
ថ្វាយដង្វាយចេញពីចិត្ត! (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
September 19, 2025
«ដោយសារសេចក្តីជំនឿ នោះអេបិលបានថ្វាយយញ្ញបូជាដល់ព្រះ ដែលប្រសើរជាងដង្វាយរបស់កាអ៊ីន ហើយមានសេចក្តីបន្ទាល់ពីគាត់ ដោយព្រោះយញ្ញបូជានោះថា គាត់សុចរិតទាំងមានព្រះធ្វើបន្ទាល់ពីដង្វាយគាត់ផង» (ហេព្រើរ ១១:៤)។
តើធ្វើដូចម្តេចឲ្យព្រះទ្រង់ធ្វើបន្ទាល់ពីការប្រព្រឹត្តរបស់យើង?
បទគម្ពីរលោកុប្បត្ដិជំពូក៤ បានចែងអំពីរឿងរបស់មនុស្សពីរនាក់ដែលបានចាប់កំណើតដំបូងគេក្នុងលោកីយ៍ពីលោក អ័ដាម និងនាង អេវ៉ា គឺកាអ៊ីន និងអេបិល។ «កន្លងក្រោយមក កាអ៊ីនបានយកផលដែលកើតពីដី មកថ្វាយជាដង្វាយដល់ព្រះយេហូវ៉ា ហើយអេបិលក៏ធ្វើដូចគ្នា គឺគាត់យកកូនជាដំបូង១ពីហ្វូងសត្វមកថ្វាយ ព្រមទាំងខ្លាញ់វាផង រួចព្រះយេហូវ៉ាទ្រង់សព្វព្រះហឫទ័យចំពោះអេបិល និងដង្វាយរបស់គាត់ តែមិនសព្វព្រះហឫទ័យចំពោះដង្វាយកាអ៊ីនទេ» (លោកុប្បត្ដិ ៤:៣-៥)។ នេះជាដង្វាយដែលកណ្ឌគម្ពីរហេព្រើរ បានលើកមកនិយាយ ដើម្បីបង្រៀនយើងអំពីអេបិល និងជំនឿរបស់គាត់។
ជាដំបូង កណ្ឌគម្ពីរហេព្រើរបានប្រាប់យើងថា ដោយសារជំនឿ នោះអេបិលបានថ្វាយដង្វាយល្អជាងបងប្រុសរបស់គាត់។ ដោយសារដង្វាយនេះ នោះព្រះអង្គ «បានធ្វើបន្ទាល់ថា គាត់សុចរិត»។ យើងងាយនឹងវង្វេង នៅក្នុងទ្រឹស្ដីដែលទាយស្មានអំពីមូលហេតុដែលព្រះអង្គទទួលយកការប្រព្រឹត្តរបស់អេបិល តែមិនទទួលយកទង្វើរបស់កាអ៊ីន។ ប៉ុន្តែ យើងត្រូវតែផ្ដោតទៅលើការពិត ដែលព្រះគម្ពីរបានផ្តល់ឲ្យយ៉ាងច្បាស់ថា ការប្រព្រឹត្តដែលព្រះទ្រង់ទទួលយក មិនមែនដោយសារដង្វាយដែលពួកគេយកមកថ្វាយ តែដោយសារការបង្ហាញចេញនូវចិត្តដែលប្តូរផ្តាច់ និងស្តាប់បង្គាប់តាមរយៈការប្រព្រឹត្ត។ មូលហេតុដែលព្រះអង្គទទួលយកដង្វាយរបស់អេបិល មិនមែនដោយសារគាត់បានថ្វាយសត្វជាជាងថ្វាយបន្លែនោះទេ។ ដង្វាយទាំងពីរប្រភេទមិនល្អជាងគ្នាទេ តែអ្នកថ្វាយដង្វាយមានចិត្តខុសគ្នា។ លោក ចន កាល់វីន (John Calvin) បានបកស្រាយអំពីរឿងនេះថា ព្រះអម្ចាស់សព្វព្រះទ័យនឹងដង្វាយរបស់អេបិលជាង ដោយសារដង្វាយនោះបរិសុទ្ធដោយសារជំនឿ គឺមិនមែនដោយសារមូលហេតុអ្វីផ្សេងទៀតទេ។1
ភាពខុសគ្នានេះសមស្របនឹងការអ្វីដែលព្រះបានមានបន្ទូលតាមរយៈពួកហោរា។ ឧទាហរណ៍៖ ក្នុងបទគម្ពីរអេសាយ ព្រះអង្គមានបន្ទូលថា «កុំឲ្យយកដង្វាយដ៏ឥតប្រយោជន៍មកទៀតឡើយ ឯកំញានជារបស់ស្អប់ខ្ពើមដល់អញ ឯបុណ្យចូលខែ និងថ្ងៃឈប់សំរាក ព្រមទាំងការប្រជុំជំនុំ នោះអញទ្រាំមិនបានទេ សូម្បីតែបុណ្យប្រជុំជំនុំមុតមាំ ក៏ជាអំពើទុច្ចរិតដែរ» (អេសាយ ១:១៣)។ ត្រង់ចំណុចនេះ គឺដូចព្រះអង្គមានបន្ទូលថា «អញមិនចាប់អារម្មណ៍នឹងសាច់របស់សត្វគោ ពពែ និងសត្វចៀមនោះទេ។ អញសព្វព្រះទ័យនឹងការស្តាប់បង្គាប់ ជាជាងដង្វាយ (១សាំយ៉ូអែល ១៥:២២)។ ឯងមិនអាចពឹងផ្អែកលើការប្រព្រឹត្តទាំងអស់នេះ ដើម្បីឲ្យអញសព្វព្រះទ័យបានទេ»។
«តែបើឥតមានសេចក្តីជំនឿទេ នោះមិនអាចនឹងគាប់ដល់ព្រះហឫទ័យព្រះបានឡើយ» (ហេព្រើរ ១១:៦)។ ការប្រព្រឹត្តល្អរបស់យើង គឺជាលទ្ធផលនៃការដែលព្រះអង្គទទួលយកយើង មិនមែនជាមធ្យោបាយដើម្បីឲ្យព្រះទទួលយកយើងនោះទេ។ ការប្រព្រឹត្តល្អគឺជាការឆ្លើយតបរបស់យើង ចំពោះសេចក្តីស្រឡាញ់របស់ព្រះអង្គ មិនមែនជាមធ្យោបាយដើម្បីឲ្យព្រះអង្គស្រឡាញ់យើងនោះទេ។ បើការប្រព្រឹត្តរបស់អ្នកបានថ្វាយសិរីល្អ និងធ្វើឲ្យព្រះអង្គសព្វព្រះទ័យ ដូចដង្វាយរបស់អេបិល នោះគឺដោយសារការប្រព្រឹត្តនោះ គឺជាការបង្ហាញចេញនូវសេចក្តីស្រឡាញ់ ការស្មោះស្ម័គ្រ និងជំនឿចំពោះព្រះអង្គ។ ដូចនេះ នៅថ្ងៃនេះ ចូរស្តាប់បង្គាប់ព្រះអង្គមិនមែនដើម្បីឲ្យព្រះអង្គទទួលយកយើង ឬនៅបន្តទទួលយកយើងនោះទេ។ មានតែជំនឿទេ ដែលធ្វើឲ្យព្រះអង្គទទួលយកយើង។ ដូចនេះ យើងមិនត្រូវមានការធ្វេសប្រហែសក្នុងការស្តាប់បង្គាប់ព្រះអង្គ ដោយសារយើងដឹងថា ព្រះអង្គបានទទួលយកយើង ដោយសារជំនឿរបស់យើងនោះឡើយ។ ផ្ទុយទៅវិញ ចូរអរសប្បាយចំពោះសេចក្តីស្រឡាញ់របស់ព្រះអង្គ ហើយអនុញ្ញាតឲ្យការសព្វព្រះទ័យរបស់ព្រះអង្គបានធ្វើជាការបណ្តាលចិត្តឲ្យយើងស្តាប់បង្គាប់។
ខគម្ពីរសញ្ជឹងគិត៖ អេសាយ ១:១០-២០
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ អេម៉ុស ៧-៩ និង យ៉ូហាន ៨:១-២៩