នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

ការតស៊ូក្នុងការរង់ចាំ

ការតស៊ូក្នុងការរង់ចាំ

ដោយTom Felten

September 4, 2025

អែសរ៉ា ៧:៦-១១,២៧-២៨
ពីព្រោះអែសរ៉ាបានតាំងចិត្តស្វែងរកក្នុងក្រិត្យវិន័យរបស់ព្រះយេហូវ៉ា។ អែសរ៉ា ៧:១០
គេបានក្រោកឈរទះដៃ អបអរអ្នកស្រី គីនី ហ៊ីសឡប(GINNIE HISLOP) នៅពេលដែលគាត់ទទួលសញ្ញាប័ត្រអនុបណ្ឌិត នៅឆ្នាំ២០២៤។ តើហេតុអ្វី? រឿងនេះបានកើតឡើង បន្ទាប់ពីគាត់បានបញ្ចប់មុខវិជ្ជាទាំងអស់ក្នុងការសិក្សា កាលពី៨៤ឆ្នាំមុន។ កាលពីឆ្នាំ១៩៤១ គាត់គ្រាន់តែចាំបាច់ត្រូវសរសេរនិក្ខេបបទយកទៅឲ្យគ្រូប៉ុណ្ណោះ គឺគាត់អាចបញ្ចប់ការសិក្សាហើយ ប៉ុន្តែ នៅសម័យនោះ លោកចច(GEORGE) ដែលជាមិត្តប្រុសរបស់គាត់ ស្រាប់តែត្រូវគេហៅឲ្យទៅធ្វើទាហាន ក្នុងសង្គ្រាមលោកលើកទី២។ អ្នកទាំងពីរក៏បានប្រញាប់រៀបការ និងផ្លាស់ទៅរស់នៅក្នុងបន្ទាយទាហាននៅទ្វីបអឺរ៉ុប ធ្វើឲ្យគាត់ត្រូវទុកចោលការសិក្សាដែលស្ទើរតែបានបញ្ចប់។ ប៉ុន្តែ បន្ទាប់ពីការផ្អាកការសិក្សាអស់រយៈពេលយ៉ាងយូរ ទីបំផុត គាត់ក៏អាចបញ្ចប់ការសិក្សាដែលគាត់បានចាប់ផ្តើមនោះ។ 
ហោរាអែសរ៉ា គឺជាអ្នករៀនសូត្រព្រះគម្ពីរប៊ីប ដែលមានកំរិតចំណេះដឹងខ្ពង់ខ្ពស់ ខាងឯក្រឹត្យវិន័យរបស់ព្រះ។ គាត់បានរង់ចាំជាច្រើនឆ្នាំ ដើម្បីវិលត្រឡប់ទៅទីក្រុងយេរូសាឡិមវិញ បន្ទាប់ពីការនិរទេសក្នុងចក្រភពបាប៊ីឡូន។ ហោរាអែសរ៉ា “បានតាំងចិត្តស្វែងរកក្នុងក្រិត្យវិន័យរបស់ព្រះយេហូវ៉ា ដើម្បីនឹងប្រព្រឹត្តតាម ហើយបង្ហាត់បង្រៀនតាមបញ្ញត្ត នឹងសេចក្ដីយុត្តិធម៌ក្នុងពួកអ៊ីស្រាអែល”(អែសរ៉ា ៧:១០)។ លោកសេរ៉ូបាប៊ិល និងសាសន៍អ៊ីស្រាអែលមួយក្រុម បានទទួលការអនុញ្ញាតឲ្យវិលត្រឡប់ទៅទីក្រុងយេរូសាឡិមវិញ ដើម្បីសាងសង់ព្រះវិហារឡើងវិញ(២:១-២)។ ហើយពេលនោះ “ព្រះហស្តល្អរបស់ព្រះនៃលោក បានសណ្ឋិតលើ” (៧:៩) ក៏កំពុងដឹកនាំពួកឈ្លើយសឹកជាច្រើននាក់ទៀត ទៅទីក្រុងយេរូសាឡិម។ ព្រះទ្រង់អាចប្រើពួកគេ ដើម្បីធ្វើកំណែទម្រង់ និងស្អាងឲ្យមានការថ្វាយបង្គំត្រឹមត្រូវឡើងវិញ តាមព្រះគម្ពីរ។ គឺដូចមានសេចក្តីចែងថា “អែសរ៉ាក៏បើកគម្ពីរ នៅមុខបណ្ដាជនទាំងឡាយ ដ្បិតលោកនៅខ្ពស់ជាងគេទាំងអស់ ... ពួកបណ្ដាជនក៏ទទួលថា អាម៉ែនៗ ដោយប្រទូលដៃឡើង រួចឱនក្បាល ហើយក្រាបចុះផ្កាប់មុខដល់ដី ថ្វាយបង្គំដល់ព្រះយេហូវ៉ា”(នេហេមា ៨:៥-៦)។ 
លោកអែសរ៉ាបានរង់ចាំជាច្រើនទសវត្សរ៍ ប៉ុន្តែ គាត់បានធ្វើតាមការត្រាស់ហៅដោយជោគជ័យ ដោយពឹងអាងកម្លាំងមកពីព្រះ។ ចូរយើងមានការតស៊ូក្នុងការសម្រេចកិច្ចការ ដែលព្រះអង្គបានប្រទានឲ្យយើងធ្វើ ដោយពឹងអាងព្រះចេស្តារបស់ព្រះអង្គ។—TOM FELTEN

តើអ្នកអាចធ្វើអ្វីខ្លះ ដើម្បីមមុលទៅមុខ តាមការត្រាស់ហៅរបស់ព្រះ? 
តើអ្នកអាចតស៊ូ ដោយពឹងអាងព្រះចេស្តា និងប្រាជ្ញារបស់ព្រះអង្គ ដូចម្តេចខ្លះ? 
ឱព្រះអម្ចាស់ សូមព្រះអង្គជួយទូលបង្គំ ឲ្យសម្រេចកិច្ចការដែលព្រះអង្គបានត្រាស់ហៅឲ្យទូលបង្គំធ្វើ។
VISIT ODBU.ORG/SF010 TO LEARN HOW TO FIND AND FOLLOW YOUR CALLING.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ទំនុកដំកើង ១៤៣-១៤៥ និង ១កូរិនថូស ១៤:២១-៤០

 

ល្ងាច

ការ​រៀប​ចំ​របស់​ព្រះ​សម្រាប់​ទំនាក់​ទំនង​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ការ​រៀប​ចំ​របស់​ព្រះ​សម្រាប់​ទំនាក់​ទំនង​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

September 4, 2025

«ដោយ​ហេតុ​នោះ បាន​ជា​មនុស្ស​ប្រុស​នឹង​លា​ចេញ​ពី​ឪពុក​ម្តាយ​ខ្លួន ទៅ​នៅ​ជាប់​នឹង​ប្រពន្ធ​វិញ ហើយ​អ្នក​ទាំង២នោះ​នឹង​ត្រឡប់​ជា​សាច់​តែ១សុទ្ធ រីឯ​អ័ដាម នឹង​ប្រពន្ធ​គាត់​ក៏​នៅ​ជា​អាក្រាត​ទ​ទេ ឥត​មាន​សេចក្តី​អៀនខ្មាស​ឡើយ» (លោកុប្បត្ដិ ២:២៤-២៥)។
ទំនាក់​ទំនង​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍​គឺ​ជា​អំណោយ​ដែល​ព្រះ​បាន​ប្រទាន ដែល​យើង​បាន​ធ្វើ​ឲ្យ​ប្រឡាក់​ដោយ​អំពើ​បាប​របស់​យើង។ បទ​គម្ពីរ​ខាង​លើ​នេះ​បាន​ពិពណ៌នា​អំពី​ភាព​ជា​ដៃគូ​នៃ​សេចក្តី​ស្រឡាញ់ ដែល​មាន​ការ​ទុក​ចិត្ត​គ្នា គ្មាន​ក្តី​អាម៉ាស់ និង​មាន​ការ​រួប​រួម​ដ៏​ឥត​ខ្ចោះ។ គួរ​ឲ្យ​ស្តាយ​ណាស់ ក្នុង​ការ​រស់​នៅ​ក្នុង​លោកីយ៍​ដែល​មាន​បាប យើង​សង្កេត​ឃើញ​ថា ទំនាក់​ទំនង​ប្តី​ប្រពន្ធ​ដែល​ល្អ​ដូច​នេះ ឃើញ​មាន​តែ​នៅ​ក្នុង​ខ្សែ​ភាពយន្ត​ប៉ុណ្ណោះ។ យើង​មាន​និស្ស័យ​សាច់​ឈាម​ពី​កំណើត ដែល​ធ្វើ​ឲ្យ​ខូច​អ្វីៗ​ដែល​ព្រះ​បាន​បង្កើត ដើម្បី​ប្រយោជន៍​យើង និង​ដើម្បី​សិរី​ល្អ​របស់​ព្រះ​អង្គ​បណ្តាល​ឲ្យ​សម្រស់ និង​ការ​អរ​សប្បាយ​ក្នុង​ទំនាក់​ទំនង​ប្តី​ប្រពន្ធ​បាត់បង់។ នេះ​ជា​សោក​នាដកម្ម​នៃ​អំពើបាប​របស់​មនុស្ស។ ប៉ុន្តែ យើង​មាន​សង្ឃឹម! សម្រាប់​អ្នក​ជឿ ព្រះ​វិញ្ញាណ​របស់​ព្រះ​ជួយ​យើង​ឲ្យ​ពិចារណា​អំពី​ទំនាក់​ទំនង​ប្តី​ប្រពន្ធ ស្រប​តាម​ការ​រៀបចំ​របស់​ព្រះ​អង្គ។ 
ជា​ដំបូង យើង​ត្រូវ​ទទួល​ស្គាល់​ថា នៅ​ក្រៅ​ព្រះ​គ្រីស្ទ បុរស​និង​ស្ត្រី​សុទ្ធ​តែ​បះបោរ​ប្រឆាំង​គោល​បំណង​របស់​ព្រះ​អង្គ មិន​មែន​ដោយ​សារ​យើង​គ្រាន់​តែ​មាន​ការ​ភាន់​ច្រឡំ​អំពី​លក្ខណៈ​នៃ​ទំនាក់​ទំនង​ប្តី​ប្រពន្ធ​នោះ​ទេ ប៉ុន្តែ​សេចក្តី​ប៉ង​ប្រា​ថ្នា​ខាង​ឯ​បាប​របស់​យើង​ទាស់​ប្រឆាំង​ទាំង​ស្រុង​ចំពោះ​សេចក្តី​ពិត​ដែល​យើង​ពិត​ជា​បាន​យល់។ មនុស្ស​ជា​ច្រើន​តែ​យល់​ឃើញ​ថា ទំនាក់​ទំនង​ប្តី​ប្រពន្ធ​ដែល​ព្រះ​គម្ពីរ​បាន​ផ្តល់​ឲ្យ គឺ​ជា​ទ្រុង ជា​ការ​រឹត​ត្បិត ឬ​ជា​ការ​ប្រឌិត​របស់​មនុស្ស​តាំង​ពី​យូរ​មក​ហើយ ជា​សំណល់​ដែល​គ្មាន​ប្រយោជន៍ ពី​មនុស្ស​ជំនាន់​មុន។ បើ​យើង​មើល​ឃើញ​ការ​រៀប​ចំ​របស់​ព្រះ ដោយ​ទស្សនៈ​ដូច​នេះ គឺ​ដោយ​សារ​យើង​មាន​ផ្នត់​គំនិត​ដែល​ចង់​និយាយ​ថា «ខ្ញុំ​មិន​ចូល​ចិត្ត​ផែនការ​របស់​ព្រះ។ ខ្ញុំ​នឹង​ធ្វើ​កិច្ចការ​នេះ​តាម​ផ្លូវ​របស់​ខ្ញុំ»។
ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ពេល​ណា​យើង​រួប​រួម​ជា​មួយ​ព្រះ​គ្រីស្ទ ព្រះ​ទ្រង់​ជួយ​ឲ្យ​យើង​អាច​មាន​ការ​យល់​ដឹង​ត្រឹម​ត្រូវ​អំពី​ទំនាក់​ទំនង​ប្តី​ប្រពន្ធ តាម​ការ​រៀបចំ​របស់​ព្រះ​អង្គ។ ទោះ​រដ្ឋាភិបាល​បាន​បង្កើត​ច្បាប់​ដូច​ម្តេច​ក៏​ដោយ ក៏​ព្រះ​គម្ពីរ​បាន​ចែង​ច្បាស់​ថា ទំនាក់​ទំនង​ប្តី​ប្រពន្ធ​ណា​ដែល​មិន​មែន​ជា​ប្តី​មួយ​ប្រពន្ធ​មួយ​រវាង​បុរស និង​ស្ត្រី​មិន​អាច និង​មិន​មែន​ជា​ទំនាក់​ទំនង​ប្តី​ប្រពន្ធ​នៅ​ចំពោះ​ព្រះ​ទេ ព្រោះ​ព្រះ​អង្គ​បាន​រៀប​ចំ​ឲ្យ​ទំនាក់​ទំនង​ប្តី​ប្រពន្ធ​មាន​លក្ខណៈ​ប្តី​មួយ​ប្រពន្ធ​មួយ​តាំង​ពី​ដំបូង​មក។ 
ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​បញ្ជាក់​អំពី​ការ​ពិពណ៌នា​របស់​បទ​គម្ពីរ​លោកុប្បត្ដិ​ជំពូក២ អំពី​ទំនាក់​ទំនង​ប្តី​ប្រពន្ធ​បាន​បង្ហាញ​ថា ចាប់​តាំង​ពី​ដើម​មក​រហូត​មក​ដល់​ពេល​សព្វ​ថ្ងៃ គ្មាន​អ្វី​ផ្លាស់​ប្តូរ​ការ​រៀប​ចំ​របស់​ព្រះ​អង្គ​ឡើយ (ម៉ាថាយ ១៩:៤-៦)។ យើង​មិន​ត្រូវ​បន្ថែម​បន្ថយ ឬ​កែ​សម្រួល​ព្រះ​គម្ពីរ​ឲ្យ​ត្រូវ​នឹង​ចរន្ត​សង្គម ដែល​បាន​ឲ្យ​និយមន័យ​ខុស​ឆ្គង​អំពី​ទំនាក់​ទំនង​អាពាហ៍ពិពាហ៍​ឡើយ។ 
ទោះ​គំរូ​ដែល​ព្រះ​ទ្រង់​បាន​ប្រទាន​សម្រាប់​ទំនាក់​ទំនង​ប្តី​ប្រពន្ធ​ស្រប​តាម​ព្រះ​គម្ពីរ អាច​ទទួល​រង​ការ​មើល​ងាយ​ពី​លោកីយ៍​ដែល​មាន​បាប​ក៏​ដោយ បើ​យើង​ជឿ​ថា ព្រះ​គម្ពីរ​ជា​សៀវភៅ​ដែល​ផ្ទុក​ដោយ​ព្រះ​បន្ទូល​ព្រះ នោះ​យើង​ក៏​នឹង​ប្រកាន់​ខ្ជាប់​តាម​ការ​បង្រៀន​ក្នុង​ព្រះ​គម្ពីរ ក្នុង​របៀប​ដែល​យើង​សម្រេច​ចិត្ត​រៀបចំ​ជីវិត​យើង​ឲ្យ​មាន​របៀប និង​ក្នុង​របៀប​ដែល​យើង​និយាយ និង​អធិស្ឋាន​ឲ្យ​ទំនាក់​ទំនង​របស់​អ្នក​ដទៃ។ ក្នុង​នាម​យើង​ជា​អ្នក​ជឿ យើង​ត្រូវ​ទទួល​ស្គាល់​ថា ព្រះ​ទ្រង់​យក​ព្រះ​ទ័យ​ទុក​ដាក់​ចំពោះ​ទំនាក់​ទំនង​ប្តី​ប្រពន្ធ ក្នុង​វប្បធម៌​ទាំង​អស់ និង​គ្រប់​សម័យ​កាល ដើម្បី​ឲ្យ​ពួក​គេ​បាន​ឆ្លុះ​បញ្ចាំង​អំពី​សេចក្តី​ស្រឡាញ់ និង​ការ​ប្ដេជ្ញា​ព្រះ​ទ័យ​ដែល​ព្រះ​គ្រីស្ទ​មាន​ចំពោះ​រាស្ត្រ​ព្រះអង្គ (អេភេសូរ ៥:២២-២៥)។ ហើយ​យើង​ត្រូវ​តែ​ចាំ​ថា ព្រះ​យេស៊ូវ​បាន​យាង​មក ដើម្បី​ធ្វើ​ឲ្យ​អ្វីៗ​ថ្មី​ឡើង និង​ជួស​ជុល​អ្វីៗ​ទាំង​អស់​ដែល​បាន​ប្រេះ​បែក និង​ខូច​ទ្រង់​ទ្រាយ​ដើម​ដោយ​សារ​ការ​ធ្លាក់​ចូល​អំពើ​បាប។ មាន​តែ​នៅ​ក្នុង និង​តាម​រយៈ​ព្រះ​គ្រីស្ទ​ទេ ដែល​យើង​អាច​មាន​ទស្សនៈ​ត្រឹម​ត្រូវ អំពី​ទំនាក់​ទំនង​ប្តី​ប្រពន្ធ​ស្រប​តាម​គំរូ និង​ផែនការ​របស់​ព្រះ។ ព្រះ​អង្គ​បាន​អញ្ជើញ​យើង​ឲ្យ​បន្ទាប​ចិត្ត​របស់​យើង នៅ​ក្រោម​ការ​រចនា​របស់​ព្រះ​អង្គ​ដែល​ល្អ​លើស​អ្វី​ទាំង​អស់​ជា​ជាង​រស់​នៅ​តាម​ផ្លូវ​របស់​យើង។ សម្រាប់​អ្នក​ខ្លះ ព្រះ​អង្គ​បាន​ត្រាស់​ហៅ​ពួក​គេ​ឲ្យ​ធ្វើ​ការ​លះ​បង់​ផ្ទាល់​ខ្លួន ដើម្បី​ស្តាប់​បង្គាប់​ព្រះ​រាជ​បញ្ជា​របស់​ព្រះ​នៅ​ក្នុង​ទំនាក់​ទំនង​ប្តី​ប្រពន្ធ។ សម្រាប់​មនុស្ស​ទាំង​អស់​កំពុង​រស់​នៅ​ក្នុង​សតវត្សរ៍​ទី២១ ព្រះ​អង្គ​បាន​ត្រាស់​ហៅ​ឲ្យ​យើង​ប្រកាន់​គោល​ជំហរ​តាម​ផ្លូវ​របស់​ព្រះ នៅ​ចំពោះ​មុខ​របស់​មនុស្ស​ក្នុង​លោកីយ៍។ ក្នុង​បរិបទ ឬ​កាលៈទេសៈ​របស់​អ្នក តើ​អ្នក​អាច​គិត និយាយ និង​ប្រព្រឹត្ត​យ៉ាង​ដូច​ម្តេច​ខ្លះ ដើម្បី​ឆ្លុះ​បញ្ចាំង​អំពី​ការ​រៀបចំ​របស់​ព្រះ​សម្រាប់​ទំនាក់​ទំនង​ប្តី​ប្រពន្ធ? 


ខគម្ពីរ​សញ្ជឹង​គិត៖ លោកុប្បត្ដិ ២
គម្រោង​អាន​ព្រះគម្ពីរ​រយៈ​ពេល១ឆ្នាំ៖ ទំនុកតម្កើង ១៤៣-១៤៥ និង២កូរិនថូស ១៣

ប្រភេទ