ព្រឹក

ស្រេកឃ្លានសេចក្តីយុត្តិធម៌
ដោយLeslie Koh
September 6, 2025
ទំនុកដំកើង ១០៩:៦-៩,២៦-២៩
នេះហើយរង្វាន់ ដែលព្រះយេហូវ៉ាទ្រង់ប្រទានដល់ពួកខ្មាំងសត្រូវនៃទូលបង្គំ ហើយដល់អស់អ្នកដែលនិយាយបង្កាច់ដល់ព្រលឹងនៃទូលបង្គំដែរ។ ទំនុកដំកើង ១០៩:២០
ខ្ញុំមានអារម្មណ៍សោកសៅយ៉ាងខ្លាំង នៅពេលដែលបានអានព័ត៌មានដ៏តក់ស្លុតមួយ។ ជនបរទេសម្នាក់បានធ្វើការជាអ្នកបម្រើតាមផ្ទះរបស់គ្រួសារមួយ ហើយត្រូវក្រុមគ្រួសារមួយនោះបានធ្វើបាបគាត់យ៉ាងខ្លាំង រហូតដល់បាត់បង់ជីវិត។ ទីបំផុត ម្ចាស់ផ្ទះនោះក៏បានជាប់គុក ប៉ុន្តែ ខ្ញុំមានអារម្មណ៍ថា ពួកគេមិនទាន់បានទទួលទោសគ្រប់គ្រាន់នៅឡើយទេ។ ខ្ញុំយល់ឃើញថា គេគួរតែឲ្យអ្នកទាំងនោះឆ្លងកាត់ទុក្ខវេទនាដ៏រន្ធត់ ដូចដែលនារីកម្សត់នោះបានទទួលរងដែរ ហើយបន្ទាប់មក ពួកគេត្រូវទទួលទោសប្រហារជីវិត។ នៅពេលនោះ ខ្ញុំក៏បានឆ្ងល់ថា តើខ្ញុំកំពុងតែចងកំហឹងជ្រុលហួសពេកឬទេ។ តើការគិតឃើញដូចនេះ ខុសទេ?
នៅពេលដែលខ្ញុំបានអានបទគម្ពីរទំនុកដំកើងជំពូក ១០៩ ខ្ញុំក៏បានយល់កាន់តែច្បាស់ អំពីនិស្ស័យសាច់ឈាមរបស់យើងពីកំណើត ដែលស្រេកឃ្លានយុត្តិធម៌។ ស្តេចដាវីឌក៏ធ្លាប់មានកំហឹង ចំពោះមនុស្សដែលធ្វើបាបអ្នកក្រ និងជនទុរគតផងដែរ។ គឺដូចដែលទ្រង់បានទូលសូមដល់ព្រះថា “សូមឲ្យថ្ងៃអាយុរបស់វាបានខ្លីចុះ ហើយឲ្យមានម្នាក់ទៀតទទួលយកការងាររបស់វា សូមឲ្យកូនចៅវានៅជាកំព្រាឪពុក ហើយឲ្យប្រពន្ធវានៅជាមេម៉ាយ”(ខ.៨-៩)។
ប៉ុន្តែ ស្តេចដាវីឌមិនបានសងសឹកមកលើពួកមនុស្សអាក្រក់ទាំងនោះទេ ទោះទ្រង់មានអំណាចដាក់ទោសពួកគេក៏ដោយ។ ផ្ទុយទៅវិញ ទ្រង់បានងាកបែរទៅរកព្រះ ដែលជាប្រភពពិតប្រាកដនៃយុត្តិធម៌ និងការរំដោះ។ ទ្រង់មានបន្ទូលថា “នេះហើយរង្វាន់ ដែលព្រះយេហូវ៉ាទ្រង់ប្រទានដល់ពួកខ្មាំងសត្រូវនៃទូលបង្គំ ហើយដល់អស់អ្នកដែលនិយាយបង្កាច់ដល់ព្រលឹងនៃទូលបង្គំដែរ ... សូមជួយទូលបង្គំផង ឱសូមជួយសង្គ្រោះទូលបង្គំ តាមសេចក្ដីសប្បុរសនៃទ្រង់”(ខ.២០,២៦)។
ខ្ញុំជឿថា ព្រះអម្ចាស់បានបង្កើតយើងមក ឲ្យមានចិត្តដែលចង់បានយុត្តិធម៌ ព្រោះយុត្តិធម៌ឆ្លុះបញ្ចាំងអំពីចរិតលក្ខណៈរបស់ព្រះអង្គ។ ហើយយើងអាចបង្ហាញអារម្មណ៍របស់យើងចេញមក ដោយចិត្តស្មោះត្រង់។ ប៉ុន្តែ យើងត្រូវទុកឲ្យព្រះអង្គជាអ្នកសម្រេចយុត្តិធម៌ និងដាក់ទោសមកលើមនុស្សអាក្រក់ ដោយទុកចិត្តថា ព្រះអង្គនឹងប្រទានសេចក្តីយុត្តិធម៌ តាមពេលវេលា និងផ្លូវរបស់ព្រះអង្គ។ សាវ័កប៉ុលបានបង្រៀនយ៉ាងច្បាស់ថា “ឱពួកស្ងួនភ្ងាអើយ កុំឲ្យសងសឹកឡើយ ចូរថយចេញពីសេចក្ដីកំហឹងទៅ ដ្បិត «ព្រះអម្ចាស់ ទ្រង់មានបន្ទូលថា ការសងសឹក នោះស្រេចនឹងអញ អញនឹងសងដល់គេ»”(រ៉ូម ១២:១៩)។—LESLIE KOH
តើមានព័ត៌មាន ឬហេតុការណ៍អ្វីដែលធ្វើឲ្យអ្នកបាក់ទឹកចិត្ត?
តើអ្នកអាចអធិស្ឋានឲ្យជនទុរគត និងជនរងគ្រោះដោយសារអំពើអយុត្តិធម៌ ដូចម្តេចខ្លះ?
ឱព្រះអម្ចាស់ជាព្រះដ៏សុចរិត ព្រះអង្គទតឃើញអ្វីៗគ្រប់យ៉ាង។
សូមព្រះអង្គសម្រេចសេចក្តីយុត្តិធម៌ ដើម្បីឲ្យមនុស្សទាំងអស់បានកោតខ្លាច និងថ្វាយបង្គំព្រះអង្គ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ទំនុកដំកើង ១៤៨-១៥០ និង ១កូរិនថូស ១៥:២៩-៥៨
ល្ងាច

ផលវិបាកនៃការច្រណែន (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
September 6, 2025
«ឯជីវិតរបស់សាច់ឈាម នោះគឺជាចិត្តដែលស្ងប់រំងាប់ តែចិត្តច្រណែនជាសេចក្តីពុករលួយដល់ឆ្អឹងវិញ» (សុភាសិត ១៤:៣០)។
ការច្រណែន គឺជាជំងឺមហារីកខាងវិញ្ញាណ ដែលបំផ្លាញមនុស្សម្នាក់ពីខាងក្នុងមកក្រៅ។ ការច្រណែននាំមកនូវផលវិបាកធ្ងន់ធ្ងរ។ ស្តេច សាឡូម៉ូន មិនបានសំចៃពាក្យសម្ដី ពេលដែលទ្រង់ដាស់តឿនយើងអំពីជំងឺនេះ ដោយប្រើពាក្យប្រៀបប្រដូច ហើយនាំយើងទៅរកជីវិតដែលមានសុខភាពល្អ និងសន្តិភាពវិញ។
ការច្រណែនធ្វើឲ្យយើងរងគ្រោះ។ ទោះវាមិនបានធ្វើអ្វីមកលើអ្នកផ្សេងក៏ដោយ ក៏វានៅតែបំផ្លាញមនុស្សដែលកំពុងច្រណែនគេ។ វាជះឥទ្ធិពលមកលើការគិតរបស់យើងចំពោះអ្នកដទៃ។ វាបង្កើតឲ្យមានវិញ្ញាណរិះគន់ដែលបំផ្លិចបំផ្លាញ ដោយនាំឲ្យយើងគិតអំពីអ្នកជិតខាងរបស់យើង ដោយការសង្ស័យ និងកំហឹងដែលគ្មានហេតុផល។ វាធ្វើឲ្យយើងមិនអាចសប្បាយចិត្តចំពោះអ្នកដទៃ ហើយវាធ្វើឲ្យយើងគ្មានឱកាសស្កប់ចិត្ត ព្រោះសង្គមរបស់យើងតែងតែមានមនុស្សដែលមានអ្វីច្រើនជាង និងល្អជាងយើង ដែលធ្វើឲ្យយើងច្រណែន។ ការច្រណែនធ្វើឲ្យឆ្អឹងរបស់យើងពុកផុយ។ ការច្រណែនអាចជ្រាបចូលយ៉ាងឆាប់រហ័សដោយមិនដឹងខ្លួន។ យើងអាចមើលគំរូរបស់សាវ័ក ពេត្រុស។ មុនពេលព្រះយេស៊ូវជាប់ឆ្កាង គាត់បានធ្វើខុសធ្ងន់ដោយការបដិសេធន៍ព្រះគ្រីស្ទបីដង។ កណ្ឌគម្ពីរយ៉ូហានបានចែងថា បន្ទាប់ពីព្រះអង្គមានព្រះជន្មរស់ឡើងវិញ ព្រះអង្គបានរៀបចំអាហារពេលព្រឹកឲ្យលោក ពេត្រុស និងសាវ័កដទៃទៀត នៅលើឆ្នេរសមុទ្រ ហើយព្រះអង្គក៏បានមានបន្ទូលជាមួយលោក ពេត្រុស ដោយស្អាងទំនាក់ទំនងជាមួយគាត់ឡើងវិញ ដោយរំឭកគាត់ អំពីការត្រាស់ហៅគាត់ឲ្យដើរតាមព្រះអង្គ ហើយប្រទានភារកិច្ចឲ្យគាត់ឃ្វាល និងឲ្យចំណីដល់រាស្ត្ររបស់ព្រះអង្គ។ បើអ្នកបានសួរលោក ពេត្រុស អំពីអ្វីដែលគាត់ចង់បានបំផុត នៅថ្ងៃមុនពេលរឿងនេះកើតឡើង អ្នកនឹងដឹងថា គាត់ចង់បានដូចនេះឯង។ ប៉ុន្តែ នៅពេលដែលព្រះយេស៊ូវមានបន្ទូលថែមទៀតថា ថ្ងៃមួយសាវ័ក ពេត្រុស នឹងធ្វើតាមការត្រាស់ហៅឲ្យលះបង់ជីវិតគាត់ថ្វាយព្រះអង្គ តើគាត់នឹងឆ្លើយតបដូចម្តេច? គាត់ក៏បានមើលទៅសាវ័ក យ៉ូហាន ហើយសួរព្រះអង្គថា «ព្រះអម្ចាស់អើយ តើអ្នកនោះនឹងបានដូចម្តេចទៅ?»
ព្រះយេស៊ូវបានជ្រាបច្បាស់អំពីគ្រោះថ្នាក់នៃការច្រណែន បានជាព្រះអង្គឆ្លើយថា «បើសិនជាខ្ញុំចង់ឲ្យអ្នកនោះនៅ ទាល់តែខ្ញុំមក នោះតើអំពល់អ្វីដល់អ្នក ចូរឲ្យអ្នកមកតាមខ្ញុំចុះ» (យ៉ូហាន ២១:២២)។
សូម្បីតែនៅពេលដែលយើងមានការចម្រើនឡើងយ៉ាងខ្លាំង ក៏ការច្រណែនងាយនឹងឆ្លងចូលក្នុងចិត្តយើង បណ្តាលឲ្យយើងភ្លេចអ្វីៗដែលព្រះយេស៊ូវបានធ្វើសម្រាប់យើង និងប្រទានយើង! ដូចនេះ តើធ្វើដូចម្តេច ឲ្យយើងអាចរកឃើញថ្នាំព្យាបាលសម្រាប់ភាពពុកផុយខាងវិញ្ញាណនេះបាន?
រឿងចុងក្រោយដែលយើងចង់ធ្វើ គឺជារឿងទីមួយដែលយើងចាំបាច់ត្រូវធ្វើ នោះគឺត្រូវទទួលស្គាល់ថា ការច្រណែនគឺជាបាប ហើយនាំវាចូលទៅក្នុងពន្លឺនៃព្រះវត្តមានព្រះតាមរយៈការសារភាពបាប។ បន្ទាប់មក យើងត្រូវតែបដិសេធន៍ការច្រណែនដោយការអធិស្ឋាន ពីពេលមួយទៅពេលមួយដោយសូមព្រះវិញ្ញាណជួយយើងឲ្យសញ្ជឹងគិតអំពីអ្វីទាំងអស់ដែលយើងមានក្នុងព្រះគ្រីស្ទ ទាល់តែយើងមិនស្ថិតក្នុងចំណងនៃការច្រណែន តែមានពេញដោយអំណរវិញ។ ការរាប់ព្រះពរដែលខ្លួនឯងមានធ្វើឲ្យយើងកាន់តែងាយសរសើរតម្កើងព្រះ សម្រាប់ព្រះពរដែលព្រះអង្គប្រទានអ្នកដទៃ។ ហើយចិត្តដែលស្ងប់រម្ងាប់នាំមកនូវជីវិត។
ចូរកុំឲ្យការច្រណែនស៊ីបំផ្លាញអ្នក ដោយមិនដឹងខ្លួនឡើយ។ តើវាអាចគ្រប់គ្រងអ្នកតាមមធ្យោបាយណាខ្លះ? ចូរសារភាពបាបដែលជាការច្រណែន អធិស្ឋានអំពីវា ហើយតយុទ្ធនឹងវា ដោយសេចក្តីពិតនៃដំណឹងល្អ។
ខគម្ពីរសញ្ជឹងគិត៖ យ៉ូហាន ២១:១៥-២៣
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ទំនុកតម្កើង ១៤៨-១៥០ និងយ៉ូហាន ១:២៩-៥១