ព្រឹក

ជួយសង្គ្រោះជីវិតជាបន្ទាន់
ដោយMike Wittmer
September 23, 2025
កិច្ចការ ២០:១៧-២៤
គឺដែលខ្ញុំបានបំរើព្រះអម្ចាស់ ដោយចិត្តសុភាពគ្រប់ជំពូក ហើយស្រក់ទឹកភ្នែកជាច្រើន ទាំងត្រូវសេចក្ដីល្បួង។ កិច្ចការ ២០:១៩
លោកអាល់ដូលហ្វូ កាមីនស្គី(ADOLFO KAMINSKY) បានរកឃើញវិធីលប់ទឹកខ្មៅ ដែលគេបានសរសេរជាប់នៅលើក្រដាស។ ក្នុងនាមគាត់ជាសមាជិកក្រុមប្រឆាំងពួកណាហ្ស៊ី ក្នុងប្រទេសបារាំង គាត់បានកែកាតអត្តសញ្ញាណប័ណ្ណជាច្រើន ដើម្បីជួយសង្គ្រោះមនុស្សរាប់រយនាក់ ឲ្យរួចផុតពីជំរុំប្រមូលផ្តុំ។ មានពេលមួយនោះ គេបានទុកពេលឲ្យគាត់តែ៣ថ្ងៃប៉ុណ្ណោះ ដើម្បីក្លែងបន្លំសំបុត្រកំណើត និងវិញ្ញាបណ្ណប័ត្របុណ្យជ្រមុជទឹក ឲ្យកុមារជាជនជាតិយូដា៣រយនាក់។ គាត់បានធ្វើកិច្ចការនោះ២ថ្ងៃ ដោយមិនបានគេង ដោយប្រាប់ខ្លួនឯងថា “ក្នុងរយៈពេល១ម៉ោង ខ្ញុំអាចកែឯកសារបាន៣០ច្បាប់។ បើខ្ញុំគេងរយៈពេល១ម៉ោង នោះមានន័យថា មនុស្ស៣០នាក់នឹងស្លាប់មិនខាន”។
សាវ័កប៉ុលក៏ធ្លាប់ឆ្លងកាត់ពេលបន្ទាន់យ៉ាងដូចនេះផងដែរ។ គាត់បានក្រើនរំឭកពួកជំនុំ នៅទីក្រុងអេភេសូរថា គាត់បាន “បំរើព្រះអម្ចាស់ ដោយចិត្តសុភាពគ្រប់ជំពូក ហើយស្រក់ទឹកភ្នែកជាច្រើន ទាំងត្រូវសេចក្ដីល្បួង”(កិច្ចការ ២០:១៩)។ សាវ័កប៉ុលមានប្រសាសន៍ថា “ខ្ញុំមិនបានខាននឹងប្រាប់សេចក្ដីអ្វីដែលមានប្រយោជន៍ដល់អ្នករាល់គ្នាដែរ”(ខ.២០)។ ភាពបន្ទាន់នេះបានជំរុញចិត្តគាត់ ឲ្យផ្សាយដំណឹងល្អដល់មនុស្សគ្រប់គ្នា ឲ្យប្រែចិត្តជឿព្រះយេស៊ូវ(ខ.២១)។ នៅពេលដែលគាត់ជិះសំពៅត្រឡប់ទៅទីក្រុងយេរូសាឡិមវិញ គាត់មានចិត្តអន្ទះសាចង់ “បង្ហើយការរត់ប្រណាំងរបស់គាត់ ដោយអំណរ" ព្រមទាំងការងារ ដែលគាត់បានទទួលអំពីព្រះអម្ចាស់យេស៊ូវ គឺឲ្យគាត់បានធ្វើបន្ទាល់សព្វគ្រប់ ពីដំណឹងល្អនៃព្រះគុណព្រះវិញ(ខ.២៤)។
សាវ័កប៉ុលមិនអាចសង្គ្រោះមនុស្សឲ្យរួចពីបាបបានទេ។ មានតែព្រះទេដែលអាចសង្គ្រោះពួកគេបាន។ តែគាត់អាចចែកចាយដំណឹងល្អអំពីព្រះយេស៊ូវ ដល់ពួកគេ ព្រោះ “គ្មានសេចក្ដីសង្គ្រោះ ដោយសារអ្នកណាទៀតសោះ ដ្បិតនៅក្រោមមេឃ គ្មាននាមឈ្មោះណាទៀតបានប្រទានមកមនុស្សលោក ឲ្យយើងរាល់គ្នាបានសង្គ្រោះនោះឡើយ”(កិច្ចការ ៤:១២)។
តើនៅថ្ងៃនេះ ព្រះវិញ្ញាណបរិសុទ្ធបានបណ្តាលចិត្តអ្នក ឲ្យនឹកចាំនរណាខ្លះ ដែលមិនទាន់បានឮដំណឹងល្អ? ចូរអធិស្ឋានឲ្យពួកគេ និងស្វែងរកឱកាសផ្សាយដំណឹងល្អដល់ពួកគេ។—MIKE WITTMER
តើអ្នកដឹងថា នរណាខ្លះត្រូវការឮ “ដំណឹងល្អនៃព្រះគុណរបស់ព្រះ”?
តើអ្នកអាចចែកចាយដំណឹងល្អដល់ពួកគេ ដូចម្តេចខ្លះ?
ឱព្រះយេស៊ូវ សូមព្រះអង្គបើកចិត្តទូលបង្គំ ឲ្យនឹកចាំអ្នកដែលកំពុងត្រូវការព្រះអង្គ។
សូមព្រះអង្គប្រទានឱកាសឲ្យទូលបង្គំចែកចាយអំពីសេចក្តីស្រឡាញ់របស់ព្រះអង្គ ដល់ពួកគេ។
FOR FURTHER STUDY, READ THE POWER OF PRAYER IN SHARING THE GOSPEL AT DISCOVERODB.ORG.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : បទចម្រៀងសាឡូម៉ូន ១-៣ និង កាឡាទី ២
ល្ងាច

យកគំរូតាមសេចក្តីមេត្តារបស់ព្រះវរបិតា (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
September 23, 2025
«ចូរស្រឡាញ់ដល់ខ្មាំងសត្រូវរបស់អ្នករាល់គ្នា ឲ្យប្រព្រឹត្តល្អនឹងគេ ហើយឲ្យគេខ្ចី ដោយឥតសង្ឃឹមនឹងបានអ្វីមកវិញចុះ នោះអ្នករាល់គ្នានឹងបានរង្វាន់ជាយ៉ាងធំ ហើយនិងធ្វើជាកូននៃព្រះដ៏ខ្ពស់បំផុត ដ្បិតទ្រង់តែងល្អ ដល់ទាំងមនុស្សអកតញ្ញូ និងមនុស្សអាក្រក់ដែរ ដូច្នេះ ចូរអ្នករាល់គ្នាមានចិត្តមេត្តាករុណា ដូចជាព្រះវរបិតានៃអ្នក ទ្រង់មានព្រះហឫទ័យមេត្តាករុណាដែរ» (លូកា ៦:៣៥-៣៦)។
ព្រះយេស៊ូវមានបន្ទូលថា «ចូរអ្នករាល់គ្នាមានចិត្តមេត្តាករុណា ដូចជាព្រះវរបិតានៃអ្នក ទ្រង់មានព្រះហឫទ័យមេត្តាករុណាដែរ»។ ព្រះបន្ទូលព្រះអង្គត្រង់ចំណុចនេះ គឺជាសេចក្តីសង្ខេបនៃការបង្រៀនរបស់ព្រះអង្គអំពីព្រះពរ (លូកា ៦:២០-២៣) ហើយក៏ជាបាវចនាដ៏ល្អ សម្រាប់ការរស់នៅរបស់អ្នកជឿម្នាក់ៗ។ ពាក្យពេចន៍ទាំងនេះ បានសង្កត់ធ្ងន់អំពីសេចក្តីបង្រៀនរបស់ព្រះអង្គអំពីរបៀបដែលយើងត្រូវប្រព្រឹត្តចំពោះអ្នកដទៃ ជាពិសេសអ្នកដែលស្អប់យើង ដោយសារយើងស្មោះត្រង់ចំពោះព្រះអង្គ (ខ.២២)។
ទោះជាយ៉ាងណាក៏ដោយ ការនេះគួរតែបណ្តាលចិត្តយើងឲ្យសួរថា តើការមានចិត្តមេត្តាពិតប្រាកដ មានលក្ខណៈដូចម្តេច? ព្រះយេស៊ូវ ជាអ្នកគង្វាលដ៏សុភាព និងស្រទន់ មិនបានទុកឲ្យយើងឆ្ងល់អំពីគោលការណ៍នេះទេ។ ផ្ទុយទៅវិញ ព្រះអង្គបានប្រទានការបង្រៀនជាក់លាក់អំពីរបៀបយកគំរូតាមព្រះវរបិតាគង់នៅស្ថានសួគ៌ដែលមានសេចក្តីមេត្តា។
ព្រះទ្រង់ «តែងល្អដល់ទាំងមនុស្សអកតញ្ញូ និងមនុស្សអាក្រក់ដែរ»។ ក្នុងនាមយើងជាកូនព្រះអង្គ យើងត្រូវតែដឹងថា ព្រះអង្គបានត្រាស់ហៅយើងឲ្យបង្ហាញចេញនូវសេចក្តីសប្បុរសដូចនេះផងដែរ ដោយស្រឡាញ់ខ្មាំងសត្រូវ ធ្វើការល្អស្នងការអាក្រក់ និងឲ្យដល់អ្នកដទៃដោយមិនរំពឹងថា នឹងបានអ្វីត្រឡប់មកវិញ។ ចូរកត់សម្គាល់ថា ព្រះយេស៊ូវមិនបានមានបន្ទូលអំពីករណីលើកលែង ឬប្រើពាក្យប្រសិនបើនោះទេ។
ព្រះអង្គបានត្រាស់ហៅយើងឲ្យធ្វើជាឧបករណ៍នៃសេចក្តីសប្បុរសរបស់ព្រះ ហើយបន្ទាប់មក ព្រះអង្គក៏បានមានបន្ទូលភ្លាមៗថា យើងមិនត្រូវថ្កោលទោសគេទេ (លូកា ៦:៣៧)។ ព្រះអង្គមិនមែនកំពុងតែហាមយើងមិនឲ្យមានគំនិតរិះគន់ក្នុងទំនាក់ទំនងនោះទេ ព្រោះយើងត្រូវតែប្រើគំនិតយើង ដើម្បីបែងចែកឲ្យច្បាស់រវាងសេចក្តីពិត និងភាពក្លែងក្លាយ ឬល្អ និងអាក្រក់។ ដូចគ្នានេះដែរ ព្រះយេស៊ូវក៏មិនមែនកំពុងតែបង្រៀនថា យើងត្រូវធ្វើពុតជាមើលមិនឃើញអំពើបាបរបស់ពួកគេ ឬមិនចង្អុលបង្ហាញពួកគេឲ្យទទួលស្គាល់កំហុសខ្លួនឯងនោះទេ។ ផ្ទុយទៅវិញ ពេលដែលព្រះយេស៊ូវបង្គាប់យើងមិនឲ្យថ្កោលទោសអ្នកដទៃ គឺព្រះអង្គកំពុងថ្កោលទោសវិញ្ញាណដែលគិតថាខ្លួនឯងត្រូវ លើកតម្កើងខ្លួនឯង មានពុត ឬថ្កោលទោសគេដោយមិនប្រណី គឺវិញ្ញាណដែលព្យាយាមបង្ហាញកំហុសរបស់អ្នកដទៃ ដោយចិត្តជូរល្វីង។
វិញ្ញាណដែលមិនសប្បុរស គឺប្រាស់ចាកទាំងស្រុង ចំពោះការបង្រៀនរបស់ព្រះយេស៊ូវឲ្យមានសេចក្តីមេត្តាហូរហៀរ ចំពោះមិត្តភក្តិ ក៏ដូចជាខ្មាំងសត្រូវ។ យើងម្នាក់ៗចាំបាច់ត្រូវស្គាល់វិញ្ញាណនៃការថ្កោលទោសដែលយើងអាចមាន និងត្រូវជីករំលើងឫសរបស់វា ហើយត្រូវជំនួសភាពកាច និងសាហាវដោយការយោគយល់វិញ។
នេះជារបៀបដែលយើងត្រូវបង្ហាញអ្នកដទៃឲ្យស្គាល់សេចក្តីមេត្តា ដែលព្រះមានចំពោះយើង។ កាលក្សត្រី អេលីហ្សាប៊ែតទីពីរ នៅក្មេង មុនពេលព្រះនាងទៅចូលរួមពិធីជប់លៀង ព្រះមាតាតែងតែប្រាប់ព្រះនាង និងព្រះនាង ម៉ាហ្ការែត ជាកនិដ្ឋាឲ្យចាំថា ខ្លួនឯងជាកូនស្តេច ត្រូវមានអាកប្បកិរិយាដែលសមជាខ្សែរាជវង្ស។ ពួកគេជាកូនស្តេច មិនមែនដោយសារអាកប្បកិរិយារបស់ពួកគេ តែអាកប្បកិរិយារបស់ពួកគេបង្ហាញឲ្យគេដឹងថា ពួកគេជាខ្សែរាជវង្ស។
យើងដែលជាគ្រីស្ទបរិស័ទ គឺជាសមាជិកនៃខ្សែរាជវង្សនៃចក្រវាលរបស់ក្សត្រនៃរបស់សព្វសារពើ ដែលជាព្រះវរបិតារបស់យើង។ ចូរប្រាកដថា អាកប្បកិរិយារបស់អ្នកបានឆ្លុះបញ្ចាំងឲ្យគេដឹងថា អ្នកជានរណា និងជាកម្មសិទ្ធិរបស់នរណា។ ចូរយើងមានសេចក្តីមេត្តា គឺដូចដែលព្រះវរបិតាមានសេចក្តីមេត្តាដែរ។
ខគម្ពីរសញ្ជឹងគិត៖ អេភេសូរ ៤:២៥-៥:២
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ អេសេគាល ៨-១០ និងយ៉ូហាន ១០:១-២១