
ទទួលស្គាល់ថាយើងក្រ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
September 20, 2025
«ទ្រង់ងើបព្រះនេត្រឡើង ទតទៅពួកសិស្ស មានព្រះបន្ទូលថា មានពរហើយ អ្នករាល់គ្នាដែលក្រអើយ ដ្បិតនគរព្រះជារបស់ផងអ្នករាល់គ្នា» (លូកា ៦:២០)។
ព្រះយេស៊ូវលើកតម្កើងអ្វីដែលលោកីយ៍ស្អប់ ហើយបដិសេធអ្វីដែលលោកីយ៍ស្ងើចសរសើរ។
យើងពិតជាពិបាកយ៉ាងខ្លាំង ក្នុងការអនុវត្តតាមការបង្រៀនរបស់ព្រះយេស៊ូវអំពីព្រះពរ ក្នុងបទគម្ពីរនេះ ជាពិសេសនៅពេលដែលព្រះអង្គមានបន្ទូលអំពីទ្រព្យសម្បត្តិ។ យើងកំពុងរស់នៅក្នុងលោកីយ៍ ដែលបានជំរុញយើងឲ្យស្វែងរកភាពជោគជ័យសម្រាប់ខ្លួនឯង ជាពិសេស ក្នុងផ្នែកហិរញ្ញវត្ថុ ឬទ្រព្យសម្បត្តិ។ ភាពសុខស្រួលគឺជាស្តេច នៅក្នុងវប្បធម៌ដែលយកអតិថិជនជាធំ ហើយវប្បធម៌នេះគឺជាទឹក ដែលយើងរាល់គ្នាសុទ្ធតែហែល។ ដូចនេះ យើងមានការភ្ញាក់ផ្អើល នៅពេលដែលព្រះយេស៊ូវចាប់ផ្តើមការអធិប្បាយព្រះបន្ទូល ដោយមានបន្ទូលថា «មានពរហើយ អ្នករាល់គ្នាដែលក្រអើយ»។ ហេតុអ្វីព្រះអង្គមានបន្ទូលដូចនេះ? តើព្រះអង្គកំពុងមានន័យថា ភាពក្រីក្រខាងសាច់ឈាម គឺជាគន្លឹះចូលទៅរកសេចក្តីសង្គ្រោះឬ? ទេ មិនមែនទេ! ផ្ទុយទៅវិញ ព្រះអង្គកំពុងពន្យល់ថា អ្នកដែលពិតជាបានទទួលស្គាល់ភាពក្រីក្រខាងវិញ្ញាណរបស់ខ្លួន នឹងបានចូលនគរព្រះ។
មានអ្នកខ្លះពិតជាបានអះអាងថា ព្រះយេស៊ូវកំពុងបង្រៀនថា បើអ្នកក្រ នោះអ្នកគួរតែអរសប្បាយ ព្រោះអ្នកបានក្លាយជាផ្នែកមួយនៃនគរព្រះ ដោយស្វ័យប្រវត្តិ។ ប៉ុន្តែ ភាពក្រីក្រដូចនេះ មិនមែនជាគន្លឹះ ដើម្បីចូលនគរព្រះនោះទេ ហើយព្រះក៏មិនបានបិទទ្វារមិនឲ្យនរណាម្នាក់ចូលនគរព្រះ ដោយសារពួកគេមានទ្រព្យច្រើននោះដែរ។ ជាការពិតណាស់ ព្រះអង្គបានស្វាគមន៍ទាំងអ្នកមាន និងអ្នកក្រ ចូលនគររបស់ព្រះអង្គ ពេលដែលពួកគេទទួលស្គាល់ថា ពួកគេត្រូវការអត់ទោសបាប និងទទួលជឿព្រះយេស៊ូវជាព្រះអង្គសង្គ្រោះ។ ពុំនោះទេ ស្ត្រីឈ្មោះ លីឌា ជាអ្នកជំនួញដ៏ស្តុកស្តម្ភនៅក្រុងភីលីព មុខជាមិនបានបើកចិត្តទទួលសេចក្តីពិតនៃដំណឹងល្អឡើយ (កិច្ចការ ១៦:១១-១៥)។ ទេ! ដើម្បីចូលនគរព្រះ យើងចាំបាច់ត្រូវទទួលស្គាល់ភាពក្រីក្រខាងវិញ្ញាណ គឺជាការដាច់ចេញពីព្រះយេស៊ូវ។
ទោះជាយ៉ាងណាក៏ដោយ យើងចាំបាច់ត្រូវកត់សម្គាល់ថា ភាពក្រីក្រផ្នែកហិរញ្ញវត្ថុអាចជាផ្លូវនាំទៅរកព្រះពរខាងវិញ្ញាណ។ ភាពក្រីក្រប្រភេទនេះ ច្រើនតែនាំបុរសស្ត្រីទាំងឡាយឲ្យពឹងផ្អែកលើព្រះ មិនគ្រាន់តែដើម្បីបំពេញតម្រូវការខាងសាច់ឈាម តែក៏ដើម្បីទទួលព្រះពរខាងវិញ្ញាណផងដែរ។
ហេតុនេះហើយ ភាពក្រីក្រច្រើនតែនាំឲ្យមនុស្សមានការឆ្លើយតបកាន់តែខ្លាំងចំពោះដំណឹងល្អ បានច្រើនជាងភាពមានបាន។ ការអរសប្បាយនឹងភាពមានបានងាយនឹងធ្វើឲ្យយើងខ្វាក់ មើលមិនឃើញតម្រូវការជ្រាលជ្រៅបំផុតរបស់យើង ដែលត្រូវការផ្លូវចូលនគរព្រះ។ ទ្រព្យសម្បត្តិច្រើនតែធ្វើជាដីដែលជួយឲ្យអំនួតដុះឡើង មានផ្ការីកស្គុះស្គាយធ្វើឲ្យចិត្តយើងភ្លេចថា យើង «នឹងបាត់ទៅដូចជាផ្កាស្មៅ» (យ៉ាកុប ១:១០)។
គឺដូចដែលលោក ចន កាន់វីន (John Calvin) បានពន្យល់ថា «អ្នកក្រខាងវិញ្ញាណ គឺជាអ្នកដែលទទួលស្គាល់ថា ខ្លួនមិនមានលទ្ធភាពជួយខ្លួនឯងបាន ហើយពឹងផ្អែកលើសេចក្តីមេត្តារបស់ព្រះ»។1 ភាពក្រីក្រនាំមកនូវទុក្ខលំបាក ប៉ុន្តែតើអ្នកដឹងទេថា ទ្រព្យសម្បត្តិក៏នាំមកនូវសេចក្តីទុក្ខផងដែរ ព្រោះវាល្បួងយើងឲ្យមានអំនួត ពឹងផ្អែកលើខ្លួនឯង និងមានការធ្វេសប្រហែសខាងវិញ្ញាណ? ដូចនេះ តើយើងព្រមទទួលស្គាល់ភាពក្រីក្រខាងវិញ្ញាណរបស់យើងទេ? ឬយើងមានការទុកចិត្តខ្លាំងពេកលើភាពមានបាននៅលើផែនដី? ដើម្បីដឹងចម្លើយពិតប្រាកដ សម្រាប់សំណួរទាំងនេះ តើចិត្តរបស់អ្នកអាចអធិស្ឋានតាមលំនាំរបស់លោក អេគើរ ក្នុងកណ្ឌគម្ពីរសុភាសិតថា «សូមកុំឲ្យទូលបង្គំមានសេចក្តីទាល់ក្រ ឬជាអ្នកមានដែរ សូមគ្រាន់តែចិញ្ចឹមទូលបង្គំដោយអាហារដែលត្រូវការប៉ុណ្ណោះ» (សុភាសិត ៣០:៨)។
ខគម្ពីរសញ្ជឹងគិត៖ លូកា ៦:២០-៣៦
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ អេសេគាល ១-២ និងយ៉ូហាន ៨:៣០-៥៩