
សុខុមាលភាពរបស់លោកីយ៍ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
September 18, 2025
«រួចខ្ញុំឃើញផ្ទៃមេឃថ្មី និងផែនដីថ្មី ដ្បិតផ្ទៃមេឃមុន និងផែនដីមុនបានកន្លងបាត់ទៅហើយ ក៏គ្មានសមុទ្រទៀតឡើយ» (វិវរណៈ ២១:១)។
តើយើងបានដឹងអ្វីខ្លះអំពីការយាងមកវិញរបស់ព្រះយេស៊ូវគ្រីស្ទ? ព្រះគម្ពីរបានប្រាប់ការពិតដ៏ជាក់លាក់ដោយត្រង់ៗឲ្យយើងបានដឹង។ យើងដឹងថា ព្រះយេស៊ូវនឹងយាងមកវិញដោយផ្ទាល់ ដោយមានព្រះកាយ ដែលយើងអាចមើលឃើញក្នុងសិរីល្អរបស់ព្រះអង្គ។ យើងក៏ដឹងផងដែរថា កាលបរិច្ឆេទនៃការយាងមកវិញរបស់ព្រះអង្គស្ថិតក្នុងភាពអាថ៌កំបាំងដោយព្រះអង្គនឹងយាងមកភ្លាមៗ ហើយនឹងញែកមនុស្សដែលរង់ចាំព្រះអង្គ ចេញពីមនុស្សដែលបដិសេធព្រះអង្គ។
ជាងនេះទៅទៀត សេចក្តីអ្វីដែលបានប្រកាសទៅដល់ពួកបរិសុទ្ធដែលកំពុងរងទុក្ខនៅសតវត្សរ៍ទី១ ក្នុងកណ្ឌគម្ពីរវិវរណៈក៏នៅតែជាការប្រកាសដល់យើងថា យើងមិនគួរមានការភ្ញាក់ផ្អើលចំពោះភាពវឹកវរក្នុងលោកីយ៍ឡើយ ព្រះយេស៊ូវកំពុងគ្រប់គ្រងស្ថានការណ៍ទាំងស្រុង។ អំណាចរបស់ព្រះគ្រីស្ទ ក្នុងការសោយរាជ្យ នឹងបានបង្ហាញចេញមកយ៉ាងពេញលេញ នៅពេលដែលនគររបស់ព្រះអង្គបានតាំងឡើងទាំងស្រុងជារៀងរហូត ហើយការយាងមកវិញរបស់ព្រះអង្គនឹងនាំមកនូវផ្ទៃមេឃ និងផែនដីថ្មី។
ព្រះគម្ពីរបានពិពណ៌នាថា ស្ថានសួគ៌អាចចុះមកដល់ផែនដី ក្នុងន័យថា ថ្ងៃមួយ «ទីក្រុងយេរូសាឡឹមថ្មី» និង «ចុះពីស្ថានសួគ៌មកអំពីព្រះ» (វិវរណៈ ២១:២)។ មនុស្សក្នុងសម័យទំនើប ជាពិសេសក្នុងសង្គមលោកខាងលិច មានទស្សនៈច្រើនណាស់ ដែលចម្លងតាមការពិពណ៌នានេះមិនបានគ្រប់ជ្រុងជ្រោយ។ វប្បធម៌របស់យើងមានទំនុកចិត្តពីធម្មជាតិមក បានជាគេព្យាយាមស្ដារសង្គមឡើងវិញ ដោយបន្ថែមការអប់រំ និងកម្មវិធីសង្គមច្រើនជាងមុនបន្តិច និងគិតអំពីមនុស្សម្នាក់ៗច្រើនជាមុនបន្តិច។ តែទោះជាយ៉ាងណាក៏ដោយ គ្មានកម្មវិធីរបស់មនុស្សណាដែលពិតជាអាចសម្រេចនូវការស្អាងឡើងវិញ ដែលពិភពលោករបស់យើងត្រូវការឡើយ។ ការប្រឹងប្រែងរបស់មនុស្សអាចធ្វើឲ្យអ្វីៗល្អប្រសើរ តែមិនអាចធ្វើឲ្យល្អឥតខ្ចោះបានទេ។ ស្ថានសួគ៌នឹងមិនចុះមកផែនដីឡើយ ទាល់តែព្រះយេស៊ូវបានយាងមកវិញជាមុនសិន។ ជីវិតទាំងអស់កំពុងជាប់នៅក្នុងចំណងរបស់បាប ក្នុងពេលសព្វថ្ងៃ ហើយមានតែព្រះទេ ដែលអាចរំដោះជីវិតទាំងអស់នោះបាន ខណៈពេលដែលរាស្ត្ររបស់ព្រះអង្គក្រាបនៅពីមុខកូនចៀម ហើយសរសើរតម្កើងព្រះអង្គ។
ក្នុងពេលបច្ចុប្បន្ន យើងកំពុងរស់នៅជាជននិរទេសក្នុងទឹកដីបរទេស។ យើងកំពុងរស់នៅក្នុងលោកីយ៍ ដែលទាស់ប្រឆាំងនឹងព្រះគ្រីស្ទ ព្រះបន្ទូលរបស់ព្រះអង្គ និងជីវិតដែលស្តាប់បង្គាប់ព្រះអង្គ។ ក្នុងនាមយើងជាអ្នកជឿ យើងជួបការល្បួងឲ្យរត់គេច ហើយលាក់ខ្លួន ហើយជួបជុំគ្នាជាក្រុមតូចជាមួយអ្នកជឿដទៃទៀត ហើយមិនចង់ខ្វល់អំពីលោកីយ៍ទេ។ ប៉ុន្តែ ដូចដែលហោរា យេរេមា បានប្រាប់ពួកឈ្លើយសឹកនៅចក្រភពបាប៊ីឡូនឲ្យស្វែងរកសុខុមាលភាព សម្រាប់ទីក្រុងដែលពួកគេកំពុងរស់នៅជាយ៉ាងណា (យេរេមា ២៩:៧) នោះយើងក៏ត្រូវស្វែងរកសុខុមាលភាពសម្រាប់ពិភពលោកដែលយើងកំពុងរស់នៅផងដែរ។ ទោះមិនមែនជាកម្មសិទ្ធិរបស់វាក៏ដោយ ការនេះតម្រូវឲ្យយើងរស់នៅក្នុងលោកីយ៍នេះដោយនាំគេឲ្យស្គាល់នគរព្រះ។
យើងអាចមានទំនុកចិត្ត នៅក្នុងការងាកចេញពីលោកីយ៍នេះបាន ទាល់តែយើងអរសប្បាយចំពោះរឿងនៃជ័យជម្នះរបស់ព្រះគ្រីស្ទ ដែលបានជាប់ឆ្កាង មានព្រះជន្មរស់ឡើងវិញ កំពុងគ្រងរាជ្យ ហើយថ្ងៃមួយ នឹងវិលត្រឡប់មកវិញ។ ការសង្ឃឹមថា ព្រះអង្គនឹងយាងមកវិញ ហើយយើងនឹងមានជីវិតអស់កល្បក្នុងព្រះវត្តមានព្រះអង្គ គឺជាការបណ្តាលចិត្តដ៏ឥតខ្ចោះ ឲ្យរស់នៅក្នុងជីវិតដែលមានសេចក្តីបរិសុទ្ធជាប្រចាំ និងផ្សាយដំណឹងល្អដោយចិត្តឧស្សាហ៍ដោយនូវព្រះនាមព្រះអង្គ។ ចូរយើងមើលទៅមុខដោយភ្នែកនៃជំនឿទៅរកការយាងមកវិញរបស់ព្រះអង្គ ហើយចេញទៅរស់នៅ ដើម្បីសុខុមាលភាពរបស់មនុស្សនៅជុំវិញអ្នក នៅថ្ងៃនេះ។
ខគម្ពីរសញ្ជឹងគិត៖ ១កូរិនថូស ១៥:៥០-៥៨
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ អេម៉ុស ៤-៦ និងយ៉ូហាន ៧:២៨-៥៣