
ការភ័យខ្លាចដែលគ្មានមូលដ្ឋាន
ដោយKaren Huang
August 10, 2025
១ពង្សាវតាក្សត្រ ១១:៣៤-៣៩ ១២:៣១-៣២
អញនឹងនៅជាមួយនឹងឯង ហើយនឹងតាំងជំនួរវង្សឯងឡើងឲ្យខ្ជាប់ខ្ជួន ដូចជាអញបានតាំងឲ្យដាវីឌដែរ អញនឹងប្រគល់ពួកអ៊ីស្រាអែលឲ្យដល់ឯង។ ១ពង្សាវតាក្សត្រ ១១:៣៨
អ្នកស្រីជូលា(Julia) បានរក្សាទុកសារដែលស្វាមីរបស់គាត់បានផ្ញើមកក្នុងទូរស័ព្ទ ដើម្បីឲ្យគាត់អាចបើកមើលវា ពេលណាគាត់មានការភ័យខ្លាច។ ក្នុងសារនោះ ស្វាមីគាត់បានសរសេរថា “បងស្រឡាញ់អូន។ បង់នឹងមិនចាកចេញពីអូនឡើយ”។ បទពិសោធន៍ដ៏ជូរចត់ក្នុងវ័យកុមារ បានបណ្តាលឲ្យគាត់ខ្លាចមនុស្សជាទីស្រឡាញ់បោះបង់ចោលគាត់។ គាត់ច្រើនតែសុំឲ្យស្វាមីគាត់ ធ្វើការធានាជាថ្មីចំពោះគាត់ ហើយគាត់ក៏មានចិត្តថប់បារម្ភក្នុងការរង់ចាំស្វាមីរបស់គាត់ វិលត្រឡប់មកពីធ្វើការវិញ។
ការអធិស្ឋាន និងការប្រឹក្សាផ្លូវចិត្ត បានជួយអ្នកស្រីជូលា ឲ្យចេះឆ្លើយតបចំពោះការភ័យខ្លាចនេះ តាមរបៀបដែលល្អជាងមុន។ គាត់ថា “ខ្ញុំមើលទៅការភ័យខ្លាចរបស់ខ្ញុំ ដោយនឹកចាំពាក្យសន្យានៃសេចក្តីស្រឡាញ់ ដែលប្តីរបស់ខ្ញុំ មានចំពោះខ្ញុំ។ ខ្ញុំគិតថា ពាក្យដែលគាត់សន្យាគឺជាការពិត! ហើយគាត់នឹងធ្វើតាមពាក្យសន្យារបស់គាត់”។
ស្តេចយេរ៉ូបោម ក៏មានការភ័យខ្លាច ដែលមិនសមហេតុផលផងដែរ។ ដោយសារស្តេចសាឡូម៉ូនបានធ្លាក់ចេញពីសេចក្តីជំនឿលើព្រះអម្ចាស់ ព្រះអង្គក៏បានសន្យាចំពោះស្តេចយេរ៉ូបោមថា “អញនឹងយករាជ្យពីដៃរបស់បុត្រទ្រង់វិញ ហើយនឹងឲ្យពូជអំបូរ១០មកឯង”(១ពង្សាវតាក្សត្រ ១១:៣៥)។ ព្រះទ្រង់ក៏បានធានាស្តេចយេរ៉ូបោមថា បើទ្រង់ស្តាប់បង្គាប់ព្រះអង្គ នោះព្រះអង្គនឹងប្រគល់ពួកអ៊ីស្រាអែលដល់ទ្រង់(ខ.៣៨)។
ប៉ុន្តែ ស្តេចយេរ៉ូបោមមានការភ័យខ្លាច។ ទ្រង់យល់ឃើញថា បើពួកបណ្តាជនថ្វាយដង្វាយនៅព្រះវិហាររបស់ព្រះអម្ចាស់ នៅទីក្រុងយេរូសាឡិម ពួកគេនឹងវិលត្រឡប់ទៅរកស្តេចរេហូបោម ជាបុត្រារបស់ស្តេចសាឡូម៉ូនមិនខាន(១ពង្សាវតាក្សត្រ ១២:២៧)។ ការភ័យខ្លាចរបស់ទ្រង់ បាននាំឲ្យទ្រង់បង្កើតទីសក្ការៈសម្រាប់ឲ្យរាស្រ្តរបស់ទ្រង់ថ្វាយបង្គំរូបព្រះ ដើម្បីរារាំងពួកគេមិនឲ្យងាកទៅរកបុត្រារបស់ស្តេចសាឡូម៉ូនឡើយ(ខ.២៦-៣៣)។ ជាលទ្ធផល ស្តេចយេរ៉ូបោមក៏បានប្រឈមមុខនឹងការជំនុំជម្រះរបស់ព្រះ(១៤:៧-១៦)។ គួរឲ្យសោកស្តាយណាស់ ដែលទ្រង់បានជ្រើសរើសយកការភ័យខ្លាច ជាជាងសេចក្តីជំនឿលើព្រះបន្ទូលសន្យារបស់ព្រះ!
យើងមិនចាំបាច់ត្រូវប្រឈមមុខដោះស្រាយបញ្ហានៃការភ័យខ្លាច ដែលគ្មានមូលដ្ឋាន ដោយខ្លួនឯងនោះឡើយ។ ព្រះទ្រង់បានប្រទានយើង នូវការធានានៃព្រះបន្ទូលសន្យារបស់ព្រះអង្គ ក្នុងព្រះគម្ពីរប៊ីបហើយ។ ចូរយើងអនុញ្ញាតឲ្យសេចក្តីពិតនៃសេចក្តីស្រឡាញ់របស់ព្រះអង្គ បានជ្រួតជ្រាបគំនិត និងដឹកនាំជីវិតយើងគ្រប់ជំហាន។—Karen Huang
តើអ្នកមានការមានការភ័យខ្លាចអ្វីខ្លះ ដែលគ្មានមូលដ្ឋាន?
តើព្រះគម្ពីរប៊ីបបានចែងដូចម្តេចខ្លះ អំពីការភ័យខ្លាចទាំងនោះ?
ឱព្រះអម្ចាស់ សូមព្រះអង្គបង្រៀនទូលបង្គំអំពីរបៀបឆ្លើយតប
ចំពោះការភ័យខ្លាចរបស់ទូលបង្គំ ហើយជួយទូលបង្គំឲស្តាប់បង្គាប់ព្រះអង្គ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ទំនុកដំកើង ៧៩-៨០ និង រ៉ូម ១១:១-១៨