នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

ហិបសញ្ញាដែលបានបាត់

ហិបសញ្ញាដែលបានបាត់

ដោយAlyson Kieda

August 29, 2025

២សាំយ៉ូអែល ៦:១-២,៦-១៥
ដាវីឌទ្រង់ក៏យាងទៅនាំយកហឹបនៃព្រះ ពីផ្ទះអូបិឌ-អេដំម ចូលមកក្នុងក្រុងរបស់ទ្រង់វិញដោយអំណរ។ ២សាំយ៉ូអែល ៦:១២
ក្នុងអំឡុងពេលដែលព្រះវិហាររបស់ខ្ញុំមានដំណើរកម្សាន្ត ក្នុងរដូវស្លឹកឈើជ្រុះ ពួកជំនុំរបស់ខ្ញុំបានបោះជំរុំ ក្នុងតំបន់ព្រៃភ្នំ។ នៅពេលដែលយើងដើរលេង ក្នុងតំបន់នោះ យើងអាចឃើញកន្លែងជួបជុំមួយ មានដើមឈើដុះព័ទ្ធជុំវិញ ដែលមានកៅអី មានតុអាសនា និងឈើឆ្កាងបញ្ឈរ ជាព្រះវិហារ ដែលគ្មានជញ្ជាំង និងដំបូល។ ក្រៅពីការជួបជុំគ្នាថ្វាយបង្គំព្រះ យើងក៏អាចប្រើទីកន្លែងនោះ ដើម្បីចំណាយពេលស្ងប់ស្ងាត់ផ្ទាល់ខ្លួនជាមួយព្រះ ដោយការអធិស្ឋានផងដែរ។ រឿងនេះបានធ្វើឲ្យខ្ញុំអរព្រះគុណព្រះអង្គ ដែលយើងអាចអរសប្បាយនឹងព្រះវត្តមានព្រះអង្គ ទោះយើងមិនស្ថិតក្នុងអគារព្រះវិហារ ហើយមិនត្រូវការហិបសញ្ញា ដូចពួកអ៊ីស្រាអែលនៅគ្រាសញ្ញា។
ព្រះគម្ពីរប៊ីបបានចែងអំពីពេលដ៏រីករាយ នៅពេលដែលគេនាំហឹបសញ្ញាចូលទីក្រុងយេរូសាឡិម ជា “ទីក្រុងនៃស្តេចដាវីឌ”(២សាំយ៉ូអែល ៦:១២)។ ហិបសញ្ញាគឺជានិមិត្តរូបតំណាងឲ្យព្រះវត្តមានព្រះ ក្នុងចំណោមរាស្រ្តរបស់ព្រះអង្គ។ ពេលនោះ ស្តេចដាវីឌមានអំណរយ៉ាងខ្លាំង បានជាទ្រង់លោតរាំ នៅចំពោះព្រះអម្ចាស់ អស់ពីកម្លាំងរបស់ទ្រង់ ខណៈពេលដែលរាស្រ្តទ្រង់ស្រែកហូរ និងផ្លុំត្រែ សរសើរដំកើងព្រះអង្គ(ខ.១៤-១៥)។ 
ជាច្រើនឆ្នាំក្រោយមក ពួកអ៊ីស្រាអែលត្រូវបានគេចាប់ធ្វើជាឈ្លើយសឹក ដឹកទៅទីក្រុងបាប៊ីឡូន ហើយទីក្រុងយេរូសាឡិមបានទទួលរងការបំផ្លិចបំផ្លាញ(២ពង្សាវតាក្សត្រ ២៥)។ ព្រះគម្ពីរប៊ីបមិនបានប្រាប់យើងថា ក្រោយមក ហិបសញ្ញាបានបាត់ទៅណាទេ។ មានរឿងព្រេងជាច្រើនដែលនិយាយអំពីហិបសញ្ញាដែលបានបាត់នោះ ប៉ុន្តែ យើងអរព្រះគុណព្រះអង្គ ដែលយើងមិនត្រូវការហិបសញ្ញា ដើម្បីអរសប្បាយនឹងព្រះវត្តមានព្រះទៀត(យ៉ូហាន ១៤:១៦-១៧)។ ព្រះទ្រង់គង់នៅជាមួយអស់អ្នកដែលជឿព្រះយេស៊ូវ បន្ទាប់ពីព្រះអង្គបានសុគត មានព្រះជន្មរស់ឡើងវិញ ហើយបានចាត់ព្រះវិញ្ញាណបរិសុទ្ធចុះមកសណ្ឋិតអ្នកជឿព្រះអង្គ។ នេះជាហេតុផលដ៏ល្អឥតខ្ចោះ ដែលយើងត្រូវអរសប្បាយ!—Alyson Kieda

តើអ្នកមានអារម្មណ៍យ៉ាងណា ពេលដែលបានដឹងថា ព្រះគង់នៅជាមួយអ្នក? 
តើអ្នកមានអារម្មណ៍ថា ព្រះអង្គមានព្រះវត្តមាននៅក្បែរអ្នក នៅពេលណា?
ឱព្រះអម្ចាស់ ទូលបង្គំសូមអរព្រះគុណព្រះអង្គ ដែលបានចាត់ព្រះវិញ្ញាណបរិសុទ្ធរបស់ព្រះអង្គ ឲ្យយាងចុះមក។ 
ទូលបង្គំមានអំណរខ្លាំងណាស់ ពេលដែលបានដឹងថា ព្រះអង្គគង់នៅក្នុងចិត្តទូលបង្គំ។
For further study, read A Story of a Life Led by the Spirit at DiscoverODB.org.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ទំនុកដំកើង ១២៦-១២៨ និង ១កូរិនថូស ១០:១៩-៣៣

 

ល្ងាច

ព្រះ​នាម​ខុសពី​ព្រះ​ដទៃ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ព្រះ​នាម​ខុសពី​ព្រះ​ដទៃ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

August 29, 2025

«ត្រូវ​ឲ្យ​ទាំង​អស់​សរសើរ​ដល់​ព្រះ​នាម​ព្រះយេហូវ៉ា​ចុះ ដ្បិត​មានតែ​ព្រះ​នាម​ទ្រង់១ ដែល​ខ្ពស់​ប្រសើរ សិរី​ល្អ​នៃ​ទ្រង់​ខ្ពស់​ជាង​ផែនដី និង​ផ្ទៃ​មេឃ​ទៅទៀត»(ទំនុក​តម្កើង ១៤៨:១៣)។

ព្រះ​ទ្រង់​បាន​ឲ្យ​យើង​ស្គាល់​ព្រះ​អង្គ ដោយ​ឲ្យ​យើង​ស្គាល់​ព្រះ​នាម​ព្រះ​អង្គ។ ពេលណា​យើង​គិត​អំពី​ព្រះ​នាម​របស់​ព្រះ យើង​គួរតែ​គិត​អំពី​លក្ខណៈ​របស់​ព្រះ​អង្គ ដែល​ជា​ចរិត​លក្ខណៈ និង​លក្ខណសម្បត្តិ​របស់​ព្រះ​អង្គ។ ព្រះ​នាម​ព្រះ​អង្គ​បង្ហាញ​ឲ្យ​យើង​ដឹង​ថា ព្រះ​អង្គ​ពិសេស​ខុសពី​មនុស្ស​ម្នាក់ៗ និង​អ្វីៗ​គ្រប់​យ៉ាង និង​ជា​តំណាង​ឲ្យ​អត្ត​សញ្ញាណ​របស់​ព្រះ​អង្គ​ទាំងស្រុង។

កាល​ព្រះ​អង្គ​ជួប​ជាមួយ​លោក ម៉ូសេ នៅ​កន្លែង​ដែល​មាន​គុម្ព​បន្លា​ឆេះ ដូច​ដែល​មាន​ចែង​ក្នុង​បទ​គម្ពីរ​និក្ខមនំ ជំពូក៣ គឺ​បាន​ឆ្លុះ​បញ្ចាំង​អំពី​ទំនាក់​ទំនង​រវាង​ព្រះ​នាម​ព្រះ និង​ចរិត​លក្ខណៈ​របស់​ព្រះ​អង្គ។ នៅពេល​ដែល​លោក ម៉ូសេ ចូល​ទៅ​ជិត​គុម្ព​បន្លា ព្រះ​អង្គ​បាន​បង្គាប់​គាត់​ឲ្យ​ដោះ​ស្បែកជើង ព្រោះ​គាត់​កំពុង​ឈរ​នៅ​ក្នុង​កន្លែង​បរិសុទ្ធ។ នៅ​ក្នុង​ការ​សន្ទនា​នៅពេល​នោះ បន្ទាប់​ពី​ព្រះ​អង្គ​បង្គាប់​គាត់​ឲ្យ​ទៅ​គាល់​ស្តេច ផារ៉ោន ដើម្បី​ទាមទារ​ឲ្យ​ទ្រង់​ដោះ​លែង​ប្រជាជន​អ៊ីស្រាអែល លោក ម៉ូសេ ក៏​បាន​ទូល​សួរ​ព្រះ​អង្គ​ថា «មើល កាល​ណា​ទូល​បង្គំ​ទៅ​ប្រាប់​ពួក​កូនចៅ​អ៊ីស្រាអែល​ថា ព្រះ​នៃ​ឰយុកោ​អ្នក​រាល់​គ្នា​ទ្រង់​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ឯ​អ្នក​រាល់​គ្នា ហើយ​គេ​សួរ​ទូល​បង្គំ​ថា តើ​ព្រះ​ទ្រង់​ព្រះ​នាម​ជា​អ្វី នោះ​តើ​ត្រូវ​ឲ្យ​ទូល​បង្គំ​ប្រាប់​គេ​ថា​ដូច​ម្តេច? ព្រះ​ទ្រង់​មាន​ព្រះបន្ទូល​ទៅ​លោក ម៉ូសេ ថា «អញ​ជា​ព្រះ​ដ៏​ជា​ព្រះ រួច​ទ្រង់​មាន​ព្រះ​បន្ទូល​ទៀត​ថា ឯង​ត្រូវ​ឆ្លើយ​ប្រាប់​ដល់​ពួក​កូនចៅ​អ៊ីស្រាអែល​ដូច្នេះ​ថា ព្រះ​ដ៏​ជា​ព្រះ​ទ្រង់​បាន​ចាត់​ឲ្យ​ខ្ញុំ​មក​ឯ​អ្នក​រាល់​គ្នា»(និក្ខមនំ ៣:១៣-១៤)។

ព្រះ​មាន​បន្ទូល​ថា «អញ​គឺជា» ដើម្បី​ប្រាប់​ព្រះ​នាម​ព្រះ​អង្គ។ នៅ​ក្នុង​ការ​ប្រើ​ពាក្យ​នេះ ព្រះ​អង្គ​បាន​បង្ហាញ​ភាព​ខុស​គ្នា​រវាង​ព្រះ​អង្គ​នឹង​ព្រះ​ក្លែងក្លាយ ដែល​ពួកគេ​ត្រូវ​ប្រើ​ពាក្យ​ថា «អញ​មិនមែន​ជា»។ រូប​ព្រះ​ទាំង​នោះ​ជា​វត្ថុ​ដែល​ដៃ​មនុស្ស​បាន​បង្កើត ឬ​ក្នុង​ពេល​សព្វថ្ងៃ រូប​ព្រះ​ច្រើនតែ​មាន​ក្នុង​ចិត្ត​យើង។ ជាង​បាន​ឆ្លាក់​ពួកវា​ទាំង​នោះ​ពី​ឈើ ថ្ម ឬ​ភ្លក់​ដំរី ហើយ​ដាក់​នៅ​លើ​អាសនៈ។ ទោះជា​យ៉ាងណា​ក៏ដោយ ពួក​វា​ដួល​រំលំ ដោយ​ជៀស​មិន​រួច ហើយ​ត្រូវ​ការ​ឲ្យ​គេ​កសាង​ជា​ថ្មី។ រូប​ពួកវា​ទាមទារ​ការ​បម្រើ​របស់​យើង តែ​មិន​អាច​ជួយ​សង្គ្រោះ​យើង​បានទេ។ ពួកវា​មិន​ដែល​ធ្វើ​តាម​ការ​សន្យា​របស់​ពួកវា​បានទេ។

ប៉ុន្តែ សម្រាប់​ព្រះអាទិករ​នៃ​ចុង​បំផុត​របស់​ផែនដី គេ​មាន​ហេតុផល​គ្រប់​គ្រាន់​ដែល​ត្រូវ​ដឹង​ថា ព្រះ​អង្គ​ជា​ព្រះ​ដ៏​ជា​ព្រះ ដ្បិត​ព្រះ​អង្គ​មិន​ដូច​ព្រះ​ដទៃ​ទេ។ គ្មាន​នរណា​បង្កើត​ព្រះ​អង្គ​ទេ។ ព្រះ​អង្គ​មាន​ស្រាប់ ដោយ​ខ្លួនឯង។ ព្រះ​អង្គ​ក៏​បំពេញ​ឲ្យ​ខ្លួនឯង យ៉ាង​ពេញលេញ។ ព្រះ​អង្គ​មិន​ត្រូវ​ការ​នរណា​ម្នាក់ ឬអ្វី​មួយ​ទេ។ អ្វី​ដែល​ព្រះ​អង្គ​តែងតែ​មាន​ពី​ដើម​មក ព្រះ​អង្គ​ក៏​នៅតែ​មាន។ ព្រះ​អង្គ​មិន​មាន​ការ​ចាប់​ផ្តើម ហើយ​ក៏​គ្មាន​ទី​បញ្ចប់។ ព្រះ​អង្គ​ធ្វើ​តាម​ព្រះបន្ទូល​សន្យា​ទាំង​អស់។ ព្រះ​អង្គ​ជា​ព្រះ​ដែល​មាន​ព្រះ​ជន្ម និង​អំណាច​ទ្រង់​គ្មាន​ដែន​កំណត់។

យើង​ត្រូវ​លើក​តម្កើង​ព្រះ​នាម​ព្រះ​អង្គ គឺ​ព្រះ​នាម​ព្រះ​អង្គ​តែមួយ ដ្បិត​ព្រះ​អង្គ​បាន​បង្កើត​យើង​មក ដើម្បី​មូល​ហេតុ​នេះឯង។ យើង​រាល់​គ្នា​មាន​បញ្ហា​ប្រឈម ក្នុង​ជម្នះ​ការ​ល្បួង​ឲ្យ​ថ្វាយបង្គំ​រូប​ព្រះ ដែល​យើង​បង្កើត ដោយ​គោរព​បូជា ព្រោះ​យើង​គិត​ស្មានថា ពួកវា​អាច​នាំមក​នូវ​ជីវិត។ ប៉ុន្តែ បើ​យើង​ថ្វាយបង្គំ​ព្រះ​ពិត តាម​ដែល​សមគួរ នោះ​រូប​ព្រះ​របស់​យើង​ត្រូវ​តែ​ដួល​ផ្កាប់​មុខ​នៅ​ពីមុខ​ព្រះ​អង្គ។ ព្រះ​អង្គ​ជា​ព្រះអាទិករ​តែមួយ ជា​ព្រះ​ពិតតែ​មួយ ដែល​គ្រប់​គ្រង​ស្ថាន​សួគ៌ និង​ផែនដី។ 


ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ អេសាយ ៤៦:៣-១១
គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ ទំនុក​តម្កើង ១២៦-១២៨ និង​២កូរិនថូស ៨

ប្រភេទ