នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

សូមយើងមើលកិច្ចការដែលព្រះអង្គបានធ្វើ

សូមយើងមើលកិច្ចការដែលព្រះអង្គបានធ្វើ

ដោយKenneth Petersen

September 2, 2025

កិច្ចការ ៩:១-៦,៨,១០-១២,១៥
នោះស្រាប់តែមានពន្លឺពីលើមេឃភ្លឺមកនៅជុំវិញខ្លួន គាត់ក៏ដួលដល់ដី រួចឮសំឡេងមានបន្ទូលមកថា សុល នែសុល ហេតុអ្វីបានជាអ្នកបៀតបៀនដល់ខ្ញុំដូច្នេះ។ កិច្ចការ ៩:៣-៤
លោកម៉ស(MORSE) គឺជាកូនប្រុសរបស់អ្នកបម្រើព្រះ ក្នុងនិកាយប្រូតេស្តង់ ហើយជាវិចិត្រករគំនូរទេសភាព ដែលពិបាករកប្រាក់ចំណូលចិញ្ចឹមជីវិត។ ក្នុងទសវត្សរ៍ឆ្នាំ១៨២០ គាត់បានប្រកបរបរតូចតាច ជាវិចិត្រករចល័ត ដោយគូររូបដែលពិពណ៌នា អំពីជីវិតក្នុងតំបន់អាមេរិកនៅសម័យអាណានិគមអង់គ្លេស។ ប៉ុន្តែ ព្រះទ្រង់បានដឹកនាំជីវិតគាត់ ទៅតាមទិសដៅផ្សេងមួយទៀត។ គាត់ក៏មានចំណាប់អារម្មណ៍ មកលើវិទ្យាសាស្ត្រផងដែរ។ គាត់បានរៀនសូត្រអំពីអេឡិចត្រូម៉ាញេទិច ហើយក៏បានបង្កើតទ្រឹស្ដីមួយ ដែលនាំឲ្យពិភពលោកមានការផ្លាស់ប្តូរ ក្នុងការទំនាក់ទំនងចម្ងាយឆ្ងាយ។ ក្នុងឆ្នាំ១៨៣២ លោកស៊ែមញួល អែហ្វ ប៊ី ម៉ស(SAMUEL F. B. MORSE) បានបង្កើតទ្រឹស្ដីតេឡេក្រាមអេឡិចត្រូនិក ហើយក្រោយមក ក៏បានបន្តស្រាវជ្រាវរហូតឆ្នៃបង្កើតបានឧបករណ៍តេឡេក្រាម ដែលមានដំណើរការដំបូងបំផុត ក្នុងប្រវត្តិសាស្រ្ត ហើយសារដំបូងដែលគាត់បានផ្ញើនោះគឺ “សូមយើងមើល នេះជាកិច្ចការដែលព្រះអង្គបានធ្វើ!” 
ក្នុងព្រះគម្ពីរប៊ីប ប្រហែលជាបាននិយាយអំពីការផ្លាស់ប្តូរការងារ គួរឲ្យចាប់អារម្មណ៍បំផុត នៅក្នុងរឿងរបស់លោកសូល ដែលកំពុង “បញ្ចេញសេចក្ដីគំរាម នឹងពាក្យកំហែង ព្រមទាំងការសំឡាប់ ដល់ពួកសិស្សនៃព្រះអម្ចាស់”(កិច្ចការ ៩:១)។ ព្រះយេស៊ូវបានបង្ហាញអង្គទ្រង់ ឲ្យគាត់ឃើញដោយពន្លឺដ៏អស្ចារ្យមួយ(ខ.៣) ដោយបន្ទូលប្រាប់គាត់ថា គាត់កំពុងតែបៀតបៀនព្រះអង្គ។ ក្នុងន័យនេះ ព្រះអង្គកំពុងប្រាប់លោកសូលឲ្យឈប់បៀតបៀនពួកជំនុំទៀត ព្រោះគាត់ស្ថិតនៅក្រោមបញ្ជាថ្មី(ខ.៦)។ លោកសូលក៏បានផ្លាស់ប្រែទាំងស្រុង ហើយបានទទួលយកអត្តសញ្ញាណថ្មី ក្នុងព្រះគ្រីស្ទ ធ្វើជាសាវ័ក ដែលទីបំផុតគាត់ក៏បានចេញផ្សាយដំណឹងល្អ នៅកន្លែងណាដែលគាត់ទៅដល់។
ជួនកាល ផ្លូវដែលយើងចង់ដែរ មិនមែនជាផ្លូវដែលយើងត្រូវដើរនោះឡើយ។ ព្រះទ្រង់ដឹកនាំយើងទៅតាមទិសដៅផ្សេងមួយទៀត។ ការផ្លាស់ប្តូរទិសដៅនោះ អាចជាការត្រាស់ហៅយើងឲ្យដើរចេញពីបាបរបស់យើង។ ឬប្រហែលជាការផ្លាស់ប្តូរក្នុងការងារបម្រើព្រះអង្គ ឬអាជីព។ នៅពេលដែលព្រះអង្គប្រទានទិសដៅថ្មីសម្រាប់ជីវិតយើង យកល្អយើងត្រូវឈប់ធ្វើអ្វីដែលយើងកំពុងធ្វើ ហើយដើរតាមផ្លូវថ្មីវិញ។ ហើយខណៈពេលដែលផ្លូវថ្មីរបស់យើងបានបើកពីមុខយើង យើងអាចនឹកចាំអំពីសារតេឡេក្រាមដែលលោកម៉សបានផ្ញើដំបូងបំផុតថា “សូមយើងមើល នេះជាកិច្ចការដែលព្រះអង្គ បានធ្វើ!”—KENNETH PETERSEN

តើព្រះទ្រង់បានដឹកនាំជីវិតអ្នក ទៅតាមទិសដៅថ្មី ដូចម្តេចខ្លះ? 
តើព្រះអង្គសព្វព្រះទ័យឲ្យអ្នកនិយាយពាក្យលើកទឹកចិត្តអ្នកដទៃ ដូចម្តេចខ្លះ? 
ឱព្រះអម្ចាស់ សូមព្រះអង្គជួយទូលបង្គំឲ្យបើកចំហរចិត្ត ទទួលការដឹកនាំពីព្រះអង្គ 
ខណៈពេលដែលព្រះអង្គដឹកនាំផ្លូវ និងការងាររបស់ទូលបង្គំ ក្នុងរដូវកាលនេះ។
FOR FURTHER STUDY, READ IT’S NOT FAIR: TRUSTING GOD WHEN LIFE DOESN’T MAKE SENSE AT DISCOVERODB.ORG.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ទំនុកដំកើង ១៣៧-១៣៩ និង ១កូរិនថូស ១៣

 

ល្ងាច

សេចក្តី​កោត​ខ្លាច​ដល់​ព្រះ​គ្រីស្ទ  (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

សេចក្តី​កោត​ខ្លាច​ដល់​ព្រះ​គ្រីស្ទ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

September 2, 2025

«...ហើយ​ទាំង​ចំណុះ​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​សេចក្តី​កោត​ខ្លាច​ដល់​ព្រះ​គ្រីស្ទ» (អេភេសូរ ៥:២០-២១)។
មនុស្ស​ចុះ​ចូល​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​សារ​ហេតុផល​ជា​ច្រើន ផ្អែក​ទៅ​លើ​រចនា​សម្ព័ន្ធ​នយោបាយ ឬ​សង្គម ឬ​ផ្អែក​ទៅ​លើ​ស្ថានភាព​ជាក់​ស្តែង។ ជួន​កាល ការ​ចុះ​ចូល​អ្នក​ដទៃ​តែ​ម្តង មាន​ភាព​ងាយ​ស្រួល​ជាង​ការ​ប្រព្រឹត្ត​ចំពោះ​គេ (ហើយ​ពិត​ជា​ល្អ​ជាង!) ដែល​អាច​ធ្វើ​ឲ្យ​គេ​គិត​ថា យើង​ហាក់​ដូច​ជា​គ្មាន​ការ​គួរ​សម ឬ​មាន​ការ​ប្រឈម​មុខ​ដាក់​គ្នា។ 
ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ហេតុ​ផល​ទាំង​អស់​នេះ មិន​មែន​ជា​កត្តា​បណ្តាល​ចិត្ត​គ្រីស្ទ​បរិស័ទ​ឲ្យ​ចុះ​ចូល​គ្នា​ទៅ​វិញ​ទៅ​មក​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ «ការ​គោរព​ស្រឡាញ់​ព្រះ​គ្រីស្ទ» គួរ​តែ​ជា​មូល​ហេតុ​ដែល​យើង​ចុះ​ចូល​គ្នា​ទៅ​វិញ​ទៅ​មក។ ការ​លុត​ជង្គង់​នៅ​ចំពោះ​ព្រះ​គ្រីស្ទ ជួយ​យើង​មិន​ឲ្យ​ផ្ដោត​ទៅ​លើ​ខ្លួន​ឯង។ ការ​គោរព​ព្រះ​គ្រីស្ទ​មិន​គ្រាន់​តែ​ទាញ​យើង​ចេញ​ពី​ខ្លួន​ឯង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​បាន​នាំ​យើង​ទៅ​រក​ព្រះ​យេស៊ូវ។ នៅ​ក្នុង​ព្រះ​អង្គ យើង​ក៏​ឃើញ​របៀប​ដែល​យើង​ត្រូវ​ធ្វើ​តាម​ការ​ត្រាស់​ហៅ​ឲ្យ​ចុះ​ចូល​ផង​ដែរ ព្រោះ​ព្រះ​អង្គ​បាន​បង្រៀន​ដោយ​ផ្ទាល់​ថា «មិន​ត្រូវ​ឲ្យ​មាន​ដូច្នោះ​ក្នុង​ពួក​អ្នក​រាល់​គ្នា​ឡើយ គឺ​អ្នក​ណា​ក្នុង​ពួក​អ្នក​រាល់​គ្នា​ដែល​ចង់​ធ្វើ​ជា​ធំ នោះ​នឹង​ត្រូវ​ធ្វើ​ជា​អ្នក​បម្រើ​ដល់​អ្នក​រាល់​គ្នា​វិញ...ដូច​ជា​កូន​មនុស្ស​បាន​មក មិន​មែន​ឲ្យ​គេ​បម្រើ​លោក​ទេ គឺ​នឹង​បម្រើ​គេ​វិញ ហើយ​និង​ឲ្យ​ជីវិត​ខ្លួន ទុក​ជា​ថ្លៃ​លោះ​មនុស្ស​ជា​ច្រើន​ផង» (ម៉ាថាយ ២០:២៦, ២៨)។ ព្រះ​អង្គ​មិន​គ្រាន់​តែ​បាន​មាន​បន្ទូល ប៉ុន្តែ​ក៏​បាន​ធ្វើ​ជា​គំរូ​ផង​ដែរ។ ឧទាហរណ៍៖ ព្រះ​អង្គ​បាន​លាង​ជើង​ឲ្យ​ពួក​សាវ័ក​ក្នុង​បទ​គម្ពីរ​យ៉ូហាន​ជំពូក១៣។ គឺ​ដូច​ដែល​កណ្ឌ​គម្ពីរ​យ៉ូហាន​បាន​ចែង​ថា «នោះ​ដោយ​ព្រោះ​ព្រះ​យេស៊ូវ​បាន​ជ្រាប​ថា ព្រះ​វរបិតា​បាន​ប្រគល់​ការ​ទាំង​អស់​មក​ក្នុង​ព្រះ​ហស្ត​ទ្រង់ ហើយ​ថា ទ្រង់​មក​ពី​ព្រះ ក៏​ត្រូវ​ទៅ​ឯ​ព្រះ​វិញ បាន​ជា​ទ្រង់​ក្រោក​ពី​សោយ​ឡើង ដោះ​ព្រះ​ពស្ត្រ​ចេញ រួច​យក​ក្រមា​មក​ក្រវាត់​អង្គ ក្រោយ​នោះ​ទ្រង់​ចាក់​ទឹក​ក្នុង​ចាន​ក្លាំ ចាប់​តាំង​លាង​ជើង​ពួក​សិស្ស ហើយ​យក​ក្រមា​ដែល​ទ្រង់​ក្រវាត់​នោះ​មក​ជូត» (យ៉ូហាន ១៣:៣-៥)។ ហេតុ​អ្វី​ព្រះ​អង្គ​ធ្វើ​ដូច​នេះ? ការ​នេះ​បាន​បង្ហាញ​ច្បាស់​ថា ព្រះ​រាជបុត្រា​កំពុង​ចុះ​ចូល​បំណង​ព្រះ​ទ័យ​ព្រះ​វរបិតា។ ព្រះ​អង្គ​ជា​ព្រះ ប៉ុន្តែ​ព្រះ​អង្គ​បាន​លះបង់​អង្គ​ទ្រង់ ដោយ​ទទួល​យក​រូប​ភាព​ជា​អ្នក​បម្រើ (ភីលីព ២:៧)។
ព្រះ​យេស៊ូវ​បាន​យាង​មក​យក​កំណើត​ជា​មនុស្ស ដើម្បី​ធ្វើ​តាម​បំណង​ព្រះ​ទ័យ​ព្រះ​វរបិតា (យ៉ូហាន ៦:៣៨)។ ហេតុ​នេះ​ហើយ ព្រះ​អង្គ​បាន​ទទួល​យក​ទុក្ខ​វេទនា។ ព្រះ​អង្គ​បាន​ជួប​ភាព​ឯកោ និង​ត្រូវ​គេ​ធ្វើ​ទារុណកម្ម។ ព្រះ​អង្គ​បាន​ស៊ូ​ទ្រាំ​នឹង​ការ​ជេរ​ប្រមាថ និង​ការ​យល់​ច្រឡំ​របស់​មនុស្ស និង​សេចក្តី​ស្លាប់។ ព្រះ​អង្គ​បាន​ទទួល​យក​ភាព​ប្រេះ​បែក ដើម្បី​ឲ្យ​ជីវិត​ដែល​ប្រេះ​បែក​របស់​យើង​អាច​ទទួល​បាន​ការ​ជួស​ជុល និង​ការ​កែ​ប្រែ។ គឺ​ព្រះ​អង្គ​បាន​យាង​មក​សុគត​នៅ​លើ​ឈើ​ឆ្កាង ដោយ​ចុះ​ចូល​បំណង​ព្រះ​ទ័យ​ព្រះ​វរបិតា ដើម្បី​ឲ្យ​ព្រះអង្គ​អាច​ប្រទាន​ការ​បង់​ថ្លៃ​លោះ​សម្រាប់​អស់​អ្នក​ដែល​បន្ទាប​ខ្លួន​ក្រាប​ចុះ ហើយ​និយាយ​ថា «ព្រះ​អង្គ​គឺ​ជា​ព្រះ​អង្គ​សង្គ្រោះ​ដែល​ខ្ញុំ​ត្រូវ​ការ»។
ពេល​ណា​យើង​ពិចារណា​អំពី​ព្រះ​គ្រីស្ទ តាម​លក្ខណៈ​ពិត​របស់​ព្រះ​អង្គ យើង​ប្រាកដ​ជា​ទទួល​ការ​បណ្តាល​ចិត្ត​ឲ្យ​គោរព​ព្រះ​អង្គ។ តើ​មាន​នរណា​ទៀត​ដែល​យើង​គួរ​តែ​គោរព និង​ស្រឡាញ់​ឲ្យ​លើស​អង្គ​ទីពីរ​នៃ​ព្រះ​ត្រៃ​ឯក​ដែល​បាន​ស្ម័គ្រ​ព្រះ​ទ័យ​ចុះ​ចូល​រហូត​ដល់​សុគត ដោយ​ការ​ស្តាប់​បង្គាប់​តាម​ព្រះ​វរបិតា និង​ដើម្បី​ជា​ប្រយោជន៍​ដល់​រាស្ត្រ​របស់​ព្រះ​អង្គ? ហើយ​ពេល​ណា​យើង​គោរព​ព្រះ​គ្រីស្ទ យើង​អាច​មាន​ចារិក​លក្ខណៈ​ដូច​ព្រះ​គ្រីស្ទ ដោយ​មិន​ឱប​ក្រសោប​យក​ភាព​ធំ​ឧត្តម ឬ​ស្វែង​រក​អំណាច ឬ​ក៏​បម្រើ​ប្រយោជន៍​ផ្ទាល់​ខ្លួន តែ​ស្តាប់​បង្គាប់​ព្រះ​ដោយ​លះបង់​ប្រយោជន៍​ផ្ទាល់​ខ្លួន ដើម្បី​បង​ប្អូន​ប្រុស​ស្រី​របស់​យើង។ 
មាន​ហេតុផល​ជា​ច្រើន ដែល​យើង​អាច​សម្រេច​ចិត្ត​ចុះ​ចូល​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក (និង​មាន​ហេតុផល​ជា​ច្រើន ដែល​យើង​មិន​ត្រូវ​ចុះ​ចូល)។ ប៉ុន្តែ ចូរ​យើង​ប្រាកដ​ថា យើង​ចុះ​ចូល​អ្នក​ដទៃ​ក្នុង​ពួក​ជំនុំ ដោយ​ការ​គោរព​ស្រឡាញ់​ព្រះ​គ្រីស្ទ ដែល​បាន​ចុះ​ចូល​ព្រះ​វរបិតា និង​បាន​ក្លាយ​ជា​ព្រះ​អង្គ​សង្គ្រោះ តាម​រយៈ​ការ​ចុះ​ចូល​នេះ។ 


ខគម្ពីរ​សញ្ជឹង​គិត៖ ភីលីព ២:‌១៧-៣០ 
គម្រោង​អាន​ព្រះគម្ពីរ​រយៈ​ពេល១ឆ្នាំ៖ ទំនុកតម្កើង ១៣៧-១៣៩ និង២កូរិនថូស ១១:១៦-៣៣

ប្រភេទ