
ការផ្លាស់ប្តូរដែលព្រះគ្រីស្ទប្រទាន
ដោយJennifer Benson Schuldt
September 19, 2025
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : សាស្តា ១-៣ និង ២កូរិនថូស ១១:១៦-៣៣
សុភាសិត ២៨:១៣-១៤
អ្នកណាដែលគ្របបាំងការរំលងរបស់ខ្លួន នោះនឹងមិនចំរើនឡើងទេ តែអ្នកណាដែលលន់តួ ហើយលះបង់អំពើនោះ នឹងប្រទះបានសេចក្ដីមេត្តាករុណាវិញ ។ សុភាសិត ២៨:១៣
នៅពេលដែលស្បែកមុខដែលនៅក្បែរភ្នែកខាងឆ្វេងរបស់ខ្ញុំ មានស្នាមកន្ទួល ខ្ញុំក៏បានលាបម្សៅលប់ពីលើវា ដើម្បីកុំឲ្យគេមើលឃើញវា។ ការធ្វើដូចនេះបានជួយឲ្យខ្ញុំលាក់បញ្ហានេះ មិនឲ្យគេដឹង តែមួយរយៈពេលប៉ុណ្ណោះ។ ទោះជាយ៉ាងណាក៏ដោយក្រោយមក ស្នាមកន្ទួលពណ៌ក្រហមដែលបានហើមនោះ មិនព្រមបាត់សោះ។ ដូចនេះ ខ្ញុំដឹងថា ខ្ញុំត្រូវទៅជួបពេទ្យ។ នៅពេលព្រឹកដែលខ្ញុំត្រូវទៅជួបគ្រូពេទ្យតាមការណាត់ ខ្ញុំចង់ប្រើម្សៅលាបពីលើ ដូចសព្វមួយដង តែខ្ញុំមិនចង់លាក់បាំងវាទៀតទេ។ ខ្ញុំចង់ឲ្យគ្រូពេទ្យមើលឃើញបញ្ហាស្បែករបស់ខ្ញុំឲ្យបានច្បាស់ ហើយព្យាបាលវា ឲ្យជាសះស្បើយ។
តើអ្នកធ្លាប់ព្យាយាមលាក់បាំងបញ្ហានៃអំពើបាបណាមួយទេ? ប្រហែលជាអ្នកបានដឹងថា សកម្មភាព ឬការគិតខ្លះកំពុងគ្រប់គ្រងជីវិតអ្នក តែអ្នកបានជៀសវាងការអធិស្ឋានអំពីរឿងនោះ ឬមិនព្រមចែកចាយដល់មិត្តភក្តិ ឬក្រុមគ្រួសារ។ អ្នកប្រហែលជាគិតថា វាមិនមែនជាបញ្ហាធំដុំទេ ព្រោះមនុស្សជាច្រើនកំពុងតែមានបញ្ហាស្រដៀងនេះដែរ។ ប៉ុន្តែ យើងមិនអាចរីកចម្រើនខាងវិញ្ញាណបានទេ ពេលណាអំពើបាបកំពុងតែគ្រប់គ្រងជីវិតរបស់យើង ដោយការព្យាយាមលាក់បាំងនោះ។ គឺដូចដែល បទគម្ពីរសុភាសិត ២៨:១៣ បានចែងថា “អ្នកណាដែលគ្របបាំងការរំលងរបស់ខ្លួន នោះនឹងមិនចំរើនឡើងទេ”។ សូមអរព្រះគុណព្រះអង្គ ដែលខគម្ពីរនេះបានបន្តទៀតថា “តែអ្នកណាដែលលន់តួ ហើយលះបង់អំពើនោះ នឹងប្រទះបានសេចក្ដីមេត្ដាករុណាវិញ”(ខ.១៣)។
យើងអាចមានការពិបាក ក្នុងការទទួលយកទស្សនៈរបស់ព្រះ អំពីទង្វើរបស់យើង និងទទួលស្គាល់ថា ការប្រព្រឹត្តមួយចំនួនជាទង្វើមិនត្រឹមត្រូវ។ ទោះជាយ៉ាងណាក៏ដោយ សេចក្តីមេត្តារបស់ព្រះអង្គបានជួយឲ្យយើងអាចបន្ទាបខ្លួន។ ពេលណាយើងចុះចូលនឹងព្រះវិញ្ញាណនៃព្រះគ្រីស្ទ ដែលកំពុងធ្វើការក្នុងបញ្ហារបស់យើង យើងអាចជម្នះការល្បួងដែលនាំយើងប្រព្រឹត្តខុស(កាឡាទី ៥:១៦-១៧,២២-២៤)។ ខណៈពេលដែលព្រះទ្រង់ដឹកនាំយើង ការផ្លាស់ប្តូរអាចកើតមាន ហើយសុខភាពខាងវិញ្ញាណរបស់យើង មានតម្លៃសក្តិសមនឹងឲ្យយើងតស៊ូ!—JENNIFER BENSON SCHULDT
នៅពេលដែលអ្នកពិចារណាអំពីការសារភាពអំពើបាបរបស់អ្នក
ហេតុអ្វីសេចក្តីស្រឡាញ់ដ៏ស្ថិតស្ថេររបស់ព្រះ បានលើកទឹកចិត្តអ្នក ឲ្យលន់តួបាប?
តើខ្មាំងសត្រូវអាចបោកបញ្ឆោតអ្នក នៅក្នុងការតយុទ្ធនឹងអំពើបាបដូចម្តេចខ្លះ?
ឱព្រះអម្ចាស់ សូមព្រះអង្គជួយទូលបង្គំឲ្យសារភាពអំពើបាបណាមួយ ក្នុងជីវិតទូលបង្គំ នៅចំពោះព្រះអង្គ។