រក់ ហោរាដែលកំពុងមានចិត្តស្ទាក់ស្ទើរនេះបានទទួលស្គាល់ថា ប្រជាជននៅទីនោះអាចប្រែចិត្តចេញពីការអាក្រក់ ហើយព្រះអម្ចាស់នឹងឆ្លើយតប ដោយសេចក្តីមេត្តា (យ៉ូណាស ៤:២)។ គាត់ដឹងថា ព្រះអម្ចាស់ជា «យេហូវ៉ា គឺយេហូវ៉ាដ៏ជាព្រះទ្រង់មានព្រះហឫទ័យមេត្តាករុណា ហើយទន់សន្តោស ទ្រង់យឺតនឹងខ្ញាល់ ហើយមានសេចក្តីសប្បុរស និងសេចក្តីទៀងត្រង់ជាបរិបូរ ទ្រង់មានសេចក្តីមេត្តាករុណាដល់មនុស្សទាំងពាន់ ក៏អត់ទោសចំពោះសេចក្តីទុច្ចរិត សេចក្តីរំលង និងអំពើបាប ប៉ុន្តែទ្រង់មិនរាប់មនុស្សមានទោសទុកជាឥតទោសឡើយ»(និក្ខមនំ ៣៤:៦-៧)។ គាត់បានដឹងសេចក្តីពិតដែលថា ថ្ងៃមួយព្រះទ្រង់នឹងមានបន្ទូលតាមហោរាយេរេមាថា «នៅវេលាណាដែលអញនិយាយពីដំណើរសាសន៍ណា ឬនគរណាថា នឹងដករំលើងគេ ព្រមទាំងរំលំ ហើយបំផ្លាញផង។ បើសិនជានគរដែលអញបាននិយាយនោះ នឹងបែរចេញពីអំពើអាក្រក់របស់ខ្លួន នោះអញនឹងប្រែគំនិតចេញពីការអាក្រក់ ដែលអញបានគិតធ្វើដល់គេក្នុងវេលានោះឯង»(យេរេមា ១៨:៧-៨)។
ហោរា យ៉ូណាស ដឹងថា ព្រះអម្ចាស់មានព្រះទ័យមេត្តា តែគាត់បានបដិសេធន៍មិនព្រមស្តាប់បង្គាប់តាមព្រះរាជបញ្ជារបស់ព្រះអង្គ។ តើហេតុអ្វី? គាត់ប្រហែលជាគ្រាន់តែមិនចូលចិត្តប្រជាជននៅទីក្រុងនីនីវេ ហើយនៅសម័យនោះ គេឮល្បីថា ប្រជាជននៅទីក្រុងនីនីវេ ជាមនុស្សថ្វាយបង្គំព្រះដទៃ ពួកគេកាចសាហាវ និងមានហិង្សា ហើយជាខ្មាំងសត្រូវដ៏គួរឲ្យភ័យខ្លាចរបស់ប្រជាជនអ៊ីស្រាអែល។ ហោរា យ៉ូណាស មិនចង់ឲ្យព្រះអម្ចាស់ទុកជីវិតឲ្យពួកគេទេ។ ហេតុនេះហើយ ក្រោយមកនៅពេលដែលប្រជាជននៅទីក្រុងនីនីវេបានងាកបែរចេញពីការអាក្រក់ «ការនោះជាទីទំនាស់ចិត្តដល់យ៉ូណាសយ៉ាងក្រៃលែង ហើយលោកក៏ខឹង»(យ៉ូណាស ៤:១)។ ហោរា យ៉ូណាស យល់ឃើញថា ពួកគេសមនឹងទទួលការជំនុំជម្រះពីព្រះ។ គាត់គិតត្រូវ! ប៉ុន្តែ អរព្រះគុណព្រះអង្គ ដែលបានប្រព្រឹត្តចំពោះប្រជាជាតិ ទីក្រុង និងបុគ្គលម្នាក់ៗតាមផ្លូវរបស់ព្រះអង្គ តែមិនតាមផ្លូវយើង។ ព្រះអង្គមានសព្វព្រះទ័យនឹងបង្ហាញសេចក្តីមេត្តា គឺមិនចង់ឲ្យពួកគេវិនាសឡើយ។
សេចក្តីអាណិតដែលព្រះអង្គមានចំពោះប្រជាជននៅទីក្រុងនីនីវេ គឺបានរំឭកយើងថា ព្រះអង្គមិនសព្វព្រះទ័យឲ្យនរណាម្នាក់វិនាសទេ ហើយព្រះអង្គសព្វព្រះទ័យនឹងជួយសង្គ្រោះមនុស្ស ជាពិសេសអ្នកដែលហាក់ដូចជាសមនឹងវិនាសបំផុត (២ពេត្រុស ៣:៩)។ លោក យ៉ូណាស ចង់ប្រកាសព្រះបន្ទូល តែនៅកន្លែងណាដែលគាត់ចង់ប្រកាស និងទៅកាន់មនុស្សណាដែលគាត់ចង់ប្រកាសប្រាប់ប៉ុណ្ណោះ។ ប៉ុន្តែ ដំណឹងល្អគឺសម្រាប់មនុស្សគ្រប់ៗគ្នា គ្រប់ទីកន្លែង។ សព្វថ្ងៃនេះ ដំណឹងល្អរបស់ព្រះយេស៊ូវមិនមែនសម្រាប់តែមនុស្ស «មានអាកប្បកិរិយាល្អ» ប៉ុណ្ណោះទេ តែក៏សម្រាប់មនុស្សមានរូបសម្បត្តិ ការប្រព្រឹត្ត និងការគិតដូចយើងផងដែរ។ ជាការពិតណាស់ ព្រះយេស៊ូវបានបង្គាប់អ្នកដើរតាមព្រះអង្គថា «ចូរទៅបញ្ចុះបញ្ចូលឲ្យមានសិស្សនៅគ្រប់ទាំងសាសន៍»(ម៉ាថាយ ២៨:១៩)។
ព្រះអង្គមានសេចក្តីមេត្តាលើសលប់! ព្រះអង្គមានព្រះទ័យអាណិតនៅក្នុងការតាមជួយសង្គ្រោះមនុស្សដែលមានអំនួត រឹងទទឹង និងល្មើសក្រឹត្យវិន័យរបស់ព្រះអង្គ គឺមនុស្សដូចអ្នក និងខ្ញុំ។ ព្រះអង្គត្រាស់ហៅយើង ឲ្យមានចិត្តឧស្សាហ៍នៅក្នុងការនាំសេចក្តីសង្គ្រោះទៅដល់មនុស្សដែលកំពុងវិនាស និងមើលថែមនុស្សដែលកំពុងស្លាប់ ហើយប្រាប់ពួកគេអំពីព្រះយេស៊ូវ ជាព្រះមានចេស្ដា ដែលអាចជួយសង្គ្រោះ។1 ព្រះត្រៃឯកសព្វព្រះទ័យនឹងជួយសង្គ្រោះមនុស្សមានបាប គឺសព្វព្រះទ័យខ្លាំងល្មមនឹងយាងចុះមក ហើយសុគតជំនួសពួកគេ។ តើអ្នកមានចិត្តដូចព្រះអង្គទេ? បើអ្នកមានមែន នោះអ្នកក៏នឹងមានចិត្តចង់ឲ្យមនុស្សនៅជុំវិញអ្នកបានសង្គ្រោះផងដែរ។ ទោះពួកគេជានរណា ហើយបានធ្វើអ្វីក៏ដោយ គឺល្មមនឹងចេញទៅ ហើយចែកចាយអំពីព្រះគ្រីស្ទដល់ពួកគេ។
ព្រះគម្ពីរសញ្ជឹងគិត៖ ១កូរិនថូស ៩:១៩-២៣
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ទំនុកតម្កើង ៧៤-៧៦ និងកិច្ចការ ២៧:១-២៦