ព្រឹក

ផ្លូវវិលត្រឡប់ពីការវង្វេង
ដោយKatara Patton
September 28, 2025
លូកា ១៥:១១-១៣,១៧-២៤
ដ្បិតកូនអញនេះបានស្លាប់ ឥឡូវរស់ឡើងវិញ ក៏បាត់ទៅ ហើយបានឃើញមកវិញ នោះគេក៏បរិភោគសប្បាយទាំងអស់គ្នាទៅ។ លូកា ១៥:២៤
នៅពេលដែលខ្ញុំបើកបរឡានចុះតាមផ្លូវចោទ ចូលទៅក្នុងចំណតឡាន ការថប់បារម្ភបានគ្របសង្កត់ចិត្តខ្ញុំ។ ខ្ញុំធ្លាប់មកកន្លែងនេះកាលពីមុន ហើយខ្ញុំក៏បានវង្វេងផ្លូវ។ តែលើកនេះ នៅពេលដែលខ្ញុំចាប់ផ្តើមដើរទៅរកទ្វារ នៅក្បែរជណ្តើរយន្ត ចិត្តខ្ញុំក៏បានស្ងប់រម្ងាប់។ ខ្ញុំស្គាល់ផ្លូវ! ខ្ញុំចូលតាមទ្វារនោះ ហើយក៏បានឃើញជណ្តើរយន្តដែលខ្ញុំកំពុងស្វែងរក ហើយមិនយូរប៉ុន្មាន ខ្ញុំក៏បានទៅដល់កន្លែងដែលខ្ញុំត្រូវទៅ។
បទពិសោធន៍របស់ខ្ញុំក្នុងការស្វែងរកផ្លូវ ក្នុងចំណតឡានដែលមានផ្លូវខ្វាត់ខ្វែង បានក្រើនរំឭកខ្ញុំថា ជួនកាល ការវង្វេងផ្លូវជួយយើងឲ្យរកឃើញផ្លូវ នៅពេលក្រោយ។ ដោយសារខ្ញុំបានវង្វេងនៅពេលទៅកន្លែងនោះជាលើកដំបូង ខ្ញុំបាននឹកចាំអំពីកំហុសរបស់ខ្ញុំ ហើយចាំទ្វារដែលនាំខ្ញុំទៅរកគោលដៅ។
ពេលណាយើងវង្វេង ការរកឃើញផ្លូវធ្វើឲ្យយើងមានអំណរជាខ្លាំង គឺដូចដែលរឿង “កូនពៅវង្វេង” ជារឿងប្រៀបប្រដូចក្នុងព្រះគម្ពីរប៊ីប បានបញ្ជាក់ច្បាស់(លូកា ១៤:២៤)។ “កាលវាភ្ញាក់ដឹងខ្លួន”(ខ.១៧) យុវជនក្មេងខ្ចីនេះស្គាល់ផ្លូវត្រឡប់មកផ្ទះវិញ បន្ទាប់ពីបានវង្វេងក្នុងលោកិយមួយរយៈ។ គាត់បានទទួលស្គាល់តម្លៃនៃអ្វីៗគ្រប់យ៉ាងដែលគាត់បានបោះបង់ចោល ហើយនៅពេលដែលគាត់វិលត្រឡប់មកផ្ទះវិញ គាត់ក៏បានទទួលសេចក្តីស្រឡាញ់ និងក្តីអាណិតពីឪពុករបស់គាត់(ខ.២០)។ ក្នុងរឿងនេះ ឪពុករបស់គាត់មានចិត្តអរជាពន់ពេក ក្នុងការទទួលស្វាគមន៍កូនប្រុសវង្វេង វិលត្រឡប់មកផ្ទះវិញ ដោយមានប្រសាសន៍ថា “ដ្បិតកូនអញនេះបានស្លាប់ ឥឡូវរស់ឡើងវិញ ក៏បាត់ទៅ ហើយបានឃើញមកវិញ”(ខ.២៤)។
បើយើងមានការវង្វេងខាងវិញ្ញាណ ចេញពីព្រះអង្គ ចូរយើងស្វែងរកផ្លូវដែលព្រះធ្លាប់នាំយើង ដើម្បីវិលត្រឡប់មកផ្ទះខាងវិញ្ញាណរបស់យើងវិញ។ ព្រះអង្គចង្អុលបង្ហាញយើងទៅរកពន្លឺនៃសេចក្តីស្រឡាញ់របស់ព្រះអង្គ និងទៅរកកន្លែងដែលយើងគួរតែទៅ។—KATARA PATTON
តើព្រះទ្រង់បានបង្ហាញផ្លូវអ្នក ទៅរកកន្លែងដែលអ្នកគួរទៅ យ៉ាងដូចម្តេចខ្លះ?
តើអ្នកអាចដើរតាមពន្លឺរបស់ព្រះអង្គដូចម្តេចខ្លះ?
ឱព្រះដែលមានក្តីអាណិត សូមព្រះអង្គជួយទូលបង្គំឲ្យងាកចេញពីភាពងងឹត
នៃការវង្វេង ហើយវិលត្រឡប់ទៅរកពន្លឺ និងក្តីស្រឡាញ់របស់ព្រះអង្គ។
ល្ងាច

ភស្តុតាងនៃជំនឿពិតប្រាកដ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
September 28, 2025
«ហេតុអ្វីបានជាហៅខ្ញុំថា ឱព្រះអម្ចាស់ៗអើយ តែមិនធ្វើតាមពាក្យខ្ញុំវិញដូច្នេះ? ឯអស់អ្នកដែលមកស្តាប់ពាក្យខ្ញុំទាំងនេះ ហើយប្រព្រឹត្តតាម នោះខ្ញុំនឹងបង្ហាញឲ្យអ្នករាល់គ្នាដឹងថា អ្នកនោះធៀបដូចជាអ្វី គឺធៀបដូចជាមនុស្សម្នាក់ដែលសង់ផ្ទះ គាត់បានជីកយ៉ាងជ្រៅ ដាក់ជើងសសរនៅលើថ្ម» (លូកា ៦:៤៦-៤៨)។
ព្រះយេស៊ូវសព្វព្រះទ័យឲ្យការនិយាយស្តីរបស់យើង មានភាពសមស្របនឹងការរស់នៅរបស់យើង។ ហេតុនេះហើយ ព្រះអង្គបានបញ្ចប់ការអធិប្បាយរបស់ព្រះអង្គដោយសួរគេថា «ហេតុអ្វីបានជាហៅខ្ញុំថា ឱព្រះអម្ចាស់ៗអើយ តែមិនធ្វើតាមពាក្យខ្ញុំវិញដូច្នេះ?» ត្រង់ចំណុចនេះ ព្រះអង្គមើលឃើញមនុស្សមិនប្រព្រឹត្តឲ្យដូចអ្វីដែលពួកគេនិយាយ ហើយព្រះអង្គសព្វព្រះទ័យនឹងឲ្យពួកគេធ្វើការពិនិត្យមើលវិញ្ញាណខ្លួនឯង។ ព្រះអង្គមិនសព្វព្រះទ័យឲ្យពួកគេក៏ដូចជាយើងរាល់គ្នាប្រកាសថា ខ្លួនឯងជាអ្នកជឿព្រះអង្គតែបបូរមាត់នោះទេ តែត្រូវគួបផ្សំនឹងការស្តាប់បង្គាប់ព្រះអង្គផងដែរ។
ព្រះយេស៊ូវមិនបានបង្រៀនថា យើងចូលនគរព្រះ តាមរយៈការប្រព្រឹត្ត ដែលជាការស្តាប់បង្គាប់នោះទេ។ យើងបានសង្គ្រោះដោយសារព្រះគុណ និងតាមរយៈសេចក្តីជំនឿតែប៉ុណ្ណោះ គឺមិនលើសពីនេះទៀតទេ (អេភេសូរ ២:៨)។ អ្វីដែលយើងអាចនាំមកថ្វាយដល់ព្រះគ្រីស្ទ គឺជាបាបដែលត្រូវការការអត់ទោសរបស់ព្រះអង្គ។ ដូចនេះ តើព្រះអង្គបានបង្រៀនដូចម្តេច? និយាយឲ្យស្រួលស្តាប់ ព្រះអង្គបានបង្រៀនថា មានតែអ្នកដែលស្តាប់បង្គាប់ព្រះអង្គទេ គឺអ្នកដែលបង្ហាញចេញសេចក្តីជំនឿតាមរយៈការប្រព្រឹត្ត ដែលពិតជាបានឮដំណឹងល្អ ហើយបានផ្លាស់ប្រែ។ គឺដូចដែលអ្នកកំណែទម្រង់ជាច្រើនបានពន្យល់ថា ជំនឿតែមួយមុខប៉ុណ្ណោះដែលនាំឲ្យបានសង្គ្រោះ តែជំនឿដែលនាំឲ្យបានសង្គ្រោះ មិនមែនជឿតែមាត់នោះទេ។ សាវ័ក យ៉ូហាន ក៏បានបង្រៀនតាមព្រះបន្ទូលព្រះយេស៊ូវ ក្នុងសំបុត្រទីមួយរបស់គាត់ផងដែរថា «បើសិនជាយើងរាល់គ្នាថា យើងមានសេចក្តីប្រកបនឹងទ្រង់ តែដើរក្នុងសេចក្តីងងឹតវិញ នោះឈ្មោះថាយើងកុហក ហើយមិនប្រព្រឹត្តតាមសេចក្តីពិតទេ» (១យ៉ូហាន ១:៦)។ ព្រះគម្ពីរបានចែងច្បាស់ថា របៀបដែលយើងបានឮ និងស្តាប់បង្គាប់តាមព្រះបន្ទូលព្រះយេស៊ូវមានសារៈសំខាន់អស់កល្បជានិច្ច ព្រោះបានបង្ហាញធាតុពិត និងសណ្ឋាននៃជំនឿរបស់យើង។
គ្មានការបូកសរុបនៃការប្រព្រឹត្តតាមបែបសាសនាណា ឬការចែកចាយសេចក្តីជំនឿណា ដែលអាចលាក់បាំងអាកប្បកិរិយារបស់យើង មិនឲ្យព្រះអង្គទតឃើញនោះឡើយ។ សាវ័ក ប៉ុល បាននិយាយសង្កត់ធ្ងន់ថា ការថយចេញពីសេចក្តីទុច្ចរិត គឺជាខ្នាតរង្វាស់ពិតប្រាកដ សម្រាប់អ្នកដែលប្រកាសថា ខ្លួនជាអ្នកជឿព្រះអម្ចាស់ (២ធីម៉ូថេ ២:១៩)។ នេះជាភស្តុតាង បង្ហាញអំពីជំនឿពិតប្រាកដ។
គ្មាននរណារស់នៅបានល្អឥតខ្ចោះទេ តែព្រះទ្រង់បានត្រាស់ហៅយើងឲ្យរស់នៅក្នុងជីវិតដែលផ្លាស់ប្រែ។ យើងរស់នៅក្រោមការដឹកនាំរបស់ព្រះគ្រីស្ទ ដោយព្រះវិញ្ញាណព្រះអង្គគង់សណ្ឋិតក្នុងយើង។ តើយើងនឹងមានជោគជ័យទាំងស្រុងទេ? ទេ!។ ប៉ុន្តែ យើងនឹងខុសប្លែកពីមុន ហើយជីវិតរបស់យើងនឹងបានបង្ហាញថា យើងបាន «បែរចេញពីរូបព្រះ មកឯព្រះដ៏ពិត ឲ្យបានគោរពប្រតិបត្តិដល់ព្រះ ដ៏មានព្រះជន្មរស់នៅនោះវិញ» (១ថែស្សាឡូនីច ១:៩)។ ដូចនេះ ដូចពិចារណាអំពីជីវិតរបស់អ្នកចុះ។ តើអ្នកបានហៅព្រះយេស៊ូវថា ព្រះអម្ចាស់ទេ? បើបានហៅ គឺល្អហើយ! ប៉ុន្តែ ដែលសំខាន់នោះ ការអ្វីដែលអ្នកធ្វើ ឬមិនធ្វើ ក្នុងការជម្នះការល្បួង និងគុណធម៌ដែលអ្នកសង្វាតឲ្យបាន ហើយក្នុងការអត់ទោសដែលអ្នកបានទូលសូម ដោយការប្រែចិត្ត ក្នុងការទាំងអស់នេះ តើអ្នកបានបង្ហាញឲ្យគេដឹងថា ព្រះអង្គគឺជាព្រះអម្ចាស់របស់អ្នកដែរឬទេ?
ខគម្ពីរសញ្ជឹងគិត៖ យ៉ាកុប ២:១៤-២៦
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ អេសេគាល ២០-២១ និង យ៉ូហាន ១២:២៧-៥០